ការវាយប្រហារឥតឈប់ឈររបស់អ្នកនយោបាយប្រជានិយមទៅលើប្រព័ន្ធផ្សព្វផ្សាយកំពុងបង្កជាការគំរាមកំហែងដល់បណ្ដាប្រទេសប្រជាធិបតេយ្យធំៗនានា។ នេះបើតាមការបញ្ជាក់របស់អង្គការអន្តរជាតិពីរដែលតាមដានសេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃពុធនេះ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំអំពីស្ថានភាពសេរីភាពសារព័ត៌មាននៅជុំវិញពិភពលោក អង្គការ Reporters Without Borders និងអង្គការ Freedom House បានរិះគន់យ៉ាងខ្លាំងៗលើមេដឹកនាំប្រជានិយមបស្ចិមប្រទេសនានាថា បានធ្វើឲ្យខូចខាតដល់ប្រព័ន្ធផ្សព្វផ្សាយ ជេរប្រទេចលើអ្នកសារព័ត៌មាន និងគំរាមដាក់កំហិតផ្សេងៗ។
អង្គការ Freedom House បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនដែលមានចំណងជើងថា ស្ថានភាពសេរីភាពសារព័ត៌មានសាកលលោកឆ្នាំ ២០១៧-២០១៨ យ៉ាងដូច្នេះថា៖ «យ៉ាងយូរបំផុតត្រឹម ៥ ឆ្នាំមុន ការដាក់សម្ពាធសាកលលោកលើប្រព័ន្ធផ្សព្វផ្សាយមិនបានប៉ះពាល់ដល់សហរដ្ឋអាមេរិក ឬក៏បណ្ដាប្រទេសប្រជាធិបតេយ្យនានានៅទ្វីបអឺរ៉ុបនៅក្នុងវិធីជាក់ច្បាស់ណាមួយនោះទេ។ សព្វថ្ងៃនេះ មេដឹកនាំប្រជានិយមនានាបានបង្កជាការគំរាមកំហែងយ៉ាងខ្លាំងចំពោះសេរីភាពបញ្ចេញមតិនៅក្នុងសង្គមបើកចំហទាំងនេះ»។
ចំណែកឯអង្គការ Reporters Without Borders វិញ ក៏បានធ្វើការវាយតម្លៃស្រដៀងគ្នានេះដែរ ដោយបានព្រមានថា៖ «មេដឹកនាំដែលជ្រើសតាំងតាមបែបប្រជាធិបតេយ្យកាន់តែច្រើនមិនបានចាត់ទុកប្រព័ន្ធផ្សព្វផ្សាយថាជាផ្នែកមួយនៃទម្រដ៏សំខាន់របស់លទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែបែរជាចាត់ទុកប្រព័ន្ធផ្សព្វផ្សាយថាជាសត្រូវដែលមេដឹកនាំទាំងនោះបង្ហាញការស្អប់ដោយត្រង់ៗទៅវិញ»។
អង្គការទាំងពីរនេះបានរិះគន់យ៉ាងចាស់ដៃចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។ អង្គការ Reporters Without Borders បានហៅលោក ត្រា ថាជា «អ្នកចូលចិត្តវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ»។
រីឯអង្គការ Feedom House វិញបានព្រមានថា ការណ៍ដែលលោក ត្រាំ ហៅប្រព័ន្ធផ្សព្វផ្សាយថាជា «សត្រូវរបស់ប្រជាពលរដ្ឋអាមេរិកាំង» និងការបន្តុះបង្អាប់អ្នកសារព័ត៌មាន និងអង្គការប្រព័ន្ធផ្សព្វផ្សាយនានាបានធ្វើឲ្យ «ប៉ះពាល់ដល់ទំនុកចិត្តសាធារណៈលើការពិតដែលផ្អែកលើសារព័ត៌មាន»៕