មួយថ្ងៃក្រោយពីអ្នកស្រាវជ្រាវរកយន្តហោះ AirAsia បានលើកកន្ទុយយន្តហោះពីបាតសមុទ្រជ្វាមក គេបានឮសំឡេងដែកទង្គិចគ្នាកាន់តែច្រើនឡើងពីយន្តហោះដែលធ្លាក់នៅសមុទ្រនេះ និងពីម៉ាស៊ីនថតទិន្នន័យ នៅថ្ងៃអាទិត្យនេះ។
លោក Muhammad Ilyas ប្រធានក្រុមបច្ចេកទេសរបស់ទីភ្នាក់ងារបច្ចេកទេសម៉ារីនឥណ្ឌូនេស៊ីនិយាយថា «យើងបានទទួលសញ្ញាពីកន្លែងមួយ ដែលយើងជឿថា នេះជាសញ្ញារបស់ប្រអប់ខ្មៅយន្តហោះ។ យើងបានទៅពិនិត្យកន្លែងនោះពីរដងដោយប្រើឧបករណ៍ចាប់សំឡេងដែកទង្គិចគ្នា ដែលយើងបំពាក់នៅលើនាវា Baruna Jaya។ មុនដំបូងយើងចង់ទម្លាក់ឧបករណ៍ចាប់សញ្ញាក្នុងទឹក តែទីភ្នាក់ងារខាងស្រាវជ្រាវ និងសង្គ្រោះមិនអនុញ្ញាត ពីព្រោះវាអាចបណ្តាលឲ្យប៉ះពាល់តំបន់ស្រាវជ្រាវ ដូច្នេះក្រុមស្រាវជ្រាវបញ្ជូនអ្នកមុជទឹកទៅរុករកប្រអប់ខ្មៅនោះ»។
គេបានយកកន្ទុយន្តហោះ AirAsia មកលើគោកកាលពីថ្ងៃសៅរ៍ ដោយប្រើឧបករណ៍បណ្តែតទឹក ប៉ុន្តែអ្នកស៊ើបអង្កេតរបស់ឥណ្ឌូនេស៊ីមិនបានឃើញប្រអប់ខ្មៅនៅក្នុងនោះទេ។ ប្រអប់ខ្មៅអាចនឹងផ្តល់ព័ត៌មានថា ហេតុអ្វីបានជាយន្តហោះនោះធ្លាក់កាលពីថ្ងៃទី២៨ខែធ្នូ ដែលអ្នកជិះទាំងអស់១៦២នាក់បានស្លាប់។ មុនដំបូងអ្នកស្រាវជ្រាវចាប់បានសំឡេងដែកទង្គិចគ្នាពីប្រអប់ខ្មៅរបស់យន្តហោះ Air Asia Flight 8501នេះកាលពីថ្ងៃសុក្រ ប៉ុន្តែក្រុមមន្ត្រីនិយាយថា ប្រអប់នោះទំនងជាបែកចេញពីបំណែកកន្ទុយយន្តហោះនេះ៕