ខណៈដែលទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋរាប់រយគ្រួសារជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកំពង់ស្ពឺ មិនទាន់បានបញ្ចប់ ក្រសួងមហាផ្ទៃកាលពីថ្ងៃព្រហស្បតិ៍ បានចេញលិខិតមួយច្បាប់សម្រេចផ្អាកសកម្មភាពរបស់អង្គការសមធម៌ ដែលជាអង្គការផ្តល់ជំនួយផ្នែកច្បាប់ដល់ប្រជាពលរដ្ឋទាំងនោះ ដោយយោងលើបណ្តឹងរបស់ប្រជាពលរដ្ឋមួយក្រុមទៀតដែលត្រូវបានគេសង្ស័យថា ជាអ្នកគាំទ្រក្រុមហ៊ុន និងបានចោទអង្គការសមធម៌ ថា ជាអង្គការនេះមិនបានអនុវត្តកាតព្វកិច្ចតាមច្បាប់។
ក្រសួងមហាផ្ទៃប្រកាសផ្អាកសកម្មភាពអង្គការតស៊ូមតិក្នុងការការពារសិទ្ធិលំនៅឋាន ដីធ្លី និងធនធានធម្មជាតិមួយដែលមានឈ្មោះថា អង្គការសមធម៌កម្ពុជា ដោយយោងលើបណ្តឹងរបស់ពលរដ្ឋមួយក្រុម ដែលចោទថា អង្គការនេះធ្វើសកម្មភាពផ្ទុយពីច្បាប់។ ប្រធានអង្គការសមធម៌បានច្រានចោលការលើកឡើងរបស់ក្រសួងមហាផ្ទៃ ដោយថា ខ្លួនធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
លិខិតមួយច្បាប់ចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែកញ្ញា ផ្ញើទៅកាន់លោក អៀង វុទ្ធី ប្រធានអង្គការសមធម៌កម្ពុជា បញ្ជាក់ថា ក្រសួងមហាផ្ទៃសម្រេចផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជាជាបណ្តោះអាសន្ន ដោយថា អង្គការនេះធ្វើសកម្មភាពផ្ទុយនឹងលក្ខន្តិកៈរបស់ខ្លួន និងផ្ទុយពីច្បាប់។
លិខិតនោះត្រូវបានសរសេរក្នុងន័យដើមថា៖
«ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា អង្គការសមធម៌កម្ពុជា បានធ្វើសកម្មភាពដោយអនុវត្តផ្ទុយនឹងប្រការ៥ នៃលក្ខន្តិកៈរបស់ខ្លួនដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងផ្ទុយនឹងបញ្ញត្តិនៃមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ផ្អែកតាមបទប្បបញ្ញត្តិខាងលើនេះ ក្រសួងមហាផ្ទៃសម្រេចផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជាជាបណ្តោះអាសន្ន ក្នុងរយៈពេលយ៉ាងយូរ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ»។
លិខិតចេញដោយលោក ស ខេង ដដែលនោះបានបង្គាប់ឲ្យប្រធានអង្គការនេះជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីលេខគណនីសម្រាប់ប្រតិបត្តិការរបាយការណ៍បូកសរុបសកម្មភាពការងារនិងហិរញ្ញវត្ថុ ព្រមទាំងរបាយការណ៍សកម្មភាពរបស់អង្គការពាក់ព័ន្ធនឹងជម្លោះរវាងក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ និងបណ្តឹងរបស់ប្រជាពលរដ្ឋនៅឃុំសង្កែសាទប ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រសួងមហាផ្ទៃបានព្រមានចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងអង្គការសមធម៌កម្ពុជាផងដែរ នៅក្នុងករណីអង្គការនេះមិនអនុវត្តតាមការជូនដំណឹង។
មាត្រា១០ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចែងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល «ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានដែលត្រូវសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ» ទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងរយៈពេល៣០ថ្ងៃចាប់ពីថ្ងៃចុះបញ្ជី។
មាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចែងថា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវផ្ញើរបាយការណ៍បូកសរុបសកម្មភាពការងារ និងហិរញ្ញវត្ថុប្រចាំឆ្នាំទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនឲ្យហួសពីដំណាច់ខែកុម្ភៈនៃឆ្នាំបន្ទាប់ជាដើម។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា លិខិតដែលចេញដោយក្រសួងមហាផ្ទៃធ្វើឡើងទៅតាមច្បាប់ និបណ្តឹងរបស់ក្រុមហ៊ុនស្ករអំពៅលោក លី យ៉ុងផាត់ និងបណ្តឹងពលរដ្ឋមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់អង្គការសមធម៌កម្ពុជាជាមួយប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ លោកបន្ថែមថា អង្គការសមធម៌ត្រូវប្រឈមនឹងការបិទ ប្រសិនបើរកឃើញថា អង្គការនោះបានប្រព្រឹត្តខុសច្បាប់។
នាយឧត្ដមសេនីយ៍រូបនេះប្រសាសន៍យ៉ាងដូច្នេះថា៖
«គាត់មិនមែនជាសមត្ថកិច្ចដើម្បីដោះស្រាយទំនាស់ទេ។ សមត្ថកិច្ចដែលដោះស្រាយទំនាស់ក្រៅប្រព័ន្ធហ្នឹងជារឿងផ្សេង អ្នកណាជួបជុំអី និយាយទៅដឹងដែរ ក្នុងនាមជាសមត្ថកិច្ចយើងត្រូវដឹងគាត់ជួបក្នុងន័យយ៉ាងម៉េច? ក្រុមហ៊ុនស៊ូហ្គ័រគាត់ថាអញ្ចេះ ហើយគាត់ថាអញ្ចុះ យើងក៏ចាំផ្ទៀងផ្ទាត់ដែរ ក្នុងនាមយើងជាសមត្ថកិច្ចគ្រប់គ្រងប្រទេស។ គ្រាន់តែសុំបង្ហាញតើមានពិបាកអី?»។
ការសម្រេចផ្អាកប្រតិបត្តិការអង្គការសមធម៌កម្ពុជា ជាបណ្តោះអាសន្ននេះ ធ្វើឡើងក្រោយពីរថ្ងៃ បន្ទាប់ពីអង្គការដដែល បានដាក់ពាក្យស្នើសុំដាក់ជូនរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៦ ព្រមទាំងគណនីធនាគាររបស់ខ្លួន។ នេះបើយោងតាមលិខិតមួយផ្សេងទៀត ដែល VOA បានទទួល។
ទោះយ៉ាងណាក៏ដោយនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា ក្រសួងមិនទាន់មានចំណាត់ការណាមួយលើលិខិតរបស់ អង្គការសមធម៌កម្ពុជា ដែលបានស្នើដាក់ជូនរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៦ ព្រមទាំងគណនីធនាគាររបស់ខ្លួននោះទេ។
លោក អៀង វុទ្ធី ប្រធានអង្គការសមធម៌កម្ពុជា សុំមិនធ្វើអត្ថាធិប្បាយលម្អិតតាមទូរស័ព្ទ ដោយលោកគ្រាន់តែបញ្ជាក់ប្រាប់ VOA តាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា អង្គការសមធម៌កម្ពុជាមិនបានប្រព្រឹត្តទង្វើខុសច្បាប់ណាមួយដូចការលើកឡើងរបស់ក្រសួងមហាផ្ទៃនោះទេ។ លោកបន្ថែមថា លោកកំពុងដោះស្រាយសំណើរបស់ក្រសួងមហាផ្ទៃ បន្ទាប់ពីលោកបានដាក់លិខិតសុំដាក់របាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នា២០១៦ ព្រមទាំងគណនីធនាគាររបស់អង្គការ តាំងពីថ្ងៃទី២៦ ខែកញ្ញា គឺ២ថ្ងៃមុនក្រសួងមហាផ្ទៃបានប្រកាសផ្អាកអង្គការសមធម៌កម្ពុជា។
លោក អៀង វុទ្ធី បញ្ជាក់ក្នុងន័យដើមជាភាសាអង់គ្លេស និងត្រូវបានសម្រួលជាភាសាខ្មែរថា៖
«អង្គការសមធម៌កម្ពុជាបានអនុវត្តតាមច្បាប់របស់កម្ពុជា។ យើងធ្វើការដើម្បីគាំទ្រដល់ប្រជាពលរដ្ឋក្នុងការការពារសិទ្ធិ និងដីធ្លីរបស់ពលរដ្ឋតាមរយៈមធ្យោបាយស្របច្បាប់ និងគ្មានអំពើហិង្សា ដែលស្របនឹងសិទ្ធិនិងសេរីភាពដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
កាលពីដើមខែកញ្ញា ប្រជាពលរដ្ឋមួយក្រុមមកពីភូមិចំនួនបួន ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានមកឈរតវ៉ានៅក្រៅទីស្នាក់ការអង្គការសមធម៌កម្ពុជា ដោយចោទថា អង្គការនេះបានញុះញង់សហគមន៍ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់។ ពួកគេក៏បានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃស្នើសុំឲ្យបិទអង្គការនេះផងដែរ។
ចំណែកប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅភ្នំពេញរបស់ឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកំពង់ស្ពឺ ដែលទទួលបានការគាំទ្រផ្នែកតស៊ូមតិពីអង្គការតម្លាភាពលើកឡើងថា ពលរដ្ឋតវ៉ាប្រឆាំងនឹងអង្គការសមធម៌កម្ពុជា អាចជាអ្នកគាំទ្រក្រុមហ៊ុនស្ករអំពៅភ្នំពេញរបស់លោកឧកញ៉ា លី យ៉ុងផាត់។
អ្នកស្រី ឃន ខន ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ ក្នុងភូមិក្រាំងត្បែង ឃុំត្រពាំងជូ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទទួលបានការគាំពារផ្នែកតស៊ូមតិពីអង្គការសមធម៌កម្ពុជា បានប្រាប់ VOA ថា អ្នកស្រី និងប្រជាពលរដ្ឋមានជម្លោះដីធ្លីប្រមាណជាជិត៦០០គ្រួសារផ្សេងទៀត បានទទួលជំនួយផ្នែកច្បាប់ពីអង្គការសមធម៌ ធ្វើឲ្យពលរដ្ឋស្គាល់ពីសិទ្ធិនិងមានសាមគ្គីក្នុងការអភិវឌ្ឍសហគមន៍។
ពលរដ្ឋវ័យ៦១ឆ្នាំរូបនេះបញ្ជាក់ថា៖
«អង្គការសមធម៌បានពន្យល់ពីច្បាប់ ទាមទារសិទ្ធិមនុស្ស ជួយពន្យល់ពីផ្សេងៗទាំងអស់ដែលអង្គការសមធម៌មានទាំងប៉ុន្មាន។ ប្រជាពលរដ្ឋយើងបានមកដល់ថ្ងៃនេះ គឺប្រជាពលរដ្ឋយើងបានរស់នៅតាមអង្គការសមធម៌ហ្នឹងបានច្រើនយ៉ាងណាស់ ចេះសាមគ្គីគ្នា ចេះយល់យោគគ្នា ចេះទាមទាររកសិទ្ធិ ស្គាល់ពីសិទ្ធិរបស់ខ្លួនប្រើការរាល់ថ្ងៃបាន»។
អ្នកស្រីបន្ថែមថា ក្រុមពលរដ្ឋមួយចំនួនដែលតវ៉ាប្រឆាំងនឹងអង្គការសមធម៌ ជាពលរដ្ឋដែលបែកបាក់ពីក្រុមពលរដ្ឋរងគ្រោះ និងមួយចំនួនទៀតមិនមែនជាពលរដ្ឋក្នុងភូមិឃុំរបស់ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ នោះទេ។ អ្នកស្រីថា ពលរដ្ឋទាំងនោះអាចទទួលបានប្រយោជន៍ពីក្រុមហ៊ុនដើម្បីទៅតវ៉ា។
អង្គការសមធម៌កម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាពីវិបត្តិនៃការរំលោភបំពានដីធ្លី។ អង្គការនេះត្រូវបានគេស្គាល់ថា មានភាពសកម្មក្នុងការជួយផ្តល់ជំនួយផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋរាប់រយគ្រួសារដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្កររបស់ឧកញ៉ា លី យ៉ុងផាត់ ដែលទទួលបានដីសម្បទានជាង២ម៉ឺនហិកតា ដើម្បីដាំអំពៅ ក្នុងខេត្តកំពង់ស្ពឺ៕