មន្ត្រីនគរបាលជាន់ខ្ពស់មួយរូបដែលត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធគ្រឿងញៀន ហើយត្រូវបានដកហូតបុណ្យស័ក្តិពីថ្នាក់ឧត្តមសេនីយ៍ តាមព្រះរាជក្រឹត្យដែលចេញកាលពីសប្តាហ៍មុន មិនអាចទាមទារឱ្យមានការផ្លាស់ប្តូរសេចក្តីសម្រេចរបស់រដ្ឋាភិបាលបានទេ ព្រោះលទ្ធផលពិនិត្យរកសារធាតុញៀនបានបញ្ជាក់ថា មន្ត្រីនោះមានផ្ទុកសារធាតុញៀន។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោក យិន គារ បានដាក់លិខិតស្នើសុំធ្វើតេស្តឡើយវិញ បន្ទាប់ពីគណៈកម្មការពិនិត្យគ្រឿងញៀនប្រចាំនៅក្រសួងបញ្ចេញលទ្ធផល ដែលបញ្ជាក់ថាគាត់មានផ្ទុកសារធាតុញៀន។ លោកបន្ថែមថា នៅពេលនេះលោក យិន គារ ត្រូវបានដកតំណែងយោងទៅតាមព្រះរាជក្រឹត្យហើយ។
លោកបន្ថែមថា៖« សារធាតុញៀននេះវាមិនមែនស្ថិតនៅក្នុងខ្លួនមនុស្សជារៀងរហូតទេ អ្នកខ្លះប្រព្រឹត្តម្តងទៅក៏វាមានទៅ ប៉ុន្មានថ្ងៃក៏វាបាត់ទៅវិញ វាមិនមែនអ្នកញៀន ញៀនជាប់ទេ។ អាហ្នឹងវាជាសំណាងគាត់មិនល្អដែលគាត់មើលទៅគាត់មានគ្រឿងញៀនហ្នឹងទៅ»។
កាលពីថ្ងៃទី ១៣ ខែមីនា ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិអតីតឧត្តមសេនីយ៍ឯក យិន គារ ដែលកាន់តួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មកនៅត្រឹមពលបាលត្រី ក្រោយលោកត្រូវបានគណៈកម្មការពិនិត្យសារធាតុញៀននៅក្រសួងមហាផ្ទៃរកឃើញថាមានផ្ទុកសារធាតុញៀន។
មុនពេលមានការចេញព្រះរាជក្រឹត្យ លោក យិន គារ បានចេញលិខិតចុះថ្ងៃទី ១១ ខែមីនានេះ ស្នើសុំធ្វើតេស្តសាជាថ្មី ហើយបានអះអាងថា លោកមិនធា្លប់ស្គាល់ ឬបានប្រើប្រាស់គ្រឿងញៀនកន្លងមកទេ។ លោកថា ការពិនិត្យរកសារធាតុញៀននាពេលថ្មីៗនេះ ធ្វើឡើងក្នុងពេលលោកមានភាពមមាញឹកនឹងការងារ ហើយមិនបានបិទលេខកូដលើសំណាកទឹកមូតរបស់លោកដោយខ្លួនលោកទេដែលអាចបង្កឱ្យមានការភាន់ច្រឡំ។
គួរបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែមីនានេះ ក្រសួងមហាផ្ទៃបានបណ្តេញមន្ត្រីនគរបាលប្រមាណ ១០០ នាក់ ចេញពីក្របខណ្ឌ ក្រោយរកឃើញថា ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន។ ដំណាលពេលមានការបន្ថយឋានន្តរស័ក្តិលោក យិន គារ និងឧត្តមសេនីយ៍បូលិសផ្កាយ ២ មួយរូបទៀត ក៏បានហូតស័ក្តិពីស្មា ដោយសារមិនគោរពបទវិន័យរបស់ប៉ូលិស។ នេះបើតាមសេចក្តីរាយការណ៍របស់អង្គភាពព័ត៌មានក្នុងស្រុក៕