ក្រុមហ៊ុនអន្តរជាតិចំនួន២០ ដែលបញ្ជាទិញទំនិញវាយនភណ្ឌពីកម្ពុជាចង់ឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបនឹងលក្ខខណ្ឌទាមទាររបស់សហភាពអឺរ៉ុប ដែលមានការលើកស្ទួយស្ថានភាពការងារនិងសិទ្ធិមនុស្ស ដើម្បីរក្សាការអនុគ្រោះផ្នែកពាណិជ្ជកម្មសម្រាប់កម្ពុជា។
លិខិតមួយច្បាប់ដែលក្រុមហ៊ុនអន្តរជាតិទាំងនេះផ្ញើជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ២ ខែឧសភានេះ បានឲ្យដឹងថា ក្រុមហ៊ុនទាំងនេះ ដែលបញ្ជាទិញទំនិញផ្នែកកាត់ដេរ និងទំនិញជាសម្ភារៈសម្រាប់ការធ្វើដំណើរ ដូចជាកាបូប វ៉ាលិសជាដើមនោះ បារម្ភអំពីគម្រោងនៃការដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកពីកម្ពុជា។
ក្នុងលិខិតដែលសរសេរជាភាសាអង់គ្លេសនោះ ពួកគេបានបង្ហាញការព្រួយបារម្ភថា៖
«នាពេលថ្មីៗនេះ សហភាពអឺរ៉ុបបានប្រកាសសេចក្តីសម្រេចចិត្តរបស់ខ្លួនក្នុងការត្រួតពិនិត្យប្រព័ន្ធអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់កម្ពុជា។
សមាជិកសភាអាមេរិកបានដាក់ចេញសេចក្តីព្រាងច្បាប់មួយ ដែលទាមទារឱ្យរដ្ឋាភិបាលអាមេរិកពិនិត្យមើលប្រព័ន្ធឋានៈអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជាដោយផ្អែកលើការថយចុះការគោរពបទដ្ឋានការងារ រួមទាំងសេរីភាពខាងសមាគម និងបញ្ហាផ្សេងៗទៀតទាក់ទងនឹងការគោរពសិទិ្ធមនុស្សនៅកម្ពុជា»។
ក្រុមហ៊ុនទាំង ២០ នោះ មានដូចជាក្រុមហ៊ុន Adidas, Nike, Gap និងក្រុមហ៊ុន Levi ជាដើម ដែលជាក្រុមហ៊ុនបញ្ជាទិញទំនិញផ្នែកវាយនភណ្ឌ ដូចជាសម្លៀកបំពាក់ ស្បែកជើង និងទំនិញជាសម្ភារៈសម្រាប់ការធ្វើដំណើរ ដូចជាកាបូប វ៉ាលិសជាដើម គិតជាទឹកប្រាក់ប្រមាណជា ៩,៥ ពាន់លានដុល្លារអាមេរិកពីអ្នកផ្គត់ផ្គង់នៅកម្ពុជា។ នេះបើតាមការបញ្ជាក់ក្នុងលិខិតរបស់ពួកគេ។
ពួកគេបានបន្ថែមក្នុងលិខិតនោះថា ការនាំចេញទំនិញពីកម្ពុជាតាមរយៈការបញ្ជាទិញរបស់ពួកគេ មានទំហំប្រមាណជា ៤៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។
នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនបញ្ជាទិញធំៗទាំងនេះបង្ហាញពីកង្វល់ និងស្នើសូមឲ្យមានដំណោះស្រាយពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនេះ។
ពួកគេបន្ថែមថា ការបារម្ភ និងអនុសាសន៍របស់ពួកគេជាច្រើនដែលផ្តល់ឲ្យរដ្ឋាភិបាលកម្ពុជានាពេលកន្លងទៅមិនទាន់មានការឆ្លើយតបនៅឡើយ។
ពួកគេបញ្ជាក់តាមន័យដើមថា៖
«ប្រសិនបើអនុវត្តតាមអនុសាសន៍នោះ វាអាចបង្ហាញពីវឌ្ឍនភាពពិតប្រាកដឆ្ពោះទៅរកការគោរពសហជីព និងសង្គមស៊ីវិលនិងរក្សាផលប្រយោជន៍ពាណិជ្ជកម្មរបស់កម្ពុជា។ មកដល់ពេលនេះ យើងមិនទទួលបានការឆ្លើយតបទៅនឹងលិខិតនោះទេ។ យើងរង់ចាំស្តាប់ការឆ្លើយតបពីអ្នក ហើយធ្វើការជាមួយអ្នកដើម្បីធានានូវអនាគតដ៏ភ្លឺស្វាងសម្រាប់កម្មករកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាទាំងមូល»។
ការបង្ហាញក្តីបារម្ភរបស់ក្រុមហ៊ុនបញ្ជាទិញធំៗទាំងនេះធ្វើឡើង បន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុបកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ នេះប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការ ដែលអាចឈានទៅដកហូតបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពីកម្ពុជា ដោយសារតែការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចពាក់ព័ន្ធនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។ លោកថា ក្រុមហ៊ុនបញ្ជាទិញទាំងនោះមិនគួរមានការបារម្ភនោះទេ។
លោកបញ្ជាក់ថា៖
«ផលប៉ះពាល់តិចណាស់ទៅលើគាត់ ក៏ដូចជាផលប៉ះពាល់តិចណាស់ទៅលើកម្មករ។ ទោះបីជាបាត់បង់ EBA ហ្នឹងយ៉ាងណាក៏ដោយ ពីព្រោះយើងបានត្រៀមលក្ខណៈនិងវិធានគ្រប់បែបយ៉ាងក្នុងការដោះស្រាយនេះឯង រក្សា និងតម្កល់ការចំណេញរបស់គាត់»។
យ៉ាងណាក្តី លោកផៃ ស៊ីផាន មិនបញ្ជាក់ថា តើចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាដើម្បីរក្សាផលចំណេញសម្រាប់អ្នកវិនិយោគ ទប់ទល់នឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទាំងនោះមានតម្លៃប៉ុន្មាននោះទេ។
ការព្រមានរបស់សហភាពអឺរ៉ុបក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធនេះធ្វើឡើង បន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឈ្នះអាសនៈទាំងអស់ចំនួន ១២៥ ក្នុងការការបោះឆ្នោតជាតិឆ្នាំ ២០១៨ ក្រោយពីតុលាការបានរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន ១១៨ រូប មិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។ ចំណែកការបង្ក្រាបលើសង្គមស៊ីវិល ការរឹតត្បិតលើសារព័ត៌មានឯករាជ្យ ព្រមទាំងការរឹតត្បិតក្រុមសំឡេងប្រឆាំង ក៏ជាផ្នែកមួយដែលធ្វើឲ្យមានការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការរិះគន់ផងដែរ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះ តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលថា សហភាពអឺរ៉ុបបានលើកឡើងពីបញ្ហាមួយចំនួនដែលនាំឱ្យមាននីតិវិធីផ្អាកជាបណ្ដោះអាសន្ននូវការអនុគ្រោះពន្ធ EBA ពីកម្ពុជា។ លោកបន្តថា ការព្រួយបារម្ភទាំងនេះផ្តោតលើវិស័យសំខាន់បីគឺសិទ្ធិនយោបាយ និងការធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសង្គមស៊ីវិល បញ្ហាពលកម្ម និងសេរីភាពខាងសមាគម សហជីពនិងការព្រួយបារម្ភលើសម្បទានដីសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យស្ករស។
លោក George Edgar បន្ថែមថា ព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ ២០១៧ និង ២០១៨ គឺជាជំហានដ៏សំខាន់ដែលបញ្ជាក់ថា កម្ពុជាមិនបានគោរពតាមគោលការណ៍ច្បាប់អន្តរជាតិទេ។
លោកបញ្ជាក់តាមន័យដើមថា៖
«ក្តីសង្ឃឹមរបស់សហភាពអឺរ៉ុបគឺចង់ឃើញវិធានការចាំបាច់នានាក្នុងប្រទេសកម្ពុជាដើម្បីដោះស្រាយការព្រួយបារម្ភ ដែលនាំឱ្យមានដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធនេះ។ ដូច្នេះការទទួលបានការអនុគ្រោះពន្ធពាណិជ្ជកម្ម EBA សម្រាប់កម្ពុជានឹងលែងមានបញ្ហាទៀតហើយ។ ការផ្អាកការអនុគ្រោះពន្ធគឺជាវិធានការចុងក្រោយប៉ុណ្ណោះ»។
ប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីគ្រប់មុខទំនិញលើកលែងគ្រឿងសព្វាវុធ (EBA) ត្រូវបានសហភាពអឺរ៉ុបបង្កើតឡើងកាលពីឆ្នាំ ២០០១ ដោយមានការព្រមព្រៀងថា រដ្ឋសមាជិកត្រូវគោរពតាមការទាមទាររបស់សហគមន៍អឺរ៉ុប ដែលក្នុងនោះមានការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។
ការអនុគ្រោះពន្ធក្រោមកម្មវិធី «រាល់មុខទំនិញលើកលែងសព្វាវុធ» ឬ (EBA)បានធ្វើឱ្យកម្ពុជាចំណេញប្រាក់ជិត ៧០០ លានដុល្លារក្នុងមួយឆ្នាំៗ ហើយតាមរយៈកម្មវិធី GSP កម្ពុជានាំទំនិញចូលទីផ្សាររបស់សហរដ្ឋអាមេរិកចំនួន ៤០០ លានដុល្លារនៅឆ្នាំ ២០១៧ ដោយមិនបង់ពន្ធគយ។
កម្មករជិត ១លាននាក់នៅកម្ពុជាពឹងផ្អែកលើវិស័យវាយនភណ្ឌ និងផលិតផលផ្សេងទៀត ដែលរកចំណូលជាង ៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយសារតែការនាំចេញផលិតផលទៅទីផ្សារអឺរ៉ុប។ វិស័យឧស្សាហកម្មនេះគឺជាវិស័យសំខាន់មួយក្នុងចំណោមវិស័យចំនួន ៤ ដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យកសិកម្ម សំណង់ និងទេសចរណ៍។
ក្រុមសហជីព អ្នកឃ្លាំមើលសង្គម និងអ្នកធ្វើការពាក់ព័ន្ធនឹងសិទ្ធិកម្មករជាច្រើនបានលើកឡើងជាបន្តបន្ទាប់ពីការព្រួយបារម្ភ និងផលប៉ះពាល់ថា កម្ពុជាអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធត្រូវបានដកចេញពីកម្ពុជា។
ក្រៅពីអ្នកឃ្លាំមើលសង្គម និងអ្នកធ្វើការការពារសិទ្ធិកម្មករ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC ដែលតំណាងឲ្យក្រុមអ្នកនាំចេញសម្លៀកបំពាក់ពីប្រទេសកម្ពុជាក៏បានបង្ហាញពីការបារម្ភរបស់ខ្លួនពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ នេះដែរ។
ចំណែកធនាគារពិភពលោកក៏បានព្រមាននាពេលកន្លងទៅថា សេដ្ឋកិច្ចកម្ពុជានឹងត្រូវប្រឈមនឹងហានិភ័យ ប្រសិនបើកម្ពុជាបាត់បង់ការអនុគ្រោះពន្ធដល់ទំនិញ ប្រសិនបើសេដ្ឋកិច្ចប្រទេសចិនធ្លាក់ចុះ៕