កំណត់និពន្ធ៖ លោក ចូណាថាន់ ប៊ូស(Jonathan Bush) គឺជាសាស្ត្រាចារ្យអាមេរិកាំង នៅសាលាច្បាប់Columbia Law Schoolនៃសកលវិទ្យាល័យ Columbia ក្នុងបុរីញូយ៉ក។ លោកបង្រៀនច្បាប់ឧក្រិដ្ឋកម្មសង្គ្រាម និងច្បាប់អន្តរជាតិផ្សេងៗទៀត រួមទាំងបញ្ហាទាក់ទងនឹងការសម្លាប់រង្គាលHolocaust ផងដែរ។ លោក សាយ មុន្នី នៃវីអូអេ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានសម្ភាសន៍លោក Jonathan Bush អំពីការប្រើច្បាប់របស់រដ្ឋាភិបាល ក្នុងការបង្ក្រាបទៅលើ គណបក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយយមួយចំនួន។ ចាប់តាំងពីខែសីហាឆ្នាំមុនមក រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ច្បាប់ស្តីពីពន្ធដារ ទៅលើស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដោយបង្ខំឲ្យស្ថាប័នទាំងនោះ បិទដំណើរការរបស់ពួកគេនៅក្នុងប្រទេស។ កាលពីខែវិច្ឆិកា តុលាការកំពូលកម្ពុជា ក៏បានសម្រេចតាមពាក្យបណ្តឹងរបស់មេធាវីរដ្ឋាភិបាល ឲ្យរំលាយគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសគឺគណបក្សសង្គ្រោះជាតិ ដោយចោទប្រកាន់ថា មេដឹកនាំគណបក្សនេះ បានរៀបចំផែនការផ្តួលរំលំលោក ហ៊ុន សែន ដោយមានការសមគំនិតពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
Your browser doesn’t support HTML5
VOA៖ ដូចលោកបានដឹងហើយថា រដ្ឋាភិបាលកម្ពុជា បានព្យាយាមបង្ក្រាបគណបក្សប្រឆាំង បុគ្គលិកអង្គការសង្គមស៊ីវិល និងអ្នកកាសែត ដែលរិះគន់រដ្ឋាភិបាល នៅមុនពេលបោះឆ្នោតសកលនៅខែកក្កដាខាងមុខនេះ។ តើទង្វើបែបនេះ មានន័យដូចម្តេច សម្រាប់រូបលោក នៅពេលដែលរដ្ឋាភិបាល បានប្រើប្រាស់ច្បាប់ ដើម្បីធ្វើឲ្យប្រាកដថា ពលរដ្ឋមិនអាចសម្តែងមតិរបស់ខ្លួនដោយសេរីបាន នៅក្នុងប្រទេសប្រជាធិបតេយ្យបែបនេះ?
លោក Bush៖ ខ្ញុំបានតាមដានព្រឹត្តិការណ៍ហ្នឹងខ្លះដែរ ហើយខ្ញុំគិតថា ព្រឹត្តិការណ៍ទាំងនេះ ពិតជារំខានចិត្តមែនទែន។ វាដូចជាបែបផែនមួយដែលអ្នកឃើញកើតឡើងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយរបបផ្តាច់ការកាន់តែច្រើនឡើង បានព្យាយាមលាក់បាំងការបង្ក្រាបរបស់ពួកគេ ដោយយកច្បាប់ ធ្វើជាលេស។ ការណ៍នេះ ពិតជាគួរឲ្យព្រួយបារម្ភខ្លាំងណាស់។
មានរបៀបច្រើនយ៉ាងនិងឧបករណ៍ផ្លូវច្បាប់ជាច្រើន ដែលរដ្ឋាភិបាលអាចយកមកប្រើដើម្បីធ្វើការបង្ក្រាប។ ខ្ញុំចង់និយាយថា គេអាចអនុញ្ញាតឲ្យមានការប្តឹងផ្តល់ពីបទបរិហាកេរ្តិ៍ អាចជាបទល្មើសរដ្ឋប្បវេណីឬព្រហ្មទណ្ឌ ឬគេអាចប្តឹងពីបទញុះញង់ក៏បាន ដើម្បីបង្ក្រាបលើស្ថាប័នដែលគ្រប់គ្រងកាសែត ឬក៏អង្គការក្រៅរដ្ឋាភិបាល ចំពោះការរំលោភច្បាប់ពន្ធដារឬបែបបទរដ្ឋបាលផ្សេងៗ តាមដែលគេចោទប្រកាន់។ គេថែមទាំងអាចចោទពីបទក្បត់ជាតិថែមទៀតផង។ ទង្វើទាំងនេះ ត្រូវបានគេដឹងឭជាយូរយារណាស់មកហើយថាជាឧបករណ៍ដែលជនផ្តាច់ការប្រើប្រាស់។ ខ្ញុំចេះតែគិតថាឧបករណ៍ទាំងនេះ មានប្រសិទ្ធភាពតែមួយរយៈពេលប៉ុណ្ណោះ។ តាមធម្មតា ការពិត នឹងលេចឡើង។
អ្នកដឹងទេថា គ្មាននរណា សាហាវជាងស្តាលីនទេ ប៉ុន្តែអ្វីៗទាំងអស់ សូម្បីតែសារលេចធ្លាយពី លោក [Nikita] Khrushchev [អតីតមេដឹកនាំរុស្សី] ក៏បានបង្ហាញផ្នែកខ្លះនៃការពិត អំពីអ្វីដែលស្តាលីនបានធ្វើ ហើយការពិតផ្សេងទៀត ក៏បានលេចឡើងនៅពេលក្រោយមកទៀត។ ខ្ញុំគិតថា គេមិនអាចលាក់បាំងការសម្ងាត់ដ៏ខ្មៅងងឹតទាំងនេះបានរហូតទេ។
ខ្ញុំគិតថា យកល្អ មិត្តភក្តិរបស់រដ្ឋាភិបាល គួរតែប្រាប់រដ្ឋាភិបាលថា «ឲ្យអ្នកទាំងនោះ ប្រយុទ្ធគ្នានៅលើទីលានសាធារណៈមតិទៅ។ ឲ្យអ្នកកាសែតនិយាយអី និយាយទៅតាមតែពួកគេចង់»។
VOA៖ សូម្បីតែអ្នកកាសែត ដែលត្រូវបានគេមើលឃើញថា ជាអ្នកពាំនាំមកជូនសាធារណជននូវព័ត៌មានដែលមានតុល្យភាពនិងឥតលម្អៀង ក៏ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការបំពេញការងាររបស់ពួកគេដែរ។ ជាឧទាហរណ៍ អ្នកកាសែតពីរនាក់នៃកាសែត ដឺខែមបូឌា ដេលី ត្រូវបានចោទប្រកាន់ពីបទញុះញង់ នៅពេលដែលពួកគេ គ្រាន់តែសួរសំណួរទៅកាន់ប្រភពព័ត៌មានរបស់ពួកគេប៉ុណ្ណោះ។ តើការចោទប្រកាន់បែបនេះ ប៉ះពាល់សេរីភាពសារព័ត៌មាននិងលំហប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា យ៉ាងដូចម្តេចខ្លះ?
លោក Bush៖ ពិតណាស់ អ្វីៗទាំងនេះ ធ្វើឲ្យលំហប្រជាធិបតេយ្យកាន់តែរួមតូចទៅ ដែលជាការណ៍គួរឲ្យក្រៀមក្រំណាស់។ គេសង្ឃឹមថា អង្គការក្រៅរដ្ឋាភិបាលបរទេស និងក្រុមអ្នកកាសែតបរទេស នឹងអនុញ្ញាតឲ្យសាធារណជន ផ្តោតលើរឿងទាំងនេះ ហើយប្រហែលជាធ្វើឲ្យរដ្ឋាភិបាលដឹងថា ពលរដ្ឋកំពុងតែតាមមើលរឿងទាំងនេះ។ អ្នកអាចមើលឃើញបញ្ហានេះនៅក្នុងប្រទេសជាច្រើន។ ពេលនេះ គឺជាគ្រាដ៏គួរឱ្យព្រឺព្រួចក្នុងនាមជាអ្នកកាសែត នៅក្នុងប្រទេសជាច្រើន។ សម្រាប់ពួកយើងទាំងអស់គ្នា លទ្ធផលគឺថា យើងបញ្ចេញគំនិតកាន់តែតិចជាងមុន និងការជជែកពិភាក្សាដេញដោលគ្នាដ៏ស្មោះត្រង់ កាន់តែតិចជាងមុន។ គេគ្រាន់តែអាចសង្ឃឹមម្តងទៀតថា វាងាយស្រួលក្នុងការអង្គុយក្នុងស្ទីឌីយោ ហើយសង្ឃឹមថា អ្នកដទៃទៀត មានភាពក្លាហាន ប៉ុន្តែ ខ្ញុំសង្ឃឹមថា អ្នកកាសែតទាំងនោះ ត្រូវបានដោះលែង ឬអាចបន្ថយគំនាបសង្កត់ ឬអាចទទួលបានលំហក្នុងការនិយាយស្តីពីអ្វីដែលពួកគេយល់ឃើញ ហើយនិងសង្ឃឹមថា របបដឹកនាំនេះ នឹងមិនរៀនសូត្រ ប្រើឧបករណ៍ផ្លូវច្បាប់ ដូចរបបផ្សេងៗទៀត បានប្រើ ដើម្បីបង្ក្រាប ឬក៏ធ្វើខុសស្មារតីច្បាប់ ដោយធ្វើតែតាមតួអក្សរនោះ។
VOA៖ ដូចលោកមានប្រសាសន៍ខាងដើមអញ្ចឹងថា កម្ពុជា មិនមែនជាប្រទេសដំបូងនិងតែមួយគត់ ដែលបានរៀនតាមគំរូប្រទេសផ្សេង ហើយបានយកតាក់តិចនៃការប្រើប្រាស់ឧបករណ៏ផ្លូវច្បាប់ ដើម្បីបង្ក្រាបគូរបដិបក្ខនយោបាយរបស់ខ្លួននោះ។ ដូច្នេះ តើលោកបានរៀនពីយន្តការអ្វីខ្លះ ដើម្បីតទល់ជាមួយតាក់តិចបែបនេះ?
លោក Bush៖ នេះគឺជាសំណួរដែលពិបាកជាងគេ។ ខ្ញុំចង់និយាយថា អ្នកនិយាយពិតជាត្រឹមត្រូវណាស់។ ឧទាហរណ៍ មិនចាំបាច់និយាយចំឈ្មោះនោះទេ ប៉ុន្តែមានប្រទេសខ្លះ នៅអឺរ៉ុបខាងកើត ដែលបច្ចុប្បន្ននេះ ហាក់ដូចជាដើរតាមគន្លងប្រហាក់ប្រហែលគ្នាដែរ។ ដោយសារប្រទេសទាំងនេះ ស្ថិតក្នុងសហភាពអឺរ៉ុប ប្រទេសដទៃទៀតដែលជាបងប្អូនគ្នាក្នុងសហភាពអឺរ៉ុបដែរ អាចព្យាយាមដាក់សម្ពាធជាលក្ខណៈស្ថាប័នក្នុងតំបន់ ដើម្បីឲ្យមានការដោះលែងអ្នកកាសែត ឬក៏មានការទម្លាក់ចោលបទចោទប្រកាន់ជាដើម។ ប្រទេសដែលមានឯករាជ្យភាពពេញលេញ ប្រើប្រាស់អធិប្បាយភាព ជាលេសដើម្បីបិទបាំង។ ប្រសិនបើកម្ពុជា ចង់ធ្វើបែបនេះ គ្មានប្រទេសណា នឹងដកជំនួយ ឬឱ្យផ្លាស់ប្តូរឥរិយាបទ ទៅលើអត្ថប្រយោជន៍ពាណិជ្ជកម្ម ដោយភ្ជាប់លក្ខខណ្ឌឱ្យដោះលែងអ្នកកាសែតមនោះទេ។ ការណ៍នេះ គឺជារឿងគួរឱ្យព្រួយបារម្ភ។ តើអ្នកអាចឱ្យរបបដឹកនាំនេះ ធ្វើអ្វីដែលអ្នកគិតថាគេគួរតែធ្វើតាមរបៀបមួយដែលបង្ហាញការគោរពដល់ប្រជាជនកម្ពុជា និងពលរដ្ឋទាំងអស់ បានដោយរបៀបណា នៅពេលដែលអ្នកគ្មានអ្វីទាំងអស់ ក្រៅតែពីក្តីសង្ឃឹមនិងសម្ពាធខាងសីលធម៌នោះ។
ខ្ញុំគិតថារដ្ឋាភិបាលដទៃទៀត ពោលគឺប្រទេសមហាអំណាច នឹងមិនដាក់សម្ពាធលើប្រទេសកម្ពុជានោះ។ សូមទោស និយាយនេះ មិនមែនជាសំឡេងដែលអស់សង្ឃឹមទេ តែគ្រាន់តែស្រងាកចិត្តប៉ុណ្ណោះនៅពេលនេះ។
VOA៖ មេដឹកនាំកម្ពុជា ជារឿយៗ និយាយយោងទៅដល់វោហាសាស្ត្ររបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន អំពីប្រព័ន្ធផ្សព្វផ្សាយ នៅពេលដែលខ្លួនធ្វើដាក់ស្ថាប័នព័ត៌មាននិងអ្នកកាសែតក្នុងប្រទេស ដោយនិយាយថា សូម្បីតែប្រធានាធិបតីអាមេរិក ក៏បានវាយប្រហារទៅលើប្រព័ន្ធផ្សព្វផ្សាយដែរ។ ដូច្នេះ តើពលរដ្ឋកម្ពុជា និងពលរដ្ឋខ្មែរនៅប្រទេស អាចធ្វើអ្វីបានចំពោះរឿងនេះ?
លោក Bush៖ ការណ៍ដែលប្រធានាធិបតីអាមេរិក បាននិយាយវាយប្រហារលើសារព័ត៌មានជាប់ជាប្រចាំនិងយ៉ាងស្វាហាប់ មិនថាជាស្ថាប័នព័ត៌មានបែបកម្សាន្តឬផ្តល់ព័ត៌មានឬក៏ទៅលើបណ្តាញផ្សព្វផ្សាយទាំងមូលនោះទេ គឺថាគាត់មិនអាចធ្វើអ្វីបានច្រើនឡើយ។ យើងនៅតែមានប្រព័ន្ធយុត្តិធម៌ឯករាជ្យ ហើយយើងក៏នៅមានសំឡេងសារព័ត៌មានផ្សេងៗគ្នា ដែលជាតម្រូវការរបស់ស្ថាប័ននិងមានការធានា នៅពេលដែលស្ថាប័នព័ត៌មានជាក់លាក់ណាមួយ ត្រូវបានគេចុចចំឈ្មោះ សម្រាប់ការវាយប្រហារនោះ។
តាមដែលខ្ញុំដឹង ចាប់តាំងពីរដ្ឋការរបស់លោក ត្រាំ ឡើងកាន់អំណាចមក មិនទាន់មានកាសែតណាមួយបិទទ្វារ ដោយសារហេតុផលនយោបាយនោះឡើយ ហើយក៏មិនទាន់មានអ្នកកាសែតណាម្នាក់ ជាប់ពន្ធនាគារដែរ។ ដូច្នេះ ជ្រុងមួយទៀតនៃរឿងនេះ គឺថា ជាការពិតណាស់ យើងមានប្រធានាធិបតីម្នាក់ និងជំនួយការរបស់គាត់ខ្លះ ដែលបាននិយាយបរិហារទៅលើផ្នែកខ្លះនៃសារព័ត៌មាន។ យើងក៏មានសារព័ត៌មាន ដែលភាគច្រើន មិនចាប់បារម្ភលើរឿងនេះដែរ។ ប្រាកដណាស់ លោកប្រធានាធិបតី បាននិយាយរឿងជាច្រើន ប៉ុន្តែនៅតែមានរឿងជាច្រើនទៀតដែលកំពុងតែលេចចេញមកក្រៅ។ កាសែតបោះពុម្ពអ្វីដែលពួកគេចង់ អំពីការលេចធ្លាយពាក់ព័ន្ធនឹងរុស្សី ឬអំពីជំនួញគ្រួសាររបស់លោកប្រធានាធិបតី។ យើងចាំមើលថាតើវានឹងទៅជាយ៉ាងណា ប៉ុន្តែយ៉ាងណាក៏ដោយ សារព័ត៌មាន នៅតែឈរជើងយ៉ាងរឹងមាំ។
VOA៖ វិលទៅករណីរបស់អតីតអ្នកកាសែតកម្ពុជាវិញ ដែលសំណុំរឿងក្តីរបស់ពួកគេ ត្រូវបានចាត់ការដោយតុលាការកម្ពុជា ដែលល្បីថាមិនមានឯករាជ្យភាពនោះ តើលោកគិតថា ពួកគេអាចទទួលបានយកយុត្តិធម៌ដោយរបៀបណា?
លោក Bush៖ ច្បាស់ណាស់ នោះគឺជាបញ្ហាដែលត្រូវសម្រេចជាលក្ខណៈផ្ទៃក្នុងដោយតុលាការកម្ពុជា។ គ្មាននរណាអាចនិយាយថា សំណុំរឿងនេះ គួរតែត្រូវបានពិនិត្យនៅកន្លែងផ្សេង ដោយចៅក្រមឬតុលាការបរទេសនោះទេ។ ដូច្នេះ វាអាស្រ័យទៅលើតុលាការខ្លួនឯង ដែលជួនកាល ត្រូវបានគេចោទសួរដែរ។ ខ្ញុំមិនពាក់ព័ន្ធនឹងសំណុំរឿងនេះទេ ប៉ុន្តែប្រសិនបើខ្ញុំពាក់ព័ន្ធវិញ អ្វីដែលគេត្រូវការនោះ គឺមេធាវីការពារក្តីដ៏ល្អបំផុតដែលអ្នកអាចរកបាន និងការផ្សព្វផ្សាយរឿងក្តីនេះជាសាធារណៈ ឱ្យគេបានដឹងឭសុះសាយ។ ជួនកាល សំណុំរឿងក្តីទាំងនេះ ត្រូវបានដោះស្រាយនៅពីក្រោយឆាក ប៉ុន្តែនោះគឺជាអ្វីមួយដែលមេធាវីការពារក្តីដ៏ល្អបំផុត គួរតែពិនិត្យមើលថាតើយើងគួរដោះស្រាយរឿងហ្នឹងយ៉ាងដូចម្តេច? តើយើងគួរតែនិយាយជាមួយនរណាខ្លះ?
ការដែលធ្វើឱ្យមានការទម្លាក់ចោលបទចោទ មានលក្ខណៈងាយស្រួលជាងការតតាំងក្តី ដើម្បីយកឈ្នះក្នុងតុលាការ ពីព្រោះប្រសិនបើព្រះរាជអាជ្ញាបន្ទន់ជំហ ហើយយល់ឃើញថា គាត់ទៅជ្រុលហួស នោះគឺជារបៀបដោះស្រាយដែលប្រសើរជាង។ ប៉ុន្តែ នេះគឺរឿងតាក់តិច។ អ្នកកាសែតទាំងនេះ ត្រូវការមេធាវីដែលល្អបំផុត ហើយត្រូវការប្រមែប្រមូលមិត្តភក្តិ ដែលត្រៀមទាញចំណាប់អារម្មណ៍ទៅលើករណីរបស់ពួកគេ។ ខ្ញុំសង្ឃឹមថា គេនៅតែមានភាពក្លាហាន ដូចដើមអញ្ចឹង។
VOA៖ ជាចុងក្រោយ តើសហគមន៍អន្តរជាតិ អាចធ្វើអ្វីបានខ្លះ ដើម្បីធានាថា រដ្ឋាភិបាលកម្ពុជា នឹងមិនទៅហួសពីដែនកំណត់របស់ខ្លួននោះ?
លោក Bush៖ តើមានអ្វីដែលយើងឬប្រទេសផ្សេងទៀតក្នុងសហគមន៍អន្តរជាតិ អាចធ្វើបានទេ? ប្រាកដជាបាន។ មានកិច្ចការច្រើនណាស់ដែលយើងអាចធ្វើបាន ហើយប្រហែលជាមានប្រសិទ្ធភាពទៀតផង។ គេអាចស្រមៃមើលឃើញយ៉ាងស្រួលអំពីសំឡេងសហគមន៍អឺរ៉ុបទៅលើបញ្ហានេះ ដោយសារអំណាចនៃវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ ដែលសហភាពអឺរ៉ុបទាំងមូល មាន។ គេក៏អាចស្រមៃឃើញសំឡេងរបស់អាមេរិកាំងលើបញ្ហានេះដែរ។ ថាតើយើងនឹងបញ្ចេញសំឡេងនេះឬអត់នោះ ខ្ញុំមិនដឹងទេ។ ប៉ុន្តែ ក្នុងបញ្ហាទាំងនេះ សំឡេងរដ្ឋាភិបាល ជានិច្ចកាល គឺប្រសើរជាងសំឡេងអង្គការក្រៅរដ្ឋាភិបាល។ ការដែលឱ្យអង្គការសិទ្ធិមនុស្ស Human Rights Watch និង Open Society Foundation ចេញសេចក្តីថ្លែងការណ៍នោះ គឺពិតជាមានប្រយោជន៍ ប៉ុន្តែ បើក្រសួងការបរទេសឬក្រសួងពាណិជ្ជអាមេរិក ឬសហភាពអឺរ៉ុប ឬក៏ប្រទេសជាមិត្តផ្សេងទៀតរបស់កម្ពុជា និយាយថា «ល្មមហើយ ឈប់ទៅ» នោះវានឹងប្រសើរជាង។ ខ្ញុំចង់និយាយថា ជាថ្មីម្តងទៀតដោយមិនបាច់និយាយចំឈ្មោះប្រទេសណាមួយទេ គឺមានប្រទេស៥ឬ៦នៅក្នុងពិភពលោក ដែលយើងឃើញដំណើរការបង្ក្រាបទៅលើសារព័ត៌មាននិងគណបក្សប្រឆាំង ដូចគ្នាបេះបិទ។ តើនរណាដឹងថានឹងមានអ្វីកើតឡើង បន្ទាប់ពីនេះទៅ? ឥឡូវ ដល់ពេលដែលប្រទេសជាមិត្តនៃលទ្ធិប្រជាធិបតេយ្យ ត្រូវបញ្ចេញសំឡេងរបស់ពួកគេហើយ៕