របាយការណ៍ស្តីពីសន្តិសុខស្បៀងអាហារដែលគាំទ្រដោយអង្គការសហប្រជាជាតិបានសន្និដ្ឋានកាលពីថ្ងៃទី ១៨ ខែមីនាថា ប្រជាជនប៉ាឡេស្ទីនកំពុងប្រឈមនឹងគ្រោះទុរ្ភិក្សនៅភាគខាងជើងតំបន់ហ្កាហ្សា (Gaza) នៅចន្លោះពេលឥឡូវនេះនិងខែឧសភាខាងមុខ។
ក្រុមជំនួយមនុស្សធម៌បានព្រមានថា ក្នុងអំឡុងពេលសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) នៅតំបន់ហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់បានជួបគ្រោះទុរ្ភិក្សដោយសារតែរថយន្តជំនួយតិចតួចប៉ុណ្ណោះត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្កាហ្សាដែលត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខរបស់អ៊ីស្រាអែល។ ប៉ុន្តែរបាយការណ៍ថ្មីនេះបានបង្ហាញយ៉ាងជាក់លាក់អំពីស្ថានភាពដ៏ធ្ងន់ធ្ងរបំផុតដែលពលរដ្ឋនៅតំបន់ហ្កាហ្សាកំពុងប្រឈម។
របាយការណ៍ស្ដីពីចំណាត់ថ្នាក់តាមដំណាក់កាលនៃសន្តិសុខស្បៀងរួម (IPC) ដែលគាំទ្រដោយអង្គការសហប្រជាជាតិនេះបានបញ្ជាក់ថា គ្រោះទុរ្ភិក្សអាចកើតឡើងនៅពេលណាមួយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយមនុស្សប្រមាណ ២១០.០០០ នាក់នៅភាគខាងជើងតំបន់ហ្កាហ្សាប្រឈមនឹងគ្រោះអត់ឃ្លានដ៏មហន្តរាយបំផុត។
របាយការណ៍នេះបានលើកឡើងថា៖ «ជម្លោះដែលនៅតែបន្តនិងការមិនអាចចូលទៅកាន់តំបន់ភាគខាងជើងស្ទើរតែទាំងស្រុងសម្រាប់អង្គការមនុស្សធម៌និងរថយន្តដឹកទំនិញទំនងជានឹងធ្វើឱ្យមានភាពងាយរងគ្រោះកាន់តែខ្លាំងឡើងនិងលទ្ធភាពមានកម្រិតតិចតួចបំផុតក្នុងការទទួលបានអាហារ ...ក៏ដូចជាលទ្ធភាពទទួលបានការថែទាំសុខភាព ទឹក និងអនាម័យផងដែរ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា៖ «នេះគឺជាគ្រោះមហន្តរាយបង្កឡើងដោយមនុស្សទាំងស្រុង»។ លោកបានបន្ថែមថា របាយការណ៍នេះគឺជាការបង្ហាញឱ្យដឹងអំពីតម្រូវការឱ្យមានបទឈប់បាញ់គ្នាដើម្បីមនុស្សធម៌ជាបន្ទាន់។
លោក Guterres បានលើកឡើងថា៖ «ខ្ញុំអំពាវនាវឱ្យអាជ្ញាធរអ៊ីស្រាអែលធានាឱ្យបានពេញលេញនិងគ្មានការរំខានសម្រាប់ការដឹកទំនិញមនុស្សធម៌នៅទូទាំងតំបន់ហ្កាហ្សា និងអំពាវនាវឱ្យសហគមន៍អន្តរជាតិគាំទ្រទាំងស្រុងចំពោះកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់យើង។ យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះដើម្បីទប់ស្កាត់នូវបញ្ហាដែលមិនអាចគិតដល់ មិនអាចទទួលយកបាន និងមិនសមហេតុផលនេះ»។
មុនការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន និងការចាប់ផ្តើមវាយបកទៅវិញរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ប្រជាជនក្នុងតំបន់ហ្កាហ្សាចំនួន ១% ប្រឈមនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
ប៉ុន្តែរបាយការណ៍នេះបានបង្ហាញថា តួលេខនេះបានកើនរហូតដល់ ៩,១% នៅក្នុងខែមករា និង ១៦,៥% នៅក្នុងខែកុម្ភៈ ដោយកុមារដែលមានអាយុតិចជាង ២ ឆ្នាំរងផលប៉ះពាល់ក្នុងចំនួនកាន់តែច្រើនរហូតដល់ ២៩,២% នៃចំនួនប្រជាជនទាំងអស់។
អង្គការសហប្រជាជាតិបានបញ្ជាក់ថា៖ «និន្នាការកើនឡើងនៃអត្រាស្លាប់ដោយមិនមានរបួសក៏ត្រូវបានគេរំពឹងថានឹងកើនឡើងផងដែរ ដែលបណ្តាលឱ្យកម្រិតនៃគ្រោះទុរ្ភិក្សទាំងអស់ទំនងជានឹងកើតឡើងក្នុងពេលឆាប់ៗនេះ»។
ប្រទេសជាច្រើនបានជំរុញអ៊ីស្រាអែលឱ្យយល់ព្រមលើបទឈប់បាញ់ដើម្បីបញ្ចប់សង្រ្គាម ដែលឥឡូវនេះឈានដល់ខែទីប្រាំមួយ ខណៈដែលសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែលកំពុងព្យាយាមចរចាបទឈប់បាញ់មួយដែលមានរយៈពេលប្រាំមួយសប្តាហ៍។
នៅក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន ក្រុមហាម៉ាស់បានសម្លាប់មនុស្ស ១.២០០ នាក់និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៥០ នាក់។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សាបានបញ្ជាក់ថា ការវាយបកត្រឡប់ទៅវិញរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣១.០០០ នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ។ ប៉ុន្តែ អ៊ីស្រាអែលនិយាយថាចំនួនអ្នកស្លាប់ប៉ាឡេស្ទីនគឺរួមមានទាំងយុទ្ធជនហាម៉ាស់រាប់ពាន់នាក់ផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃទី ១៧ ខែមីនាថា ទោះបីជាអ៊ីស្រាអែលកំពុងព្យាយាមចរចាបទឈប់បាញ់រយៈពេលខ្លីក៏ដោយ ក៏អ៊ីស្រាអែលមិនមានបំណងបញ្ចប់សង្គ្រាមនេះទេ ដរាបណាអ៊ីស្រាអែលនៅមិនទាន់បានកម្ទេចក្រុមហាម៉ាស់ចោលទាំងអស់នៅក្នុងតំបន់ហ្កាហ្សា។
លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែលក្នុងការអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ទៅដល់ពលរដ្ឋប៉ាឡេស្ទីនជាញឹកញយត្រូវបានរារាំងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់និងក្រុមជនអន្ធពាលដែលបានលួចរថយន្តជំនួយនិងស្បៀងអាហារ៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង