សហគមន៍អន្តរជាតិមួយចំនួនរួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ាផង បានសម្ដែង«ការខកចិត្ត»និងបានថ្កោលទោសចំពោះការកាត់ទោសអ្នកកាសែត Reuters ពីរនាក់ក្នុងប្រទេសនេះ ឱ្យជាប់ពន្ធនាគារ៧ឆ្នាំ។
ប្រតិកម្មអន្តរជាតិនេះកើតឡើងភ្លាមៗ ក្រោយពីតុលាការមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទ ទី៣ ខែកញ្ញា នេះ បានរកឃើញថាអ្នកកាសែត Reuters ទាំងពីរនាក់ គឺលោក Wa Lone និងលោក Kyaw Soe Oo មានទោសពីបទរំលោភច្បាប់ស្ដីពីការសម្ងាត់របស់រដ្ឋ ហើយបានសម្រេចកាត់ទោសអ្នកកាសែតទាំងពីរនាក់ឱ្យជាប់ពន្ធនាគារ៧ឆ្នាំ។
លោក Knut Ostby អ្នកសម្របសម្រួលទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សធម៌ក្នុងប្រទេសមីយ៉ាន់ម៉ាឬដែលគេធ្លាប់ហៅថាភូមានោះ បានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃច័ន្ទនេះថា៖
«យើងខកចិត្តចំពោះសេចក្ដីសម្រេចរបស់តុលាការនៅថ្ងៃនេះ។ អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យដោះលែងអ្នកកាសែត Reuters ទាំងពីរនាក់ ហើយបានជំរុញឱ្យអាជ្ញាធរ គោរពសិទ្ធិរបស់ពួកគេក្នុងការស្វែងរកសេរីភាពបញ្ចេញមតិនិងព័ត៌មាន។ លោក Wa Lone និងលោក Kyaw Soe Oo គួរតែត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅជួបជុំក្រុមគ្រួសាររបស់ពួកគេ ហើយបន្តការងាររបស់ពួកគេក្នុងនាមជាអ្នកកាសែតវិញ»។
ការកាត់ទោសអ្នកកាសែត Reuters ទាំងពីរនាក់នេះធ្វើឡើង ក្រោយពីអ្នកកាសែតទាំងពីរនាក់នេះ បានព្យាយាមស្វះស្វែងរកនិងរាយការណ៍ព័ត៌មានអំពីអំពើហិង្សារបស់អាជ្ញាធរមីយ៉ាន់ម៉ាទៅលើពលរដ្ឋភាគតិចរ៉ូហ៊ីងយ៉ា កាន់សាសនាឥស្លាមក្នុងរដ្ឋ Rakhine ដែលបានភៀសខ្លួនចូលក្នុងប្រទេសបង់ក្លាដេស ដើម្បីគេចពីអំពើហិង្សាទាំងនោះ។
នៅពេលត្រូវបានចាប់ខ្លួនកាលពីខែធ្នូឆ្នាំមុន អ្នកកាសែតទាំងពីរនាក់នេះកំពុងស៊ើបអង្កេតទៅលើករណីសម្លាប់អ្នកភូមិជនជាតិរ៉ូហ៊ីងយ៉ាចំនួន១០នាក់ពីសំណាក់កងកម្លាំងសន្តិសុខ។
នៅពេលនោះ អ្នកកាសែត Reuters ទាំងពីរនាក់ បានជួបជាមួយនឹងមន្ត្រីប៉ូលិសមីយ៉ាន់ម៉ាពីរនាក់ក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងរ៉ង់ហ្គូន ហើយក៏ទទួលបានកញ្ចប់ឯកសារពីមន្ត្រីប៉ូលិសទាំងពីរនាក់នោះ។
ប៉ុន្តែអ្នកកាសែតReuters ទាំងពីរនាក់ ក្រោយមក បែរជាត្រូវបានចោទប្រកាន់ថាបានរំលោភលើច្បាប់រក្សាការសម្ងាត់ផ្លូវការរបស់មីយ៉ាន់ម៉ា ទោះបីជាអ្នកកាសែតទាំងពីរនាក់នេះ បានបដិសេធថា ពួកគេមិនបានសុំឯកសារទាំងនោះពីប៉ូលិសក៏ដោយ។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch បានសរសេរតាមបណ្ដាញ Twitter របស់លោកនៅថ្ងៃ ច័ន្ទ នេះដែរថា «គ្មានវាចានឹងថ្លែងចំពោះភាពអយុត្តិធម៌ហួសហេតុ ប្រឆាំងនឹងអ្នកកាសែត Reuters ទាំងពីរនាក់ គឺលោក Wa Lone និងលោក Kyaw Soe Ooនេះទេ»។
លោក Phil Robertson សរសេរបន្តថា «តើប្រព័ន្ធយុត្តិធម៌មីយ៉ាន់ម៉ា អាចពន្យល់ហេតុផលយ៉ាងម៉េចបាន ចំពោះការចាប់អ្នកកាសែតដែលធ្វើការងាររបស់ខ្លួន ឱ្យទទួលទោសជាប់ពន្ធនាគារដ៏យូរ ជាជាងចាប់ពួកទាហានដែលបានសម្លាប់ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ១០នាក់ ដូចដែលអ្នកកាសែតទាំងពីរនាក់បានរាយការណ៍ក្នុងរឿងរបស់ពួកគេនោះ? »
កន្លងមក ទាំងអង្គការសហប្រជាជាតិ ទាំងសហភាពអឺរ៉ុប ព្រមទាំងបណ្ដាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យធំៗដូចជាសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលីជាដើម សុទ្ធតែបានអំពាវនាវឱ្យមានការទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងអ្នកកាសែត Reuters ទាំងពីរនាក់នេះ។
លោក Charles Santiago ប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) បានថ្លែងតាមសារអេឡិចត្រូនិកនៅថ្ងៃច័ន្ទ នេះដែរថា ការកាត់ទោសអ្នកកាសែត Reuters ទាំងពីរនាក់នេះ គឺជាការចំអកឱ្យយុត្តិធម៌ ដែលការណ៍នេះធ្វើឱ្យខ្សោយដល់សេរីភាពសារព័ត៌មាននិងប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសមីយ៉ាន់ម៉ា»។
លោក Charles Santiago បានសរសេរបន្តទៀតថា «បុរសជាអ្នកកាសែតទាំងពីរនាក់នេះ កំពុងត្រូវបានបំបែកចេញពីក្រុមគ្រួសាររបស់ពួកគេ ដោយគ្មានហេតុផលត្រឹមត្រូវសោះ។ នៅទូទាំងតំបន់ទាំងមូល អ្នកកាសែតកំពុងប្រឈមនឹងការជាប់ពន្ធនាគារ ឬក៏ស្ថានភាពអាក្រក់អាក្រីជាងនេះទៀត ដោយសារតែការគ្រាន់តែធ្វើការងាររបស់ខ្លួនប៉ុណ្ណោះ។ ក្តីសង្ឃឹមយ៉ាងមុតមាំពីដំបូងថា ប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកស្រី អង់សាន ស៊ូជី នឹងឈរនៅខាងបណ្ដាប្រទេសទាំងឡាយ ដែលជំរុញឱ្យមានលទ្ធិប្រជាធិបតេយ្យនិងសេរីភាពកាន់តែទូលាយជាងមុនក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ កំពុងតែកាន់តែស្រអាប់ឡើង»។
អ្នកកាសែត Reuters ទាំងពីរនាក់ គឺលោក Wa Lone និងលោក Kyaw Soe Oo បានបដិសេធថា ពួកគេគ្មានកំហុសដូចការចោទប្រកាន់នោះទេ៕