ក្រុមហ៊ុន​បច្ចេកវិទ្យា​បង្កើត​ថ្មី​នានា​លើ​ពិភពលោក​ចូលរួម​ក្នុង​ពិព័រណ៍​អេឡិចត្រូនិក​អ្នក​ប្រើប្រាស់​នៅ Las Vegas

ក្រុមហ៊ុន Google បង្ហាញ​នូវ​ឧបករណ៍​ជាច្រើន​ដែល​មាន​ភ្ជាប់​ជាមួយ​ជំនួយការ Google នៅ​ក្នុង​ការ​តាំងពិព័រណ៍​បច្ចេកវិទ្យា​ កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ក្នុង​ក្រុង Las Vegas សហរដ្ឋអាមេរិក។

Eureka Park គឺ​ជា​ផ្នែក​មួយ​នៃ​ពិព័រណ៍​អេឡិចត្រូនិក​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋ​អាមេរិក។ នៅ​ទី​នោះ អ្នក​តាំង​ពិព័រណ៍​ជាង ១ ពាន់ ២ រយ​នាក់ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​បង្កើត​ថ្មី​មក​ពី​ជុំវិញ​ពិភពលោក​បាន​មក​បង្ហាញ​ផលិតផល​របស់​ខ្លួន។

ពិធី​តាំង​ពិព័រណ៍​នេះ​បាន​ធ្វើ​ឡើង​ពេញ​ទំហឹង ប៉ុន្តែ​គេ​ក៏​ឃើញ​មាន​អ្នក​បច្ចេកវិទ្យា​ដែល​ទើប​នឹង​លេច​មុខ​ឡើង​មួយ​ចំនួន​ផង​ដែរ ដូចជា​នៅ​ក្នុង​ប្រទេស​ថៃ​ជា​ដើម ដែល​នៅ​ទី​នោះ កម្លាំង​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ថ្មី​គឺ​ចាំបាច់​បំផុត។

លោក Mahisorn Wongphati នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន HG Robotics នៃ​ប្រទេស​ថៃ និយាយ​ថា៖ «មិត្តភក្ដិ​របស់​ខ្ញុំ និង​ខ្ញុំ បាន​ជួប​ពិភាក្សា​គ្នា ហើយ​ពួក​យើង​ចង់​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​រូបយន្ត ប៉ុន្តែ​ពួក​យើង​មិន​ឃើញ​មាន​ក្រុមហ៊ុន​ដូច​នេះ​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ។ នៅ​ពេល​នោះ ពួក​យើង​នៅ​ក្មេង​ពេក ដូច្នេះ​ពួក​យើង​ក៏​បាន​បង្កើត​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង»។

លោក Mahisorn Wongphati និង​ដៃគូ​របស់​លោក​បាន​ផលិត​រូប​យន្ត​សន្តិសុខ និង​ឧបករណ៍​ដ្រូន ដែល​អាច​ប្រមូល និង​វិភាគ​ទិន្នន័យ​កសិកម្ម​បាន។ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​សម្រាប់​ពួកគេ​នៅ​ក្នុង​ការ​មាន​វត្តមាន​ក្នុង​ពិធី​តាំង​ពិព័រណ៍​នេះ។

លោក Wongphati និយាយ​ថា៖ «តាម​ពិត ខ្ញុំ​ជា​មនុស្ស​វក់​នឹង​ធ្វើ​អ្វី​ដែល​ទាក់ទង​នឹង​វិស្វកម្ម ហើយ​នៅ​ពេល​ដែល​យើង​ក្លាយជា​នាយក​ប្រតិបត្តិ យើង​ត្រូវតែ​និយាយ​អំពី​អាជីវកម្ម ហើយ​នេះ​គឺ​ជា​អ្វី​មួយ​ដែល​មាន​ការ​ប្រឈម​ខ្លាំង​សម្រាប់​វិស្វករ​នៅ​ក្នុង​ការ​ធ្វើ​ដូច្នេះ។ ពិព័រណ៍​អេឡិចត្រូនិក​អ្នក​ប្រើប្រាស់​នេះ​នឹង​ក្លាយជា​វេទិកា​ដ៏​ល្អ​មួយ​សម្រាប់​សិក្សា​ស្វែង​យល់​បន្ថែម​អំពី​ការ​លក់​ផលិតផល​នានា»។

វា​ក៏​ជា​ឱកាស​មួយ​ផង​ដែរ​នៅ​ក្នុង​ការ​បង្ហាញ​ទេព​កោសល្យ​បច្ចេកវិទ្យា​របស់​ប្រទេស​ថៃ ដែល​នេះ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​លោក Pachara Kangchirdsri ដែល​បាន​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ ដែល​ជា​មាតុភូមិ​របស់​លោក​វិញ បន្ទាប់ពី​បាន​ចំណាយ​ពេល​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង New York និង​ទីក្រុង Chicago មក។

លោក Pachara Kangchirdsri នៃ​ក្រុមហ៊ុន HG Robotics ថា៖ «ខ្ញុំ​ជឿ​ថា ប្រទេស​ថៃ​មាន​អ្នក​មាន​ទេពកោសល្យ​ជា​ច្រើន​ដូចជា​វិស្វករ អ្នក​រចនា​ប្លង់​ជា​ដើម ប៉ុន្តែ​ពួក​យើង​មិន​មាន​ការ​គាំទ្រ​គ្រប់គ្រាន់​ផ្នែក​ហិរញ្ញវត្ថុ»។

លោក Mouhamadou Lamine Kebe បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​សេណេហ្គាល់​ដើម្បី​ស្វែងរក​ថវិកា​សម្រាប់​ឧបករណ៍ Tolbi ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ sensor ត​ភ្ជាប់​គ្នា​ជា​ច្រើន ដែល​អាច​ជួយ​កសិករ​តាមដាន​ការ​ប្រើប្រាស់​ទឹក​បាន។

លោក Lamine Kebe ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Tolbi និយាយ​ថា៖ «ពូ​របស់​ខ្ញុំ​គឺ​ជា​កសិករ​អាហ្វ្រិក​ម្នាក់។ គាត់​ខ្ជះខ្ជាយ​ទឹក​ធារាសាស្ត្រ​របស់​គាត់​ពី ៥០ ទៅ ៨០ ភាគរយ ដោយសារ​ខ្វះ​ចំណេះដឹង និង​ការ​គ្រប់គ្រង​លើ​តម្រូវការ​ទឹក ដែល​ករណី​នេះ​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា»។

លោក Lamine Kebe បាន​ចូលរួម​នៅ​ក្នុង​ពិព័រណ៍​អេឡិចត្រូនិក​អ្នក​ប្រើប្រាស់​នេះ ដើម្បី​ស្វែងរក​ដៃគូ​ដែល​អាច​ជួយ​អភិវឌ្ឍ sensor របស់​ឧបករណ៍ Tolbi នេះ​បន្ថែម​ទៀត។

អ្នកស្រី Dicko Sy ជនជាតិ​សេណេហ្គាល់ ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Dictaf Corporation បាន​និយាយ​ថា ការ​តាំង​ពិព័រណ៍​នេះ​គឺ​ជា​កន្លែង​ដែល​យើង​អាច​ទាក់ទង​វិនិយោគិន​បាន។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «វា​គឺ​ជា​ការ​តាំង​ពិព័រណ៍​អំពី​ការ​ច្នៃ​ប្រឌិត​ថ្មី និង​បច្ចេកវិទ្យា​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ដែល​យើង​មាន​ឱកាស​ជួប​ជាមួយ​នឹង​ក្រុមហ៊ុន​ធំ​បំផុត​នានា​ផ្នែក​បច្ចេកវិទ្យា និង​ការ​ច្នៃ​ប្រឌិត​ថ្មី»។

នៅ​ឯ​ស្តង់​តាំង​ពិព័រណ៍​របស់​ប្រទេស​អ៊ុយក្រែន​ឯ​ណោះ​វិញ អ្នកស្រី Anastasiia Romanova កំពុង​បង្ហាញ​ប្រព័ន្ធ​ចាប់​សត្វ​មូស​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដ៏​ឆ្លាត​វៃ។

អ្នកស្រី Romanova ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Mosquito Control និយាយ​ដូច្នេះ​ថា៖ «ឱកាស​ទាំង​នេះ​គឺ​ពិតជា​សំខាន់​សម្រាប់​អ្នក​បច្ចេកវិទ្យា​អ៊ុយក្រែន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន»។

ចំណែក​ឯ​លោក Alex Sharko ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Bicovery វិញ បាន​និយាយ​ថា៖ «ឥឡូវ​នេះ យើង​ឃើញ​មាន​ការ​ខ្វះខាត​ការ​គាំទ្រ​ជា​ប្រព័ន្ធ ឧទាហរណ៍​ដូចជា​ការ​ខ្វះខាត​នូវ​ផែនការ​ដែល​ជួយ​ឲ្យ​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​ទទួល​ជោគជ័យ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ជា​ដើម»។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បទ​ពិសោធន៍​ផ្ទាល់​ផ្នែក​ឧស្សាហកម្ម​នេះ​គឺ​សំខាន់​សម្រាប់​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​ទាំង​នេះ។

លោក Andrii Konovalenko ដែល​ជា​ស្ថាបនិក​ ក្រុមហ៊ុន CamTouch និយាយ​ថា អ្នក​ដែល​មក​ទស្សនា​ការ​តាំង​ពិព័រណ៍​នេះ​បាន​ផ្ដល់​មតិ​យោបល់​ដ៏​មាន​តម្លៃ​សម្រាប់​ឧបករណ៍ CamTouch ដែល​ជា​ឧបករណ៍​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​សរសេរ ឬ​ក៏​គូស​នៅ​លើ​ផ្ទៃ​នៃ​វត្ថុ​ណា​មួយ​បាន។

លោក Konovalenko និយាយ​ថា៖ «ពួកគេ​បាន​ផ្ដល់​គំនិត​ថ្មី​ដល់​ពួក​យើង​អំពី​វិធី​ដែល​យើង​អាច​ប្រើ​បច្ចេកវិទ្យា​ដែល​យើង​បាន​បង្កើត​ឡើង ដើម្បី​បង្កើត​ផលិតផល​ថ្មី និង​រក​ទីផ្សារ​ថ្មី»។

អ្នកស្រី Anastasiia Liubiashcheva ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន CamTouch នេះ និយាយ​ថា៖ «យើង​ពិតជា​សប្បាយ​ចិត្ត និង​អរគុណ​ខ្លាំង​ណាស់​ដែល​អាច​មាន​វត្តមាន​នៅ​ទី​នេះ​នៅ​ថ្ងៃ​នេះ​តំណាង​ឲ្យ​ប្រទេស​អ៊ុយក្រែន។ វា​ជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ពួក​យើង និង​ជា​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​មួយ​ផង​ដែរ ហើយ​ពួក​យើង​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​រឿង​នេះ»។

វា​ដូចជា​ឈ្មោះ​របស់​វា​បាន​បង្ហាញ​ដូច្នេះ​ដែរ ឱកាស​សម្រាប់​ការ​រក​ឃើញ​ថ្មី​នានា​នៅ Eureka Park នេះ គឺ​មាន​ច្រើន៕

ប្រែ​សម្រួល​ដោយ ភី សុភាដា