រដ្ឋ Iowa ដែលជារដ្ឋកសិកម្មក្នុងស.រ.អា.បានបើកការបោះឆ្នោតកាលពីថ្ងៃច័ន្ទនៅក្នុងការបោះឆ្នោតបឋមដែលជាភាសាអង់គ្លេសហៅថា caucuses ដើម្បីជ្រើសរើសអ្នកត្រូវតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនិងខាងគណបក្សប្រជាធិបតេយ្យនៅមុនការបោះឆ្នោតជាតិនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
បេក្ខជនពីរនាក់ខាងគណបក្សសាធារណរដ្ឋដែលមានការគាំទ្រច្រើនជាងគេគឺលោក Donald Trump មហាសេដ្ឋីអចលនទ្រព្យមានប្រាក់រាប់ពាន់លានដុល្លារនិងលោក Ted Cruz សមាជិកព្រឹទ្ធសភាស.រ.អា.អភិរក្សនិយមប្រចាំរដ្ឋ Texas និងបេក្ខជនមួយចំនួនទៀតបានទៅជួបការប្រមូលផ្តុំថែមទៀត នៅពេលការបោះឆ្នោតនេះជិតមកដល់។
ការបោះឆ្នោត caucuses មានកំណត់ធ្វើនៅក្នុងសាលារៀន ស្ថានីយ៍ពន្លត់អគ្គីភ័យ និងមជ្ឈមណ្ឌលសហគមន៍១៦៨១នៅទូទាំងរដ្ឋនេះ។
គេរំពឹងថានឹងមានព្យុះទឹកកកមួយក្នុងរដ្ឋ Iowa នៅក្រោយការបោះឆ្នោតនេះចប់។
លោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីការបរទេសស.រ.អា.និងជាបេក្ខនារីនាំមុខគេខាងគណបក្សប្រជាធិបតេយ្យនិងលោក Bernie Sanders សមាជិកព្រឹទ្ធសភាស.រ.អា.ប្រចាំរដ្ឋ Vermont កំពុងប្រជែងគ្នាយ៉ាងប្រកិតៗ ដើម្បីទទួលការតែងតាំងពីគណបក្សអស់លោកនៅក្នុងការប្រកួតប្រជែងទីមួយក្នុងបណ្តាការបោះឆ្នោតក្នុងរដ្ឋជាច្រើន។
លោកស្រី Clinton មានការទុកចិត្តថាលោកស្រីនឹងឈ្នះលោក Sanders ដែលពណ៌នាខ្លួនលោកថាជាអ្នកសង្គមនិយមប្រជាធិបតេយ្យឯករាជ្យម្នាក់។
លោកស្រី Clinton បានមានប្រសាសន៍ប្រាប់បណ្តាញទូទស្សន៍អាមេរិកាំង CNN កាលពីថ្ងៃច័ន្ទថា «ខ្ញុំដឹងថាត្រូវធ្វើបែបណាដើម្បីបំពេញការងារនេះ ហើយខ្ញុំប្រុងប្រៀបខ្លួនរួចស្រេចហើយ។ ខ្ញុំមានការរំភើបចិត្តនិងថាមភាពខ្លាំង។ ខ្ញុំសូមអញ្ជើញបងប្អូនគ្រប់គ្នាឱ្យទៅបោះឆ្នោតនៅយប់នេះ ដើម្បីជាផ្នែកមួយនៃដំណើរការអាមេរិកាំងតែមួយគត់នេះ។»