អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទនេះបានច្រានចោលសេចក្តីអធិប្បាយនានារបស់អតីតមេដឹកនាំគណបក្សប្រឆាំងលោក សមរង្ស៊ី នៅក្នុងសារលើបណ្តាញសង្គមហ្វេសប៊ុកនានា ដែលបានភ្ជាប់លោក សខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅនឹងការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកំពុងស្នាក់នៅក្នុងប្រទេសបារាំងចំនួន២សប្តាហ៍ដើម្បីដោះស្រាយធុរៈផ្ទាល់ខ្លួន ខណៈលោក សម រង្ស៊ី ដែលកាលពីកន្លងទៅនិរទេសខ្លួននៅប្រទេសបារាំង បានធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីជួបមន្ត្រីសហរដ្ឋអាមេរិកនិងក្រុមអ្នកគាំទ្រគណបក្សជំទាស់។
ឆ្លៀតពេលដែលលោក ស ខេង កំពុងមានវត្តមាននៅប្រទេសបារាំងលោក សមរង្ស៊ី កាលពីថ្ងៃអាទិត្យបានចេញសារនយោបាយផ្ទួនៗគ្នាដោយម្តងលើកឡើងថា លោក ស ខេង ជាអ្នក នយោបាយនិយមកណ្តាលនិងម្តងទៀតថាវាជាជម្រើសត្រឹមត្រូវ ប្រសិនបើលោក ស ខេង ចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ។
ក្នុងការបង្ហោះសារមួយលើប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យលោក សម រង្ស៊ី បានភ្ជាប់រូបថតលោក និងលោក ស ខេង មួយសន្លឹក។ អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សមរង្ស៊ីដែលបច្ចុប្បន្នកំពុងស្ថិតនៅលើទឹកដីសហរដ្ឋអាមេរិក និងបានអធិប្បាយថា៖ «លោក ស ខេង ជាមនុស្សកណ្តាល»។
លោក សម រង្ស៊ី បានបង្ហោះសារមួយផ្សេងទៀតដោយថា៖ «ការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលមានលោក ស ខេង ចូលរួមផងដែរគឺជាគំនិតមួយដ៏ត្រឹមត្រូវ»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រតិកម្មភ្លាមៗថាការអធិប្បាយរបស់លោក សម រង្ស៊ី ជាចេតនានៃការផ្សព្វផ្សាយដំណឹងក្លែងក្លាយហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនមានការជជែកជាមួយក្រុមអ្នកនយោបាយបក្សប្រឆាំងណាមួយទេ ក្នុងពេលលោកកំពុងមានធុរៈផ្ទាល់ខ្លួននៅប្រទេសបារាំង។
លោក ខៀវ សុភ័គ បញ្ជាក់ថា៖ «ជាការបំប៉ោងព័ត៌មានគេហៅបំផ្លើសព័ត៌មាន ព័ត៌មានមិនមែនជាការពិតfake news [ដំណឹងក្លែងក្លាយ] ពាក្យសាមញ្ញថា fake news [ដំណឹងក្លែងក្លាយ]គ្មានអីដូចទណ្ឌិតសមរង្ស៊ីថានោះទេ...សម្តេចក្រឡាហោមលោកអញ្ជើញប្រទេសបារាំងហ្នឹងគឺជាដោយមានធុរៈផ្ទាល់ខ្លួនសុទ្ធសាធគ្មានកម្មវិធីអីក្រៅពីហ្នឹងទេ។ គ្មានទៅជួបអ្នកនយោបាយណាជួបអី គ្មានទេ។ សុំបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិត»។
បើតាមលោក ខៀវ សុភ័គ លោក សម រង្ស៊ី មិនមានទម្ងន់នយោបាយដែលអាចជំរុញឲ្យគណបក្សកាន់អំណាចបើកការចរចាខាងនយោបាយបានទេដោយលើកហេតុផលលោក សមរង្ស៊ី «ជាទណ្ឌិតរត់ចោលស្រុក» និងគ្មានការគាំទ្រពីប្រជាពលរដ្ឋដូចគណបក្សប្រជាជនកម្ពុជា។
លោកប្រាប់វីអូអេបន្ថែមយ៉ាងដូច្នេ៖ «ការចរចាបើគិតខ្ញុំផ្ទាល់ខ្លួនវាទាល់តែពីរភាគីហ្នឹងវាមានស្មើគ្នាវាយទៅវាយមកដណ្តើម...អានេះពួកនេះគ្មានស្អីផង។ មនុស្សគ្មានទាំងប្រជាជនកាន់កាប់ គ្មានទៅស្អីដីមួយដុំគ្មានអីផងទៅចរចាជាមួយពួកវាធ្វើអីអាពួកឧទ្ទាមក្រៅច្បាប់ទាំងអស់ហ្នឹង មានប្រយោជន៍អី»។
ក្នុងសំណុំរឿងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនេះលោក សម រង្ស៊ី ដែលត្រូវតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ បានបង្ហាញពីបំណងរបស់លោកក្នុងការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលស្រដៀងនឹងអ្វីដែលអ្នកប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ាកំពុងធ្វើ ក្រោយពួកមន្ត្រីយោធានៅប្រទេសនោះបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi ដែលជាមេដឹកនាំគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យហៅកាត់ថាNLD។ នេះជាការថ្លែងរបស់លោក សម រង្ស៊ី កាលពីពាក់កណ្តាលខែកក្កដា។
ភ្លាមៗនោះមេដឹកនាំគណបក្សជំទាស់លោក កឹម សុខា ដែលកំពុងស្ថិតក្នុងប្រទេសនិងដែលបាត់សិទ្ធិធ្វើនយោបាយនោះបានផ្តាំផ្ញើតាមមេធាវីលោកមួយរូបគឺលោក ចាន់ ចេន ថា «លោកមិនជាប់ពាក់ព័ន្ធមិនគាំទ្រ និងមិនចូលរួមក្នុងការគ្រោង និងការបង្កើតរដ្ឋាភិបាលក្រៅប្រទេសទេ»។
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ចន្ទរ័ត្ន បានចាត់ទុកថាលោក សម រង្ស៊ី «កំពុងស្រមើស្រមៃ» ទៅនឹងអ្វីដែលមិនអាចកើតមានបានតួយ៉ាងដូចជាការចង់ឲ្យលោក សខេង មករួមដៃជាមួយលោកដើម្បីបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិមួយនោះ។
លោក អ៊ូ ចន្ទរ័ត្ន បញ្ជាក់ថា៖ «សម្រាប់ខ្ញុំជាការយល់ឃើញថាវាមិនគួរលើកយកមកដាក់ជាវេទិកាសម្រាប់ធ្វើឲ្យមានការភាន់ច្រឡំដល់មតិមហាជនទេ។ ទោះបីជាប្រជាពលរដ្ឋខ្មែរចង់ឃើញមែនប៉ុន្តែក្នុងស្ថានភាពមួយនេះខ្ញុំយល់ថាអាហ្នឹងគ្រាន់តែជាការស្រមើស្រមៃទេ។ ហើយមិនអាចយកមកធ្វើជាល្បែងនយោបាយអីតទៅទៀតកើតហ្នឹងហើយ»។
អ្នកវិភាគនយោបាយលោកបណ្ឌិត សេង សារី ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាលោក សម រង្ស៊ី កំពុងប្រើ«តាក់តិចនយោបាយ» ដើម្បីបង្កការបែកបាក់ផ្ទៃក្នុងនៅក្នុងគណបក្សកាន់អំណាច។ក៏ប៉ុន្តែលោកថាការស្រុះស្រួលខាងនយោបាយមួយគួរត្រូវបានធ្វើឡើងឆាប់ៗនេះដើម្បីកុំឲ្យកម្ពុជារងគំនាបសេដ្ឋកិច្ចឬកាទូតពីក្រុមប្រទេសប្រជាធិបតេយ្យសំខាន់ៗមួយចំនួនរួមមានសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកជាដើម។
អ្នកវិភាគរូបនេះថ្លែងថា៖ «សហគមន៍អឺរ៉ុបរឿង EBA ក៏មិនឃើញថាមានសញ្ញាដើម្បីឲ្យ២០%មកវិញ។ អាមេរិកកំពុងអនុម័តច្បាប់២បន្ថែមទៀតនៅក្នុងការដាក់ទណ្ឌកម្មទៅលើ...ដាក់មកលើកម្ពុជា។ អីចឹងស្ថានភាពវាធ្ងន់ធ្ងរស្ថានភាពធ្ងន់ធ្ងរ។ ហើយយើងកំពុងតែបាក់កម្លាំងជាមួយនឹងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ទៀតខ្ញុំគិតថា បើគ្រាន់តែមានការចរចាហើយការចរចានយោបាយសម្រាប់ខ្ញុំអត់មានភាគីណាមួយអន់ភាគីណាមួយគ្រាន់បើទេ។ ឲ្យតែភាគីទាំងពីរហ្នឹងធ្វើដើម្បីជាតិអាហ្នឹង ខ្ញុំគិតថាជាសុទ្ធតែជារដ្ឋបុរស ជាអ្នកដែលជាវីរបុរសជាតិសម្រាប់កម្ពុជា»។
គួរបញ្ជាក់ថាលោក ស ខេង បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសបារាំងកាលពីថ្ងៃទី២២ ខែសីហានិងគ្រោងវិលត្រឡប់មកមាតុប្រទេសវិញនៅថ្ងៃទី៥ខែកញ្ញាខាងមុខនេះ។នេះបើតាមសេចក្តីប្រកាសរបស់ខុទ្ទកាល័យក្រសួងមហាផ្ទៃកាលពីពេលកន្លងមក៕