លោក ស ខេង ថាអាជ្ញាធរ​​ចិនធ្លាប់​​ស្នើ​បង្រ្កាប​បទល្មើស​​ក្នុង​​ខេត្តព្រះសីហនុ​ ដោយ​ខ្លួន​ឯង

រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ស ខេង ចូលរួម​ទិវាបុណ្យ​ឯករាជ្យ​ជាតិថ្ងៃទី​៩ វិច្ឆកា ឆ្នាំ​២០១៩​ នៅ​រាជធានី​​ភ្នំពេញ​។ (ហ៊ុល រស្មី/VOA) ​

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថាអាជ្ញាធរ​ចិន​ធ្លាប់​បានស្នើ​កម្ពុជា​ថាចង់​បង្ក្រាប​បទ​ល្មើសឧក្រិដ្ឋ​កម្ម​នានាក្នុង​ខេត្ត​ព្រះ​សីហនុ​ពាក់​ព័ន្ធករណី​ឃាត​កម្ម​ការ​ចាប់​ជំរិត​ការ​បង្ខាំង​មនុស្សខុស​ច្បាប់​ដោយ​ប្រើ​កម្លាំង​នគរ​បាល​របស់​ចិន​។ ប៉ុន្តែ​សំណើ​នេះត្រូវ​បាន​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថាមិន​អាច​ទៅ​រួច​ទេ ពីព្រោះពាក់​ព័ន្ធ​នឹង​អធិប​តេយ្យ​ភាពរបស់​កម្ពុជា។​

លោក​ស ខេង បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវដោះ​ស្រាយបទ​ល្មើសឧក្រិដ្ឋកម្ម​ដែល​កើត​ឡើង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ ឲ្យមា​ន​ប្រសិទ្ធ​ភាព​ខ្ពស់​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដែល​សល់​រយៈ​ពេល​ប្រមាណ​៣​ខែ​ទៀត​តែ​ប៉ុណ្ណោះ​។

រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បិទសន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការងារ​ប្រចាំ​ឆ្នាំ​២០២១ និង​លើក​ទិស​ដៅ​ការងារឆ្នាំ២០២២ របស់​រដ្ឋបាល​ខេត្តព្រះ​សីហនុ​កាល​ពី​ថ្ងៃទី៩ ខែមីនា​ឆ្នាំ២០២២។

​លោក ស ខេង ថ្លែង​ថា​៖​«យើង​ចង់​បាន​ថា​សុំឲ្យ​គាត់​ផ្តល់ព័ត៌មាន​មក ផ្តល់​ដីកា​ ផ្តល់ឯកសារ​មក​មុខ​សញ្ញា​ណា​ខ្លះ​ដែល​គាត់​ក្តាប់​បាន​ថា​ជាជនល្មើស​យើង​គាំទ្រ ហើយ​នឹង​យើង​ចាប់​ឃាត់ខ្លួន​ដូ​ច​ដែល​យើង​កំពុង​ធ្វើ​សព្វ​ថ្ងៃនេះ។​យើង​ចង់បាន​អ៊ីចឹង​ប៉ុន្តែ​ខាង​គាត់​ថាគាត់​ដើរ​តួរ​ជាប្រតិបត្តិករ​ដើម្បី​ចាប់។ នេះដែល​ជាបញ្ហា​មិន​ឯក​ភាព ហើយ​មិនអាច​ទទួល​យក​បាន​ហើយ​វាពាក់​ព័ន្ធ​ជា​មួយ​អធិបតេយ្យ​ភាព​របស់​ប្រទេស​មួយ​»។

​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ជំរុញ​ឲ្យស្ថាប័ន​ពាក់​ព័ន្ធ​រួម​គ្នាប្តេជ្ញា​បញ្ចប់ឧក្រិដ្ឋ​កម្មដែល​ភាគ​ច្រើន​បង្ក​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ចិន​ក្នុង​ខេត្តព្រះសីហនុ​ឲ្យ​បាន​ច្រើន​បំផុត​ឬ​ត្រឹម​កម្រិតមូល​ដ្ឋាន​នៅមុនការ​បោះឆ្នោត​ឃុំ សង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅថ្ងៃទី​៥ ខែ​មិថុនា ​ខាង​មុខ​នេះ​។

ក្នុង​ពិធី​នោះ​ដែរ អភិបាល​ខេត្ត​ព្រះ​សីហនុ​លោក​ គួច ចំរើនបា​នថ្លែង​ថា​កាលពី​ថ្ងៃ​ទី​៨​ខែ​មីនា ​ស្ថាប័ន​ពាក់​ព័ន្ធ​ដែល​រួម​មាន​អគ្គ​នាយក​នៃអគ្គស្នង​ការ​នគរបាលជាតិ​អគ្គ​នាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេ​សន៍ និង​រូប​លោក​ផ្ទាល់​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​កិច្ច​គណៈ​បញ្ជា​ការរដ្ឋ​បាលខេត្ត និ​ង​ស្ថាប័ន​តុលាការស្តីពី​ការ​ពង្រឹង​សន្តិ​សុខ​សុវត្ថិ​ភាព​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ផ្តោ​ត​លើ​បញ្ហា​ប្រឈម​ធំៗរួម​មាន​បទ​ឧក្រិដ្ឋ​ឃាត​កម្ម កា​រ​ចាប់ជំរិត​និ​ងបង្ខាំង​មនុស្ស​ខុស​ច្បាប់​ជា​ដើម​។

លោក​គួច ចំរើន​បន្ត​ថា​សមា​ជិក​អង្គ​ប្រជុំ​បានដាក់​ចេញ​វិធាន​ការ​មួយ​ចំនួន​ក្នុង​ការ​អនុវត្តដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះដែល​រួមមានការ​គ្រប់​គ្រង​អាជីវ​កម្ម​ការ​គ្រប់គ្រងការ​ស្នាក់​នៅ​របស់​ជន​បរទេស និង​ការ​ត្រួត​ពិនិត្យ​តាម​ទី​តាំង​កា​ស៊ី​ណូ​នៅ​តាម​តំបន់​តូច​ៗ និងតាម​ដង​ផ្លូវ​ជាដើមដើម្បី​ទប់​ស្កាត់​បទ​ល្មើស​នានារួម​មាន​ការរត់​ពន្ធ​មនុស្ស​និងការ​ជួញ​ដូរ​កម្លាំង​ពល​កម្ម​ជា​ដើម​។ លោក​ក៏​ស្នើ​ឲ្យមាន​ចំណាត់​ការ​រហ័ស​ពីស្ថាប័ន​តុលាការផង​ដែរ។​

​លោក​គួច​ ចំរើន បញ្ជាក់​ថា៖«​ចំពោះ​បទ​ល្មើស​ឧក្រិដ្ឋ​ដែល​ពាក់ព័ន្ធ​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ការ​ជួញ​ដូរ​គ្រឿង​ញៀន អំពើឃាត​កម្ម​ ការ​ត់​ពន្ធ​មនុស្ស​ការ​បង្ខាំង​មនុស្ស​ជំរិតទារ​ប្រាក់...ស្នើ​ស្ថាប័ន​តុលាការ​ផ្តន្ទា​ទោស​ឲ្យ​បាន​ម៉ឺងម៉ាត់​និ​ងត្រូវ​បណ្តេញ​ចេញ​ក្រោយ​ពី​អនុវត្ត​ទោស​រួច​រាល់​»​។

វីអូអេ​មិន​ទាន់អាច​សុំ​ការ​អត្ថាធិប្បាយ​ពីស្ថាន​ទូត​ចិន​ប្រចាំ​នៅកម្ពុជា​បាន​នៅឡើយ​ទេ។

​នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​លោក ​អំ​សំអាត​ ឲ្យ​ដឹង​ថា​បទល្មើស​ភាគច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ បង្កឡើង​ដោយជន​ជាតិ​ចិន ដែលមក​ស្នាក់​នៅ​កម្ពុជា​ដែល​បណ្តាល​ឲ្យកើត​មាន​បទ​ល្មើសជា​ច្រើន​ដូច​ជា​បទល្មើសគ្រឿង​ញៀន បទ​ល្មើស​ឧក្រិដ្ឋ​បទល្មើស​ចាប់​ជំរិ​ត​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិតជាដើម ដែល​បញ្ហា​ទាំង​នេះ​ជាការ​ព្រួយ​បារម្ភ​និង​បង្ក​ការភ័យ​ខ្លាច​និង​ផល​លំបាក​ទាក់​ទង​បញ្ហា​សន្តិ​សុខ​សុវត្តិភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្នុង​តំបន់និង​ប៉ះពាល់​ដល់​អ្នក​វិនិយោគ​ដោយអាជ្ញាធរ​ត្រូវ​តែទប់​ស្កាត់។

លោក​ថ្លែង​ថា៖​«​ហើយ​ត្រូវ​តែខិត​ខំ​ក្នុង​ការ​ទប់ស្កាត់​បន្តទៀត ចំពោះ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​យ៉ាងម៉េ​ច​កាត់​បន្ថយ​ឬ​ក៏លុប​បំបាត់​នូវ​បទល្មើស​កុំ​ឲ្យកើតឡើង​ចំពោះ​ជនបរទេស​ដែលចូល​មក​ក្នុងខេត្ត​ព្រះ​សីហនុ​នេះ​»។

ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​លោក​ យង់ គិមអេង មើល​ឃើញ​ថា​រដ្ឋាភិបាល​តែង​តែ​ប្តេជ្ញា​ចិត្ត​ជា​ច្រើន​លើក​ប៉ុន្តែ​នៅ​តែ​ខក​ខាន​ចំពោះ​ការ​កាត់​បន្ថយ​នូវ​ភាព​អវិជ្ជ​មាន​ក្នុង​ខេត្ត​ព្រះ​សីហនុ​។​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​លោក​សាទរ​ចំពោះ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីក្រសួ​ង​មហាផ្ទៃ ថា​នឹង​ប្តេ​ជ្ញា​ចិត្ត​ក្នុង​ការ​លុប​បំបា​ត់នូវ​ភាព​អវិជ្ជ​មាន និងបទ​ល្មើស​ឧក្រិដ្ឋ​ក្នុ​ង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ។

​លោក​ថ្លែង​ថា៖​«​រឿង​ដែល​សំខាន់​ទី​១​ត្រូវ​តែ​ពិនិត្យ​មើល​និ​ង​ចាត់​វិធាន​ការ​ជាក់​ស្តែង​ចំពោះ​ក្រុម​ហ៊ុនណា​ដែល​មក​បង្ក​វិនាស​កម្ម មក​បង្ក​បទឧក្រិដ្ឋ​មក​បង្ក​បញ្ហា​ឲ្យកម្ពុជា គឺត្រូវ​ចាត់​វិធានការ​ជាក់ស្តែង​ហើយ​ត្រូវ​បញ្ជូន​គាត់​ទៅប្រទេស​វិញ ឬ​ក៏ពិនិត្យ​មើល​ពួកជន​បរទេស​ទាំង​អស់ដែល​មក​ប្រទេស​កម្ពុជា ថា​តើ​គាត់​មាន​ប្រវត្តិ​យ៉ាង​ណា បើ​គាត់​មាន​ប្រវត្តិ​មិន​ល្អទេ​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ត​ឬក៏​អត់​ឲ្យមក​តែម្តង»។

​នៅ​ថ្ងៃទី​១០ ខែមីនា ​ឆ្នាំ២០២២​ក្រុម​អង្គ​ការ​សង្គម​ស៊ី​វិល​ចំនួន​៣៥​ស្ថាប័ន​ក៏​បាន​ចេញ​សេចក្តីថ្លែង​ការណ៍រួម​មួយ​ដោយបង្ហាញ​ការ​ព្រួយ​បារម្ភជាខ្លាំង​ចំពោះ​របាយ​ការណ៍អំពី​ការ​កើត​ឡើង​យ៉ាង​ច្រើន​នៃ​ការ​ជួញដូរ​មនុស្ស​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដែលបង្កើត​ជា​បញ្ហា​មួយ​ចំនួន​ដូចជា​ពលកម្ម​ដោយ​បង្ខំ អំពើ​ទាស​ភាព និង​ទារុណ​កម្ម​នៅ​តាម​បរិវេណ​អគារ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អង្គ​ការ​និ​ង​ស្ថាប័ន​ទាំង​នោះ​បញ្ជាក់​ថាការ​រាយ​ការណ៍​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​គណនី​បណ្តាញ​សង្គម​របស់​ជន​រង​គ្រោះ​ជាច្រើន ដែល​ចង​ក្រង​ដោយ​អង្គការ​ក្នុង​ស្រុក​និង​អន្តរជាតិ​បង្ហាញ​ថាមនុស្ស​រាប់​ពាន់​នាក់​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស​ត្រូវ​បាន​ជាប់​ក្នុង​ស្ថាន​ភាព​ទាំង​អស់​នេះ ។ សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ទៀត​ថាក៏​មាន​ការ​រំលោភ​បំពាន​ស្រដៀងគ្នា​នេះ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​កើត​ឡើង​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ពោធិ៍សាត់ ​ខេត្ត​កោះកុង​និង​ខេត្ត​ផ្សេងទៀត​ផង​ដែរ ។

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា​៖ «​យើង​ខ្ញុំ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បំពេញ​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ដើម្បី​ស៊ើបអង្កេត​ឱ្យ​បាន​ពេញ​លេញ​នូវ​ការ​រំលោភ​បំពាន​នៅក្នុង​ប្រទេស​របស់​ខ្លួន​លុប​បំបាត់​រាល់​ទីតាំង​ទាំងអស់​ដែល​ជាប់​ទាក់ទង​នឹង​ល្បែង​ស៊ីសង​ខុសច្បាប់​និង​ប្រតិបត្តិ​ការ​បោក​បញ្ឆោត និង​ការ​បង្ខំ​ឱ្យធ្វើ​ពលកម្ម​ទាសភាព ​ឬការ​ធ្វើ​ទារុណកម្ម​និង​ធានា​ថា អ្នក​ដែល​ជាប់​បង្ខាំង​ខ្លួន​ត្រូវ​បាន​ដោះលែង​និង​ត្រូវ​បាន​ផ្តល់​សុវត្ថិភាព​និង​កាត់ទោស​អ្នក​ទទួល​ខុសត្រូវ​ទាំង​អស់​តាម​ច្បាប់​កម្ពុជា​»​៕