រដ្ឋាភិបាលកម្ពុជាគ្រោងបង្កើតខេត្តចំនួន២បន្ថែមទៀត ដោយបំបែកចេញពីខេត្ដកណ្ដាល និងចន្លោះខេត្តមណ្ឌលគិរី-រតនគិរី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល និងថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ។ នេះបើតាមលិខិតរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្នើទៅនាយករដ្ឋមន្រ្តី ដែល VOA ទទួលបាន។
លិខិតរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្នើសុំគោលការណ៍ពីនាយករដ្ឋមន្រ្តីដើម្បីសិក្សាលទ្ធភាពរៀបចំបង្កើតខេត្តថ្មីចំនួន២ ចេញនៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៨ បញ្ជាក់ថា ខេត្តថ្មីទាំងពីរនេះ ខេត្តមួយត្រូវកាត់ចេញពីខេត្ដកណ្ដាល និងខេត្តមួយទៀត ត្រូវកាត់ចេញពីស្រុកកោះញែកនៃខេត្តមណ្ឌលគិរី និងស្រុកលំផាត់នៃខេត្តរតនគិរី។
លោក ស ខេង បន្ថែមក្នុងលិខិតនោះដោយបកស្រាយពីគោលបំណងនៃការបង្កើតគណៈកម្មការស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលថ្នាក់ជាតិ ដើម្បីបង្កើតខេត្តទាំងពីរនោះ តាមន័យដើមថា៖
«ផ្អែកតាមការពិនិត្យជាទូទៅលើស្ថានភាពភូមិសាស្រ្ត និងស្ថានភាពប្រជាសាស្រ្តនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍន៍នៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។
លោក ស ខេង បន្ថែមថា ក្នុងករណីនាយករដ្ឋមន្រ្តីឯកភាព ក្រសួងមហាផ្ទៃនឹងចាត់មន្ដ្រីបច្ចេកទេស ដើម្បីសហការជាមួយក្រសួង និងខេត្តពាក់ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្ដែង ដើម្បីរាយការណ៍សុំយោបល់ដឹកនាំជាបន្ដបន្ទាប់ពីនាយករដ្ឋមន្រ្តី។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា គម្រោងនៃការបង្កើតខេត្ត២បន្ថែមទៀតគឺដោយសារខេត្តទាំងនេះមានទំហំធំ និងពិបាកក្នុងការគ្រប់គ្រង។ លោកបន្ថែមថា រដ្ឋាភិបាលមិនទាន់បានកំណត់ឈ្មោះខេត្តថ្មី និងមិនទាន់កំណត់ពីសមាសភាពអភិបាលសម្រាប់ដឹកនាំខេត្តថ្មីនៅឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះមិនបានបញ្ជាក់ថា តើការបង្កើតខេត្តថ្មីមួយនឹងត្រូវចំណាយថវិកាជាតិចំនួនប៉ុន្មាននោះទេ ដោយលោកគ្រាន់តែមានប្រសាសន៍ថា៖
«យើងមិនអីច្រើនទេ មន្រ្តីយើងមានស្រាប់ហើយ យើងមិនចាំបាច់ជ្រើសរើសក្របខណ្ឌអីច្រើនទេ។ ឧទាហរណ៍ដូចខេត្តកំពង់ចាមអីចឹង យើងបង្កើតខេត្តត្បូងឃ្មុំ វាអស់ទីតាំងរដ្ឋបាលតែប៉ុណ្ណឹងទេ។ សំខាន់បំផុតទីតាំងរដ្ឋបាលរបស់សាលាខេត្ត ហើយស្រុកអីមានទាំងអស់ គ្មានអីពិបាកទេ។ មន្រ្តីអីយើងមានអស់ហើយ។ ដូចបានជម្រាបជូនអីចឹង យើងមិនទាន់កើតជារូបរាងផង យើងមិនទាន់បានគិតអាហ្នឹង។ យើងមិនមែនបង្កើតខេត្តនេះដើម្បីឲ្យអ្នកនោះទៅ។ យើងអត់មានគិតអីចឹងទេ»។
កាលពីចុងខែធ្នូ ឆ្នាំ២០១៣ រដ្ឋាភិបាលបានសម្រេចបង្កើតខេត្តត្បូងឃ្មុំ ដោយបំបែកចេញពីខេត្តកំពង់ចាម តាមរយៈហេតុផលដើម្បីងាយស្រួលគ្រប់គ្រងឲ្យមានប្រសិទ្ធភាពដូចគ្នា។ ការបំបែកខេត្តកំពង់ចាមនាពេលនោះធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិទទួលបានអាសនៈក្នុងខេត្តកំពង់ចាមចំនួន១០ ច្រើនជាងគណបក្សប្រជាជនកម្ពុជាចំនួនពីរអាសនៈ។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ លើកឡើងថា ការបង្កើតខេត្តថ្មីៗគឺជាការខ្ជះខ្ជាយថវិកាជាតិ ខណៈកម្ពុជាមានផ្ទៃដីតូច និងមានប្រជាជនតិច។
លោកបញ្ជាក់ថា៖
«ដូចជាការបង្កើតនូវស្ថាប័នរដ្ឋជាន់លើគ្នាអី អាហ្នឹងគឺជាចេតនាមួយក្នុងការជួយរកកន្លែងដើម្បីផ្តល់នូវតួនាទីឲ្យមន្រ្តី ឬក៏អ្នកដែលស្មោះស្ម័គ្រជាមួយគណបក្សដែលត្រូវបានបន្ថយពីកន្លែងផ្សេងមក។ ហើយការបង្កើតខេត្តនេះទៀត យើងមើលឃើញការបង្កើតដូចជាខេត្តត្បូងឃ្មុំ ឬក៏ខេត្តកែបអី យើងឃើញថា ទីរួមខេត្តវាល្អហើយ ប៉ុន្តែបើនិយាយពីការរៀបចំសេវាកម្មនៅតាមខេត្តមួយៗ វាក៏ដូចជាមិនបានប្រសើរឡើងលើសពីមុនប៉ុន្មានដែរ»។
លោកមាស នី បន្ថែមថា រដ្ឋាភិបាលគួរបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងតាមរយៈការបង្កើនប្រាក់បៀវត្សរ៍មន្រ្តីរាជការ និងបង្កើនកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍក្នុងខេត្តដែលមានស្រាប់ ជាជាងបង្កើតខេត្តថ្មី។
លោកមានប្រសាសន៍ថា៖
«ជម្រើសទី១ បង្កើនប្រាក់ខែមន្រ្តីរាជការ ជម្រើសទី២គឺផ្តល់ថវិកាដែលបម្រុងយកទៅចែកខេត្តហ្នឹងគឺទៅផ្តល់ឲ្យធ្វើការអភិវឌ្ឍនៅតាមថ្នាក់ឃុំ ទៅឲ្យមេឃុំៗមានលុយគ្រប់គ្រាន់សម្រាប់ធ្វើផ្លូវទៅ អាចឲ្យពលរដ្ឋអាចដឹកផលិតផលដំណាំកសិកម្មចេញពីស្រែ ចេញពីចម្ការមកឲ្យបានគ្រប់គ្រាន់។ អាហ្នឹងវាជារឿងដែលប្រសើរហើយ វានឹងជួយឲ្យរដ្ឋាភិបាលហ្នឹងមានប្រជាប្រិយភាពកាន់តែខ្លាំងផង»។
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដី១៨១,០៣៥គីឡូម៉ែត្រការ៉េ និងមានរាជធានី/ខេត្តសរុបចំនួន២៥នៅទូទាំងប្រទេស។ នៅចុងឆ្នាំ២០១៣ រដ្ឋាភិបាលក៏បានបង្កើតខណ្ឌចំនួន៣ទៀតក្នុងរាជធានីភ្នំពេញ គឺខណ្ឌច្បារអំពៅ បំបែកចេញពីខណ្ឌមានជ័យ ចំណែកខណ្ឌជ្រោយចង្វារ បំបែកចេញពីខណ្ឌទួលគោក-ឬស្សីកែវ និងខណ្ឌព្រែកព្នៅ បំបែកចេញពីខណ្ឌសែនសុខ-ឬស្សីកែវ៕