តំណាងក្រុមហ៊ុនអាមេរិកចំនួន ១៧ បានចូលរួមជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីចុងខែកុម្ភៈ ដោយបានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរដ្ឋាភិបាលផ្សេងទៀត កាលថ្ងៃទី២៨ ខែកុម្ភៈ។
ក្រុមប្រឹក្សាធុរកិច្ចបាននិយាយថា វាគឺជាបេសកកម្មមកប្រទេសកម្ពុជា ប្រចាំឆ្នាំដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក ដែលបង្ហាញពីការចំណាប់អារម្មណ៍ខ្ពស់របស់អ្នកវិនិយោគរបស់អាមេរិកមកក្នុងប្រទេសកម្ពុជា បន្ទាប់ពីរយៈពេលជាង ៦ ខែ នៃការកាន់អំណាចរបស់រដ្ឋាភិបាលថ្មី ទោះបីជាសហរដ្ឋអាមេរិកបាននិយាយថា ការបោះឆ្នោតនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ ២០២៣ មិនសេរី និងយុត្តិធម៌ក៏ដោយ។
ក្រុមហ៊ុនដែលចូលរួមជាមួយគណៈប្រតិភូមកកម្ពុជាប្រតិបត្តិការក្នុងឧស្សាហកម្មផ្សេងៗ រួមមានថាមពល ការថែទាំសុខភាព ភស្តុភារ និងផលិតកម្ម។ ក្រុមប្រឹក្សាធុរកិច្ចបាននិយាយថាក្រុមហ៊ុនខ្លះកំពុងស្វែងរកឱកាសថ្មីៗនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនផ្សេងទៀតកំពុងស្វែងរកការពង្រីកវត្តមានរបស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គឺជាស្ថាប័នមិនរកប្រាក់ចំណេញដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៤ ដើម្បីជំរុញផលប្រយោជន៍របស់ក្រុមហ៊ុនអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះមានក្រុមហ៊ុនប្រហែល ១៦០ ត្រូវបានរាប់បញ្ចូលក្នុងចំណោមសមាជិករបស់ខ្លួន រួមទាំងក្រុមហ៊ុន Google, Coca-Cola និង GE ។
តទៅនេះជាបទសម្ភាសន៍របស់វីអូអេជាមួយលោក Brian McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងលោក Jack Myint នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមប្រឹក្សាធុរកិច្ចសម្រាប់ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា៖
វីអូអេ៖ ខ្ញុំបានដឹងថា លោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជានិងរដ្ឋមន្រ្តីផ្សេងទៀត។ តើក្រុមហ៊ុនអាមេរិកទាំងនោះបានពិភាក្សាអំពីបញ្ហាអ្វីខ្លះ ហើយអ្វីជាក្តីសង្ឃឹមពីនាយករដ្ឋមន្ត្រីថ្មី?
លោក Brian McFeeters៖ ក្រុមហ៊ុនទំាងនោះបាននិយាយអំពីសកម្មភាពដែលពួកគេមានស្រាប់ក្នុងប្រទេសកម្ពុជា ឬអ្វីដែលពួកគេចង់ធ្វើ។ ក្នុងករណីខ្លះ ពួកគេបានលើកឡើងពីការលំបាកមួយចំនួនដែលជួបប្រទះ។ ពួកគេមានបញ្ហានៅក្នុងអាជីវកម្មដែលពួកគេចង់ឱ្យមានដំណោះស្រាយ។ លោកនាយករដ្ឋមន្រ្តីក៏មានចិត្តទូលាយខ្លាំង ហើយលោកបានចំណាយពេលច្រើនជាមួយយើង គឺរហូតដល់ជិតពីរម៉ោង។ ក្នុងករណីមួយចំនួន លោកមិនចេញមុខដោះស្រាយដោយខ្លួនលោកផ្ទាល់នោះទេ ប៉ុន្តែលោកបាននិយាយណែនាំយើងឱ្យនិយាយជាមួយរដ្ឋមន្ត្រីនេះ ឬក្រសួងនោះ។ ដូច្នេះលោកបានចាត់ចែងជំហានបន្ទាប់។ នេះជាវិធីដ៏ល្អមួយ ដើម្បីចាប់ផ្តើម។
លោក Jack Myint៖ ខ្ញុំសុំបន្ថែមបន្តិច កត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត គឺនៅពេលដែលក្រុមហ៊ុនរបស់យើងចូលទៅក្នុងទីផ្សារណាមួយ ឬកំណត់បរិយាកាសវិនិយោគអំណោយផល គឺលើសពីទិដ្ឋភាពហេដ្ឋារចនាសម្ព័ន្ធ លើសពីសមត្ថភាពរបស់មនុស្ស និងលើសពីតម្លៃអគ្គិសនី ដែលជាលក្ខណៈវិនិច្ឆ័យជាមូលដ្ឋានទាំងអស់សម្រាប់ការវិនិយោគ។ កត្តាសំខាន់នោះគឺថា តើរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យឯកជនកម្រិតណានៅក្នុងដំណើរការពិគ្រោះយោបល់ជារួមរបស់ពួកគេ មុនពេលបង្កើតគោលនយោបាយ។
ក្នុងន័យនេះ ពួកយើងមានការស្ងើចសរសើរ និងមានសុទិដ្ឋិនិយមចំពោះគំនិតផ្តួចផ្តើមមួយចំនួនដែលលោកនាយករដ្ឋមន្ត្រីបានសន្យាថា នឹងគាំទ្រដល់វិស័យឯកជនអាមេរិក រួមទាំងអ្វីដែលលោកបានស្នើឱ្យមានវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជនអាមេរិកពីរដងក្នុងមួយឆ្នាំ។ វេទិកានេះនឹងត្រូវដឹកនាំដោយលោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
វីអូអេ៖ ប៉ុន្តែវាហាក់បីដូចជានៅមានឧបសគ្គខ្លះក្នុងឱកាសវិនិយោគ។ តើលោកចង់ឃើញការប្រែប្រួលប្រសើរជាងមុនអ្វីខ្លះនៅកម្ពុជា ដូចជាទាក់ទងបញ្ហាពុករលួយ ឬសិទ្ធិការងារ ដើម្បីទាក់ទាញវិនិយោគិនអាមេរិក?
លោក Brian McFeeters៖ ក្រុមហ៊ុនទាំងនោះជាអ្នកសម្រេចចិត្ត។ ពួកគេប្រៀបធៀបឱកាសក្នុងប្រទេសកម្ពុជាទៅនឹងឱកាស[នៅប្រទេស]ផ្សេងទៀត។ ដូច្នេះពួកគេកំពុងសម្លឹងមើលឱកាសទីផ្សារ ប៉ុន្តែពួកគេក៏មើលឃើញពីការលំបាក ហើយពួកគេបានលើកឡើងដែរនូវបញ្ហាមួយចំនួនទៅកាន់លោកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីផ្សេងទៀតដូចជាបញ្ហានៅក្នុងភាពមិនប្រាកដប្រជាជុំវិញពន្ធដារ។ មិនដឹងថាសវនកម្មពន្ធនឹងទៅជាយ៉ាងណាទេ ហើយពេលខ្លះ មានការលំបាកក្នុងការទទួលបានលិខិតអនុញ្ញាតសម្រាប់ការពង្រីកអាជីវកម្មរបស់ពួកគេ។ ប៉ុន្តែខ្ញុំគិតថា ពួកគេក៏មានទស្សនៈវិជ្ជមាន ក្នុងន័យថា ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចទៀងទាត់រឹងមាំខ្លាំងពី៥ទៅ៦ទៅ៦,៥ភាគរយក្នុងមួយឆ្នាំ។ ដូច្នេះខ្ញុំគិតថា ការវាយតម្លៃរបស់ក្រុមហ៊ុនមកលើប្រទេសកម្ពុជា គឺភាពវិជ្ជមានមានលើសពីភាពអវិជ្ជមាន។
លោក Jack Myint៖ ក្រុមហ៊ុនរបស់យើងមិនរំពឹងសេណារីយ៉ូល្អឥតខ្ចោះនៅក្នុងប្រទេសដែលយើងទៅនោះទេ។ បើយើងគិតតែភាពល្អឥតខ្ចោះ យើងនឹងមិនអាចចូលទៅក្នុងទីផ្សារកំពុងអភិវឌ្ឍឆាប់ឡើយ។ នេះមិនមែនតែសម្រាប់កម្ពុជានោះទេ គឺកើតឡើងនៅទូទាំងប្រទេសតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសអាស៊ីអាគ្នេយ៍ដីគោកដែលយើងឃើញពីការលំបាកដោយសារស្ថាប័នមិនរឹងមាំ។ ហើយវាជាកិច្ចខិតខំប្រឹងប្រែងដែលត្រូវធ្វើបន្តទៅមុខ។ យើងមិនសង្ឃឹមថាមកដល់កន្លែងមានស្ថានភាពដ៏ល្អឥតខ្ចោះឡើយ។ យើងចង់ក្លាយជាផ្នែកមួយនៃដំណោះស្រាយ ខណៈដែលរដ្ឋាភិបាលធ្វើការឆ្ពោះទៅរកការបង្កើតប្រព័ន្ធដ៏ប្រសើរជាងមុនមួយសម្រាប់ការវិនិយោគទាំងអស់។ ដូច្នេះយើងរីករាយដែលបានក្លាយជាផ្នែកមួយនៃដំណើរការនោះ។
វីអូអេ៖ បើនិយាយអំពីការវិនិយោគ យើងដឹងថា សហរដ្ឋអាមេរិកតែងតែផ្តល់តម្លៃលើសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ ហើយមន្ត្រីរដ្ឋាភិបាលអាមេរិកតែងតែសង្កត់ធ្ងន់ថា វាក៏អាចប៉ះពាល់ដល់ការវិនិយោគផងដែរ។ តើអ្នកយល់យ៉ាងម៉េចដែរ?
លោក Brian McFeeters៖ ខ្ញុំគិតថា ក្រុមហ៊ុនទាំងនោះចង់ធ្វើអ្វីឱ្យស្របនឹងគោលនយោបាយអាមេរិកក្នុងទំនាក់ទំនងជាមួយកម្ពុជា។ កាលខ្ញុំធ្វើការជាមួយរដ្ឋាភិបាលអាមេរិក ខ្ញុំដឹងថា រដ្ឋាភិបាលអាមេរិកពិភាក្សាជាមួយកម្ពុជាអំពីសិទ្ធិមនុស្ស ការជួញដូរមនុស្ស និងពលកម្មកុមារ។ ទាំងនេះគឺជាអ្វីដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើឱ្យមានភាពល្អប្រសើរឡើង។ ខ្ញុំគិតថា ក្រុមហ៊ុនទាំងនោះចង់និយាយថា មិនមានបញ្ហាអ្វីទេ ដរាបណា រដ្ឋាភិបាលអាមេរិកអាចទទួលយកបានកម្រិតដែល[កម្ពុជា]បានធ្វើឱ្យល្អប្រសើរលើបញ្ហាទាំងនេះ គឺពួកយើងអាចដំណើរការបានហើយ។ ក្រុមហ៊ុនទាំងនោះ ពួកគេចង់ឱ្យស្របតាមគោលនយោបាយរបស់សហរដ្ឋអាមេរិក។
លោក Jack Myint៖ ខ្ញុំសុំបន្ថែមទៅលើចំណុចនេះបន្តិច។ អ្នកឃើញហើយ នៅគ្រប់ទីកន្លែងក្នុងពិភពលោក មិនថាតែនៅអាស៊ានទេ ការរកស៊ីរបស់អាមេរិក នៅពេលពួកគេចូលទីផ្សារណាមួយ នៅពេលពួកគេចូលទៅក្នុងសេដ្ឋកិច្ចថ្មី ពួកគេនាំមកជាមួយនូវការអនុវត្តស្តង់ដាមាសរបស់អាមេរិកដែលកំណត់ការវិនិយោគដែលមានគុណភាព។ វានាំមកនូវគុណតម្លៃដែលគ្រប់គ្រងដំណើរការរបស់ក្រុមហ៊ុនអាមេរិក និងវិធីដែលយើងធ្វើប្រតិបត្តិការ ដែលរួមមានស្តង់ដានៃការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិបរិស្ថានជាដើម។ ចំណុចទាំងនោះត្រូវរួមបញ្ចូលគ្នា នៅក្នុងរបៀបដែលយើងធ្វើពាណិជ្ជកម្ម។ ហើយវាមិនមានការផ្លាស់ប្តូរទេ មិនថាយើងទៅប្រទេសណាក៏ដោយ។ ប៉ុន្តែដើម្បីឱ្យយើងអាចចូលរួមក្នុងការសម្រេចចិត្ត ក្នុងការពង្រឹងបរិយាកាសនិយ័តកម្មទាំងមូល យើងត្រូវតែមានវត្តមានចូលរួមបន្ថែមទៀត។ ប្រសិនបើអ្នកមិនមានវត្តមានចូលរួម អ្នកមិនបានចូលរួមក្នុងការសម្រេចចិត្តឡើយ ហើយបើអ្នកមិនបានចូលរួមក្នុងការសម្រេចចិត្ត អ្នកមិនអាចមានឥទ្ធិពលអ្វីឡើយ។
វីអូអេ៖ ដោយសារមកដល់ពេលនេះ យើងមានរដ្ឋាភិបាលថ្មីជាង៦ខែមកហើយ តើអ្នកមានទស្សនៈយ៉ាងណា ឬអ្វីជាក្តីសង្ឃឹមរបស់ទៅលើរដ្ឋាភិបាលថ្មី?
លោក Brian McFeeters៖ យើងបានឃើញសញ្ញាពីរដ្ឋាភិបាលថ្មី មិនត្រឹមតែនៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីដែលមានរយៈពេលយូរនោះទេ ប៉ុន្តែនៅក្នុងកិច្ចប្រជុំបន្តបន្ទាប់ផ្សេងទៀត។ មន្រ្តីទាំងនោះនិយាយថា តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ពួកគេចង់ធ្វើការជាមួយក្រុមហ៊ុនអាមេរិក ហើយចង់ឱ្យក្រុមហ៊ុនអាមេរិកមានវត្តមានបន្ថែមទៀតក្នុងប្រទេសកម្ពុជា។ តំណាងក្រុមហ៊ុនមួយចំនួនបានស្នាក់នៅកម្ពុជាយូរជាងការធ្វើទស្សនកិច្ចជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដើម្បីពួកគេអាច ស្វែងយល់ពីបញ្ហាបានច្រើនជាងនេះបន្តិច។ ដូច្នេះក្រុមហ៊ុនទាំងនោះពិតជាកំពុងពិនិត្យមើល ហើយខ្ញុំគិតថា អ្នកនឹងឃើញសកម្មភាពរបស់ក្រុមហ៊ុនអាមេរិកបន្ថែមទៀតនៅទីនេះ។
វីអូអេ៖ អ៊ីចឹងតើយើងរំពឹងថាក្រុមហ៊ុនទាំងនោះនឹងមកចុះឈ្មោះនៅទីនេះនៅពេលណា?
លោក Brian McFeeters៖ វាអាស្រ័យលើការសម្រេចចិត្តរបស់ក្រុមហ៊ុនមួយៗ។ ក្រុមហ៊ុនខ្លះមានវត្តមាននៅទីនេះរួចហើយ ហើយពួកគេនឹងពង្រីកបន្ថែមទៀត។ សម្រាប់ក្រុមហ៊ុនថ្មីដែលចូលមក គឺពួកគេនឹងចាប់ផ្តើមការពិភាក្សា បន្ទាប់មកពួកគេសួរថា តើការរកស៊ីហ្នឹងអាចចំណេញទេ? ពួកគេត្រូវសិក្សាលម្អិតលើបញ្ហានេះ។
លោក Jack Myint៖ យើងមើលមានការភ្ញាក់ផ្អើលកោតសរសើរពីចក្ខុវិស័យនៃរដ្ឋាភិបាលថ្មី និងភាពស្វាហាប់របស់រដ្ឋាភិបាលថ្មី ដែលមានមន្រ្តីភាគច្រើនជាមនុស្សវ័យក្មេង ដែលទទួលបានការអប់រំនៅបស្ចិមប្រទេស ដូច្នេះពួកគេយល់ពីបទដ្ឋាន និងស្តង់ដារអន្តរជាតិ។ នេះច្បាស់ណាស់ ជាការលើកទឹកចិត្តមែនទែន។ ពួកយើងមានសេចក្តីរីករាយណាស់ដែលបានឃើញការសង្កត់ធ្ងន់របស់ពួកគេ និងការផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចជាអាទិភាពសំខាន់។ ដូច្នេះយើងចង់សហការគ្នាជិតដិតក្នុងការជួយពួកគេសម្រេចបាននូវគោលដៅសេដ្ឋកិច្ច និងអភិវឌ្ឍន៍ទាំងនោះ៕