រដ្ឋាភិបាលកម្ពុជាបានស្នើឱ្យអាជ្ញាធរមូលដ្ឋានបង្កើនកិច្ចខំប្រឹងប្រែង ធ្វើឯកសារបញ្ជាក់អត្តសញ្ញាណជូនអ្នកបោះឆ្នោតដែលខូច ឬបាត់អត្តសញ្ញាណប័ណ្ណ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែល VOA បានទទួល។
សេចក្តីប្រកាសរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញនៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៨នេះ បានបញ្ជាឲ្យអាជ្ញាធរឃុំ សង្កាត់បង្កើនការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតជូនប្រជាពលរដ្ឋ។
សេចក្តីប្រកាសនោះសរសេរក្នុងន័យដើមថា៖
«ត្រូវណែនាំដល់អាជ្ញាធរឃុំ សង្កាត់ឲ្យយកចិត្តទុកដាក់ និងពន្លឿនការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋដែលបានស្នើសុំយកទៅប្រើប្រាស់ក្នុងការបោះឆ្នោត»។
សេចក្តីប្រកាសបានបន្តក្នុងន័យដើមថា៖
«ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនត្រូវបានបាត់ ឬខូច ដោយណែនាំដល់សាម៉ីខ្លួនត្រូវរួសរាន់ដាក់ពាក្យស្នើសុំឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនៅរដ្ឋបាលឃុំ សង្កាត់សាម៉ី»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃពុធនេះថា សេចក្តីអំពាវនាវឲ្យអាជ្ញាធរបង្កើនការចេញឯកសារបញ្ជាក់អត្តសញ្ញាណនេះ ដោយសារមានសេចក្តីរាយការណ៍មកថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានយកអត្តសញ្ញាប័ណ្ណពីពលរដ្ឋដែលទិញរបស់ប្រើប្រាស់តាមការបង់រំលោះ ឬពលរដ្ឋខ្លួនឯងបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ដោយយកអត្តសញ្ញាណប័ណ្ណរបស់ខ្លួនទៅធ្វើអ្វីដើម្បីបន្តការរកស៊ី។
«យើងបានដឹងព័ត៌មានហ្នឹងថា កន្លងមកមានស្ថាប័ន មីក្រូហិរញ្ញវត្ថុមួយចំនួនតូចទេ ឬក៏ឈ្មួញ ដែលជាអ្នកដាក់បញ្ចាំអីហ្នឹង យកអត្តសញ្ញាណប័ណ្ណរបស់ពលរដ្ឋយើងដើម្បីជាថ្នូរនឹងការបញ្ចាំយក ជាប្រាក់ក្តី ឬក៏ជាសម្ភារៈក្តី។ ឧទាហរណ៍ថា នែ៎ អាចទិញទូរសព្ទមួយ ដោយដាក់អត្តសញ្ញាណប័ណ្ណទៅ ហើយបង់រំលោះ»។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ ថ្លែងបន្ថែមថា៖
«អីចឹងបានជាថា ពេលនេះយើងបានណែនាំទៅឲ្យអាជ្ញាធរមូលដ្ឋានសុំឲ្យជួយបំពេញ ចេញអត្តសញ្ញាណប័ណ្ណជូនគាត់វិញ តាមផ្លូវច្បាប់ ដែលអាចចេញបាននោះណា៎ ព្រោះថា គាត់អាចដាក់ពាក្យសុំបានដើម្បីយកមកប្រើប្រាស់ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខហ្នឹង»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះក៏បានលើកឡើងផងដែរថា ការជំរុញឲ្យពលរដ្ឋទៅបោះឆ្នោតចំនួនច្រើននេះ មិនមែនដោយហេតុថា រដ្ឋាភិបាលបារម្ភអំពីចំនួនអ្នកបោះឆ្នោតតិចតួចអាចប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតនោះទេ តែជាការបង្ហាញនូវការប្តេជ្ញារបស់រដ្ឋាភិបាលក្នុងការជំរុញឲ្យពលរដ្ឋប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួនកុំបីខាន។
បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលតាមបណ្តឹងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន កាលពីឆ្នាំមុននោះ គេសង្កេតឃើញក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា បានចុះពន្យល់ និងណែនាំប្រជាពលរដ្ឋនៅតាមសហគមន៍នានាឲ្យគូសសន្លឹកឆ្នោតជ្រើសរើសយកគណបក្សប្រជាជនកម្ពុជា។
នេះបើតាមរូបភាពរបស់ក្រុមមន្ត្រីមួយចំនួនដែលត្រូវបានគេថត និងចែករំលែកបន្តលើបណ្តាញទំនាក់ទំនងសង្គម។
ស្របពេលជាមួយគ្នានោះដែរ ក្រុមមន្ត្រី និងអ្នកគាំទ្រគណបក្សប្រឆាំង ដែលត្រូវបានរំលាយចោលនោះ ក៏បង្កើនយុទ្ធនាការ តាមអ្វីដែលគេដឹងថា យុទ្ធនាការម្រាមដៃស្អាត ដើម្បីប្រឆាំងនឹងការបោះឆ្នោតក្លែងក្លាយមួយ។
ជាងនេះទៅទៀត វោហារសព្ទនយោបាយជាច្រើនត្រូវបានប្រើប្រាស់ដោយក្រុមគណបក្សកាន់អំណាច ដែលអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត ដើម្បីរក្សាស្ថិរភាព និងដំណើរអភិវឌ្ឍន៍សង្គម ខណៈដែលក្រុមជំទាស់ប្រកែកថា ការបោះឆ្នោតខាងមុខនោះជាការបោះឆ្នោតស្មោគគ្រោក និងជាការបង្គ្រប់កិច្ចសម្រាប់គណបក្សកាន់អំណាចរបស់លោកហ៊ុន សែន ដឹកនាំប្រទេសកម្ពុជាបន្តទៀតតែប៉ុណ្ណោះ។
ក្រុមមន្ត្រីយោធាកម្ពុជាកំពូលៗមួយចំនួន ក៏ត្រូវគេឃើញចុះឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាផងដែរ។ ក្រុមមន្ត្រីទ័ពខ្លះបានព្យួរតួនាទីពីកងទ័ព តែមន្ត្រីខ្លះទៀត ចុះឃោសនាទាំងខ្លួនកំពុងបំពេញតួនាទីដឹកនាំអង្គភាពទ័ព។
ការបោះឆ្នោតនៅអាណត្តិនេះក៏កំពុងប្រឈមនឹងកង្វះភាពស្របច្បាប់ នៅពេលដែលគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសត្រូវបានគេផាត់ចេញពីការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមការប្រកាសនានារបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ សហគមន៍ប្រជាធិបតេយ្យ ដូចជាសហភាពអឺរ៉ុប និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
ទោះបីជាមានការរិះគន់មិនចេះចប់មិនចេះហើយយ៉ាងណាក្តី រដ្ឋាភិបាលកម្ពុជានៅបន្តអះអាងថា ការរំលាយគណបក្សសង្គ្រោះជាតិគឺធ្វើឡើងទៅតាមច្បាប់ជាធរមានរបស់ប្រទេសដែលមានអធិបតេយ្យ រីឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ដែលលែងមានសមាជិកមកពីគណបក្សប្រឆាំងនោះ បានអះអាងជារឿយៗថា ខ្លួនធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់រៀបចំការបោះឆ្នោតនេះទៅតាមច្បាប់កំណត់។
ទាំងគ.ជ.ប.និងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះជាមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ មិនមានការចូលរួមសង្កេតការណ៍របស់ក្រុមសង្គមស៊ីវិល និងមិនមានការទទួលស្គាល់លទ្ធផលឆ្នោតពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ។
ក្នុងអាណត្តិទីប្រាំមួយនេះទៀតសោត គ.ជ.ប.ក៏ត្រូវបានគេសង្កេតឃើញថា បានប្រឹងប្រែងទ្វេរដងដើម្បីបញ្ជ្រាបចំណេះដឹងដល់ពលរដ្ឋជាម្ចាស់សន្លឹកឆ្នោត ឲ្យយល់ពីដំណើរការបោះឆ្នោត។ ស្ថាប័ននេះបានងាកទៅប្រព័ន្ធពហុបច្ចេកវិទ្យាក្នុងការផ្តល់ព័ត៌មានថ្មីៗដល់ម្ចាស់សន្លឹកឆ្នោតទៀតផង។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លើកឡើងថា លទ្ធផលនៃការបោះឆ្នោតខាងមុខនេះនឹងមិនអាចធ្វើឲ្យមានការរាំងស្ទះដល់ការបង្កើតរដ្ឋាភិបាលនោះទេ ព្រោះចំនួនអ្នកចេញទៅបោះឆ្នោតតិចឬច្រើននោះមិនមែនជាសួចនាករខាងច្បាប់សម្រាប់បញ្ជាក់ថា ការបោះឆ្នោតនោះត្រឹមត្រូវ ឬក៏អត់នោះឡើយ។ លោកថា វាជារឿងអាម៉ាស់របស់រដ្ឋាភិបាល បើអ្នកបោះឆ្នោតមិនមានចំនួនច្រើន ហើយបើការបោះឆ្នោតនោះមិនត្រូវបានផ្តល់ឲ្យរាល់គ្រប់និន្នាការនយោបាយបានចូលរួម តួយ៉ាងគណបក្សសង្គ្រោះជាតិ ដែលបានបាត់សិទ្ធិក្នុងការឈរឈ្មោះនោះ។
លោកជឿជាក់ថា សហគមន៍អន្តរជាតិក៏កំពុងតាមដានយ៉ាងដិតដល់ក្នុងដំណើរបោះឆ្នោតដ៏ចម្រូងចម្រាសនេះដែរ ហើយប្រសិនបើសហគមន៍អន្តរជាតិកាន់លទ្ធិប្រជាធិបតេយ្យមិនពេញចិត្តនឹងការរៀបចំបោះឆ្នោតខាងមុខទេនោះ នោះកម្ពុជានឹងងាកទៅដើរលើវិថីលំបាកលំបិនមួយ។
«កាលណាមិនមានការគាំទ្រទេនោះ ខ្ញុំគិតថា កម្ពុជានឹងធ្វើដំណើរនៅលើផ្លូវដ៏លំបាក និងវែងឆ្ងាយទៀត បាទ»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា ខុមហ្វ្រែល យល់ថា រហូតមកដល់ពេលនេះ បញ្ហាចម្រូងចម្រាសមួយចំនួននៅតែបានយាយីដល់ការបោះឆ្នោតនាចុងខែកក្កដានេះ ទាក់ទិនបរិយាកាសនយោបាយដែលមានសំឡេងពីរប្រឆាំងគ្នាគឺ ក្រុមមន្រ្តីរដ្ឋាភិបាលបានខិតខំអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត ពេលដែលក្រុមមន្ត្រីគណបក្សប្រឆាំងបានខិតខំបញ្ចុះបញ្ចូលឲ្យពលរដ្ឋកុំទៅបោះឆ្នោត។ ចំណែកសហគមន៍អន្តរជាតិនៅបន្តស្នើឲ្យមានការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌។
«សម្រាប់ស្ថានភាពនៅបរទេស សហគមន៍អន្តរជាតិ គឺនៅតែដដែលគឺថា ទទូចឲ្យមានការស្នើសុំថា ឲ្យមានការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌។ នេះគឺជាអ្វីដែលយើងមើលឃើញ អំពីបញ្ហាទាក់ទិននឹងរឿងស្ថានភាពនៃនយោបាយទាក់ទងការបោះឆ្នោត»។
ដោយឡែក ការបោះឆ្នោតខាងមុខនេះ ក៏នឹងមានឥទ្ធិពលមិនល្អផងដែរទៅលើសេដ្ឋកិច្ចកម្ពុជា ដែលនៅពឹងផ្អែកខ្លាំងលើឧស្សាហកម្មកាត់ដេរ។ បើងាកទៅមើលការឃ្លាំមើលរបស់សហភាពអឺរ៉ុប ដែលមន្ត្រីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបទើបតែបានបញ្ចប់បេសកកម្មស្វែងរកការណ៍ពិតអំពីការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងាររបស់កម្ពុជាថ្មីៗនេះ។
ក្រុមតំណាងរាស្ត្រ១៨រូបរបស់សភាសហភាពអឺរ៉ុបបានបញ្ជាក់ច្បាស់ៗផងដែរក្នុងសេចក្តីប្រកាសមួយថា ការបោះឆ្នោតដែលមិនមានគណបក្សប្រឆាំងសំខាន់ចូលរួមមិនមែនជាការបោះឆ្នោតស្របច្បាប់នោះឡើយ។ ហើយក្រុមមន្ត្រីពាណិជ្ជកម្មសភាពអឺរ៉ុបដែលបានបញ្ចប់បេសកកម្មស្វែងរកការណ៍ពិតនៅកម្ពុជា នឹងពិចារណាឡើងវិញផងដែរអំពីគម្រោងអនុគ្រោះពន្ធដល់ទំនិញកាត់ដេរកម្ពុជាតាមកម្មវិធី«អនុគ្រោះពន្ធសម្រាប់ទំនិញទាំងអស់វៀរលែងតែអាវុធ» ប្រសិនបើស្ថានការណ៍ប្រជាធិបតេយ្យនៅកម្ពុជាមិនបានល្អប្រសើរឡើងវិញនោះ៕