ការ​គាប​សង្កត់​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​ទំនង​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រោក​ឡើង​ប្រឆាំង

រូបឯកសារ៖ នេះ​ជា​រូបថត​គេហទំព័រ​ Google Search ជា​ភាសា​ខ្មែរ។ សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​លេច​ធ្លាយ​នៅ​ដើម​ឆ្នាំ​នេះ បាន​នាំ​ឲ្យ​មាន​ការ​បារម្ភ​កើន​ឡើង​ក្នុង​ចំណោម​សកម្មជន​សិទ្ធិ​មនុស្ស​ថា ច្បាប់​នេះ​អាច​នឹង​គំរាមកំហែង​ដល់​សេរីភាព​ការ​បច្ចេញ​មតិ​នៅ​កម្ពុជា។ (ស៊ុយ ហ៊ាមខេមរា/VOA)

អ្នក​ជំនាញការ​អាមេរិកាំង​ខាង​សេរីភាព​តាម​បណ្ដាញ​អ៊ីនធឺណិត បាន​លើកឡើង​ថា និន្នាការ​នៃ​ការ​គាបសង្កត់​ពី​សំណាក់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​អ្នក​សម្ដែង​មតិ​ប្រឆាំង​ឬ​រិះគន់​ នឹង​បន្ត​កើន​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​ខាង​មុន​នេះ។

[កំណត់និពន្ធ៖ អ្នក​ជំនាញការ​អាមេរិកាំង​ខាង​សេរីភាព​តាម​បណ្ដាញ​អ៊ីនធឺណិត បាន​លើកឡើង​ថា និន្នាការ​នៃ​ការ​គាបសង្កត់​ពី​សំណាក់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​អ្នក​សម្ដែង​មតិ​ប្រឆាំង​ឬ​រិះគន់​ នឹង​បន្ត​កើន​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​ខាង​មុន​នេះ។ ប៉ុន្តែ អ្នក​ជំនាញ​រូប​នេះ ព្រមាន​ថា ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​ណាមួយ​ក្នុង​ការ​គាបសង្កត់លើ​សេរីភាព​តាម​បណ្ដាញ​អ៊ីនធឺណិត ទំនង​ជា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ឲ្យ​ក្រោក​ឡើង​ប្រឆាំង​រដ្ឋាភិបាល​វិញ។ លោក សាយ មុន្នី​ នៃ​វីអូអេ បាន​សម្ភាសន៍ លោក Mike Godwin អ្នក​ជំនាញ​ខាង​សេរីភាព​និង​ច្បាប់​តាម​បណ្ដាញ​អ៊ីនធឺណិត ហើយ​រាយការណ៍​ថា​ការ​លើកឡើង​របស់​អ្នក​ជំនាញ​រូប​នេះ​ធ្វើ​ឡើង ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ​បង្ក្រាប​ទៅលើ​ក្រុម​ប្រឆាំង​និង​អ្នកទិតៀន​ជាបន្តបន្ទាប់​ដូច​ជា​ការ​បិទ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​NDI និង​ការ​បិទ​សារព័ត៌មាន​ឯករាជ្យមួយ​ចំនួន​រួម​មាន​ The Cambodia Daily និង​វិទ្យុ​អាស៊ី​សេរី​ក្នុង​ប្រទេស​កម្ពុជា​ជាដើម។ ខាង​ក្រោម​នេះ​គឺជា​ខ្លឹមសារ​នៃ​បទសម្ភាសន៍រវាង​លោក សាយ មុន្នី និង​លោក Mike Godwin]៖

Your browser doesn’t support HTML5

បទ​សម្ភាសន៍​ VOA៖ ការ​គាប​សង្កត់​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​ទំនង​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រោក​ឡើង​ប្រឆាំង

VOA: ជម្រាបសួរ​លោក Mike Godwin។ សូម​អរគុណ​ចំពោះ​ការ​ផ្ដល់​បទ​សម្ភាសន៍​នេះ​ជាមួយ​VOA។ ខ្ញុំ​ដឹង​ថា លោក​បាន​ប្រឡូក​ក្នុង​វិស័យ​សេរីភាព​ខាង​អ៊ីនធឺណិត​នៅ​ជុំវិញ​ពិភពលោក​អស់​រយៈពេល​ជាង​២៥​ឆ្នាំ​មក​ហើយ​ រួម​ទាំង​ពេល​វេលា​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ពីរបី​ឆ្នាំ​មុន​នេះ​ផង។ ឆ្នាំ​មុន អង្គការ Freedom House បាន​ដាក់​ចំណាត់​ថ្នាក់កម្ពុជា ថា​ជា​ប្រទេស​ដែល​មាន​សេរីភាព​គួរសម​ខាង​អ៊ីនធឺណិត។ តើ​ឥឡូវ លោក​អាច​ប្រាប់​បាន​ទេ ថា​តើ​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ មាន​ស្ថានភាព​បែប​ណា ជា​ពិសេស​ក្រោយ​ពី​មាន​ការ​គាបសង្កត់​ថ្មីៗ​នេះ​ពី​សំណាក់​រដ្ឋាភិបាល​ទៅលើ​សំឡេង​ក្រុម​ប្រឆាំង​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​នោះ?

​Godwin៖ ប្រាកដ​ជា​បាន។ ក្រោយ​ពី​ខ្ញុំ​ទៅ​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥ ខ្ញុំ​ហាក់​ដូច​ជា​មាន​សុទិដ្ឋិនិយម​គួរសម​ដែរ​ថា ការ​រីកចម្រើន​ខាង​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​នៅ​កម្ពុជា នឹង​បន្ត​ទៅ​មុខ​ទៀត។ ខ្ញុំ​បន្ត​តាមដាន​ការ​វិវត្តន៍​នៅ​កម្ពុជា ដោយសារ​ភរិយា​របស់​ខ្ញុំ​ មក​ពី​ប្រទេស​កម្ពុជា។ ខ្ញុំ​បាន​ឃ្លាំមើល​ជាមួយ​ភរិយា​របស់​ខ្ញុំ​និង​ក្រុម​គ្រួសារ​របស់​គាត់ ដោយ​សារ​មាន​ការ​ព្រួយបារម្ភ​ខ្លះៗ​ថា អាច​នឹង​មាន​ការ​ព្យាយាម​បិទ​ ឬ​កម្រិត​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​ ពីព្រោះ​តែ​ការ​ទិតៀន​របស់​រដ្ឋាភិបាល​ទៅ​លើ​ការ​ផ្សាយ​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី និង​ទំនាក់ទំនង​កាន់តែ​តានតឹង​ជាមួយ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន។

ខ្ញុំ​មើល​ព័ត៌មាន​ជាប់​លាប់​តាម​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ខ្ញុំ​ព្យាយាម​តាមដាន​ស្ថានការណ៍​វិវត្តន៍​ថ្មីៗ ហើយ​យើង​ដឹង​ថា ប្រាកដ​ណាស់ មាន​កិច្ច​ប្រឹងប្រែង​មួយ​ចំនួន​ពី​រដ្ឋាភិបាល​ក្នុង​ការ​ចាប់ខ្លួន​ឬ​ទិតៀន​អ្នក​ដែល​បាន​ប្រើប្រាស់​អ៊ីនធឺណិត ដើម្បី​រិះគន់​រដ្ឋាភិបាល។ ដូច្នេះ ខ្ញុំ​មាន​ការ​បារម្ភ​អំពី​រឿង​នេះ។

ប៉ុន្តែ វា​មាន​លក្ខណៈ​ពិបាក​បន្តិច​ក្នុង​ការ​រាំង​ខ្ទប់អ៊ីនធឺណិត ជាង​ការ​រាំង​ខ្ទប់​ស្ថានីយ​វិទ្យុ​ឬ​កាសែត​ ដោយសារ​ បើ​និយាយ​ពី​កាសែត​ឬ​វិទ្យុ ​អ្នក​គ្រាន់តែ​បិទ​មធ្យោបាយ​ផលិតកម្ម​ទៅ នោះ​រដ្ឋាភិបាល​អាច​បិទ​សំឡេង​មនុស្ស មិន​ឲ្យ​និយាយ​បាន​ហើយ។ ប៉ុន្តែ ចំពោះ​អ៊ីនធឺណិត​វិញ វា​ជា​ប្រព័ន្ធបែកខ្ញែក ហើយ​រដ្ឋាភិបាល​ឬ​ប្រទេស​ភាគច្រើន ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​ការ​មាន​អ៊ីនធឺណិត​ប្រើប្រាស់ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ជឿនលឿន​ថែមទៀត​ក្នុង​សតវត្ស​ទី​២១​នេះ ដូច្នេះ គេ​ពិបាក​ក្នុង​ការ​បិទ​បណ្ដាញ​អ៊ីនធឺណិត​ហ្នឹង​ណាស់។ ប៉ុន្តែ សំណួរ​ដែល​ត្រូវ​សួរ​គឺ​ថា តើ​សេរីភាព​តាម​បណ្ដាញ​អ៊ីនធឺណិត​នេះ នឹង​មាន​ស្ថានភាព​បែប​ណា ក្នុង​គ្រា​មួយ​ដែល​រដ្ឋាភិបាល​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​មតិ​រិះគន់​ច្រើន​ហួសហេតុ​ពី​សាធារណជន​នោះ?

យើង​នៅ​មិនទាន់​ដឹង​នៅ​ឡើយ​ទេ។ យើង​ឃើញ​មាន​ការ​ចាប់​ខ្លួន​បុគ្គល​ខ្លះ ហើយ​រដ្ឋាភិបាល ក៏​កាន់តែ​សកម្ម​ក្នុង​ការ​ឆ្លើយតប។ យើង​ឃើញ​រដ្ឋាភិបាល រិះគន់​ អ្នកទិតៀន​ជាក់លាក់​មួយ​ចំនួន​លើ​បណ្ដាញ​អ៊ីនធឺណិត ប៉ុន្តែ​យើង​មិន​ទាន់​ឃើញ​មាន​ការ​ព្យាយាម​បិទ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅឡើយ​ទេ។ ដូច​ពលរដ្ឋ​ខ្មែរ​ដឹង​ស្រាប់​ហើយ ជា​ញឹកញយ​ ហ្វេសប៊ុក​គឺ​ជា​បណ្ដាញ​សង្គម​ទី​១ ដែល​ពលរដ្ឋ​ប្រើប្រាស់ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​គ្នា​ទៅវិញ​ទៅមក​តាម​អ៊ីនធឺណិត។ បណ្ដាញ​សង្គម​ផ្សេង​ទៀត សម្រាប់​ទាក់ទង​គ្នា​តាម​អ៊ីនធឺណិត ជារឿយៗ រួម​មាន​កម្មវិធី​ផ្ញើ​សារ​ដោយ​ផ្ទាល់​ដូចជា Signal និង Telegram ជាដើម។ កម្មវិធី​តាម​អ៊ីនធឺណិត​ទាំង​នេះ នៅ​ដំណើរការ​នៅ​ឡើយ ហើយ​មិន​ទាន់​មាន​ការ​ព្យាយាម​ណាមួយ ក្នុង​ការ​បិទ​កម្មវិធី​ទាំង​អស់​នេះ​នៅឡើយ​ទេ។

លោក Mike Godwin អ្នក​ច្បាប់​ជាតិ​អាមេរិក​មួយ​រូប​ដែល​ផ្តោត​លើ​សេរីភាពក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ច្បាប់​ស្តី​ពី​អ៊ីនធឺណិត ផ្តល់​បទ​សម្ភាសន៍នៅការិយាល័យ VOA ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ​២០១៧។ (សាយ មុន្នី/VOA)

VOA: បើ​លោក​ក្រឡេក​មើល​ប្រទេស​កម្ពុជា​សព្វថ្ងៃ ដែល​នៅ​ទី​នោះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​និង​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​ជាពិសេស​គឺ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ទូលំទូលាយ ដើម្បី​ផ្ញើ​សារ​នយោបាយ​របស់​លោក​ទៅកាន់​អ្នក​បោះឆ្នោត​នោះ តើ​លោក​គិត​ថា អាច​នឹង​មាន​ហេតុផល​ណាមួយ ដែល​រដ្ឋាភិបាល អាច​នឹង​គាបសង្កត់​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​ទៀត​ដែរ​ឬទេ?

Godwin: ខ្ញុំ​គិត​ថា រដ្ឋាភិបាល ហើយ​និយាយ​ឲ្យ​ចំ​គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ទទួលស្គាល់​យ៉ាង​ត្រឹមត្រូវ​ថា ហ្វេសប៊ុក និង​និយាយ​ជា​រួម​អ៊ីនធឺណិត គឺ​ជា​វេទិកា​ដ៏​ល្អ​ប្រសើរ​ ក្នុង​ការ​បញ្ជូន​សារ​របស់​ខ្លួន​ ហើយ​រដ្ឋាភិបាល មិន​ចង់​បញ្ឈប់​ការ​ធ្វើ​បែប​នេះ​ទេ។ តាម​ពិត​ទៅ ពួកគេ ថែម​ទៀត​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​អ៊ីនធឺណិត​ថែម​ទៀត​ផង។

ខ្ញុំ​ដឹង​ថា​លោក​នាយក​រដ្ឋ​មន្ត្រី មាន​អ្នក​តាម​មើល​យ៉ាង​ច្រើន​លើ​បណ្ដាញ​អ៊ីនធឺណិត ហើយ​បើ​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ ហើយ​ចេះ​និយាយ​ភាសា​ខ្មែរ​ទៀត​នោះ ម្លិះ​ខ្ញុំ​ ក៏​នឹង​តាម​មើល​គាត់​ដែរ។ ដូច្នេះ​ ខ្ញុំ​មើល​មិន​ឃើញ​ហានិភ័យ​ចំពោះ​អ្វី​មួយ​ដែល​គេ​ហៅថា​ជា​ប៊ូតុង​ចុច​បិទ​ មិន​ឲ្យ​មាន​ការ​ទទួល​បាន​សេវាកម្ម​អ៊ីនធឺណិត​នោះ​ទេ។ មិន​មាន​កិច្ច​ប្រឹងប្រែង​ធ្វើ​បែប​នេះ​ទេ ពី​ព្រោះ​រដ្ឋាភិបាល ​ចង់​ប្រើ​ប្រាស់​អ៊ីនធឺណិត ដើម្បី​និយាយ​ទៅ​កាន់​ពលរដ្ឋ​របស់​ខ្លួន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​បិទ​អ៊ីនធឺណិត នឹង​បង្ក​ការ​ខូចខាត​ខាងសេដ្ឋកិច្ច​ និង​ផ្ដល់​ផល​អាក្រក់​ក្រៃលែង​ដល់​ប្រទេស​មួយ​ដែល​កំពុង​ព្យាយាម​បង្កើន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​យ៉ាង​លឿន​ដូច​ដែល​កម្ពុជា​កំពុង​តែ​ធ្វើ​បច្ចុប្បន្ន​នេះ ហើយ​ព្យាយាម​អភិវឌ្ឍ​ភាព​ជា​ដៃគូ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់ ​ដែល​ប្រើប្រាស់​អ៊ីនធឺណិត​ដែរ។

ដូច្នេះ ខ្ញុំ​មិនបារម្ភ​អំពី​ការ​បិទ​អ៊ីនធឺណិត​ទាំង​ស្រុង​នោះ​ទេ។ វា​មាន​លក្ខណៈ​ខុសគ្នា​ពី​ការ​បិទ​កាសែត​ឬ​ការ​បិទ​ស្ថានីយ​វិទ្យុ។ ការ​បិទ​អ៊ីនធឺណិត គឺ​ប្រៀប​ដូច​ជា​ការ​កម្ទេច​ផ្លូវ​ទាំងឡាយចោល​យ៉ាង​ដូច្នោះ​ដែរ។ អ្នក​អាច​បំផ្លាញ​ផ្លូវ​ថ្នល់​នានា ឬ​អ្នក​អាច​កាត់​ផ្ដាច់​ខ្សែ​ទូរស័ព្ទ ហើយ​បិទ​សេវាកម្ម​ទូរស័ព្ទ​ទាំង​អស់​បាន។ នោះ​ជា​អ្វី​មួយ​ដែល​រដ្ឋាភិបាល​អាច​ធ្វើ​បាន ប៉ុន្តែ ការ​ខាតបង់ នឹង​មាន​ទំហំ​ធំធេង​រហូត​ដល់​ខ្ញុំ​មិន​ជឿ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​ឬ​រដ្ឋាភិបាល​ណា​ក៏​ដោយ​ក្នុង​ប្រទេស​កម្ពុជា នឹង​ធ្វើ​បែប​នេះ​ទេ ក្នុង​ពេល​នេះ។

VOA៖ អញ្ចឹង ការ​បារម្ភ​របស់​មនុស្ស​មួយ​ចំនួន អំពី​លទ្ធភាព​នៃ​ការ​បិទ​អ៊ីនធឺណិត​នៅ​កម្ពុជា គឺ​គ្រាន់តែ​ជា​ការ​បារម្ភ​ដែល​គ្មាន​មូលដ្ឋាន​សំអាង​អ្វី​នោះ​ទេ មែនទេ?

Godwin: ខ្ញុំ​គិត​ថា បើ​គិត​ពី​បច្ចេកទេស គេ​អាច​បិទ​អ៊ីនធឺណិត​បាន ប៉ុន្តែ ទំរាំ​ដល់​ពេល​ដែល​រដ្ឋាភិបាល​គិត​អំពី​ការ​បំផ្លាញ​ឬ​កាត់​ផ្ដាច់​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​កម្រិត​ហ្នឹង ប្រាកដ​ជា​មាន​អ្វី​មួយ​អាក្រក់អាក្រី​បំផុត​ បាន​កើតឡើង​រួច​ទៅ​ហើយ។ អ្វី​មួយ​នោះ អាច​ជា​រឿង​ធំ​ជាងអ៊ីនធឺណិត​ហ្នឹងទៅ​ទៀត។ ពេល​នោះ អ្នក​នឹង​ឃើញ​ហើយ ព្រោះ​ហេតុការណ៍​នេះ បាន​កើតឡើង​រួច​ទៅ​ហើយ។ រដ្ឋាភិបាល​ខ្លះ បាន​ព្យាយាម​ស្វះស្វែង​រក​ប៊ូតុង​ចុច​បិទ​អ៊ីនធឺណិត​ភា្លមៗ ទៅតាម​ការ​បញ្ជា​របស់​រដ្ឋាភិបាល។ ការណ៍​នេះ មិន​សូវ​ទទួល​បាន​ជោគជ័យ​ទេ។

រូបផែនទីកម្ពុជា បង្ហាញពី ចំនួនហ្រ្វេកង់ FM ទាំង៣២ នៅក្នុង ខេត្តទាំង២០ ដែលត្រូវបានបិទផ្សាយការផ្សាយបន្តពី VOA វិទ្យុ RFA និង VOD។ (រូបពី លីកាដូ)

យើង​មាន​កំណត់​ត្រា​ខ្លះ​ហើយ​ក្នុង​បដិវត្ត​អារ៉ាប់ ដែល​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​អារ៉ាប​ជាច្រើន បាន​ព្យាយាម​ប្រើ​ប៊ូតុង​បិទ​អ៊ីនធឺណិត​នេះ។ ពួកគេ ទទួល​បាន​ជោគជ័យ​ខ្លះ​ដែរ ប៉ុន្តែ អ្វី​ដែល​បាន​កើតឡើង​នោះ គឺ​ថា ពលរដ្ឋ​ស្រាប់​តែ​នាំ​គ្នា​ស្រែក​សួរ​ភ្លាម​ថា​តើ​អ៊ីនធឺណិត​របស់​ខ្ញុំ​ទៅ​ណា​បាត់​ហើយ? ហើយ​ពួកគេ ក៏​នាំ​គ្នា​ចុះ​ដើរ​តាម​ផ្លូវ​នានា ដើម្បី​តវ៉ា។ រដ្ឋាភិបាល មិន​ចូលចិត្ត​ទេ​ ពេល​មនុស្សម្នា​ នាំ​គ្នា​ចេញ​មក​តវ៉ា​តាម​ដង​ផ្លូវ​នានា​ ដើម្បី​ស្វែង​រក​មូលហេតុ​នោះ ពី​ព្រោះ​ការ​ធ្វើ​បែប​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល ភ័យ​បុកពោះ។ ដូច្នេះ ការ​បិទ​អ៊ីនធឺណិត មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​ទេ។

VOA៖ ប៉ុន្តែ លោក​លើកឡើង​ថា លោក​បារម្ភ​ថា​បុគ្គល​ជាក់​លាក់​មួយ​ចំនួន អាច​ក្លាយ​ជា​គោលដៅ​របស់​រដ្ឋាភិបាល​ មែន​ទេ?

Godwin: ពិត​ណាស់ ខ្ញុំ​ពិត​ជា​បារម្ភ។ ខ្ញុំ​តាម​ដាន​ព័ត៌មាន ដោយ​អាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​កាសែត​ដឺខេមបូឌា ដេលី ហើយ​ខ្ញុំ​ក៏​តាមដាន​ព័ត៌មាន​យ៉ាង​ជាប់​លាប់​តាម​ដែល​អាច​ធ្វើ​បាន​ពី​មិត្តភ័ក្ដិ​ដែល​ផ្ដល់​ប្រភព​ព័ត៌មាន​ឯករាជ្យ​នានា​ក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំ​ដឹង​ថា ពិត​ជា​មាន​ការ​ចាប់ខ្លួន​បុគ្គល​ខ្លះ​មែន ហើយ​ក៏​មាន​ការ​ឆ្លើយតប​ពី​រដ្ឋាភិបាល​ចំពោះ​ការ​រិះគន់​ផ្សេងៗ​ផង​ដែរ។ ខ្ញុំ​បារម្ភ​ចំពោះ​បុគ្គល​មួយ​ចំនួន​ខ្លាំង​មែនទែន។ ដូច្នេះ​ ខ្ញុំ​គិត​ថា បញ្ហា​ប្រឈម​សម្រាប់​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​នេះ គឺ​ការ​ព្យាយាម​ធ្វើ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល តាម​របៀប​ណា​ដែល​មិន​ត្រូវ​បាន​បកស្រាយ​ថា​ជា​ការ​ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ខ្ញុំ​ចង់​និយាយ​ថា រដ្ឋាភិបាល បាន​បង្ហាញ​ជំហរ​ច្បាស់​គួរសម​ហើយ​ថា ពួកគេ​បារម្ភ​ចំពោះ​អ្វី​ដែល​ពួកគេ​ បាន​និយាយ​កាល​ពី​ឆ្នាំ​មុន​ថា ពួកគេ​ជឿ​ថា មាន​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ​ក៏​បង្កើត​បដិវត្ត​ពណ៌​នៅ​កម្ពុជា។ ខ្ញុំ​គិត​ថា ជំហរ​រដ្ឋាភិបាល​បែប​នេះ ធ្វើ​ឲ្យ​មនុស្ស​រាល់​គ្នា ទោះ​បី​ជា​ពួកគេ​ខំ​ព្យាយាម​ជួយ​ក៏​ដោយ ក៏​មាន​ការ​បារម្ភ​ថា​ ពួកគេ​ អាច​ត្រូវ​បាន​គេ​គិត​ថា​ជា​អ្នក​ទិតៀន​រដ្ឋាភិបាល ឬ​ក៏​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី​ ហៅ​ថា​ជា​អ្នក​សមគំនិត​ដែរ។

VOA៖ លោក​មាន​ប្រសាសន៍​ថា​ លោក​បារម្ភ​ខ្លាច​បុគ្គល​មួយ​ចំនួន ជា​ពិសេស​អ្នក​រិះគន់​រដ្ឋាភិបាល អាច​ក្លាយ​ជា​គោលដៅ​បង្ក្រាប​របស់​រដ្ឋាភិបាល។ តើ​លោក​មើល​ឃើញ​ថា និន្នាការ​នេះ នឹង​បន្ត​ទៀត​ទេ នៅ​មុន​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​នេះ?

​Godwin: បាទ ខ្ញុំ​គិត​ថា និន្នាការ​នេះ​ នឹង​បន្ត​កើន​ឡើង​ទៀត ដោយ​រដ្ឋាភិបាល នឹង​ក្រឡេក​មើល​យ៉ាង​ម៉ត់ចត់ និង​យ៉ាង​ម៉ឺងម៉ាត់​ជាង​មុន ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រិះគន់​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។ ផ្អែក​តាម​អ្នក​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល មិន​ចង់​ឲ្យ​មាន​ការបោះឆ្នោត​ប្រកៀកប្រកិត​ដូច​ការ​បោះឆ្នោត​លើក​មុន ហើយ​ក៏​មិន​ចង់​ឲ្យ​មាន​បាតុកម្ម​ឬ​ភាព​វឹកវរ​របស់​ពលរដ្ឋ​កើតឡើង​ជាថ្មី​ទៀត​ដែរ។

រដ្ឋាភិបាល សង្ឃឹម​ថា ប្រសិន​បើ​ពួកគេ អាច​បំបាក់​ទឹកចិត្ត​អ្នក​ប្រឆាំង​នយោបាយយ៉ាង​សកម្ម​បាន នោះ​ទំនង​ជា​នឹង​មិន​មាន​បាតុកម្ម​កើតឡើង​ទេ។ ប៉ុន្តែ ខ្ញុំ​គិត​ថា នោះ​គឺ​ជា​ការ​យល់​ខុស​ទៅ​វិញ។ ខ្ញុំ​គិត​ថា តាម​ពិត ការ​ព្យាយាម​គាបសង្កត់​សំឡេង​ប្រឆាំង អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​ ដូច​ដែល​រដ្ឋាភិបាល​បាន​សង្ឃឹម​នោះ​ទេ ដោយសារ​ ការ​គាបសង្កត់​ទាំង​នោះ នឹង​ជះឥទ្ធិពល ធ្វើ​ឲ្យ​ពលរដ្ឋ​ងើបឡើង ពី​ព្រោះ​តែ​ការ​មិន​សប្បាយចិត្ត​របស់​ពួកគេ នៅ​ពេល​ដែល​ពួកគេ មើល​ឃើញ​មិត្តភ័ក្ដិ​និង​អ្នកដឹកនាំ​នៅ​ក្នុង​ខេត្ត​ឬ​ក្រុង​របស់​ពួកគេ ត្រូវ​បាន​គេ​ទិតៀន​ឬ​ចាប់ខ្លួននោះ។ ខ្ញុំ​គិត​ថា ការណ៍​នេះ នឹង​ធ្វើ​ឲ្យ​មនុស្សម្នា​ភ្ញាក់ស្មារតី ហើយ​ធ្វើ​ឲ្យ​ពួកគេ កាន់តែ​រិះគន់​រដ្ឋាភិបាល។ បើ​អ្នក​ក្រឡេក​មើល​ជុំវិញ​ពិភពលោក អ្នក​ឃើញ​ផលវិបាក​ត្រឡប់​មក​រដ្ឋាភិបាល​វិញ នៅ​ពេល​ដែល​រដ្ឋាភិបាល​ចាត់​វិធានការណ៍​ទាំង​នេះ។

ក្នុង​សម័យ​អ៊ីនធឺណិត​នេះ ការ​ដែល​មនុស្សម្នា មាន​ឧបករណ៍​បច្ចេកវិទ្យា​ច្រើន ដើម្បី​ទាក់ទង​គ្នា និង​ចែក​រំលែក​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​នោះ វា​រឹតតែ​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ការ​គាបសង្កត់​ក្រុម​ប្រឆាំង។ ដូច្នេះ អ្វី​មួយ​ដែល​អ្នក​ត្រូវ​ចងចាំ​នោះ​គឺ​ថា រាល់​ទូរស័ព្ទ​ទំនើប​ដែល​មនុស្សម្នា​កាន់​សព្វថ្ងៃ​នេះ ដើរតួ​នាទី​ជា​កុំព្យូទ័រ​តូច​មួយ ជា​ស្ថានីយ​ផ្សព្វផ្សាយ​តូច​មួយ និង​ជា​ស្ថានីយ​វិទ្យុ​ដ៏​តូច​មួយ​ ហើយ​វា​ក៏​ជា​កាមេរ៉ា​មួយ​ដែរ។ ទូរស័ព្ទ​ទាំង​នេះ អាច​ថតរូប​ដែលគេ​មិន​ចង់​ឲ្យ​ថត​បាន។
ដូច្នេះ នោះ​គឺ​ជា​អ្វី​មួយ​ដែល​រដ្ឋាភិបាល​នានា​នៅ​ជុំវិញ​ពិភពលោក ត្រូវ​ដោះស្រាយ​ជាមួយ រួម​ទាំង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ផង​ដែរ។ យើង​ត្រូវ​តែ​ដោះស្រាយ​ចំពោះ​ហេតុការណ៍​ដែល​ប្រសិន​បើ​នគរបាល​ ប្រព្រឹត្ត​អាក្រក់អាក្រី​លើ​នរណា​ម្នាក់ នោះ​ពួកគេ អាច​នឹង​ប្រឈម​ចំពោះ​ការ​ថត​សកម្មភាព​អាក្រក់អាក្រី​នោះ។ ដូច្នេះ ការ​ព្យាយាម​ក្នុង​ការ​គាបសង្កត់​ការ​រិះគន់​រដ្ឋាភិបាល ឬ​ការ​រិះគន់​មន្ត្រី​រដ្ឋាភិបាល​ឬ​មន្ត្រី​ប៉ូលិស ជា​ញឹកញយ តែង​ផ្ដល់​ផលវិបាក​ត្រឡប់​មក​វិញ។

រូប​ភាពពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ «Samdech Hun Sen, Cambodian Prime Minister»។ (រូបថត៖ Screenshot)

VOA៖ អញ្ចឹង លោក​គិត​ថា តើ​រដ្ឋាភិបាល​នឹង​អាច​លើក​យក​សេចក្ដី​ព្រាង​ច្បាប់ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ត្រូវ​បាន​បោះបង់​ចោល​នោះ ​មក​ប្រើ​វិញ​ទេ?

Godwin: ខ្ញុំ​គិត​ថា វាពិត​ជា​អាច​ទៅ​រួច​ ដែល​ថា​រដ្ឋាភិបាល​ នឹង​ប៉ុនប៉ង​ធ្វើឲ្យ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត រស់​ឡើង​វិញ។ មាន​ការ​រិះគន់​យ៉ាង​ច្រើន​ទៅលើ​ច្បាប់​នេះ មិនត្រឹមតែ​ក្នុង​ចំណោម​ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ក្នុង​ឆាក​អន្តរជាតិ​ទៀត​ផង។ ប៉ុន្តែ ក្នុង​គ្រា​ដែល​រដ្ឋាភិបាល​ ព្យាយាម​ជំរុញ​ច្បាប់​នេះ រដ្ឋាភិបាល ក៏​បាន​ផ្ដួចផ្ដើម​និង​អនុម័ត​ដោយ​ជោគជ័យ​នូវ​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​ការណ៍​នេះ​ ហាក់​ដូច​ជា​បង្ហាញ​យ៉ាង​ច្បាស់លាស់​ចំពោះ​ខ្ញុំ​និង​អ្នក​ឃ្លាំមើល​ផ្សេងទៀត​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ជឿ​ឬ​បាន​សម្រេចចិត្តនិយាយ​ថា​ អង្គការ​ក្រៅ​រដ្ឋាភិបាល កំពុង​បង្ក​ភាព​វឹកវរ​ខាង​នយោបាយ​ ដូច្នេះ រដ្ឋាភិបាល​ នឹង​គ្រប់គ្រង​អង្គការ​ទាំងនោះ។
ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ ដូច​ដែល​យើង​បាន​រំពឹង​ទុក​ជា​មុន​រួច​ជាស្រេច ក្នុង​ការ​ដក​ចេញ​សំឡេង​ឯករាជ្យ​មួយ​ចំនួន ហើយ​ខ្ញុំ​ជឿ​ថា ចំណោទ​តែ​មួយ​គត់​ដែល​នៅ​សេសសល់​គឺ​ថា តើ​សហគមន៍​អន្តរជាតិ មើល​ឃើញ​យ៉ាង​ដូចម្ដេច ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា? តាម​ពិត​ទៅ​ មាន​ប្រភព​សំខាន់ៗ​ពីរ​ ដែល​បាន​ឆ្លើយតប​ខ្លាំងៗ​ទៅ​នឹង​កិច្ច​ប្រឹងប្រែង​នេះ។ មួយ​គឺ​សហរដ្ឋ​អាមេរិក ដែល​អាច​នឹង​មិន​សូវ​ប្រឡូក​ច្រើន​ក្នុង​កិច្ច​ការ​ជាមួយ​កម្ពុជា​តទៅទៀត និង​មួយ​ទៀត គឺ​សហភាព​អឺរ៉ុប។ ខ្ញុំ​គិត​ថា សហភាព​អឺរ៉ុប នៅ​តែ​បន្ត​ប្ដេជ្ញា​ក្នុង​ការ​ព្យាយាម​លើក​ទឹកចិត្ត​ឲ្យ​ប្រទេស​កម្ពុជា ដើរ​តាម​មាគ៌ា​ប្រជាធិបតេយ្យ​ជាង​នេះ។

VOA៖ តើ​លោក​អាច​ផ្ដល់​ឧទាហរណ៍​ជាក់លាក់​ខ្លះ​បាន​ទេ​ថា​ តើ​សហគមន៍​អន្តរជាតិ អាច​ធ្វើ​អ្វី​បាន​ ដើម្បី​ធានា​ រដ្ឋាភិបាល​កម្ពុជា នឹង​មិន​អាច​គ្រប់គ្រង​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​បាន​នោះ?

Godwin: និយាយ​ទៅ សហគមន៍​អន្តរជាតិ នឹង​មិន​អាច​បញ្ឈប់​រដ្ឋាភិបាល​កម្ពុជា មួយ​ដែល​ប្ដេជ្ញា​ចិត្ត​ ក្នុង​ការ​គ្រប់គ្រង​ការ​បញ្ចេញ​មតិ​តាម​បណ្ដាញ​អ៊ីនធឺណិត​បាន​ទេ។ កត្តា​ម្យ៉ាង​គត់ ដែល​អាច​បញ្ឈប់​រដ្ឋាភិបាល​បាន​ គឺ​ថា​ពលរដ្ឋ​ ត្រូវ​រក​វិធី​ប្រាប់​ទៅ​រដ្ឋាភិបាល​ថា យើង​មិន​ចង់​ឲ្យ​អ្នក​ធ្វើ​ដូច្នេះ​ទេ។ ការ​គ្រប់គ្រង​សេរីភាព​តាម​បណ្ដាញ​អ៊ីនធឺណិត​នេះ នឹង​បង្កើត​បញ្ហា​ច្រើន​ជាង​ដំណោះស្រាយ។ ខ្ញុំ​ជឿ​ថា មាន​ប្រវត្តិសាស្ត្រ​ជាច្រើន​របស់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ផ្សេងៗ ដែល​រង់ចាំ​ឲ្យ​ពិភពលោក​ភ្ញាក់​ឡើងហើយ​ជួយ​ពួកគេ ប៉ុន្តែ​ខ្ញុំ​គិត​ថា ជួនកាល​ការណ៍​នេះ គឺ​ជា​ការ​រង់ចាំ​យូរ​ពេក។ ដូច្នេះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​រិះ​គិត​អំពី​ខ្លួន​អ្នក​និង​ការ​ព្រួយបារម្ភ​របស់​អ្នក។ ប្រសិន​បើ​អ្នក​ជា​ពលរដ្ឋ​ខ្មែរ តើ​អ្នក​នឹង​ឆ្លើយតប​យ៉ាង​ដូចម្ដេច​ចំពោះ​ការ​ព្យាយាម​គ្រប់គ្រង​សេរីភាព​ទាំង​នេះ?

ខ្ញុំ​អាច​និយាយ​បាន​ថា អ្វី​មួយ​ដែល​មាន​ប្រយោជន៍​គឺ​ ត្រូវ​ព្យាយាម​បើក​ចិត្ត​ទទួល​យក​គ្រប់​សំឡេង​ទាំង​អស់​មក​ពី​គណបក្ស​ទាំង​អស់។ ដូច្នេះ អ្នក​មិន​ត្រូវ​និយាយ​ថា ខ្ញុំ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ខ្ញុំ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​គណបក្ស​ណា​មួយ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ចូរ​និយាយ​ថា «សូម​មើល​ចុះ ទាំង​នេះ គឺ​ជា​បញ្ហា​ ហើយ​យើង​ត្រូវ​ការ​អ្នក​ជួយ។ ខ្ញុំ​នៅ​ទី​នេះ ខ្ញុំ​អាច​ជួយ​ធ្វើ​កិច្ចការ​ទាំង​នេះ​បាន។ តើ​អ្នក​អាច​ជួយ​ពួក​យើង​បាន​យ៉ាង​ដូច​ម្ដេច នៅ​ក្នុង​ខេត្ត​របស់​យើង? »​ឬ​ និយាយ​ថា «តើ​អ្នក​អាច​ជួយ​ខ្ញុំ​និង​ក្រុម​របស់​ខ្ញុំ ធ្វើ​រឿង​នេះ​បាន​ទេ?» ចូរ​និយាយ​បែប​នេះ​ជាមួយ​មនុស្ស​គ្រប់គ្នា ហើយ​បណ្ដាញ​អ៊ីនធឺណិត គឺ​ជា​វេទិកា​ដ៏​ល្អ​សម្រាប់​ការ​ធ្វើ​បែប​នេះ។ ប្រសិន​បើ​អ្នក​សុំ​ឲ្យ​គេ​ជួយ ជាជាង​រិះគន់​គេ​ ដោយសារ​គេ​មិន​ជួយ​នោះ នោះ​វាមាន​ភាព​វិជ្ជមាន​ជាង។ ប្រសិនបើ​រដ្ឋាភិបាល យល់​ថា ការ​មាន​អ៊ីនធឺណិត​ប្រើប្រាស់ ជួយ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កិច្ចការ​របស់​ខ្លួន​បាន​ នោះ​រដ្ឋាភិបាល​នឹង​មាន​ទស្សនៈ​វិជ្ជមាន​ជាង​មុន អំពី​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​នេះ៕