សហគមន៍​អន្តរជាតិ​ស្វាគមន៍​ការ​លើកលែង​ទោស​លោក​សម រង្ស៊ី​ថា​ ជា​សញ្ញា​វិជ្ជមាន

  • ​គង់ ​សុឋានរិទ្ធ

លោក​​សម រង្ស៊ី និង​​លោកកឹម សុខា ​មេដឹកនាំ​​គណបក្ស​​សង្គ្រោះជាតិ​​​នៅក្នុងកិច្ច​សម្ភាសន៍​ជាមួយ​វីអូអេ​អំពី​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង​នេះ។​

រដ្ឋាភិបាល​បារាំង​បាន​ស្វាគមន៍​ការលើកលែងទោស​ដល់​លោក​សម​ រ​ង្ស៊ី​ ដោយ​ចាត់​ទុក​ថា​ ការ​លើក​លែងទោស​នេះ​គឺជា​ជំហាន​វិជ្ជមាន​មួយ​សម្រាប់​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា។​

ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ បាន​លើកលែងទោស​មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​មាន​សក្តានុពល​នេះ​កាលពី​ថ្ងៃ​សុក្រ​ទី​១២​ខែកក្កដា​ សប្តាហ៍​មុន​នេះ​ បន្ទាប់​ពី​លោក​សម​ រ​ង្ស៊ី​ បាន​និរទេស​ខ្លួន​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​គេច​ពី​ការតាម​ចាប់ខ្លួន​ដាក់​ពន្ធនាគា​របស់​អាជ្ញា​ធរ​ខ្មែរ​ចាប់តាំងពី​ឆ្នាំ​២០០៩​មក។​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បារាំង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ​ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​នោះ​ទើបនឹង​ធ្លាក់​ដល់​ដៃ​បណ្តាញ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ហើយ​មាន​ខ្លឹមសារ​ថា៖ «ប្រទេស​បារាំង​សូម​ស្វាគមន៍​ជា​វិជ្ជមាន​ចំពោះ​ការប្រោស​ព្រះ​រាជទាន​លើកលែងទោស​លោក​សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ជំទាស់​សំខាន់​នៅ​កម្ពុជា»​។​

​ការ​លើកលែងទោស​នេះ​ធ្វើ​ឡើង​ជាង​ពីរ​សប្តាហ៍​មុន​នឹង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិ​កាល​ទី​៥​ចាប់ផ្តើម។​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បារាំង​ចាត់​ទុក​ថា​ «ការបោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា​នោះ​គឺជា​ពេលវេលា​ដ៏​មាន​សារៈសំខាន់​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា» ​ហើយ​ប្រទេស​បារាំង​«​ផ្តល់​សារៈសំខាន់​យ៉ាង​ខ្លាំង​ដល់​ការ​បោះ​ឆ្នោត​នេះ»។​

អ្នកនាំពាក្យ​ដដែល​លើក​ឡើង​ថា​ការលើកលែងទោស​លោក​សម​ រង្ស៊ី​ គឺជា​កាយវិការ​វិជ្ជមាន​មួយ​របស់​អាជ្ញា​ធរ​កម្ពុជា​«​ដែល​នឹង​អាច​ជួយ​ឲ្យ​ការបោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់​ មាន​តម្លាភាព​និង​អាច​ជឿជាក់​បាន»។​

លោក​សម​ រ​ង្ស៊ី​ ដែល​មាន​សញ្ជាតិ​បារាំង​ផង​និង​សញ្ជាតិ​ខ្មែរ​ផង​ត្រូវ​តុលាការ​ខ្មែរ​ដាក់​ទោសឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១១​ឆ្នាំ​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​នៅ​ស្រុក​ច​ន្ទ្រា​ ខេត្តស្វាយរៀង​និង​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បទ​ក្លែង​ឯកសារ​សាធារណៈ។​

ការ​ដាក់ទោស​នេះ​ដែល​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ចាត់​ទុក​ថា​ដោយសារ​មូលហេតុ​នយោបាយ។​

​លោក​យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​និង​ជា​បេក្ខជន​តំណាងរាស្ដ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​នេះ​ជា​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​យ៉ាង​មាន​សារៈសំខាន់។​

​លោក​និយាយថា៖ «ការ​គាំទ្រ​របស់​សហគមន៍​អន្តរជាតិ​ជា​សក្ខីភាព​នៃ​ការ​គាំទ្រ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​និង​លោក​ប្រធាន​សម​ រង្ស៊ី។​ ឯកឧត្តម​សម​ រង្ស៊ី​ និង​ឯក​ឧត្តម​កឹ​ម​ សុខា​ ដើរតួ​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ​ជា​ពិសេស​ការ​ជំរុញ​ឲ្យ​មានការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌»។​

​ជាមួយ​គ្នា​នេះ​ដែរ​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក​ស្រី​ Jen​ Psaki​ ក៏​បាន​ស្វាគមន៍​ការលើកលែងទោស​លោក​សម​ រ​ង្ស៊ី​ នេះ​ដែរ​កាលពី​ថ្ងៃ​សុក្រ។​ ក៏​ប៉ុន្តែ​សហ​រដ្ឋអាមេរិក​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ក​បរិយាកាស​សុវត្ថិភាព​ដល់​ការ​វិល​ត្រឡប់​របស់​លោក​សម​ រ​ង្ស៊ី​ ព្រមទាំង​អនុញ្ញាត​ឲ្យ​រូប​លោក​ចូលរួម​ការបោះ​ឆ្នោត​វិញ​បាន។​

ដោយឡែក​លោក​ Mr.​ Yoshihiro​ HIGUCHI​ អនុប្រធាន​បេសកកម្ម​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​មាន​ប្រសា​ន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែរ​ថា​ក៏​បាន​សម្តែង​ការ​ស្វាគមន៍​ដូច​គ្នា​នេះ​ដែរ​ដោយ​ផ្តោត​សារៈសំខាន់​លើ​ការ​ផ្សះផ្សារ​ជាតិ​ក្នុង​ប្រទេស។​

​លោក​គូសបញ្ជាក់​ថា៖ ​«​ប្រទេស​ជប៉ុន​សង្ឃឹមថា​បានឃើញ​ការ​បោះ​ឆ្នោតជាតិ​នៅ​កម្ពុជា​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​ត្រឹមត្រូវ​ ដោយ​រលូន​និង​ដោយ​សន្តិភាព»។​

លោក​សម​ រ​ង្ស៊ី​ គ្រោង​នឹង​ត្រឡប់​មក​ដល់​ក្រុងភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​ទី​១៩​ សប្តាហ៍​នេះ​ដើម្បី​ចូលរួម​ការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក។​
​មន្ត្រី​ផ្លូវការ​របស់​គណបក្ស​នេះ​ថ្លែង​ថា​លោក​សម​ រ​ង្ស៊ី​នឹង​ត្រូវ​ទទួល​ស្វាគមន៍​ដោយ​អ្នក​គាំទ្រនិង​សកម្មជន​នយោបាយ​សរុប​ប្រមាណ​៤​ម៉ឺន​នាក់៕