អភិបាលរដ្ឋ Iowa ខាង​គណបក្ស​សាធារណរដ្ឋ​ថា គោលនយោបាយ​ការបរទេស​របស់​លោក Biden នាំឲ្យ​មាន​ការឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន

អភិបាលរដ្ឋ Iowa នៃ​គណបក្ស​សាធារណរដ្ឋ​លោកស្រី Kim Reynolds បាន​ឆ្លើយ​តប​ទៅ​នឹង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ក្នុង​ទីក្រុង Des Moines រដ្ឋ Iowa សហរដ្ឋ​អាមេរិក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

អភិបាលរដ្ឋ Iowa នៃ​គណបក្ស​សាធារណរដ្ឋ​លោកស្រី Kim Reynolds បាន​ឆ្លើយ​តប​ទៅ​នឹង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​ប្រធានាធិបតី​អាមេរិក​លោកJoe Biden ដោយ​ភ្ជាប់​ការវាយប្រហារ​របស់​រុស្ស៊ីលើ​ប្រទេសអ៊ុយក្រែន​និង​វិធី​ដោះស្រាយ​នៃ​គោល​នយោបាយ​ការបរទេស​របស់​លោក។

នៅ​ក្នុង​ការឆ្លើយតប​ជា​ផ្លូវការទៅ​នឹង​សុន្ទរកថា​ប្រឆ្នាំ​អំពី​ស្ថានភាព​សហព័​ន្ធ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៃ​គណបក្ស​ប្រជាធិបតេយ្យ អភិបាល​រដ្ឋ Iowa លោកស្រី Kim Reynoldsបាន​លើកឡើង​ពី​បញ្ហា​ជា​ច្រើន​ហើយ​បាន​ពណ៌នា​នូវ​អ្វី​ដែល​អ្នក​ស្រី​ហៅ​ថា ជា​ការ​បរាជ័យ​នៃ​គោលនយោបាយ​ការបរទេស​របស់​រដ្ឋបាល​លោកប្រធានាធិបតី​អាមេរិក​ដែល​ក្នុង​នោះ​រួម​មាន​ទាំងការដក​កងទ័ព​អាមេរិក​ចេញ​ពីប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​ច្របូក​ច្របល់​ដែល​លោកស្រី​ហៅ​ថា «មិន​ត្រឹមតែ​ធ្វើឲ្យ​បាត់បង់នូវ​អាយុ​ជីវិត​ពលរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការក្បត់​សម្ព័ន្ធមិត្ត​អាមេរិក​និង​ធ្វើ​ឲ្យ​សត្រូវ​កាន់តែ​បាន​ចិត្ត​ថែមទៀត»។

លោក​ស្រី​បាន​លើក​ឡើង​ថា លោកBidenបាន​អនុញ្ញាត​ឲ្យ​មាន​ការឈ្លានពានរបស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​ដោយ​ការលុបចោល​ការដាក់​ទណ្ឌកម្មលើ​បំពង់​បង្ហូរ​ប្រេង​របស់​រុស្ស៊ី និងមិន​បាន​បង្កើត​ការផលិត​ប្រេង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ លោកស្រី​បាន​បញ្ជាក់​ទៀតថា​ លោក Biden និង​សមាជិក​សភា​នៃ​គណបក្សប្រជាធិបតេយ្យ​ជាប់​រវល់​ខ្លាំង​ពេក តែ​ទៅ​លើ​បញ្ហា​នយោបាយ​ជាជាងការត្រៀម​រៀបចំ​ខាង​ផ្នែក​យោធា​ឲ្យ​បាន​ល្អ។

លោក​ស្រី​បាន​បន្ថែម​ទៀត​ថា៖ «ភាព​កម្សោយ​នៅ​លើ​ឆាក​អន្តរជាតិបាន​ធ្វើឲ្យ​មាន​ផលវិបាក​កើត​ឡើង​ហើយ​យុទ្ធសាស្ត្រ​របស់​លោក​ប្រធានាធិបតី Bidenលើ​គោល​នយោបាយ​ការបរទេសរបស់​អាមេរិក​មាន​ប្រសិទ្ធភាព​តិចតួច​និង​យឺត​យ៉ាវ​ខ្លាំង»។

ពាក់ព័ន្ធ​នឹង​វិស័យ​សេដ្ឋកិច្ច​របស់​អាមេរិក​វិញ លោកស្រី​អភិបាល​រដ្ឋដែលទើបឡើង​កាន់​តំណែង​ក្នុង​អាណត្តិ​ទី១ បាន​និយាយ​ថា លោកBiden និង​សមាជិក​សភាខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ចំណាយ​ពេល​ក្នុង​មួយឆ្នាំ​កន្លង​ទៅ​ដោយ​មិន​អើពើ​ទៅ​នឹង​បញ្ហា​សេដ្ឋកិច្ច​ដែល​ពលរដ្ឋ​អាមេរិក​កំពុង​ប្រឈម​និងធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចូលក្នុង​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង ជា​ពិសេស​គឺបញ្ហា​អតិផរណា។ លោក​ស្រី​បាន​បញ្ជាក់​ទៀត​ថា រដ្ឋបាល​របស់​លោក Biden បាន​ទទួល​ការព្រមាន​ថា ការចំណាយ​ប្រាក់​រាប់​ពាន់​លាន​លាន​ដុល្លារ នឹងធ្វើ​ឲ្យ​មាន​អតិផរណា​ហើយ​ក៏​ត្រូវ​បានគេប្រាប់​ផង​ដែរ​ថា គោលនយោបាយ​ប្រឆាំង​នឹង​ថាមពល​ នឹង​ធ្វើឲ្យ​តម្លៃ​ប្រេង​កាន់​តែ​ឡើង​ខ្ពស់ជា​ថ្មី​ទៀត»។

អភិបាលរដ្ឋដែល​ជា​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​ ក៏​បាន​សរសើរ​ពី​វិធីសាស្ត្រ​ដែល​លោកស្រី​និងបណ្តា​អភិបាល​រដ្ឋ​ខាង​គណបក្សសាធារណរដ្ឋ​បាន​ធ្វើ​នៅ​ក្នុង​ការទប់ទល់​នឹង​ជំងឺរាតត្បាត​កូវីដ១៩​ផង​ដែរដែល​ក្នុង​នោះ​មានវិធានការ​រឹតបន្តឹង ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ និងការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ជា​ដើម​ជាពិសេស​នៅ​តាម​សាលារៀនរបស់​រដ្ឋ៕