កំណត់និពន្ធ៖ លោក ពៅ សូរពង្ស គឺជាសាស្រ្តាចារ្យផ្នែកនយោបាយនិងរដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យ Ryerson ក្នុងប្រទេសកាណាដា។ លោកក៏ជាប្រធានស្ថាប័នវិទ្យាសាស្រ្តសម្រាប់សន្តិភាព (Science for Peace) នៃសាកលវិទ្យាល័យ Toronto និងជាសមាជិករបស់សមាគមនិស្សិតអន្តរជាតិនិងនយោបាយអាស៊ី។ លោក ពៅ សូរពង្ស ទើបតែចេញផ្សាយអត្ថបទរបស់លោក កាលពីក្នុងខែកក្កដាកន្លងទៅនេះអំពី ប្រព័ន្ធគណបក្សដែលគ្រប់គ្រងអំណាចតែមួយគត់របស់កម្ពុជា៖ តើគណបក្សប្រជាជនក្លាយជាគណបក្សគ្រប់គ្រងអំណាចដោយរបៀបណានិងដោយមូលហេតុអ្វី? សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាងកញ្ញា យូ សុធារី នៃវីអូអេ ជាមួយលោក ពៅ សូរពង្ស អំពីអត្ថបទរបស់លោកដូចតទៅ៖
Your browser doesn’t support HTML5
VOA៖ តើលោកសរសេរអំពីអ្វីក្នុងអត្ថបទរបស់លោក?
លោក សូរពង្ស៖ អត្ថបទដែលខ្ញុំសរសេរហ្នឹងគឺការទាក់ទងនឹងគណបក្សប្រជាជនដែលមានជ័យជម្នះក្នុងការពង្រឹងអំណាចរបស់ខ្លួន។ ខ្ញុំពន្យល់ពីបញ្ហាមួយថា ហេតុអ្វីបានជាគណបក្សប្រជាជនមានជ័យជម្នះក្នុងការពង្រឹងអំណាចរបស់ខ្លួន ជាពិសេសរហូតដល់ការបោះឆ្នោតថ្មីៗហ្នឹង។ ខ្ញុំគ្រាន់តែចង់ពន្យល់ថា បញ្ហាធំបំផុតក្នុងស្រុកខ្មែរគឺថា រឿងមិនទុកចិត្តគ្នា។ ប៉ុន្តែអត្ថបទខ្ញុំដែលសរសេរសំខាន់បំផុត គឺថាវាជារឿងសន្តិសុខផ្ទាល់ខ្លួន ឬក៏សន្តិសុខគណបក្ស ពីព្រោះស្ថាប័នជាតិរបស់ខ្មែរយើង វាអត់រឹងមាំ។
VOA៖ លោកបានសរសេរអំពីយុទ្ធសាស្រ្ត C-3 ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនប្រើប្រាស់ក្នុងការបង្កើនអំណាច។ តើលោកចង់សំដៅលើអ្វី?
លោក សូរពង្ស៖ គណបក្សណាដែលខ្លាំងជាងត្រូវតែក្តោបក្តាប់អំណាចដោយ Control [ត្រួតត្រា] ចាប់យកអំណាចនៅកន្លែង ស្ថាប័នរដ្ឋ ដូចជាព្រឹទ្ធសភា រដ្ឋសភា ខាងកងទ័ព ខាងតុលាការ។ អ្នកដឹកនាំដែលមានអំណាចច្រើន ត្រូវតែត្រួតត្រា ខ្មែរយើងថាត្រួតត្រា។ ត្រួតត្រាស្ថាប័នរដ្ឋនឹង គឺថា ទីមួយគឺត្រូវតែចាប់យកកន្លែង គ្រប់គ្រងកន្លែងហ្នឹងឲ្យបាន។ ទីពីរ Coercion គឺត្រូវតែបង្ខំ។ បង្ខំ គឺថាត្រូវយកអាវុធ ឬក៏យកស្អី យកកម្លាំងបាយ ខ្មែរយើងថាយកកម្លាំងបាយ បង្ខំឲ្យគេចុះចាញ់ ឬក៏ឲ្យគេចុះចូល ហើយបើមិនចុះចូលទេ អាចយកវិធានការមួយទៅ ផ្សេងមួយទៅ បង្ខំឲ្យគេទាល់តែចុះចូល។ នេះហៅថា Coercion។ ទីបីគឺ Co-Option គឺថាបញ្ចុះបញ្ចូលឲ្យគេចូលរួបរួមគណបក្ស ឬក៏ក្រុមខ្លួន ដោយប្រើវិធីទន់ភ្លន់ ឬ វិធីមួយដែលធ្វើឲ្យគេចូលចិត្ត ឬក៏ឲ្យគេចង់បាន។
VOA៖ តើលោកអាចលើកឧទាហរណ៍ជាក់ស្តែងមកពន្យល់បានទេ?
លោក សូរពង្ស៖ ដូចខ្ញុំជម្រាបអីចឹង បើនិយាយពី Control ការត្រួតត្រាស្ថាប័នរដ្ឋខ្មែរ គឺថា ទីមួយគឺថា តាំងពីជំនាន់អ៊ុនតាក់ [UNTAC]មក ជាប់ឆ្នោត បោះឆ្នោតតាំងពីឆ្នាំ១៩៩៣មក ពេលដែលអ៊ុនតាក់កំពុងតែបោះឆ្នោត កំពុងតែរៀបចំការបោះឆ្នោត គឺថាគណបក្សប្រជាជនមិនអាចឲ្យពួកអ៊ុនតាក់ហ្នឹងទៅ ត្រួតត្រាក្រសួងផ្សេងៗ ដែលគេត្រូវរ៉ូវគ្នាថា ត្រូវមានអ៊ុនតាក់ឲ្យត្រួតត្រា ដូចជាក្រសួងការបរទេស ក្រសួងការពារជាតិ ក្រសួងខាងឲ្យដំណឹង។ អីចឹងហើយបានថា អ៊ុនតាក់មានការលំបាកបង្កើតEnvironment [បរិយាកាស] មួយ ដែលធ្វើឲ្យការបោះឆ្នោតហ្នឹងមានសេរីភាព។ អីចឹងហើយបានថា អ៊ុនតាក់មិនអាចគ្រប់គ្រងរបប ឬក៏គ្រប់គ្រងក្រសួងសំខាន់ៗនោះបាន។ ដូចខ្ញុំនិយាយ Coercion ការបង្ខិតបង្ខំនឹងមានតាំងពីដើមមក ចែកអំណាច តែមិនព្រម គឺថាបែកបាក់គ្នា ត្រូវធ្វើសង្រ្គាមគ្នា។ ក្នុងឆ្នាំ១៩៩៧ ដែលគេហៅថាធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គម្ចាស់រណឫទ្ធិ នឹងជារឿងមួយដែលហៅថា Coercion ការបង្ខិតបង្ខំ ឬក៏ប្រើកម្លាំងបាយ ឬកម្លាំងអាវុធ។ Co-Option ដូចទាក់ទងនឹងរឿងថា ពេលមានលុយច្រើនទៅ ទៅជា corruption [អំពើពុករលួយ]។
អ្នកដឹកនាំដូចជានៅក្នុងប្រទេសខ្មែរ មធ្យោបាយទី៣សំខាន់ជាងគេ។ បើមាន Co-Optionហ្នឹង ធ្វើឲ្យគេចុះចូលដោយមិនបាច់បង្ខំ ឬក៏មិនចាំបាច់ប្រើកម្លាំងបាយ ដោយប្រើការបញ្ចុះបញ្ចូល។ ស្រុកខ្មែរ ក៏ដូចជាស្រុកអ្នកដទៃទៀតដែរ យើងនិយាយឲ្យយុត្តិធម៌។ Co-Optionហ្នឹង យើងត្រូវតែមានលុយច្រើនណាស់ ដើម្បីទិញទឹកចិត្តគេ ឬក៏ឲ្យបុណ្យសក្តិគេឲ្យច្រើន ដើម្បីឲ្យគេចូលខាងខ្លួន។ នេះជាមធ្យោបាយមួយ ដែលមិនចាំបាច់ពឹងCoercion ការបង្ខិតបង្ខំហ្នឹងខ្លាំង។
VOA៖ ហេតុអ្វីបានជាលោកចាត់ទុកប្រទេសកម្ពុជាថាជាប្រទេសដែលមានគណបក្សមានតែមួយ មិនមានគណបក្សផ្សេងអាចប្រកួតប្រជែងបាន ដែលភាសាអង់គ្លេសហៅថា Hegemonic-party system?
លោក សូរពង្ស៖ វាខុសពី Multiparty system។ Multiparty system ហ្នឹង គណបក្សផ្សេងៗមានលទ្ធភាពប្រកួតប្រណាំងប្រជែងក្នុងការបោះឆ្នោត ហើយអាចសង្ឃឹមថាឈ្នះឆ្នោតបាន។ ប៉ុន្តែនៅ Hegemonic-party system ហ្នឹង អត់មានសង្ឃឹមទេ អ្នកផ្សេងៗទៀត។ អ្នកខ្លះហ្នឹង បង្កើតគណបក្សហ្នឹង ឲ្យតែបង្កើតទៅ តែថាឲ្យឈ្នះសន្លឹកឆ្នោតអី ឬបង្កើតរដ្ឋាភិបាលឈ្នះឆ្នោតអីគឺថាអត់ទៅរួចទេ។
VOA៖ តើប្រទេសកម្ពុជាធ្លាប់មានពហុបក្សដែរឬទេក្នុងការអនុវត្តជាក់ស្តែង?
លោក សុពង្ស៖ ធ្លាប់មាន តែអត់រស់បានយូរ ជាពិសេសនៅជំនាន់លោក លន់ នល់នោះ សាធារណរដ្ឋឆ្នាំ១៩៧០។ ប៉ុន្តែកាលពីមុននឹងមានដែរ ដើមឆ្នាំ៥០អី ១៩៥០មានដែរប៉ុន្តែវាខ្សោយ។ គណបក្សប្រជាធិបតេយ្យហ្នឹងមកស្រុកខ្មែរ បន្ទាប់ពីបារាំងឲ្យយើងមានសេរីភាពក្នុងការបង្កើតគណបក្ស។ ប៉ុន្តែវាខ្សោយ អត់ដែលរឹងមាំទេ ដែលរឹងមាំបន្តិច គឺជំនាន់សាធារណរដ្ឋ មានគណបក្សផ្សេងៗប្រកួតប្រណាំងប្រជែងគ្នា។ ប៉ុន្តែគណបក្សរបស់ប្រធានាធិបតី លន់ នល់ ហ្នឹង នៅតែខ្លាំងជាងគេ។ ដូច្នេះហើយស្រុកខ្មែរយើង វាមានបញ្ហាហ្នឹង ចង់បង្កើតគណបក្ស ដែលសម្ព័ន្ធគណបក្សនយោបាយដែលឲ្យសេរីភាពដល់គណបក្សប្រឆាំងហ្នឹង គឺថាពិបាកណាស់ ពិបាកមែនទែន។ ដល់ខ្មែរក្រហមចូលមក កម្ទេចទាំងអស់ អត់ឲ្យមានគណបក្សប្រឆាំងសោះ មានតែគណបក្សកុម្មុយនីស្តមួយ ដល់អញ្ចឹងទៅស្រុកយើង មិនដែលមានគណបក្សច្រើនដែលមានកម្លាំងអាចប្រកួតប្រណាំងប្រជែងដោយមានសេរីភាព ហើយសង្ឃឹមថាឈ្នះបានទេ។ គណបក្សណាដែលខ្លាំង ច្រើនតែខ្លាំងរហូត។ រហូតទាល់តែបាក់ហ្មង ដូចខ្មែរក្រហមទាល់តែវៀតណាមចូលបានរលំ។ ឆ្នាំ១៩៩៣ កាលពីអ៊ុនតាក់មកហ្នឹង មាន Multiparty system។ ប៉ុន្តែ Multiparty system ហ្នឹង វាដូរទៅជា Hegemonic-party system នៅឆ្នាំ១៩៩៧។
VOA៖ តើលោកយល់ថា គណបក្សប្រជាជនកម្ពុជា អាចនឹងបង្ហូរឈាមដើម្បីប្តូរអ្នកដឹកនាំនាពេលអនាគតឬទេ?
លោក សូរពង្ស៖ នៅក្នុងពេលអនាគត ខ្ញុំថាវាមានស្ថិរភាពជាង។ ប៉ុន្តែមិនបានន័យថា long term [បានយូរអង្វែង]នៅថ្ងៃមុខឆ្ងាយ យើងមើលអត់ឃើញទេ ពីព្រោះ Hegemonic-party system ដូចនៅស្រុកខ្មែរយើងអីចឹង។ វាអាចធ្វើឲ្យមនុស្សខឹង អ្នកដែលគេអត់មានអំណាច ដែលគេមានអារម្មណ៍មួយថាគេកំពុងទទួលការជិះជាន់នឹង ទៅជាកំហឹង ទៅជាអីទៅ ចង់តែប្រឆាំងចង់តែរំលំ។
ហើយជួនកាលវាអាចមានបញ្ហាមួយទៀត គឺថា system ហ្នឹងគឺថា បើមិនប្រយ័ត្នទេ វាអាចផ្ទុះពីក្នុង ពីព្រោះ system វាអត់មាន គណបក្សប្រឆាំង វាអត់មាន ពីព្រោះគណបក្សប្រឆាំងខ្សោយអស់ហើយ។ មានតែគណបក្ស Hegemonic-party ហ្នឹងដែលនៅត្រួតត្រាធំជាងគេ ខ្លាំងជាងគេ។ ប៉ុន្តែក្នុងគណបក្សហ្នឹងវាអាចទៅជាប្រេះឆា ពីព្រោះកាលណាអំណាចហ្នឹងវាប្រមូលផ្តុំខ្លាំងពេក កាលណាវាគាបជាប់ទៅ អ្នកខាងក្នុងវាអាចប្រទ្រូសប្រត្រាស់គ្នា វាអាចទៅជាបញ្ហា។ វាអាចឲ្យគណបក្សហ្នឹងអាចទៅជារលំ។ ប៉ុន្តែរលំហ្នឹងអត់មកពីក្រៅទេ រលំហ្នឹងវាអាចមកពីក្នុង។
VOA៖ តើលោកយល់យ៉ាងណាដែរ ចំពោះមតិដែលលើកឡើងថា កម្ពុជាមិនអាចគ្មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ?
លោក សូរពង្ស៖ អត់ទេ ខ្ញុំអត់ជឿថាអីចឹងទេ។ ប៉ុន្តែគ្រាន់តែខ្ញុំជឿថា ការគ្រប់គ្រងនៅស្រុកខ្មែរធំបំផុតគឺថា ទាល់តែមានការចែកអំណាចគ្នា ហើយយកអំណាចហ្នឹងទៅកសាងស្ថាប័នរដ្ឋ។ លោក ហ៊ុន សែន ក៏មិនអាចធ្វើអីបានដែរ។ តាមការស្រាវជ្រាវរបស់ខ្ញុំ គឺថាលោក ហ៊ុន សែន បានធ្វើការល្អជូនប្រទេសជាតិយើងបានច្រើនដែរ។ ហើយទៅចោទគាត់អីក៏អត់ត្រូវដែរ។ ក៏ប៉ុន្តែឲ្យលោក ហ៊ុន សែន ទៅកាន់អំណាចមួយជីវិតរបស់គាត់ហ្នឹងក៏អត់ល្អសម្រាប់ប្រទេសយើងដែរ ពីព្រោះធ្វើឲ្យគេខឹងច្រើន គេគំច្រើន ធ្វើឲ្យគេសងសឹកកាន់តែខ្លាំងឡើងទៀត។ ទាំងហ្នឹងវាអត់ល្អទេ។
VOA៖ តើលោកយល់យ៉ាងណា ចំពោះទស្សនៈខ្លះដែលលើកឡើងថា ប្រទេសដែលនៅទន់ខ្សោយនៅឡើយដូចកម្ពុជា ត្រូវការមនុស្សមួយក្រុមដែលក្តាប់អំណាចដើម្បីគ្រប់គ្រង និងអភិវឌ្ឍប្រទេស?
លោក សូរពង្ស៖ ប្រទេសខ្មែរយើងក៏មិនអាចទៅរួចដែរ បើយើងចង់ក្តាប់អំណាច ពីព្រោះកាលណាបើយើងចង់ឲ្យមានអ្នកដឹកនាំមួយខ្លាំង គណបក្សមួយខ្លាំង ដូចខ្ញុំនិយាយអីចឹងប្រើយុទ្ធសាស្រ្ត C-3 ហ្នឹង វាធ្វើឲ្យមានបញ្ហាបែកបាក់គ្នា។ ដល់ហើយ វាអាចធ្វើឲ្យ system ហ្នឹង ដូចខ្ញុំនិយាយ is prone to crisis [ងាយនឹងរងវិបត្តិ]។ មានបញ្ហាមួយទៅបញ្ហាមួយហ្នឹង វាអាចធ្វើឲ្យស្រុកហ្នឹងអាចចម្រើនដែរ តែអាចមិនចម្រើនមាំទាំ។ ដូច្នេះបានន័យថាម៉េច មិនមាំទាំ ពីព្រោះបើសេដ្ឋកិច្ចចម្រើនដោយសារ ពឹងទៅលើវិនិយោគទុន ទៅលើជំនួយបរទេស។ ដល់ពេលយើងទៅឈ្លោះគ្នា អត់មានពេល។ System [ប្រព័ន្ធ] ហ្នឹងគឺថា អ្នកដឹកនាំប្រើអស់កម្លាំង ប្រើកម្លាំងចិត្ត កម្លាំងបាយ គំនិត ធ្វើម៉េចឲ្យតែរក្សាការកាន់អំណាចហ្នឹងឲ្យបានមាំទាំ។ ប្រទេសហ្នឹងនៅតែពឹងទៅលើ ចម្រើនអីទាល់តែមាន Foreign investment [វិនិយោគ]ពីខាងក្រៅ។ ដល់ខាងក្នុងយើងគិតតែពីរឿង ប្រើពេលវេលាគ្រប់គ្រងឲ្យបានជាប់។ ដូច្នេះ in the long run System [ក្នុងរយៈពេលយូរទៅមុខទៀត ប្រព័ន្ធហ្នឹង] មិនអាចធ្វើឲ្យយើងទៅជាការរីកចម្រើនជាប់លាប់ទេ។ Sustainable development [ការអភិវឌ្ឍដោយចីរភាព]ហ្នឹងវាអាចមានបញ្ហា។ ដូច្នេះវាអាចចម្រើនមួយក្នុងរយៈ បួន ដប់ ម្ភៃឆ្នាំ ប៉ុន្តែវាអាចខ្សោយ ពីព្រោះ មូលដ្ឋានក្នុងការពង្រឹងសេដ្ឋកិច្ចជាតិហ្នឹងមានដែរ តែវានៅខ្សោយ។
VOA៖ មានការលើកឡើងថា ប្រសិនបើប្រទេសមួយធ្វើឲ្យជីវភាពប្រជាជនឈានដល់ «កម្រិតមធ្យម» កាន់តែច្រើនប្រទេសនោះនឹងមានលទ្ធិប្រជាធិបតេយ្យដោយខ្លួនឯង។ តើលោកយល់យ៉ាងណាដែរចំពោះ បញ្ហានេះនិងកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន?
លោក សូរពង្ស៖ ទ្រឹស្តីហ្នឹងខ្សោយណាស់ ខ្ញុំមិនយល់ស្របទ្រឹស្តីហ្នឹងទេ។ ពីព្រោះហេតុអី? គឺថានៅក្នុងករណីសិង្ហបុរី វាអីចឹងមែន ប៉ុន្តែប្រទេសសិង្ហបុរី វាតូច។ ប្រទេសចិន វាធំ ធំជាងខ្មែរយើងឆ្ងាយ ហើយវាអាចរីកចម្រើនអីចឹងបាន។ ប៉ុន្តែមកពីហេតុអី? មកពីប្រទេសចិនហ្នឹង តាំងពីគណបក្សកុម្មុយនីស្តឈ្នះ តាំងពីបន្ទាប់ពីសង្រ្គាមលោកលើកទី២ ឆ្នាំ១៩៤៩មក គឺថា គេពង្រឹងស្ថាប័នរដ្ឋ ពង្រឹងគណបក្សនយោបាយហ្នឹងខ្លាំងណាស់។ ហើយដល់ស្ថាប័នរដ្ឋគេខ្លាំងអីចឹងទៅ គេអាចធ្វើឲ្យចម្រើន ប៉ុន្តែយើងមើលឧទាហរណ៍ ប្រទេសសិង្ហបុរី និងប្រទេសចិន។ ប្រទេសទាំងពីរនេះ គឺមិនអាចហៅថាប្រទេសមានលទ្ធិប្រជាធិបតេយ្យទេ។ គេអាចចម្រើនបាន ខាងសេដ្ឋកិច្ច ប៉ុន្តែរឿងលទ្ធិប្រជាធិបតេយ្យអត់មាន។ អីចឹងបានថា ឥឡូវយើងចង់បានអ្វី? រឿងខ្មែរយើងធំបំផុត គឺថា បើគណបក្សប្រជាជនអាចធ្វើបានហ្នឹង វាជួយដែរ។ ទីមួយគឺថា បើគណបក្សប្រជាជនហ្នឹងខ្លាំងហើយ ត្រូវតែសម្តែងឲ្យគេឃើញថាខ្លួនហ្នឹងខ្លាំង បានន័យថាដោះស្រាយបញ្ហាអំពើពុករលួយហ្នឹងឲ្យចេញបាន។ ឥឡូវយើងមើល សិង្ហបុរីជាឧទាហរណ៍ សិង្ហបុរីធ្វើការហ្នឹងកើត តែបើយើងនិយាយពីរឿងពុករលួយ សិង្ហបុរីគេឲ្យតម្លៃខ្ពស់ដោយគ្មានការពុករលួយខ្លាំងក្លា។ ហើយប្រទេសខ្មែរយើង បញ្ហាគឺពុករលួយ ហើយបើគណបក្សប្រជាជនហ្នឹងអាចកម្ទេចហ្នឹងជាការល្អ ប្រជាជនគាំទ្រ។ ប៉ុន្តែយើងឃើញថា រហូតដល់ពេលនេះ ប្រជាជនអត់ឃើញថា គណបក្សហ្នឹងអាចកម្ចាត់អំពើពុករលួយបាន។
VOA៖ ខ្ញុំមានសំណួរទាក់ទងនឹងការកសាងទំនុកចិត្តក្នុងវិស័យនយោបាយ។ តើលោកគិតថាអ្នកដឹកនាំកម្ពុជាគួរតែធ្វើយ៉ាងណាដើម្បីកសាងការទុកចិត្តចំពោះគ្នាទៅវិញទៅមក?
លោក សូរពង្ស៖ អីចឹងបានថា ទាល់តែមាន Process [ដំណើរការ]មួយ what I call it trust building [ដែលខ្ញុំហៅថា ការបង្កើតទំនុកចិត្ត]។ ការបង្រៀនឲ្យទុកចិត្តគ្នាហ្នឹងគឺថា យើងត្រូវធ្វើឲ្យមុតមាំ។ កាលយើងគ្រាន់តែប្រមាណឆ្នាំ២០១៥ហ្នឹង យើងនិយាយពី culture of dialogue [វប្បធម៌សន្ទនា]។ Culture of dialogue [វប្បធម៌សន្ទនា]ហ្នឹងល្អហើយ។ ប៉ុន្តែយើងត្រូវរៀនពីមេរៀនថា ហេតុអ្វីបានជា Culture of Dialogue [វប្បធម៌សន្ទនា]ហ្នឹង វាចុះខ្សោយភ្លាម។ អីចឹងបានជាយើងត្រូវរៀនពីមេរៀនមួយ សម្រាប់ធ្វើឲ្យយើងទុកចិត្តគ្នា។ ខ្ញុំមានគំនិតច្រើនណាស់ ប៉ុន្តែខ្ញុំមិនអាចនិយាយក្នុងពេលសម្ភាសន៍ក្នុងពេលខ្លីៗហ្នឹងបានទេ ព្រោះវាជា very complicated process [ដំណើរការស្មុគ្រស្មាញណាស់]។ ហើយគ្រាន់តែយើងជជែកគ្នាឲ្យតែរួចពីមាត់ ចេះតែព្រមព្រៀងគ្នា និយាយឲ្យរួចពីមាត់ ស្រាប់តែចេញទៅ ជេរគ្នាហ៊ុយដីហ្នឹង ខ្ញុំនិយាយឲ្យសាមញ្ញបន្តិចចុះ។ ហ្នឹងរឿងការទុកចិត្តហ្នឹងវាពិបាក កាលណាស្ថាប័នរដ្ឋហ្នឹងវាខ្សោយ ទុកចិត្តនិយាយគ្នាហើយ ស្អែកឡើងទៅទៀត។ ត្រូវគិតទាល់តែខ្លាំងមែនទែន។ ខ្ញុំ គំនិតខ្ញុំនេះ ត្រូវរកបញ្ញវន្តធំៗមកបង្កើតជា process [ដំណើរការ] ហ្នឹងមួយ monitor process [ត្រួតពិនិត្យតាមដានដំណើរការហ្នឹង] មើលការខុសត្រូវ process [ដំណើរការ] ហ្នឹងធ្វើម៉េច។ ព្រោះគ្រាន់តែគណបក្សអង្គុយទល់មុខគ្នា និយាយគ្នា ឈប់ហើយ ហើយទុកចិត្តគ្នា អត់ទៅរួចទេ ពីព្រោះការមិនទុកចិត្តគ្នាហ្នឹងវាខ្លាំងមែនទែន។ It is a long term process [វាគឺជាដំណើរការដែលត្រូវការពេលយូរអង្វែង]៕