កំណត់និពន្ធ៖ លោក Sebastian Strangio គឺជាអ្នកកាសែតដែលផ្តោតទៅលើតំបន់អាស៊ីអាគ្នេយ៍និងជាអ្នកនិពន្ធសៀវភៅ “Hun Sen’s Cambodia” ឬជាភាសាខ្មែរ «កម្ពុជារបស់លោក ហ៊ុន សែន» ដែលត្រូវបានបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យ Yale កាលពីឆ្នាំ២០១៤។ សៀវភៅនោះពិនិត្យមើលស៊ីជម្រៅទៅលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពីរបបខ្មែរក្រហមបានដួលរលំកាលពីឆ្នាំ១៩៧៩មក។ លោក Strangio បានក្លាយជាអ្នកធ្វើអត្ថាធិប្បាយនាំមុខគេម្នាក់ទៅបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជានិងប្រទេសមីយ៉ាន់ម៉ា។ កាលពីពេលថ្មីៗនេះ លោកទើបតែសរសេរអត្ថបទថ្មីមួយដែលមានចំណងជើងថា “Welcome to the Post-Human Rights World”។ លោក Strangio បានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទជាមួយនឹងនាង ហុង ចិន្តា នៃ VOA អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានិងនៅក្នុងតំបន់។
Your browser doesn’t support HTML5
វីអូអេ៖ តើសារអ្វីដែលលោកកំពុងព្យាយាមផ្ញើតាមរយៈអត្ថបទរបស់លោកដែលមានចំណងជើងថា “Welcome to the Post-Human Rights World” ឬជាភាសាខ្មែរ «ស្វាគមន៍មកកាន់ពិភពលោកក្រោយសិទ្ធិមនុស្ស»?
លោក Strangio៖ ខ្ញុំគិតថា ខ្ញុំកំពុងតែព្យាយាមបង្ហាញពីគំនិតដែលថា តម្លៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិតេយ្យគឺមិនមែនជារឿងដែលចៀសមិនផុតនោះទេ។ ខ្ញុំគិតថា បន្ទាប់ពីសង្គ្រាមត្រជាក់ គំនិតក្នុងការដោះស្រាយបញ្ហា ដែលកើតឡើងក្រោយពីបែកបាក់សហភាពសូវៀតនិងប្លុកប្រទេសកុម្មុយនិស្តដែលប្រជាធិបតេយ្យសេរី ប្រជាធិបតេយ្យសេរីនៅលោកខាងលិច មូលធននិយមទីផ្សារសេរី និងសិទ្ធិមនុស្ស អាចនឹងកើតមានឡើងនៅទូទាំងពិភពលោក ហើយទស្សនៈទាំងនេះអាចកើតមានដោយឯកឯង ហើយក៏ជាតំណាងនៃការបញ្ចប់ដំណើរវិវត្តន៍របស់មនុស្សជាតិដែរ។ ខ្ញុំគិតថា មានការពេញចិត្តច្រើនទៅលើទស្សនៈនេះដោយមិនយកចិត្តទុកដាក់ទៅលើគ្រោះថ្នាក់ដែលនៅពីក្រោយនោះទេ។ មនុស្សជាច្រើនទំនងជាសន្មតថា ទស្សនៈនេះគឺសំខាន់ដោយមិនអាចចៀសផុតនោះទេ ហើយចំណុចបញ្ចប់នៃដំណើរការវិវត្តន៍របស់មនុស្សអាចនឹងសំខាន់ មិនថានរណាម្នាក់ជ្រើសរើសនឹងធ្វើអ្វីឲ្យប្រាកដនោះទេ។ ខ្ញុំគិតថា ក្នុងអំឡុងពេល២០ឆ្នាំនេះ ក្រោយពីការបញ្ចប់សង្គ្រាមត្រជាក់ ការកើនឡើងមេដឹកនាំមហាអំណាចថ្មីមិនបញ្ចប់នោះទេ។ អ្នកទាំងនោះអះអាងជាដាច់ខាតក្នុងការប្រឆាំងនឹងបទបញ្ញត្តិអន្តរជាតិនិងអះអាងឡើងវិញនូវសិទ្ធិទៅលើការគ្រប់គ្រងរដ្ឋអធិបតេយ្យនិងព្យាយាមយកទស្សនៈអធិបតេយ្យជាតិទៅផ្តោតលើទំនាក់ទំនងអន្តរជាតិ។
វីអូអេ៖ នៅពេលដែលលោកនិយាយអំពី«ពិភពលោកក្រោយសិទ្ធិមនុស្ស» តើលោកមានន័យថា បញ្ហាសិទ្ធិមនុស្សកំពុងតែប្រសើរជាងមុនឬកាន់តែអាក្រក់ជាងមុន?
លោក Strangio៖ ខ្ញុំគិតថា ស្ថានភាពសិទ្ធិមនុស្សមានលក្ខណៈប្រសើរជាងមុន ប៉ុន្តែកំពុងតែវិវឌ្ឍទៅក្នុងពិភពលោកមួយដែលកាន់តែមិនប្រាកដប្រជា។ ខ្ញុំគិតថា គំនិតដែលថាដំណើរការវិវត្តន៍ទៅមុខដែលជាលក្ខណៈចៀសមិនផុតនៃការវិវត្តន៍របស់មនុស្ស បានដល់ទីបញ្ចប់ហើយ។ ដូច្នេះក្នុងលក្ខណៈមួយ យើងកំពុងតែវិវត្តទៅមុខ ប៉ុន្តែយើងក៏ដើរថយក្រោយដែរ។
វីអូអេ៖ នៅក្នុងអត្ថបទរបស់លោក លោកក៏បានលើកឡើងថា «ត្រូវការវិធីសាស្រ្តដែលផ្អែកលើហេតុផលនិងភាពបត់បែន» ដើម្បីធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សប្រសើរឡើង។ តើលោកអាចពន្យល់ឲ្យច្បាស់អំពីវិធីសាស្រ្តនេះបានទេ?
លោក Strangio៖ ខ្ញុំគិតថា គំនិតសំខាន់របស់ខ្ញុំនៅទីនេះ គឺបន្ថយការផ្តោតសំខាន់ទៅលើច្បាប់អន្តរជាតិ។ ខ្ញុំគិតថា ចំពោះករណីដូចប្រទេសកម្ពុជា ថាតើកម្ពុជានឹងដើរទៅរកទិសដៅប្រជាធិបតេយ្យឬទិសដៅផ្តាច់ការ អាស្រ័យទៅលើប្រជាជនខ្លួនឯងនិងឆន្ទៈរបស់ពួកគេ ក្នុងការចូលរួមនៅក្នុងសកម្មភាពនយោបាយ។ ខ្ញុំគិតថា នៅទីបំផុត នោះគឺជាការប្រើប្រាស់សិទ្ធិមនុស្ស ដែលកើតចេញពីអំណាចកាលពីទសវត្សរ៍១៩៧០ ពីអ្នករិះគន់ការកាន់អំណាចនិងនយោបាយ។
ក្នុងករណីមួយ អំណាចស្ថិតនៅពីលើនយោបាយ ហើយវាផ្តល់ភាសាបន្ថែមទៀតសម្រាប់រិះគន់នយោបាយ។ ខ្ញុំគិតថា សិទ្ធិមនុស្សមានប្រសិទ្ធភាពបំផុតនៅពេលដែលវាមានលក្ខណៈនយោបាយ និងនៅពេលដែលវាពាក់ព័ន្ធនឹងនយោបាយ។ ខ្ញុំគិតថា នៅទីបំផុត អ្វីដែលនឹងកំណត់អនាគតរបស់ប្រទេសនានា ដូចជាប្រទេសកម្ពុជាគឺមិនមែនជាផ្លូវច្បាប់នៅកម្រិតអន្តរជាតិនោះទេ ប៉ុន្តែគឺជាការប្រមូលផ្តុំមនុស្សតាមរយៈនយោបាយ។ ខ្ញុំគិតថា នេះគឺជាអ្វីដែលធ្វើឲ្យសិទ្ធិមនុស្សកើតមានពិតប្រាកដនៅប្រទេសកម្ពុជា។ ខ្ញុំគិតថា ប្រជាជនត្រូវក្រោកឡើងនិងទាមទារសិទ្ធិរបស់ខ្លួន។
វីអូអេ៖ តើអ្វីទៅដែលអាចជាផលប៉ះពាល់រយៈពេលយូរ នៅពេលដែលរដ្ឋាភិបាលផ្តាច់ការងាកចេញពីបស្ចឹមប្រទេស?
លោក Strangio៖ កម្ពុជាគឺជាឧទាហរណ៍ដ៏ល្អមួយចំពោះអំពីថាតើរឿងនេះនឹងទៅជាយ៉ាងណានៅក្នុងប្រទេសមួយចំនួនក្នុងពិភពលោកនេះ។ មានការកើនឡើងឥទ្ធិពលរបស់ចិន។ ចិនមិនខ្វល់អំពីស្ថានភាពប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានោះទេ។ អ្វីដែលចិនខ្វល់ខ្វាយគឺស្ថិរភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយអ្វីដែលចិនយកចិត្តទុកដាក់ជាងគេបំផុតនឹងកម្ពុជា គឺការគាំទ្ររបស់កម្ពុជានៅក្នុងការទាមទារភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ជាពិសេសនៅសមុទ្រចិនខាងត្បូងតែម្តង។ ដូច្នេះស្ថានភាពគឺថា ការគាំទ្រហិរញ្ញវត្ថុក្នុងបរិមាណដ៏ច្រើនពីចិន បានអនុញ្ញាតឲ្យលោក ហ៊ុន សែន រុញច្រានកាន់តែឆ្ងាយនូវលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា និងកាន់តែច្រានចោលនូវបទបញ្ញត្តិសិទ្ធិមនុស្ស ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍របស់កម្ពុជា។
លោក ហ៊ុន សែន តែងតែជឿលើរឿងនេះ ហើយការគាំទ្ររបស់ចិនផ្តល់ដល់លោកនូវលទ្ធភាពក្នុងការផ្គើនដោយបើកចំហរទៅនឹងការទាមទាររបស់បស្ចឹមប្រទេស ទៅលើអភិបាលកិច្ចល្អនិងសិទ្ធិមនុស្ស នៅក្នុងលក្ខខណ្ឌមួយដែលលោកមិនធ្លាប់ធ្វើបានពីមុននោះទេ។ ខ្ញុំគិតថា នេះគឺជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញថាឥទ្ធិពលនេះអាចជាអ្វី។
វីអូអេ៖ រដ្ឋបាលរបស់លោក ត្រាំ បានផ្តល់សញ្ញាថា នឹងកាត់បន្ថយថវិកាផ្នែកជំនួយបរទេស។ តើអ្វីដែលកម្ពុជាអាចធ្វើបានក្រៅពីងាកទៅរកចិន ប្រសិនបើមានការកាត់បន្ថយជំនួយមែននោះ?
លោក Strangio៖ ខ្ញុំគិតថា កម្ពុជាវៃឆ្លាតណាស់ក្នុងការទទួលយកប្រាក់ពីនរណាដែលផ្តល់ឲ្យ។ កម្ពុជាចាប់អារម្មណ៍ខ្លាំងលើការវិនិយោគនិងជំនួយពីប្រទេសជប៉ុនក្នុងរយៈពេលជាច្រើនឆ្នាំនេះ។ ជប៉ុនគឺជាម្ចាស់ជំនួយរយៈពេលយូរមួយរបស់កម្ពុជា ប៉ុន្តែជប៉ុនមិនដែលកាត់ផ្តាច់ជំនួយដោយសារបញ្ហាលទ្ធិប្រជាធិបតេយ្យនោះឡើយ។ ជប៉ុនយកចិត្តទុកដាក់តែលើរដ្ឋាភិបាលស្អាតស្អំ និងរដ្ឋបាលដែលមានប្រសិទ្ធភាពប៉ុណ្ណោះ។ ដូច្នេះជប៉ុនព្យាយាមរកវិធីដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់នេះ ដែលជះទឹកប្រាក់ទៅក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
ខ្ញុំគិតថា ការដែលកម្ពុជាមានទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសមហាអំណាចក្រៅពីចិន ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ពួកគេផងដែរ។ ខ្ញុំគិតថា ពួកគេនឹងបន្តធ្វើដូច្នេះ។ ខ្ញុំគិតថា ប្រសិនបើអាមេរិកងាកទៅរកលោក ហ៊ុន សែន និងអញ្ជើញលោកទៅកាន់សេតវិមាននិងសម្តែងឆន្ទៈក្នុងការរឹតចំណងជិតស្និទ្ធជាមួយនឹងកម្ពុជា ខ្ញុំគិតថា កម្ពុជានឹងចាប់អារម្មណ៍លើការធ្វើដូច្នេះ។
វីអូអេ៖ តើលោកគិតថា សេរីភាពបញ្ចេញមតិនិងសិទ្ធិមនុស្សនៅកម្ពុជានឹងវិវត្តទៅជាយ៉ាងណា? ហើយតើលោកគិតថា យុវជនខ្មែរកំពុងតែមានការយល់ដឹងកាន់តែច្រើនទៅលើនយោបាយដែរឬទេ?
លោក Strangio៖ វាច្បាស់ណាស់នៅក្នុងប្រទេសកម្ពុជាមានប្រជាពលរដ្ឋមានការមិនពេញចិត្តយ៉ាងខ្លាំងទៅលើវិធីដែលគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស ហើយប្រជាជនកម្ពុជាមានបំណងចង់ផ្លាស់ប្ដូរយ៉ាងខ្លាំង ជាពិសេសក្នុងចំណោមយុវជនដែលមិនធ្លាប់ជួបប្រទះសង្គ្រាមស៊ីវិលឬអស្ថិរភាពខ្លាំងនៅក្នុងជីវិតរបស់ពួកគេ។ ខ្ញុំគិតថា ទោះបីជាមានការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងប្រទេសកម្ពុជានិងការថយឥទ្ធិពលរបស់បស្ចឹមប្រទេសក៏ដោយ ក៏យើងកំពុងតែមើលឃើញថា ប្រជាជនកម្ពុជាបន្តជំរុញឆន្ទៈរបស់ពួកគេដើម្បីមានការផ្លាស់ប្ដូរ។ ប្រសិនបើរដ្ឋាភិបាលមិនអាចបំពេញទៅតាមតម្រូវការដែលចង់ឲ្យមានការផ្លាស់ប្តូរបានទេ លទ្ធភាពនៃភាពចម្រូងចម្រាសនៅក្នុងសង្គមអាចនឹងធ្ងន់ធ្ងរ។
ការកើនឡើងការប្រើប្រាស់ហ្វេសប៊ុក បានផ្តល់លទ្ធភាពដល់ប្រជាជនក្នុងការចែករំលែកព័ត៌មាននិងចែករំលែកព័ត៌មានសំខាន់ៗអំពីរដ្ឋាភិបាល ក្នុងលក្ខណៈមួយដែលពួកគេមិនអាចធ្វើបានកាលពី៥ឬ១០ឆ្នាំមុន។ ប៉ុន្តែចំណុចដែលខ្ញុំចង់គូសបញ្ជាក់គឺថា ព័ត៌មានដែលចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុកនិងនៅលើអ៊ីនធឺណិត គឺឆ្លុះបញ្ចាំងអំពីនិន្នាការនយោបាយចាស់ៗ។ អ៊ីនធឺណិតមិនបានជួយដល់ការពិភាក្សាអំពីនយោបាយនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែគ្រាន់តែបង្ហាញឲ្យកាន់តែច្បាស់តែប៉ុណ្ណោះ។ ដូច្នេះយើងមើលឃើញថា ការយល់ដឹងអំពីនយោបាយរបស់ប្រជាជនមានការកើនឡើងជាងមុន។ ក៏ប៉ុន្តែការពិភាក្សាទៅលើនយោបាយគឺនៅដដែល ដូច្នេះខ្ញុំគិតថា ការពិភាក្សាជាច្រើនអំពីនយោបាយគឺនៅដូចដើម។
នៅក្នុងប្រទេសកម្ពុជា មានរឿងជាច្រើនដែលនៅតែបន្ត ជាជាងផ្លាស់ប្ដូរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែខ្ញុំគិតថា ដំណើរវិវត្តន៍មួយដ៏សំខាន់ដែលត្រូវតែគូសបញ្ជាក់គឺការប្រើប្រាស់អ៊ីនធឺណិត ដែលធ្វើឲ្យប្រជាជនអាចទទួលបានព័ត៌មានអំពីពិភពលោកខាងក្រៅ ហើយត្រូវផ្តោតឡើងវិញទៅលើកម្រិតយល់ដឹងរបស់ប្រជាជនកម្ពុជា និងត្រូវឲ្យប្រជាជនយល់ដឹងថាតើកម្ពុជាដើរក្រោយបណ្តាប្រទេសជិតខាង ដូចជាប្រទេសវៀតណាមនិងប្រទេសថៃប៉ុណ្ណា។
វីអូអេ៖ តើលោកគិតថា ការទទួលបានព័ត៌មានកាន់តែច្រើននេះនឹងជះឥទ្ធិលពលដល់លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងមកដល់ដែរឬទេ?
លោក Strangio៖ ប្រសិនបើការបោះឆ្នោតមានលក្ខណៈសេរីនិងយុត្តិធម៌ ខ្ញុំគិតថា ការទទួលបានព័ត៌មានរបស់ប្រជាជនច្បាស់ជាជួយដល់គណបក្សប្រឆាំង។ សំណួរគឺនៅត្រង់ថា តើការបោះឆ្នោតនេះនឹងមានលក្ខណៈសេរីនិងយុត្តិធម៌ដែរឬទេ ហើយគណបក្សប្រជាជនកម្ពុជាបានផ្ញើជាសារមួយថា ពួកគេមិនចាប់អារម្មណ៍នឹងការបោះឆ្នោតដែលមានលក្ខណៈសេរីនិងយុត្តិធម៌នោះទេ។ ជាទូទៅ និយមន័យនៃពាក្យថាសេរីនិងយុត្តិធម៌របស់ពួកគេ គឺខុសពីបទដ្ឋានអន្តរជាតិដែលគេទទួលស្គាល់។
ដូច្នេះស្ថានភាពដែលកើតឡើង គឺពួកគេបង្ក្រាបគណបក្សប្រឆាំង ចាប់មនុស្សដាក់ពន្ធនាគារ គំរាមគណបក្សប្រឆាំងទៅលើពាក្យស្លោកដែលគេជ្រើសរើសប្រើប្រាស់នៅក្នុងការបោះឆ្នោត និងនិយាយថាការបោះឆ្នោតជ្រើសរើសអនុប្រធានគណបក្សប្រឆាំងគឺខុសច្បាប់ ហើយរដ្ឋាភិបាលនឹងមិនទទួលស្គាល់ពួកគេនោះទេ។ ពួកគេបង្កើតលេសគ្រប់យ៉ាងដើម្បីដាក់កំហិតទៅលើសកម្មភាពរបស់គណបក្សប្រឆាំង និងដើម្បីធានាថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជម្នះ។
ខ្ញុំគិតថា គ្រប់គណបក្សទាំងអស់គឺស្មើភាពគ្នា។ ការកើនឡើងបណ្តាញសង្គមនឹងជួយដល់គណបក្សសង្គ្រោះជាតិឲ្យផ្សព្វផ្សាយអំពីសាររបស់ខ្លួន និងដើម្បីទាក់ទងជាមួយនឹងពលរដ្ឋខ្មែរដែលជាអ្នកបោះឆ្នោត។ ប៉ុន្តែនៅក្នុងបរិបទបច្ចុប្បន្ននេះ ជាមួយគណបក្សប្រជាជនកម្ពុជាដែលទំនងជាប្តេជ្ញាថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានាថា ខ្លួននឹងទទួលជ័យជម្នះ នោះអត្ថប្រយោជន៍នៃបណ្តាញសង្គមនេះសម្រាប់គណបក្សប្រឆាំងហាក់ដូចជាគ្មានប្រយោជន៍នោះទេ។ ចំណុចសំខាន់គឺថាវាពិបាកខ្លាំងណាស់ក្នុងការនិយាយថាតើលទ្ធផលពិតប្រាកដនៃការបោះឆ្នោតនេះនឹងទៅជាយ៉ាងណា៕
កំណត់ចំណាំ៖ បទសម្ភាសន៍នេះត្រូវបានកែសម្រួលដើម្បីខ្លឹមសារច្បាស់លាស់និងខ្លី។