តុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court) បានទទួលស្គាល់តួនាទីដ៏មានសារៈសំខាន់របស់ក្រុមអង្គការសង្គមស៊ីវិល ខណៈដែលពួកគេកំពុងអំពាវនាវឲ្យរដ្ឋដែលជាភាគីនៃតុលាការនេះ គាំទ្រដល់ការប្រព្រឹត្តិទៅនៃកិច្ចការរបស់ខ្លួន។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានរួមចេញផ្សាយដោយសមាជិកក្រុមប្រឹក្សានៃមហាសន្និបាតរបស់រដ្ឋជាភាគីនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅថ្ងៃសុក្រនេះនិងតាមការបញ្ជាក់ពីមន្ត្រីជំនាញក្នុងវិស័យយុត្តិធម៌។
សេចក្តីប្រកាសព័ត៌មានរួមដែលបានចេញផ្សាយពីទីក្រុងឡាអេ (The Hague) នៃប្រទេសហូឡង់ បានបញ្ជាក់ថា រដ្ឋទាំងឡាយដែលជាភាគីនៃតុលាការនេះ ត្រូវបំពេញការទទួលខុសត្រូវរបស់ខ្លួន ដោយការការពារប្រជាជនរបស់ផងខ្លួន ពីអំពើព្រហ្មទណ្ឌធ្ងន់ធ្ងរតាមរយៈការតម្កល់ទុកប្រព័ន្ធយុត្តិធម៌អន្តរជាតិ។ ជាងនេះទៅទៀត អង្គការក្រៅរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា រដ្ឋត្រូវតែផ្តល់ការគាំទ្រនូវការចូលរួមយ៉ាងពេញលេញ និងពោរពេញដោយអត្ថន័យដល់ជនរងគ្រោះនៅតាមសហគមន៍នៅក្នុងដំណើរនៃការប្តឹងផ្តល់នានាទៅតុលាការអន្តរជាតិ។
លោក ឡុង បញ្ញាវុធ មន្ត្រីគម្រោងយុត្តិធម៌នៅកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំICC បានថ្លែងប្រាប់ VOA ពីទីក្រុងឡាអេ មកថា តុលាការព្រហ្មទណ្ឌអន្តរជាតិមិនបាននិយាយដល់ករណីជាក់លាក់ណាមួយដែលខ្លួនបានធ្វើទាក់ទិននឹងបទឧក្រិដ្ឋធ្ងន់ធ្ងរនោះទេនៅតាមសហគមន៍នៃតំបន់នីមួយៗនៅក្នុងសាកលលោកនេះទេ តែថា តុលាការនេះ បានបង្ហាញការយកចិត្តទុកដាក់ចំពោះការងាររបស់អង្គការសង្គមស៊ីវិលពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាលក្ខណៈដៃគូសម្រាប់ដំណើរការរបស់តុលាការ។
«ICC បង្ហាញនូវឆន្ទៈ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងការទទួលយកនូវអង្គការសង្គមស៊ីវិល ជាដៃគូនៅ ក្នុងការធ្វើការស៊ើបអង្កេតបឋម ឬមួយយើងឲ្យឈ្មោះថា fact-finding (ការស្វែងរកហេតុការណ៍ពិត) ដើម្បីឲ្យផ្តល់ព័ត៌មានដល់ ICC ហើយដូចឧទាហរណ៍នៅក្នុងឆ្នាំនេះទៀតសោត ក្នុងពេលនេះទៀតសោត យើងឃើញថា អង្គការសង្គមស៊ីវិល សុទ្ធតែមានលទ្ធភាព មានឱកាសបានជួបជុំ និងលើកជាបញ្ហានិងអនុសាសន៍ ដល់ព្រះរាជអាជ្ញា ICC ដល់ប្រធានតុលាការ ICC»។
លោកបន្តថា ការណ៍នេះ គឺជាចរន្តថ្មីមួយសម្រាប់ជួយដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពង្រីកវិសាលភាពការងាររបស់ខ្លួន ក្នុងកិច្ចការស៊ើបអង្កេតសំណុំរឿងនីមួយៗ។
«នេះ យើងឃើញថា ជាលំហូមួយថ្មី ដែលជាការពង្រឹងពង្រីក នូវទាំងចំណេះ និងទាំងទំនាក់ទំនង និងការទទួលស្គាល់ នូវអង្គការក្រៅរដ្ឋាភិបាល ជាដៃគូរបស់ ICC»។
ប្រទេសកម្ពុជាបានឃើញនូវការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួនជារៀងរាល់ឆ្នាំ ចាប់តាំងពីប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមមួយនេះ បានប្រែក្លាយសេដ្ឋកិច្ចរបស់ខ្លួនពីសេដ្ឋកិច្ចផែនការក្នុងទសវត្សរ៍ ១៩៨០ មកជាសេដ្ឋកិច្ចទីផ្សារសេរីនៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ តែប្រទេសនេះ នៅស្ថិតជាប្រទេសក្រីក្រ និងញាំញីដោយការរំលោភសិទ្ធិមនុស្ស ជាពិសេសនោះគឺ ការរំលោភបំពានសិទ្ធិកាន់កាប់ដីធ្លី។
របាយការណ៍របស់អង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (International Federation for Human Rights)ដែលចេញផ្សាយកាលពីចុងខែកក្កដា បានឲ្យដឹងថា ចាប់តាំងពីខែមករា ឆ្នាំ២០១៤ មកទល់នឹងដំណាច់ខែមិនា ឆ្នាំ២០១៥ ប្រជាពលរដ្ឋខ្មែរមានចំនួន៦០.០០០នាក់ ហើយបានក្លាយជាជនរងគ្រោះ ដោយសារគោលនយោបាយរដ្ឋាភិបាលទាក់ទងនឹងការដណ្តើមកាន់កាប់ដីធ្លី។ របាយការណ៍នេះ ត្រូវបានចងក្រងឡើងទៅតាមភស្តុតាងដែលបានដាក់ចូលទៅកាន់ព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយលោកមេធាវី Richard J. Rogers។
យ៉ាងណាក៏ដោយ លោក ឡុង បញ្ញាវុធមន្ត្រីគម្រោងយុត្តិធម៌នៅកម្ពុជាថ្លែងបន្ថែមថា មហាសន្និបាតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ពុំបានលើកយកករណីនេះមកពិភាក្សានោះទេ ហើយថា ពុំមានតំណាងមកពីខាងរដ្ឋាភិបាលចូលរួមក្នុងមហាសន្និបាតដែលមានរយៈពេលជិតមួយសប្តាហ៍នេះដែរ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា ក្រសួងតែងតែបានសហការជាមួយក្រុមអង្គការសង្គមស៊ីវិល ក្នុងការជួយជនរងគ្រោះ ក្នុងជម្លោះផ្សេងៗ ដោយបានផ្តល់នូវសេវាប្រឹក្សាផ្នែកច្បាប់ និងមេធាវីការពារក្តី។
«ជាទូទៅក្រសួងយុត្តិធម៌បានធ្វើការជាមួយនឹងសង្គមស៊ីវិលច្រើនដែរ ពីព្រោះថាតួនាទីរបស់ក្រសួងយុត្តិធម៌ សំខាន់គឺធ្វើការតាក់តែងច្បាប់ ដើម្បីការពារនូវផលប្រយោជន៍ប្រជាពលរដ្ឋ និងដោះស្រាយនូវបញ្ហាជូនគាត់។ អញ្ចឹងរាល់ការតាក់តែងច្បាប់ទាំងអម្បាលមាណហ្នឹង គឺយើងតែងតែឲ្យមានការចូលរួមពីសង្គមស៊ីវិល ហើយសង្គមស៊ីវិលហ្នឹងហើយ គាត់ជាអ្នកតំណាងឲ្យប្រជាពលរដ្ឋដែលមានបញ្ហា ដែលពាំនាំយកបញ្ហាគ្រប់បែបយ៉ាងហ្នឹង មកអង្គុយជជែកគ្នាជាមួយហ្នឹងក្រុមការងាររបស់ក្រសួង ហើយយើងធ្វើការតាក់តែងនូវសេចក្តីព្រាងច្បាប់ ឬក៏បទប្បញ្ញត្តិផ្សេងៗហ្នឹងជាមួយគ្នា»។
ទាក់ទិនពាក្យបណ្តឹងរបស់លោកមេធាវី Richard J. Rogers ដែលបានប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិលើសំណុំរឿងដីធ្លីដែលអះអាងពីការមានជាប់ពាក់ព័ន្ធនឹងសមាជិកជាន់ខ្ពស់របស់រដ្ឋាភិបាល និងអ្នកជំនួញដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល មន្ត្រីអ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះថ្លែងថា រដ្ឋាភិបាលនឹងមិនមានការបារម្ភចំពោះបណ្តឹង ព្រោះវាជាពាក្យបណ្តឹងដែលផ្តួចផ្តើមឡើងគណបក្សជំទាស់។ លោកបដិសេធមិនធ្វើការអធិប្បាយចំពោះអវត្តមាននៃតំណាងមកពីរដ្ឋាភិបាលនៅក្នុងការចូលរួមមហាសនិ្នបាតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិដែលចាប់ផ្តើមឡើងតាំងពីថ្ងៃទី១៦ខែវិច្ឆិកាមកនោះ៕