លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានបញ្ជាទៅកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្នុងខេត្តចំនួន៣ ដែលជាប់ព្រំដែនវៀតណាម ឱ្យប្រើប្រាស់អាវុធបាញ់ទម្លាក់ឧបករណ៍ចាប់យករូបភាពពីលើអាកាស ឬហៅថាដ្រូន ដើម្បីបង្ការការឈ្លានពាន ឬការស៊ើបការណ៍ណាមួយ។
លោក ហ៊ុន សែន បានដាក់ការសង្ស័យលើជនជាតិម៉ុងតាញ៉ា (Montagnards) ឬដេហ្គា Dega ដែលបានផ្ទុះអាវុធក្នុងទឹកដីវៀតណាម កាលពីពាក់កណ្តាលខែមិថុនា និងបារម្ភក្រែងពួកគេរត់មកពួនក្នុងទឹកដីកម្ពុជា។
លោក ហ៊ុន សែន បានចេញបទបញ្ជាបែបនេះទៅកាន់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក ហ៊ីង ប៊ុនហៀង មេអង្គរក្សលោកនាយករដ្ឋមន្រ្តី និងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្តមណ្ឌលគិរី រតនគិរី និងខេត្តក្រចេះ។ លោក ហ៊ុន សែន ក៏បានបញ្ជាទៅលោក ហ៊ីង ប៊ុនហៀង ឱ្យបញ្ចេញកម្លាំង៥០០នាក់ និងអាវុធយ៉ាងហោច២០០ដើម ដើម្បីបាញ់ទម្លាក់ដ្រូនទាំងនោះ។
បើតាមលោក ហ៊ុន សែន ក្នុងទឹកដីខេត្តរតនគិរី ឃើញមានការបង្ហោះដ្រូនជាច្រើន ដែលមិនមានប្រភពច្បាស់លាស់ ហើយភាគីវៀតណាមអះអាងថាមិនមែនជារបស់ខ្លួន។ ដូច្នេះលោកនាយករដ្ឋមន្រ្តីថាត្រូវតែទប់ស្កាត់ ដើម្បីរក្សាស្ថិរភាពរបស់ប្រទេសទាំងពីរ។
លោក ហ៊ុន សែន បានដាក់បទបញ្ជាជាសារសំឡេង ដែលត្រូវបានចែកចាយក្នុងប្រព័ន្ធតេឡេក្រាមរបស់លោក នៅថ្ងៃអង្គារនេះថា៖ «សូមបញ្ចេញកម្លាំងជាបន្ទាន់ ដើម្បីអនុវត្តនូវវិធានការចាំបាច់ ដើម្បីការពារនូវការឈ្លានពាន ឬការស៊ើបការណ៍ណាមួយពីសំណាក់ដ្រូន ដែលយើងមិនបានដឹងពីប្រភពថា វាមកពីខាងណា។ អ៊ីចឹងវីធីតែមួយគត់ គឺបាញ់ទម្លាក់ដ្រូននេះតែម្តង។ សូមចេញបញ្ជាដាច់ណាត់ បញ្ជូនកម្លាំងឡើងជាបន្ទាន់»។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា អាជ្ញាធរបានបាញ់ទម្លាក់ដ្រូន ដែលបានហោះចូលតំបន់សនៃខេត្តរតនគិរី ចំនួនពីរលើក ដោយក្នុងមួយលើក មានការបង្ហោះដ្រូនមួយប៉ុណ្ណោះ ប៉ុន្ដែដ្រូននោះមិនធ្លាក់នោះទេ។ លោកបន្ថែមថា ដ្រូនត្រូវបានហោះចេញពីទឹកដីវៀតណាម នៅម៉ោងប្រមាណ៨យប់ កាលពី៣ថ្ងៃមុន និងត្រូវបានហោះមកម្តងទៀត កាលពីយប់ថ្ងៃទី២៦ ខែមិថុនា។
លោកថ្លែងថា៖ «យើងពិនិត្យមើលឃើញមកពីខាងវៀតណាម ។ ហើយយើងក៏សួរទៅខាងវៀតណាម គេថា អត់ដឹងទេ អត់ដឹងទេ ក៏បញ្ជាឱ្យបាញ់ទម្លាក់ទៅ។ តែដល់ពេលយើងបាញ់ ក៏វាហោះឡើងទៅលើបាត់ អ៊ីចឹងទៅ។ វាចូលទៅក្នុងទឹកដីវៀតណាមវិញ អ៊ីចឹង»។
បើតាមអភិបាលខេត្ត អាជ្ញាធរមិនទាន់អាចកំណត់អត្តសញ្ញាណថា តើដ្រូន ឬយន្តហោះគ្មានមនុស្សបើកជារបស់អ្នកណានោះទេ។
គួរបញ្ជាក់ថា កាលពីកន្លងទៅ លោក ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរកម្ពុជាក្នុងខេត្តមណ្ឌលគិរីចាប់ខ្លួនក្រុមប្រយុទ្ធដែលលោកថា ជាពួកឧទ្ទាម«បាក់ទ័ព»ដែលជាជនជាតិម៉ុងតាញ៉ា (Montagnards) ឬ ដេហ្គា (Dega) ដែលបានផ្ទុះអាវុធក្នុងទឹកដីវៀតណាម។ លោក ហ៊ុន សែន បានបញ្ជាឱ្យស្វែងរក និងចាប់ខ្លួនពួកគេ ដើម្បីបញ្ជូនទៅឱ្យអាជ្ញាធរវៀតណាមវិញ។ លោកបញ្ជាក់ថា កម្ពុជាមិនអាចក្លាយជាកន្លែងសម្រាប់ជនឧទ្ទាម «បាក់ទ័ព»ទាំងនោះជ្រកកោននោះទេ៕