លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងសុន្ទរកថា ទៅកាន់មហាសន្និបាតរបស់អង្គការសហប្រជាជាតិនៅថ្ងៃអង្គារ ទី២៣ ខែកញ្ញានេះ នៅក្នុងបូរីញូយ៉ក ដោយបានអំពាវនាវដល់ប្រទេសទាំងអស់ឲ្យចូលរួមទប់ស្កាត់ការផ្លាស់ប្តូរអាកាសធាតុ។ ហើយអ្នកវិទ្យាសាស្រ្តខាងអាកាសធាតុនាំមុខម្នាក់ បានព្រមានថា ការខកខានមិនបានចាត់វិធានការដើម្បីកាត់បន្ថយការគំរាមកំហែងមកពីការផ្លាស់ប្តូរអាកាសធាតុ នឹងធ្វើឲ្យមានផលវិបាកយ៉ាងខ្លាំងដល់សាកលលោក។ លោកមានប្រសាសន៍ថា វិទ្យាសាស្រ្តស្តីពីការផ្លាស់ប្តូរអាកាសធាតុ មានភាពប្រាកដប្រជាហើយការមិនចាត់វិធានការ មិនមែនជាដំណោះស្រាយទេ។
គណៈកម្មការអន្តររដ្ឋាភិបាលស្តីពីការផ្លាស់ប្តូរអាកាសធាតុ (IPCC) និងបញ្ចេញរបាយការណ៍ចុងក្រោយនៃការវាយតម្លៃលើកទី៥របស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ។ របាយការណ៍មុន បានលាតត្រដាងពីភាពគ្រោះថ្នាក់នៃការផ្លាស់ប្តូរអាកាសធាតុហើយនឹងសង្កត់ពីភាពចាំបាច់កាត់បន្ថយឧស្ម័នកាបូន ឌីអុកស៊ីតនៅក្នុងបរិយាកាសតាមរយៈការសម្របតាមនិងការស៊ាំទៅតាមការប្រែប្រួលអាកាសធាតុ។
លោក Rajendra Kumar Pachausi ប្រធានគណៈកម្មការអន្តររដ្ឋាភិបាលស្តីពីការផ្លាស់ប្តូរអាកាសធាតុ IPCC បាននិយាយកាលពីថ្ងៃព្រហស្បត៍ថា របាយការណ៍នៅពេលខាងមុខ នឹងផ្តោតលើការអនុវត្តជាបន្ទាន់។
លោក មានប្រសាសន៍ទៀតថា ការផ្លាស់ប្តូរអាកាសធាតុ នឹងបង្កើតឲ្យមានស្ថានភាពនៃការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង នៅពេលដែលមនុស្សប្រយុទ្ធគ្នាដោយសារការខ្វះខាតទឹក ឬ ការខ្វះខាតម្ហូបអាហារមកពីកសិដ្ឋានផ្តល់ផលតិច។ លោក Pachausi មានប្រសាសន៍ទៀតថា បញ្ហាធំ នឹងកើតមកពីកម្រិតទឹកសមុទ្រឡើង ហើយភាពគ្រោះថ្នាក់ខាងសុខភាពរបស់មនុស្ស នឹងកើនឡើង។ លោក មានប្រសាសន៍ទៀតថា សេចក្តីសង្ឃឹមនៃការផ្លាស់ប្តូរអាកាសធាតុនៅក្នុងជីវិតសមុទ្រ មិនល្អទេ។
«ម៉្យាងវិញទៀត ខ្ញុំគិតថា យើងមានសេចក្តីលម្អិតច្រើនទៀតស្តីពីវិធានការណ៍ដែលអាចត្រូវធ្វើ។ ជាការពិត ការស៊ាំទៅតាមការប្រែប្រួលអាកាសធាតុ អាចបន្ធូរស្ថានការនេះ។ ខ្ញុំគិតថា យើង មានគោលមាគារដ៏ច្បាស់ក្រឡែតដែល យើង អាចដោះស្រាយបញ្ហានេះបាន។ដូច្នេះ ចំពោះបញ្ហានេះ ខ្ញុំ ចង់និយាយថា របាយការណ៍វាយតម្លៃលើកទី៥ ជាទូទៅជារបាយការណ៍មានការផ្តល់យោបល់រួម ដែលនឹងក្លាយជាឯកសារដែលផ្តល់ភាពស៊ីជម្រៅចំពោះអ្វីដែលត្រូវធ្វើ»។
លោក Pachausi និយាយទៀតថា គ្មានផ្នែកណាមួយរបស់ពិភពលោក ដែលនឹងមិនរងផលប៉ះពាល់ដោយសារការផ្លាស់ប្តូរអាកាសធាតុនេះ។ ដូច្នេះ មនុស្សគ្រប់រូប មានផលប្រយោជន៍ក្នុងការធ្វើអ្វីដែលចាំបាច់ត្រូវធ្វើដើម្បីរារាំងផលវិបាកដ៏អាក្រក់នេះ។ លោក និយាយទៀតថា ពេលវេលា ជាការសំខាន់ហើយការចាត់វិធានការណ៍ មិនអាចពន្យាពេលបានទេ។
លោកមិនយល់ស្របជាមួយអ្នកដែលនិយាយថា ការអភិវឌ្ឍន៍ថាមពលដែលអាចផលិតឡើងវិញដើម្បីជំនួសឥន្ធនៈហ្វូស៊ីល នឹងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក។
លោក បានប្រាប់ VOA ថា ការប៉ះពាល់សេដ្ឋកិច្ច នឹងមានចំនួនតិចបំផុត។ លោក Pachausi និយាយទៀតថា តម្លៃនៃការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ក្នុងឆ្នាំ២០៣0 នឹងមានតិចជាង២ភាគរយនៃចំនួនប្រើប្រាស់របស់ពិភពលោកទាំងមូល។
«ចំនួននេះ ប្រហែល 0,6% នៃផលិផលសរុបសាកលលោក GDP ក្នុងមួយឆ្នាំ។ជាការពិត នេះ មិនមែនជាតម្លៃថ្លៃទេ ជាពិសេស នៅពេលដែលចំណាត់ការនេះ នឹងលប់បំបាត់ផលប៉ះពាល់ដ៏អាក្រក់ធ្ងន់ធ្ងរខ្លះនៃការផ្លាស់ប្តូរអាកាសធាតុនោះ។ ហើយ លើសពីនេះទៅទៀត អស់លោក អ្នក នឹងអាចទទួលផលប្រយោជន៍ជាច្រើនថែមទៀត»។
លោក និយាយទៀតថា ផលប្រយោជន៍ទាំងនោះ នឹងរួមមានទាំងកំណើននៃកម្រិតសន្តិសុខថាមពលកាន់តែខ្លាំងឡើង កម្រិតខ្យល់កខ្វក់ទាប ភាពធូស្រាលនៃប្រព័ន្ធបរិស្ថាន កម្រិតផលិតផលកសិកម្មកាន់តែខ្ពស់ឡើង ហើយនឹងមានការងារធ្វើកាន់តែច្រើនឡើង។
លោក Pachauri បានកត់សម្គាល់ថា រដ្ឋ California របស់សហរដ្ឋអាមេរិក ដែលបានអនុវត្តគោលនយោបាយថាមពលល្អក្នុងអំឡុងពេល៣-៤ឆ្នាំកន្លងមកនេះ មានការរីកលូតលាស់ខ្ពស់ជាងផ្នែកនានានៅទូទាំងប្រទេសហើយ កំពុងទទួលអត្ថប្រយោជន៍ពីការធ្លាក់ចុះនៃការប្រើថាមពល។
របាយការណ៍វាយតម្លៃលើកទី៥ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែវិច្ឆិកា នឹងក្លាយជារបាយការណ៍ចុងក្រោយរបស់គណៈកម្មការអន្តររដ្ឋាភិបាលស្តីពីការផ្លាស់ប្តូរអាកាសធាតុ (IPCC)មុនពេលកិច្ចព្រមព្រៀងសាកលមួយស្តីពីការផ្លាស់ប្តូរអាកាសធាតុ ត្រូវបានចុះហត្ថលេខាដោយប្រទេសនានានៅឆ្នាំក្រោយក្នុងសន្និសិទទីក្រុងប៉ារីស៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន