១​ថ្ងៃ​មុន​សវនាការ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាមទារ​ឱ្យ​ដោះលែង​លោក ​កឹម សុខា

រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)

សវនាការ​លើ​សំណុំ​រឿង​លោក​ កឹម សុខា ​មេដឹកនាំ​ក្រុម​ជំទាស់​ដែល​រង​ការ​ចោទប្រកាន់​ពីបទ​ក្បត់ជាតិ‍ ​ឬ​ បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែ​មករា​នេះ​ ក្រោយ​ពី​លោក​ កឹម សុខា​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈ​ពេល​២ឆ្នាំ។​ ការ​ជំនុំ​ជម្រះ​ទោស​នេះ ​ត្រូវ​បាន​មន្ត្រី​តុលាការ​អះអាង​ថា​អាច​នឹង​ចំណាយ​ពេល​ប្រមាណ​៣ខែ​ដើម្បី​បញ្ចប់​សំណុំ​រឿង។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ចំនួន​ ចាត់​ទុកថា​នេះ​គឺ​ជា​បទ​ចោទ​ប្រកាន់​បែប​ប្រឌិត​និង​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​នេះ។

លោក ​Phil Robertson ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​Human ​Rights ​Watch ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា​លោក​ កឹម សុខា ​គ្មាន​ធ្វើ​អ្វី​ខុស​ដែល​លោក​ត្រូវ​ប្រឈម​មុខ​នឹង​បទ​ចោទ​ប្រកាន់​អំ​ពី​រឿង​ក្បត់​ជាតិ​ ហើយ​ត្រូវ​ចាប់​ឃុំឃាំង​និង​ឃុំ​ក្នុង​ផ្ទះ​រួច​ហើយ​ត្រូវ​បន្ត​កាត់​ទោស​នោះ​ទេ។ ​

លោក Robertson​បន្ត​ថា​រឿង​នេះ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​ដល់​សិទ្ធិ​របស់​លោក​ កឹម សុខា។

«ជា​ការ​ពិត​លោក ​កឹម សុខា ​នឹង​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​ជំនុំជម្រះ​ទោស​ដែល​ត្រូវ​បាន​រៀបចំ​ជា​ឈុត​ឆាក​ទាក់​ទង​នឹង​បទ​ចោទ​រឿង​អំពើ​ក្បត់ជាតិ​ដែល​ជា​រឿង​ប្រឌិត​ពិត ប្រាកដ​នេះ‍»។

លោក​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​លោក​ទៀត​ថា​តុលាការ​គួរ​បញ្ចប់ សំណុំ​រឿង​នេះ​ដោយ​យុត្តិធម៌ ។

«ជា​រឿង​សោកស្ដាយ​ដែល​គ្មាន​ក្ដី​សង្ឃឹម​ថា​តុលាការ​ដែល​គ្រប់គ្រង​ដោយ​នយោបាយ ក្នុង​ប្រទេស​កម្ពុជា​ នឹង​មិន​ហាន​ធ្វើអ្វី​ដើម្បី​ពិនិត្យ​មើល​សំណុំ​រឿង​របស់​ព្រះរាជអាជ្ញា ដែល​មិន​គ្រប់ជ្រុងជ្រោយ ​ឬ​ក៏​ដំណើរ​ការ​អយុត្តិធម៌​យ៉ាង​ច្បាស់ក្រឡែត​នេះ»។

លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​មុន​ការ​បោះ​ឆ្នោត ​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​តាម​ការ​គ្រោង​ទុក​ ទោះបីជា​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយក រដ្ឋមន្ត្រី ​ហ៊ុន សែន។​

លោក កឹម សុខា ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាលពី​ចុង​ឆ្នាំ​២០១៧ ​រួច​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ក្នុង​គុក ហើយ​ក្រោយ​មក​តុលាការ​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​ឃុំខ្លួន​លោក​កាល​ពី​ខែ វិច្ឆិកា​ឆ្នាំ២០១៩​ តែ​លោក​មិន​មាន​សិទ្ធិ​ធ្វើ​នយោបាយ​និង​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​ទេ ដោយ​គ្រាន់តែ​មាន​សិទ្ធិ​ជួប​ជាមួយ​អ្នកការទូត​និង​ធ្វើដំណើរ​ក្នុង​ប្រទេស ​ក្នុង​ពេល លោក​ សម រង្ស៉ី ​ជា​មេដឹកនាំ​ក្រុម​ជំទាស់​១រូប​ទៀត​ កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ ប្រទេស។

លោក ​Phil Robertson ​បាន​ព្រមាន​ឲ្យដឹង​ពី​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ ទំនិញ​ទាំងអស់​លើក​លែង​តែ​អាវុធ​ ហៅថា ​EBA​(Everything But Arms) ទាក់ទង​នឹង​ដំណើរការ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដែល​សហភាព​អឺរ៉ុប​កំពុង​តាម​ឃ្លាំ​មើល​មុន​ការ​សម្រេច​ចុង​ក្រោយ​ថា​ត្រូវ​ព្យួរ ឬ​មិន​ព្យួរ EBA​នេះ​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

«សហភាព​អឺរ៉ុប​លើក​ឡើង​ម្ដង​ហើយ​ម្តង​ទៀត​អំពី​សំណុំ​រឿង​លោក ​កឹម សុខា ​នៅ​ក្នុង បរិបទ​នៃ​ការ​បន្ត​ត្រួត​ពិនិត្យ​មើល​អំពី​រឿង​ការ​អនុគ្រោះ​ពន្ធ​លើ​ពាណិជ្ជកម្ម​កម្ពុជា»។

លោក​បាន​អះអាង​ថា​រដ្ឋាភិបាល​ខកខាន​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​បញ្ហា​សិទ្ធិ មនុស្ស​ដែល​សហភាព​អឺរ៉ុប​នឹង​ចាត់​វិធានការ​តឹងរ៉ឹង​នៅ​ខែ​ក្រោយ​នេះ ​បើ​កម្ពុជា​មិន អនុវត្តន៍​តាម​មាត្រា​ស្ដីពី​សិទ្ធិមនុស្ស​ក្នុង​កិច្ច​ព្រមព្រៀង​ EBA។

ក្រុម​មន្ត្រី​គណបក្ស​គ្រប់គ្រង​ប្រទេស​និង​មន្ត្រី​រាជរដ្ឋាភិបាល​បាន​អះអាង​ថា​រដ្ឋាភិបាល បាន​បញ្ជូន​របាយ​ការណ៍​ដល់​សហភាព​អឺរ៉ុប​រួចហើយ​អំពី​ការ​ចោទ​ប្រកាន់​រឿង​រំលោភ សិទ្ធិមនុស្ស​និង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ ហើយ​បញ្ជាក់​ថា​រដ្ឋាភិបាល​មិន​បារម្ភ​នឹង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ ទេ។

លោក ​Nicholas Bequelin ​នាយក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​នៃ​អង្គការ​សិទ្ធិមនុស្ស​Amnesty International ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​ ​បាន​ហៅ​ការ​ចោទ​ប្រកាន់​មេដឹកនាំ​ក្រុម​ជំទាស់​ពី​បទ​ក្បត់​ជាតិ​ ​ថា​ជា​ការ​ចោទ​ប្រកាន់​មិន​ពិត ​ហើយ​ថា​បទ​ចោទ​នេះ​គួរ​ត្រូវ​ទម្លាក់​ចោល។

«បន្ទាប់​ពី​ការ​ឃុំខ្លួន​តាម​ទំនើងចិត្ត​អស់​រយៈ​ពេល​២​ឆ្នាំ​ អាជ្ញាធរ​មិន​បាន​បង្ហាញ ភស្តុតាង​ដ៏​គួរ​ឲ្យ​ជឿ​ជាក់​បាន​មួយ​ផ្នែក​ណា​ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ក្បត់​ជាតិ​ទេ‍។ បទ​ល្មើស​ត្រូវ​បាន​ប្រឌិត​ឡើង​តាម​បែប​នយោបាយ​ដើម្បី​បន្ត​កៀបសង្កត់​គណបក្ស​ជំទាស់។​ តុលាការ​រាជធានី​ភ្នំពេញ​ចាំបាច់​ត្រូវតែ​ដោះលែង​លោក ​កឹម សុខា​ឲ្យ​រួច​ទោស​ ហើយ​បញ្ចប់​ប្រព័ន្ធ​យុត្តិធម៌​ដែល​រង​ការ​ចំអក​នេះ»។

ក្រុម​មេធាវី​របស់​លោក ​កឹម សុខា ​បាន​ប្រកាស​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​តតាំង​នឹង ពាក្យ​បណ្ដឹង​ ក្រោយពី​ចៅក្រម​បាន​អះអាង​ថា​សំណុំ​រឿង​លោក ​កឹម សុខា ​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បញ្ជូន​ទៅ​ជម្រះ​ទោស​នោះ។

ការ​បើក​សវនាការ​ដំបូង​លើ​សំណុំ​រឿង​លោក ​កឹម សុខា ​ដើម្បី​សម្រេច​ថា​លោក​មាន ទោស​ឬ​គ្មាន​ទោស​នោះ ​គឺ​កើត​ឡើង​ក្រោយ​រយៈពេល​ជាង​២ឆ្នាំ​នៃ​ការ​ឃុំខ្លួន​លោក។ សវនាការ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​មានការ​ចូលរួម​ពី​អ្នក​ឃ្លាំមើល​ជាច្រើន​រួម​អ្នក​ការទូត បរទេស​នានា​ និង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ​ក្នុង​បន្ទប់​សវនាការ​ដែល​មន្ត្រី​តុលាការ​អះអាង​ថា​អាច​ដាក់​មនុស្ស​បាន​តែ​៣០នាក់​នោះ​ ក្នុង​ពេលអាជ្ញាធរ​រៀបចំ​ការពារ​សន្តិសុខ​តឹងរ៉ឹង​សម្រាប់​ការ​ជំនុំជម្រះក្ដី​នេះ៕