ក្រសួង​មហាផ្ទៃ​នឹង​ហាម​ឃាត់​ការហែរក្បួន​ឃោសនា​ឆ្លង​មណ្ឌល

រូបឯកសារ៖ ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​របស់​លោក ហ៊ុន សែន រាំ​នៅ​ក្រោម​រូប​របស់​មេដឹកនាំ​គណបក្ស​នេះ ដែល​ពីឆ្វេង​ទៅ​ស្តាំ​គឺ លោក ជា ស៊ីម ដែល​បាន​ស្លាប់​ទៅ​ហើយ លោក ហ៊ុន សែន និង​លោក ហេង សំរិន ក្នុង​ពេល​ឃោសនា​បោះឆ្នោត​មួយ​នៅ​រាជធានី​ភ្នំពេញ នៅ​ខែមិថុនា ឆ្នាំ២០១៣។

លោក​ស ខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ប្រកាស​ជាសាធារណៈ​នៅឯ​ខេត្ត​ព្រះសីហនុកាល​ពីថ្ងៃ​ច័ន្ទ​ថា​ ការ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ មិន​អាច​ធ្វើ​លើស​ពី​រយៈពេល​១០​ថ្ងៃ​

លោក​ស ខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ប្រកាស​ជាសាធារណៈ​នៅឯ​ខេត្ត​ព្រះសីហនុកាល​ពីថ្ងៃ​ច័ន្ទ​ថា​ ការ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ មិន​អាច​ធ្វើ​លើស​ពី​រយៈពេល​១០​ថ្ងៃ​ ហើយ​ការ​ហែរ​ក្បួន​ឃោស​នា​ ក៏នឹង​មិន​អនុញ្ញាត​ឲ្យធ្វើ​ហួស​ពី​ដែន​កំណត់​នៃ​មណ្ឌល​បោះ​ឆ្នោត​នីមួយៗ​។​

ការ​លើក​ឡើង​របស់​លោករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃចំពោះ​ការ​រឹត​បន្តឹង​នៃ​ចំនួន​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ និង​ការ​ហែរ​ក្បូន​នេះ​ សំដៅ​ដល់​ការ​សម្រួល​ និងរក្សា​សណ្តាប់​ធ្នាប់​សន្តិ​សុខ​សង្គម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ និង​ដើម្បី​បញ្ចៀស​ការ​តវ៉ា​នានា​ ដែល​ធ្លាប់​កើត​មាន​ឡើង​ដូចនៅ​ឆ្នាំ​២០១៣នោះ​។​

«ក្បួន​ដង្ហែរ​បោះ​ឆ្នោត​ឃុំ គឺ​ឃុំ​ជា​មណ្ឌល​ បើ​បោះ​ឆ្នោត​ជាតិ​ ខេត្ត​ជា​មណ្ឌល​។​ អញ្ចឹង​បោះ​ឆ្នោត​ហ្នឹង​ យើង​ខ្ញុំ​ស្នើ​ថា​ ការ​ដង្ហែរ​ក្បួន​ តែ​ក្នុង​ក្រប​ខ័ណ្ឌ​ឃុំ​ហ្នឹង​ទេ​ មិន​ឲ្យ​ឆ្លង​ឃុំ​ដទៃ​ទេ​ ព្រោះ​ឃុំ​ដទៃ​ជាមណ្ឌល​មួយ​ផ្សេង​ទៀត​»។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​៖ «អ្នក​ការពារ​ពិបាក​ណាស់​ អត់​មាន​ពេល​ដេក​ ពេល​ងើប​ទេ​ អាបោះ​ឆ្នោត​យើង​ការ​ពារ​បាន​ល្អ​ហើយ​ ក៏​នៅ​តែ​មិន​សុខ​ តវ៉ា​ពេញ​មួយ​ឆ្នាំ​រកស្អី​ជា​ដុំ​កំភួន​ អត់​បាន​វា​គ្មាន​។​ ដោយ​សារ​រកដុំ​កំភួន​មិន​បាន​ បាន​គាត់​នាំ​គ្នា​ចូល​ក្នុង​សភា​។​ អញ្ចឹង​ទីបំផុត​មួយ​ឆ្នាំ​ហ្នឹង​ គាត់​បំផ្លាញ​ចោល​ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​មួយ​ឆ្នាំ​មិន​ស្ទើរ​ទេ។​ វាមិនមែន​ត្រឹម​តែ​ទ្រឹង​ទេ​ ប៉ុន្តែ​វា​ថយ​ទៀត​ ពីព្រោះ​ថា​ អ្នក​វិនិយោគ​ គេ​ថា​អើយ​ចាំ​មើល​សិន​ខ្មែរ​ឈ្លោះ​គ្នា​ អញ្ចឹង​អញ​មិន​ទាន់​ទៅ​ ហើយអាណា​មួយ​ចំនួន​ទៀត​ ថា​អញ្ចឹង​ដក​វិញ​»។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​បាន​ឈ្នះ​អាសនៈ​ចំនួន​៦៨ ​ខណៈ​ដែលគណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ចំនួន​៥៥​ពី​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៣។​ ក៏ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​បាន​តវ៉ា​ថា​ លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​មិនបាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈរាស្ត្រ ​ព្រម​ទាំង​មាន​ការ​លួច​បន្លំ​ថែម​ទៀត​ផង​។

លោកយ៉ែម បុញ្ញឬទ្ធិ​ អ្នកនាំពាក្យ​គណបក្សសង្គ្រោះ​ជាតិ​ បាន​ថ្លែង​ថា​ ​មេដឹកនាំ​នៃ​គណបក្ស​សង្គ្រោះជាតិនឹង​បន្ត​ការ​ពិភាក្សា​លើ​ការ​ហាម​ឃាត់​ក្នុង​ហែរ​ក្បួន​ឃោសនា ហើយ​ថា​សភា​នឹង​ពិចារណា​លើ​សំណើ​របស់​ក្រុម​សំឡេង​ភាគតិច​ក្នុង​ការ​រក្សា​ចំនួន​ថ្ងៃ​ឃោសនា​ឲ្យ​នៅ​ដដែល​ផង​ដែរ។​ ​

«ក្នុង​ការ​ជជែក​រវាង​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ យើង​បាន​ជជែក​ គ្នា​មិន​ទាន់​បាន​ឯកភាព​គ្នា​នៅ​ឡើយ​ទេ​ គឺថា​ទី​មួយ​ យើង​សុំ​ឲ្យ​រក្សា​ទុក​ រយៈពេល​ឃោសនា​ នៅ​រយៈពេល​ដដែល​ ហើយ​ការ​ឃោសនា​នៅ​ក្នុង​ស្រុក​ ក្នុង​ឃុំ​ហ្នឹង​ គឺកុំ​ឲ្យ​កំណត់​ត្រឹម​តែ​នៅ​ក្នុង​ឃុំ​នោះ​ គឺគួរ​កំណត់​នៅ​ក្នុង​ស្រុក​ ដែល​មាន​ឃុំ​នៅ​ក្រោម​ស្រុក​នោះ​»។​

​លោក​គល់ បញ្ញា​ នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ ដែល​ហៅកាត់​ថា​ ខុមហ្រែ្វល​ ​COMFREL ឲ្យ​ដឹង​ថា​ ការ​កំណត់​ពេល​វេលា​នៃ​ការ​ឃោសនា​មិន​មែន​ជា​ចំណុច​គួរ​ឲ្យ​បារម្ភ​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ទេ ​តែ​ការ​ផ្តល់​ឱកាស​ឲ្យ​ស្មើ​ភាព​គ្នា​ដល់​គណបក្ស​នយោបាយក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​តាម​ទីកន្លែង​សាធារណៈ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទើប​ជាចំណុច​ស្នូល​មួយ​នៅ​ក្នុង​ការ​បោះ​ឆ្នោតប្រកប​ដោយយុត្តិធម៌​។​ លោក​បន្ថែមថា​ ចំណុច​ដែល​គួរ​ឲ្យ​បារម្ភនោះ​គឺ​ ធនធាន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ការ​ឃោសនាបោះ​ឆ្នោត។​

«គេព្រួយបារម្ភ​នោះ​ គឺ​រឿង​បញ្ហា​ហិរញ្ញវត្ថុ​ឃោសនា​បោះ​ឆ្នោត​ដែលគិតថា​វា​មិន​មាន​ជំរឿន​អ្វី​ ឲ្យ​បាន​ត្រឹម​ត្រូវ​ថា​តើ​ មាន​លុយ​ចំណូល​ហើយ​ចំណាយ​ពេលឃោសនា​បោះ​ឆ្នោត​ប៉ុណ្ណា​ ព្រោះ​វាមាន​បញ្ហា​រឿង​ទិញសន្លឹក​ឆ្នោត​ ទិញ​អី​អញ្ចឹង​ដែរ​ហើយ​ការ​ប្រើ​ប្រាស់​ហិរញ្ញវត្ថុ​ហ្នឹង​អាច​អត់​ត្រឹម​ត្រូវ​ អញ្ចឹង​ទៅ​យើង​ត្រូវ​តែ​មាន​បើក​ចំហរ​រឿង​ហ្នឹង​»។​

លោកបញ្ជាក់​ទៀតថា​ ​នឹង​មិនមាន​ការ​តវ៉ា​ណាមួយកើត​ឡើងទេ​ ប្រសិនបើការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ ដោយ​សេរី និង​យុត្តិធម៌​ពិត​ប្រាកដនោះ​។​

នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិការ​មិន​ចូល​ក្នុង​រដ្ឋ​សភា​ជាតិ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ ដោយ​បានដឹកនាំ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ ដែល​គណបក្ស​ប្រឆាំង​នេះ​ចោទ​ថា​ មាន​ភាព​មិនប្រក្រតី។

ប៉ុន្តែ​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប​បាន​ងាក​មក​កាន់​កាប់​អាសនៈ​សភា​របស់​ខ្លួន​វិញ​ បន្ទាប់​ពី​មាន​ព្រឹត្តិ​ការណ៍​ប៉ះទង្គិច​រវាង​បាតុករ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ក្រុម​សនិ្តសុខ​ជួល​ដោយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ដែល​បាន​កើត​ឡើង​កាល​ពីថ្ងៃ​ទី​១៥ខែ​កក្កដា​ឆ្នាំ​២០១៤។​ នៅ​ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​នោះ​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​៧រូប​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​មួយ​រយៈ​ពេល​ខ្លី​ និង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ឆ្នាំ​២០១៤។​

ច្បាប់​បោះ​ឆ្នោត​ថ្មី​ដែល​អនុម័ត​ដោយ​អ្នក​តំណាង​រាស្រ្ត​នៃគណបក្ស​ធំៗ​ទាំង​ពីរនៅ​ក្នុង​រដ្ឋសភា​កាល​ពី​ខែ​មីនា​ ​នឹង​មិន​បើក​ផ្លូវ​ឲ្យ​មាន​ការ​តវ៉ា​គគ្រឹកគគ្រេង​ដូចមុន​នោះ​ទេ៕