កំណត់និពន្ធ៖ គោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឬនិយាយឲ្យខ្លីការគៀងគរចំណូល និងការបែកចែកចំណាយថវិកាជាតិដែលមានប្រសិទ្ធិភាព ចំគោលដៅ មានតម្លាភាព និងមានការទទួលខុសត្រូវ ដើរតួនាទីសំខាន់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ លោក ហេង ឌីណា សេដ្ឋវិទូខ្មែរមួយរូបប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ឲ្យដឹងថា កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាត្រូវការឆន្ទៈនយោបាយ សមត្ថភាពស្ថាប័ន និងរយៈពេលយូរសមស្រប ដើម្បីទទួលបានលទ្ធផលដ៏មានប្រសិទ្ធិភាព។ នាង ទែន សុខស្រីនិត នៃ VOA បានសន្ទនាជាមួយនឹងលោក ហេង ឌីណា ជុំវិញកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា។
Your browser doesn’t support HTML5
VOA៖ តើក្រសួងណាជាអ្នកចាត់ចែងប្រាក់ចំណូលថវិកាជាតិ? ហើយថាតើប្រាក់ចំណូលថវិកាជាតិនេះត្រូវបានដំណើរការឡើងយ៉ាងដូចម្តេចដែរ?
លោក ហេង ឌីណា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលគ្រប់គ្រងចំណូល និងចាត់ចែងចំណាយថវិកាជាតិ ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធ និងទីស្តីការគណរដ្ឋមន្ត្រីក្នុងការលើកគម្រោងថវិកាជាតិទៅរដ្ឋសភា និងព្រឹទ្ធិសភា ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តថវិកាជាតិរៀងរាល់ឆ្នាំ។
ដំណើរការថវិកាសម្រាប់ឆ្នាំបន្ទាប់ ចាប់ផ្តើមពីត្រីមាសទី២ គឺខែមិនា ដល់ខែមេសា នៅពេលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការព្យាករណ៍ម៉ាក្រូសេដ្ឋកិច្ច ហើយចេញសេចក្តីណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធឲ្យរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ក្រសួងនីមួយៗ។ បន្ទាប់មកនៅត្រីមាសទី៣ គឺពីខែមិថុនា ដល់ខែកញ្ញា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការព្យាករណ៍ចំណូល និងចំណាយថវិកាជាតិ ហើយ ចេញសេចក្តីណែនាំដល់ក្រសួង និងស្ថាប័នដែលពាក់ព័ន្ធឲ្យធ្វើគម្រោងចំណូលចំណាយតាមផែនការយុទ្ធសាស្រ្តជាតិ និងតាមវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍន៍។ បន្ទាប់ពីបានទទួលបានគម្រោងថវិកាពីក្រសួង និងស្ថាប័នមកនឹងមានការចរចាររវាងក្រសួងសេដ្ឋកិច្ច និងក្រសួង និងស្ថាប័នដែលពាក់ព័ន្ធអំពីថវិកាដែលក្រសួង និងមន្ទីរខេត្តបានស្នើសុំ។ បន្ទាប់ពីការចរចារថវិការវាងក្រសួងសេដ្ឋកិច្ច និងក្រសួង និងមន្ទីរខេត្តមកក្រសួងសេដ្ឋកិច្ចនឹងគន់គូរ បូកបញ្ចូលចំណូលចំណាយទាំងអស់ ដើម្បីដាក់ពង្រាងថវិកាជាតិដល់ទីស្តីការគណរដ្ឋមន្ត្រីសម្រាប់នាយករដ្ឋមន្ត្រីសម្រេចនៅអំឡុងខែតុលា ដើម្បីបញ្ជូនបន្តសុំការពិភាក្សា និងអនុម័តពីរដ្ឋសភានៅខែវិច្ឆិកា។ បន្ទាប់ពីការអនុម័តពីររដ្ឋសភា ព្រះមហាក្សត្រ ព្រះអង្គនឹងឡាយព្រហស្តនៅខែធ្នូ ដើម្បីឲ្យទាន់ពេលការអនុវត្តថវិកាឆ្នាំថ្មីនៅខែមករា។
VOA៖ តើអ្វីទៅជាកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ? តើកំណែទម្រង់នេះទាក់ទងនឹងបញ្ហាថវិកាជាតិដូចម្តេច? ហើយតើកម្ពុជាឈានដល់កម្រិតណាហើយក្នុងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនេះ?
លោក ហេង ឌីណា៖ កំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកំណែទម្រង់ចំណូលចំណាយថវិកាជាតិ។ បើនិយាយជាសាមញ្ញ គឺធ្វើយ៉ាងណាឲ្យការគ្រប់គ្រងចំណូលចំណាយថវិកាជាតិមានប្រសិទ្ធិភាព ដើម្បីពន្លឿនការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ តាមរយៈការប្រមូលចំណូលឲ្យបានគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ចំណាយ ដើម្បីកុំឲ្យមានប្រទេសយើងមានបំណុលខ្ពស់ ការបែងចែកធនធានហិរញ្ញវត្ថុឲ្យចំគោលដៅអភិវឌ្ឍន៍ និងសម្រាប់លើកកម្ពស់គុណភាពសេវាសាធារណៈ ដូចជា ការអប់រំ និងសុខាភិបាលជាដើម។
បទពិសោធន៍នៅបណ្តាប្រទេសជាច្រើនបានបង្ហាញថា ដើម្បីបន្តការអភិវឌ្ឍន៍ និងដើម្បីក្លាយជាប្រទេសចំណូលមធ្យម ប្រទេសមួយត្រូវការប្រព័ន្ធហិរញ្ញវត្ថុមួយដែលរឹងមាំ និងសមត្ថភាពស្ថាប័ន ដើម្បីគ្រប់គ្រងចំណូលចំណាយឲ្យមានប្រសិទ្ធិភាព។ ជាគោលការណ៍ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុមួយ ដែលមានប្រសិទ្ធភាពចាំបាច់ត្រូវមាន៖ ទីមួយ ភាពជឿទុកចិត្តបាននៃថវិកា មានន័យថា រដ្ឋត្រូវប្រមូលចំណូលឲ្យបានត្រឹមត្រូវ ដោយមានភាពជឿជាក់ និងមានប្រសិទ្ធិភាព ដោយផ្តោតការសង្កត់លើសមត្ថភាព និងការទទួលខុសត្រូវរបស់មន្រ្តី និងស្ថាប័នប្រមូលថវិកា។ ទីពីរ គណនេយ្យភាពហិរញ្ញវត្ថុ គឺការរឹតបន្តឹងការគ្រប់គ្រងដើម្បីឲ្យអ្នកមានសិទ្ធិសម្រេចលើការចាយវាយថវិកាឲ្យមានការទទួលខុសត្រូវ និងផ្តល់ការលើកទឹកចិត្តចំពោះការអនុវត្តការងារល្អ។ ទីបី ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងទីបួន គណនេយ្យភាពចំពោះលទ្ធផល។ ពោលគឺ មន្ត្រីត្រូវមានការទទួលខុសត្រូវក្នុងការចាយថវិកា ដើម្បីទទួលលទ្ធផលដែលចង់បានតាមគោលដៅថវិកា។
បច្ចុប្បន្ន កម្ពុជាយើងកំពុងឋិតក្នុងចុងដំណាក់កាលនៃការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ ហើយនឹងឈានដល់ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ គឺធ្វើយ៉ាងណាឲ្យចំណាយផ្សារភ្ជាប់ទៅនឹងអ្វី ដែលយើងចង់បាន និងត្រូវធ្វើចំាបាច់។ ឧទាហរណ៍ ប្រសិនបើគោលនយោបាយថាត្រូវពង្រឹងការអប់រំជាមូលដ្ឋាន ឬកុមារ នោះថវិកាត្រូវបែងចែក និងចាយយ៉ាងណាឲ្យពង្រឹងការអប់រំកុមារ ជាជាងការចំណាយច្រើនទៅលើផ្នែកផ្សេង។
VOA៖ តើស្ថាប័នណាខ្លះដែលត្រួតពិនិត្យ និងឃ្លាំមើលការចាត់ចែងថវិកាជាតិនេះ ដើម្បីធានាថាដំណើរការនេះប្រព្រឹត្តឡើងដោយមានតម្លាភាព និងសុក្រិត្យភាព?
លោក ហេង ឌីណា៖ មានស្ថាប័នជាច្រើនដែលបាន និងអាចដើរតួនាទីសំខាន់ត្រួតពិនិត្យ និងឃ្លាំមើលការចាត់ចែងថវិកាជាតិនេះ។ ទីមួយរដ្ឋសភាដែលពិនិត្យ ពិភាក្សា និងអនុម័តច្បាប់ថវិកាអាចដាក់ជាសំណួរ ឬកោះហៅរដ្ឋមន្រ្តី និងក្រសួងពាក់ព័ន្ធឲ្យពន្យល់ និងឆ្លើយបំភ្លឺ។ សម្រាប់ប្រតិបត្តិការក្នុងរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានតួនាទីសំខាន់ក្នុងការពិនិត្យគម្រោងចំណូលចំណាយដោយបណ្តាក្រសួង និងស្ថាប័នផ្សេងៗ។ អាជ្ញាធរសវនកម្មជាតិជាស្ថាប័នកំពូលក្នុងការធ្វើសវនកម្មលើស្ថាប័នរដ្ឋ និងស្ថាប័នហិរញ្ញវត្ថុ គ្រឹះស្ថានសាធារណៈ រដ្ឋបាលខេត្តក្រុង ដោយធ្វើការពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុ។ ការបង្កើត និងការអនុវត្តច្បាប់ទាក់ទងនឹងការដេញថ្លៃជាសាធារណៈ ការធ្វើសវនកម្មឲ្យបានគ្រប់ជ្រុងជ្រោយជាកត្តាមួយយ៉ាងសំខាន់។ ក្រៅពីនេះ សារព័ត៌មាន សង្គមស៊ីវិលក៏អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជជីកសាកសួរ និងតាមដានទៅលើប្រសិទ្ធិភាពនៃការប្រមូលចំណូល ការបែងចែក និងចំណាយថវិកាជាតិ។
VOA៖ តើអ្វីទៅជាបញ្ហាប្រឈមសម្រាប់កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ? ហើយវាអាចផ្សារភ្ជាប់យ៉ាងដូចម្តេចខ្លះទៅនឹងកំណែទម្រង់ផ្សេងៗទៀតនៅកម្ពុជា?
លោក ហេង ឌីណា៖ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវការឆន្ទៈនយោបាយ សមត្ថភាពស្ថាប័ន និងរយៈពេលយូរសមស្រប។ បទពិសោធន៍នៅបណ្តាប្រទេសផ្សេងៗបានបង្ហាញថា ដោយសារប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ការវិវឌ្ឍន៍ដើរតាមបរិបទសេដ្ឋកិច្ច និងស្ថាប័ន វាអាចមានរយៈពេលយូរ។ ចំពោះប្រទេសកម្ពុជា យើងបានធ្វើកំណែទម្រង់ជំហានធំៗហើយ ប៉ុន្តែ យើងត្រូវការពន្លឿន និងបង្កើនប្រសិទ្ធិភាពនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមដែលអាចធ្វើបាន ពីព្រោះកម្ពុជាយើងត្រូវការពង្រឹងសេវាសាធារណៈជាបន្ទាន់ និងចាំបាច់។ លើសពីនេះ យើងមានកំណែទម្រង់ជាច្រើនទៀតដែលត្រូវធ្វើ។ ប្រសិទ្ធិភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការពង្រឹងសមត្ថភាពស្ថាប័នគន្លឹះអាចជួយសម្រួលដល់កំណែទម្រង់ក្នុងវិស័យផ្សេងៗទៀត។ តទៅមុខ វិញ្ញាសារដែលកម្ពុជាយើងត្រូវដោះស្រាយ គឺការផ្សារភ្ជាប់ការតំឡើងប្រាក់បៀរវត្សរ៍ និងការកំណែទម្រង់ប្រព័ន្ធបៀរវត្សរ៍ ទៅនឹងការកែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ថវិកាជាឆ្អឹងខ្នងសម្រាប់ការអនុវត្តគោលនយោបាយ និងសេវាសាធារណៈ។ នៅពេលកម្ពុជាយើងអាចដោះស្រាយវិញ្ញាសារនេះហើយ នោះកម្ពុជានឹងរួចរាល់សម្រាប់កំណើនសេដ្ឋកិច្ច ដែលមានចិរភាព និងការអភិវឌ្ឍន៍វែងឆ្ងាយ ដើម្បីក្លាយជាប្រទេសចំណូលមធ្យមមួយដែលសមស្រប៕