កំណត់និពន្ធ៖ បើទោះបីជាមានគណបក្ស១៩ដទៃទៀតចូលរួមប្រជែងក្ដី ជាមួយនឹងអវត្តមានរបស់គណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងដ៏ស្វិតស្វាញនាពេលកន្លងមក គណបក្សប្រជាជនកម្ពុជា ត្រូវបានគេជឿជាក់ថា នឹងមានលទ្ធភាពខ្ពស់ ក្នុងការយកឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។ លោក អូន ឆេងប៉រ នៃVOA បានជួបសន្ទនាតាមទូរស័ព្ទជាមួយនឹងលោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ មកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យគណបក្ស និយាយអំពីទស្សនវិជ្ជានយោបាយ និងគោលជំហរជាយុទ្ធសាស្ត្រ របស់គណបក្សចំពោះការដឹកនាំប្រទេស និងរបបនយោបាយទៅថ្ងៃអនាគត។
Your browser doesn’t support HTML5
VOA៖ ក្នុងនាមជាគណបក្សគ្រប់គ្រងប្រទេស៣៩ឆ្នាំកន្លងមកនេះ អ្វីទៅជាស្នាដៃដែលនាំគណបក្សប្រជាជនកម្ពុជាមានមោទនភាពជាងគេ?
សួស យ៉ារ៉ា៖ គឺថាមុខស្នាដៃធំជាងគេ របស់គណបក្សប្រជាជនណា គឺសន្តិភាព និងស្ថិរភាព ជូនប្រជាជនពេញផ្ទៃប្រទេស នេះគឺជាមោទនភាពធំជាងគេទីមួយ។ ហើយទីពីរគឺកំណើនសេដ្ឋកិច្ច ហើយនិងការបង្កើតការងារថ្មីជូនដល់ប្រជាជនកម្ពុជា។ នេះជាចំណុចធំទាំងពីរដែលយើងគិតឃើញថាជាសមិទ្ធផលដែលធំធេង។ ហើយទីបីគឺការរស់នៅជាមួយប្រជាជនគ្រប់ពេលវេលា គ្រប់កាលៈទេសៈទាំងអស់។
VOA៖ សម្រាប់ខ្លួនលោកផ្ទាល់ និងសម្រាប់គណបក្សប្រជាជនកម្ពុជា អ្វីទៅដែលនាំឱ្យការបោះឆ្នោតមានសារៈសំខាន់?
សួស យ៉ារ៉ា៖ ការបោះឆ្នោតគឺជាចំណុចនៃការទាមទាររបស់ប្រជាជនកម្ពុជា ដែលបានសរសេរនៅក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះរដ្ឋធម្មនុញ្ញគឺបានអនុវត្តនូវសិទ្ធិសេរីភាព ដែលអនុញ្ញាតឱ្យមានការរៀបចំនូវរបបរាជានិយម សេរី ពហុបក្ស។ អ៊ីចឹងដូច្នេះ ការចូលរួមបោះឆ្នោតរបស់ប្រជាជន គឺជាសេរីភាពដែលបានអនុម័ត ហើយនិងបានផ្ដល់ជូនដោយច្បាប់ ហើយជាសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនម្នាក់ៗ។
VOA៖ មជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួន ដូចយ៉ាងខាងចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី បានចោទសួរពីភាពស្របច្បាប់នៃការបោះឆ្នោតមួយដែលអវត្តមាន គណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងនឹងគណបក្សប្រជាជនកម្ពុជា។ សម្រាប់និយមន័យរបស់គណបក្សប្រជាជនកម្ពុជា អ្វីទៅជាភាពស្របច្បាប់នៃការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ?
សួស យ៉ារ៉ា៖ ភាពស្របច្បាប់នៃថ្ងៃ២៩ គឺគណបក្ស២០ ដែលចុះបញ្ជីដោយច្បាប់ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាចូលរួមប្រកួតប្រជែង។
ហើយទីពីរប្រជាជនកម្ពុជាគឺជាអ្នកសម្រេចវាសនារបស់ខ្លួនឯង ដែលជាអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
ទីបី ចំពោះបញ្ហាអ្វីដែលលោក សម រង្ស៊ី ដែលជាទណ្ឌិត ហើយជាអ្នកដែលបានបង្ករឿងមិនចេះឈប់ឈរសម្រាប់ប្រជាជនកម្ពុជានិងបង្កការរំខានដល់ការអភិវឌ្ឍប្រជាជននៅតាមគ្រប់មូលដ្ឋាន គ្រប់តំបន់ទាំងអស់នេះ គឺជាការណ៍មួយឃោសនាអកុសល ហើយជាការណ៍មួយបំផ្លាញនូវសន្តិភាពនិងស្ថិរភាពរបស់កម្ពុជា។
ប៉ុន្តែ អ្វីដែលចាប់ផ្ដើមតវ៉ានោះ គ្រាន់តែជាជនដែលមិនទាន់មានការចុះឈ្មោះនិងជនដែលនៅក្រៅច្បាប់តែប៉ុណ្ណោះ។ អ៊ីចឹងប្រជាជនមួយចំនួនដែលជឿការឃោសនានៅក្រៅប្រទេសនោះ ក៏គាត់មិនមែនជនជាតិខ្មែរកាន់សញ្ជាតិខ្មែរទៀតដែរ គាត់បានចូលសញ្ជាតិបរទេសរួចអស់ទៅហើយ។ អ៊ីចឹងអ្នកដែលនៅសល់មានតិចតួចណាស់ដែលបន្តការងាររបស់ខ្លួនតវ៉ាជាទ្រង់ទ្រាយតូចៗហ្នឹង បាទ!
VOA៖ តើការចូលរួមអង្កេតការណ៍ និងទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតរបស់បណ្ដាមិត្តបរទេសមួយចំនួន ជាកត្តាកំណត់ភាពស្របច្បាប់នៃការបោះឆ្នោតដែរឬទេ?
សួស យ៉ារ៉ា៖ ជាទូទៅ កម្ពុជារាប់រកអន្តរជាតិគ្រប់ទាំងអស់ ហើយគ្មានសត្រូវជាមួយនរណាម្នាក់ទេ។ ហើយដូច្នេះ មិត្តបរទេសសប្បាយចិត្ត ចូលរួមសង្កេតការណ៍ យើងស្វាគមន៍ ហើយមិត្តបរទេសមិនចូលរួមសង្កេតការណ៍ [ក៏មិនមានបញ្ហា] ប៉ុន្តែការកំណត់នូវភាពស្របច្បាប់របស់កម្ពុជា គឺច្បាប់។ មិនអាចនរណាមកសម្រេចលើអធិបតេយ្យភាព ឯករាជ្យភាព និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានទេ។
VOA៖ កន្លងមកវោហាស័ព្ទរបស់គណបក្សប្រជាជនកម្ពុជាថាខ្លួនជាតួអង្គថែរក្សាសន្តិភាពរបស់ប្រទេស ហើយបើអវត្តមានរបស់គណបក្សនេះចេញពីការគ្រប់គ្រងប្រទេសអាចនឹងមានសង្គ្រាមជាដើម។ ចុះបើចាញ់ឆ្នោតហើយមានសង្គ្រាមដដែល ចាំបាច់ទេដែលត្រូវមានការបោះឆ្នោតនោះ?
សួស យ៉ារ៉ា៖ ជាទូទៅ ការបោះឆ្នោតរបស់ប្រជាជនគឺសម្ដែងមតិនូវការគាំទ្រនិងទុកចិត្តរបស់ខ្លួនទៅលើរដ្ឋាភិបាលមួយ ទៅលើគណបក្សមួយឱ្យដឹកនាំរដ្ឋាភិបាល។ អ៊ីចឹង បើសិនគាត់នៅទុកចិត្តរដ្ឋាភិបាលមួយដែលដឹកនាំដោយគណបក្សមួយ អ៊ីចឹងវាជារឿងមួយប្រពៃណាស់ ព្រោះគាត់យល់ថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានប្រវត្តិសាស្ត្រក្នុងការរំដោះប្រទេសជាតិ មានប្រវត្តិសាស្ត្រក្នុងការបង្រួបបង្រួមជាតិ មានស្នាដៃក្នុងការថែរក្សាសន្តិភាពនិងការពារសន្តិភាព ហើយនិងរក្សាស្ថិរភាពនិងកំណើនសេដ្ឋកិច្ច អ៊ីចឹងប្រជាជននៅបន្តបោះឆ្នោតឱ្យ។
ទោះបីជាយ៉ាងណាក៏ដោយ ការចោទប្រកាន់ទាំងឡាយ គ្រាន់តែមនុស្សច្រណែនទេ មិនមានលក្ខណៈជាផ្លូវច្បាប់ មិនមានលក្ខណៈជាប្រជាធិបតេយ្យទេ។ អ៊ីចឹងប្រជាធិបតេយ្យ ការបោះឆ្នោត គឺនៅតែមាន ដរាបណាប្រជាជននៅតែបោះឆ្នោត ហើយអំណាចនៅកម្ពុជាត្រូវសម្រេចដោយប្រអប់ឆ្នោត។
អ៊ីចឹងដូច្នេះប្រទេសមួយចំនួន ក៏គេបានរក្សាអ៊ីចឹងដែរ សូម្បីតែប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសលោកខាងលិចមួយ ដែលមានប្រជាធិបតេយ្យ លោកក៏រក្សាអ្នកណាជាប់ឆ្នោតគឺអ្នកបន្តរហូត គេមាននិយាយ ពីរអណ្ណត្តិ បីអណ្ណត្តិ បួនអណ្ណត្តិឯណា។ អ៊ីចឹងដូច្នេះការបន្តរបស់លោក Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់ គឺបន្តបន្ទាប់ ឱ្យតែប្រជាជនគេ នៅទុកចិត្ត គេនៅតែកាន់អំណាច។
ដូច្នេះគណបក្សប្រជាជនកម្ពុជា ក៏ដូចគ្នាដែរ ប្រជាជននៅតែទុកចិត្ត យើងនៅតែបន្តកាន់អំណាច។
VOA៖ ចុះបើមានគណបក្សណាមួយអាចជែងឈ្នះគណបក្សប្រជាជនកម្ពុជា នៅថ្ងៃបោះឆ្នោត២៩កក្កដាខាងមុខ ហ្នឹងគណបក្សប្រជាជននឹងគិតយ៉ាងដូចម្ដេចវិញ?
សួស យ៉ារ៉ា៖ អាហ្នឹងជាការសម្រេចរបស់ប្រជាជន យើងស្វាគមន៍ ពីព្រោះគេបានចូលរួមប្រកួតដោយត្រឹមត្រូវ តាមច្បាប់តើ។
VOA៖ ចុះតើគណបក្សប្រជាជននឹងប្រគល់អំណាចឱ្យដោយសន្តិវិធីឬទេ?
សួស យ៉ារ៉ា៖ គោរពទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា អ៊ីចឹងយើងមិននិយាយអ្វីទាំងអស់ ក្រៅតែគោរពទៅតាមច្បាប់ និងអ្វីដែលជាការសម្រេចទៅដោយប្រអប់ឆ្នោត។
VOA៖ របបប្រជាធិបតេយ្យសេរីពហុបក្សដែលមានវត្តមាននៅកម្ពុជាតាំងឆ្នាំ១៩៩១មក មានដំណើរការសំខាន់យ៉ាងដូចម្ដេចដែរចំពោះប្រទេសមួយនេះ?
សួស យ៉ារ៉ា៖ បាទ! លោកបានយល់ហើយ! លោកមកធ្វើសម្ភាសន៍ហ្នឹងក៏លោកបាននិយាយដែរថា តើប្រជាធិបតេយ្យបានដែរពីណាមក ហ្អេ៎ស!? ប្រជាធិបតេយ្យយើងដើរមកយ៉ាងម៉េចខ្លះ?
យើងគិតថាពី[ឆ្នាំ១៩]៩១ ប្រជាជនយើង ពី[ឆ្នាំ១៩]៩១ក៏ដោយ [ពីឆ្នាំ១៩]៩៣ក៏ដោយ យើងរាប់ពីពេលមានរដ្ឋធម្មនុញ្ញមកនេះ ប្រជាជនពីកាលសម័យហ្នុង យើងរកប្រាក់ចំណូលមិនបាន៥០ដុល្លារទេក្នុងមួយខែសម្រាប់កម្មករ។
ឥឡូវនេះ ប្រាក់ខែអប្បរមាឡើងដល់១៧០ដុល្លារហើយ អ៊ីចឹងបានន័យថា អាហ្នឹងជារឿងតូចមួយ នៅក្នុងចំណោមរឿងធំៗរបស់ប្រជាជនត្រូវការ។ តូចមែនសម្រាប់បុគ្គលណាមួយដែលនៅក្រៅប្រទេស ដែលមិនបានដឹងពីសភាពការណ៍ពិតរបស់កម្ពុជា។ អ៊ីចឹងចំពោះយើង យើងអ្នកដឹងកម្ពុជា បានដឹងថា សភាពការណ៍សម័យនោះ យើងប្រាក់ខែប៉ុន្មាន លោកគ្រូ អ្នកគ្រូ ប្រាក់ខែប៉ុន្មាន បុគ្គលិកមន្ត្រីរាជការ ពេទ្យ ប្រាក់ខែប៉ុន្មាន។
ហើយឥឡូវនេះ យើងអាចឃើញថា តើហេដ្ឋារចនាសម្ព័ន្ធ ជាងប៉ុន្មានម៉ឺនគីឡូ[ម៉ែត្រ]នេះ ដែលជាងពីរម៉ឺនគីឡូ[ម៉ែត្រ]នេះ ដែលបានធ្វើហើយនេះ វាមកពីអ្វី មកពីសន្តិភាព និងស្ថិរភាព។ បើមិនអ៊ីចឹង យើងអត់មានផ្លូវ យើងអត់មានមន្ទីរពេទ្យ អត់មានសាលារៀនទេ អ៊ីចឹងសន្តិភាព និងប្រជាធិបតេយ្យ មានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា។
VOA៖ ចុះបើឱ្យរើសលំដាប់ថ្នាក់នៃភាពសំខាន់ តើលោកយល់ថា មួយណាសំខាន់ជាង រវាង សន្តិភាពនិងប្រជាធិបតេយ្យ?
សួស យ៉ារ៉ា៖ អឹ ទីមួយធំបំផុត គឺសន្តិភាព និងស្ថិរភាព គឺធំមុនគេ។ បើមិនមានស្ថិរភាព និងសន្តិភាពទេ ប្រជាធិបតេយ្យមិនអាចរឹងមាំបានទេ។ អ៊ីចឹងប្រជាធិបតេយ្យក៏វាត្រូវការពឹងផ្អែកទៅលើគុណភាពប្រជាធិបតេយ្យ មិនមែនគុណភាពប្រជាធិបតេយ្យក្លែងក្លាយ ហៅថាគុណភាពនោះទេ។ អ៊ីចឹងប្រជាធិបតេយ្យដែលមានពិតប្រាកដគឺជាប្រជាធិបតេយ្យ ដែលគោរពទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយគ្មានការស៊ុមគ្រលុំជាមួយនឹងបរទេស។
VOA៖ ចុះទៅថ្ងៃអនាគត ខាងគណបក្សរបស់លោកប្រមើមើលការអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងរូបរាងយ៉ាងដូចម្ដេចដែរ?
សួស យ៉ារ៉ា៖ ជាបុគ្គលខ្ញុំ ខ្ញុំយល់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានតម្លៃលើសលប់បង្អស់។ អ៊ីចឹងដូច្នេះ គណបក្សប្រជាជនកម្ពុជា នៅតែគោរពរដ្ឋធម្មនុញ្ញ គោរពនូវតម្លៃនៃ ជាតិ សាសនា ព្រះមហាក្សត្រ។
VOA៖ លោកយល់យ៉ាងណាដែរចំពោះការពហិការមិនទៅបោះឆ្នោតរបស់ពលរដ្ឋ?
សួស យ៉ារ៉ា៖ សិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ សម្រាប់អ្នកបោះឆ្នោត លោកទៅបោះ ឬមិនទៅបោះ ហ្នឹងគឹជាច្បាប់ដែលបានអនុញ្ញាតឱ្យសិទ្ធិសេរីភាពនោះ។ ប៉ុន្តែចំពោះអ្នកដែលចលនាឱ្យគេមិនទៅបោះឆ្នោត មានទាំងមាត្រាសម្រាប់ដាក់ទោសទៀត។ ដូច្នេះបញ្ហានេះគឺត្រូវកុំឱ្យច្រឡំគ្នា ... គឺត្រូវអនុវត្តចំពោះខ្លួនឯង ប៉ុន្តែខ្លួនទៅចាក់រុក ឬនាំគេមិនឱ្យទៅបោះឆ្នោត អាហ្នឹងគឺជាទង្វើល្មើសច្បាប់។
VOA៖ កន្លងមកគេបានអង្កេតឃើញថា ទំនាក់ទំនងរវាងកម្ពុជានិងបណ្ដាប្រទេសបស្ចិមលោកនានា ហាក់ស្គាល់នូវភាពរកាំរកូស ខណៈដែលទីក្រុងភ្នំពេញកំពុងល្អូកល្អឺនជាមួយនឹងទីក្រុងប៉េកាំង និងបណ្ដាមហាអំណាចអាស៊ីដទៃទៀត។ អ្វីទៅជាគោលគំនិតរបស់គណបក្សប្រជាជនកម្ពុជាទៅលើចំណុចនេះ?
សួស យ៉ារ៉ា៖ ខ្ញុំបានលើកឡើងខាងដើមហើយ ថាកម្ពុជា[ចង]មិត្តជាមួយមិត្តទាំងអស់ នៅលើពិភពលោក។ កម្ពុជាមិនយកប្រទេសណាជាសត្រូវទេ។ គ្រាន់តែទំនាក់ទំនងមានភាពស្និទ្ធស្នាលជាង ឬមួយក៏មានភាពរយាលជាងតែប៉ុណ្ណោះ។ មិនមានប្រទេសណាមួយជាសត្រូវរបស់យើងទេ។ ទីមួយ!
ទីពីរ! ជាតិសាសន៍ខ្មែរ ដូនតាខ្មែរ បាននិយាយថា ជួញជិតប្រសើរជាងជួញឆ្ងាយ អ៊ីចឹងកម្ពុជាយើង ធ្វើម៉េចរាប់មិត្តអាស៊ីឱ្យឆ្អែតអស់ ឱ្យបានគ្រប់គ្រាន់សិនទៅ ហើយចំពោះមិត្តខាងក្រៅ ក៏យើងមិនបានព្រលែងគាត់ដែរ យើងនៅតែបន្តទំនាក់ទំនងល្អ យើងនៅតែនិយាយរកគេគ្រប់គ្នាទាំងអស់។ ដូច្នេះអ្វីដែលគេនិយាយថាយើងបែងចែកលោកខាងលិច លោកខាងកើតហ្នឹងមិនត្រឹមត្រូវទេ៕