រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញបញ្ជាឱ្យបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខេត្តជាប់ព្រំដែនប្រទេសជិតខាង ក្រោយរកឃើញភាពមិនប្រក្រតីមួយចំនួនកើតឡើង។ នេះបើតាមលិខិតមួយច្បាប់របស់ក្រសួងទៅកាន់អភិបាលនៃគណៈអភិបាលខេត្ត ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។
បើតាមលិខិតដដែល ក្រសួងបានរកឃើញភាពមិនប្រក្រតីមានដូចជា ការលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់ស្ថិតក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែនមួយចំនួននិងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែន។ ក្រសួងបន្ថែមថា កត្តាទាំងនេះបានជះឥទ្ធិពលមិនល្អដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយតាមព្រំដែន។
លិខិតដដែលបញ្ជាក់ថា៖ «ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ ត្រូវធ្វើការសិក្សា ស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ចនិងសង្គមរបស់ច្រកដែលមានស្រាប់ រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សានិងលើកយោបល់ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច ក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ»។
ក្រៅពីនេះ ក្រសួងក៏ជំរុញឱ្យចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់ និងអ្នកសមគំនិតដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងព្រំដែនខុសច្បាប់តាមគ្រប់រូបភាព។
លិខិតរបស់ក្រសួងមហាផ្ទៃបញ្ជាក់ថា៖ «ស្របគ្នានេះដែរ ត្រូវធ្វើការអប់រំ ណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននៅពេលចេញចូលឆ្លងកាត់ព្រំដែន ត្រូវមានឯកសារស្របច្បាប់ដែលចេញដោយក្រសួងស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងការជួញដួរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការប្រព្រឹត្តបទល្មើស និងផលវិបាកផ្សេងៗនៃការឆ្លងដែនខុសច្បាប់»។
អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ ប្រាប់វីអូអេថា នៅក្នុងខេត្តរបស់លោកមិនមានច្រករបៀងនោះទេ និងថាអាជ្ញាធរនឹងពង្រឹងបន្ថែមទៀតទៅតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ។
លោកថ្លែងថា៖ «អាហ្នឹងជាការគោរពតាមបទបញ្ជារបស់ថ្នាក់លើ ត្រូវតែធ្វើម៉េចអនុវត្តឱ្យបានតាមការណែនាំ តាមខ្លឹមសារលិខិត»។
ចំណែកអភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ ថ្លែងថាច្រករបៀងនៅក្នុងខេត្តរបស់លោកមិនមាននោះទេ គឺមានតែច្រកអន្តរជាតិប៉ុណ្ណោះ។ លោកបន្តថា អាជ្ញាធរថ្នាក់ខេត្តនឹងអនុវត្តទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។
លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងលិខិតរបស់ក្រសួងមហាផ្ទៃនេះ គឺថា រដ្ឋបាលខេត្តរបស់យើងបានទទួលហើយ គឺយើងនឹងអនុវត្តទៅតាមសេចក្តីណែនាំហ្នឹង»។
លោក ឌីថេ ហូយ៉ា មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លើកឡើងថា ការបិទច្រករបៀងជាមធ្យោបាយមួយ ប៉ុន្តែលោកថាមិនមែនជាដំណោះស្រាយយូរអង្វែងនោះទេ។ លោកបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានអំពីការធ្វើចំណាកស្រុកទៅកាន់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ គឺជាដំណោះស្រាយដ៏ល្អផងដែរ។
លោក ឌីថេ ហូយ៉ា បន្ថែមថា រដ្ឋាភិបាលត្រូវតែចាត់វិធានការចំពោះអំពើជួញដូរមនុស្ស ជាពិសេសមេខ្យល់ ហើយលោកក៏ជំរុញរដ្ឋាភិបាលឱ្យស្វែងយល់ពីមូលហេតុដែលនាំឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេសផងដែរ។
លោកថ្លែងថា៖ «អាហ្នឹងរដ្ឋាភិបាលត្រូវតែគិតគូរពិចារណា ដឹងអំពីឫសគល់នៃបញ្ហា ហើយដោះស្រាយឱ្យចំបញ្ហា ទើបអាចដោះស្រាយបាន។ ប៉ុន្តែបើសិនបើត្រឹមតែទប់ស្កាត់ច្រករបៀងហ្នឹងទេ វាហាក់ដូចយើងផាត់ចក ហើយវាត្រូវមកវិញ»។
បើតាមមន្ត្រីសង់ត្រាល់រូបនេះ រដ្ឋាភិបាលត្រូវតែដោះស្រាយរឿងការងារធ្វើរបស់ប្រជាពលរដ្ឋ ទើបអាចកាត់បន្ថយការចំណាកស្រុកបាន៕