រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំឱ្យរដ្ឋបាលរាជធានីខេត្តសើរើកិច្ចព្រមព្រៀងដើម្បីបញ្ចប់ការផ្សាយគ្រឿងស្រវឹង

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ថ្លែងនៅក្នុង​កិច្ចប្រជុំមួយនៅខេត្តកំពង់ធំ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៤។ (Facebook / Ministry of Interior)

រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ លោក ស សុខា កាល​ពី​ថ្ងៃ​ចន្ទ បាន​ណែនាំ​ដល់​រដ្ឋបាល​រាជធានី​ខេត្ត​ទាំង​អស់ ឱ្យ «សើរើ​កិច្ច​ព្រម​ព្រៀង​ផ្សាយ​គ្រឿង​ស្រវឹង» ដើម្បី​កាត់​បន្ថយ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាម​ទីសាធារណៈ​ និង​កាត់​បន្ថយគ្រោះថ្នាក់​ចរាចរណ៍។

បើតាម​សារ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ផ្ដល់​គោលការណ៍​ឱ្យ​រដ្ឋបាល​ខេត្ត​ទាំង​អស់​ ពិនិត្យ​សើរើ​ឡើង​វិញ​រាល់​ឯកសារ​ព្រម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​ផលិត​ លក់​ចែក​ចាយ​ និង​ទទួល​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​ទាំង​អស់​ ដើម្បី​ឈាន​ទៅ​បញ្ចប់​រាល់​ការ​ព្រម​ព្រៀង​ផ្សព្វ​ផ្សាយ​ផលិត​ផល​គ្រឿង​ស្រវឹង​តាម​ដង​ផ្លូវ​ និង​ទី​សាធារណៈ​។

ក្នុង​សារ​ដែល​ស្រង់​សម្តី​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ដដែល​នោះ​បញ្ជាក់ថា៖ «គោល​ដៅ​ធំ​បំផុត​ គឺ​ដើម្បី​កាត់​បន្ថយ​ទំនោរ​ទទួល​ទាន​គ្រឿង​ស្រវឹង​ជ្រុល​ហួស​ហេតុ​របស់​ប្រជាជន​ដែល​កំពុង​តែ​ប្រឈម​ទាំង​គ្រោះ​ថ្នាក់​សុខភាព​ និង​គ្រោះ​ថ្នាក់​សង្គម​។ ពិសេស​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ខណៈ​ការ​ផ្សព្វផ្សាយ​ដ៏​ព្រោង​ព្រាត​គ្រប់​ច្រកល្ហក​ ក៏​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​កុមារ​ផង​ដែរ​»។

ក្នុង​សារ​ដដែល​នោះ​ក៏​បាន​បន្ថែមថា​ សម្រាប់​ទីតាំង​ឯកជន​ដែល​មាន​ការ​លក់ដូរ​គ្រឿង​ស្រវឹង​ រួម​ទាំង​អាហារដ្ឋាន​ និង​ភោជនីយដ្ឋាន​ជា​ដើម​ មិន​មែន​ជា​គោលដៅ​ត្រូវ​ហាម​ឃាត់​ការ​ផ្សព្វផ្សាយ​នោះ​ទេ​។

សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​មហាផ្ទៃ​ដដែល​បន្ថែម​ថា៖ «ការអនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​ផលិត​ផល​គ្រឿង​ស្រវឹង​តាម​ទី​សាធារណៈ ដូចជា​ផ្ទាំង​ប៉ាណូ​តាម​ដងផ្លូវ និង​កាត់​ពី​លើ​ដង​ផ្លូវ​ជាដើម ពិតជា​បាន​ចំណូល​មួយ​ផ្នែក​ប្រាកដ​មែន ប៉ុន្តែ​ចំណូល​នោះ​មិនអាច​ទូទាត់​នឹង​ផល​វិបាក​នានា ដែល​កើត​ចេញ​ពី​ការផ្សព្វផ្សាយ​យ៉ាង​ច្រើន​ហួសហេតុ​ដូច​បច្ចុប្បន្ន​នេះ​បាន​ឡើយ​»។

អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ លោក ទូច សុខៈ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​ណែនាំ​របស់​រដ្ឋ​មន្រ្តី គឺ​ជា​មូលដ្ឋាន​មួយ​បន្ថែម​ទៀត ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត​ទាំង​អស់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​បណ្តា​ក្រុម​ហ៊ុន​ស្រាបៀរ​តាម​លំដាប់​លំដោយ​ ស្រប​តាម​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​នឹង​គ្នា​ និង​សង្គម​ផង ទាក់ទង​នឹង​ការ​លើក​ស្លាកប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ទី​សាធារណៈ។

លោក​ថ្លែងថា​៖ «​បើ​សិន​ជា​ដល់​កាល​បរិច្ឆេទ​នៃ​កិច្ច​សន្យា ​អាហ្នឹង​គឺ​យើង​បញ្ឈប់​ Automatic [ដោយ​ស្វ័យប្រវត្តិ] ប៉ុន្តែ​បើ​មិន​ទាន់​ដល់​ទេ យើង​អាច​ជជែក​គ្នា​ក្នុង​កម្រិត​ណា​មួយ​នៃ​ការលើក​ស្លាកប៉ាណូហ្នឹង​ រក្សា​ស្លាក​ប៉ាណូហ្នឹង ឬ​ក៏​ទម្លាក់ស្លាកប៉ាណូហ្នឹង​ក្នុង​កម្រិត​ណា​មួយ​ជា​ដើម ឬ​ក៏​រក្សា​ដោយ​កាត់​បន្ថយ​រាល់​រូបភាព​ ឬ​ក៏​ខ្លឹមសារ​ដើម្បី​ទាក់​ទាញដល់​មហាជន​ ជា​ពិសេស​យុវជន​ជា​ដើម […] ដើម្បី​សម្រួល​លើ​កិច្ចការងារ​ទាំង​អស់​នេះ​ កុំ​ឱ្យ​ឃើញ​សុទ្ធ​តែ​ផ្លាក​ផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​ ឬ​ក៏​គ្រឿង​ស្រវឹង​ច្រើន​ពេក»។

វីអូអេ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលា​រាជធានី​ភ្នំពេញ ​ពាក់ព័ន្ធ​នឹង​ការ​ណែនាំ​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​ទេ។

លោក​ កើត ឆែ អភិបាល​រង ប្រាប់​វីអូអេ​ជា​សារ​អក្សរ​ថា៖ «សាលា​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ដោយ​ម៉ត់​ចត់​»។

អភិបាល​ខេត្ត​កែប​ លោក​ សោម ​ពិសិដ្ឋ ​បាន​ប្រាប់​វីអូអេថា​ លោក​បាន​ទទួល​បាន​ព័ត៌មាន​ពីថ្នាក់​លើ​រួច​ហើយ​ពី​ការ​សើ​រើលើ​កិច្ចព្រម​ព្រៀង​ផ្សាយ​គ្រឿង​ស្រវឹង​នេះ។

លោក​ថ្លែង​ថា៖ «នឹង​មានវិ​ធានការ​កន្លង​មក​ហើយ​យើង​បាន​ឱ្យ​រុះរើ​អី​បន្ត​បន្ទាប់​ ប៉ុន្តែអ្វី​ដែល​វាមិន​ទាន់​មាន​លិខិត​បទដ្ឋាន​គតិ​យុត្ត​ណាមួយ​ដូច​ថា​ត្រូវ​តែ​រុះរើ​ ឬក៏​ត្រូវ​តែ​មិន​ឱ្យ​មាន​។ ​អាហ្នឹងវា​ពាក់​ព័ន្ធ​នឹង​កាតព្វកិច្ច​បង់អី​ផ្សេងៗ​ដែរ»​។​

លោក​បន្ថែម​ថា ​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅ​ខេត្ត​របស់​លោក​ផ្ទាល់​ គឺមាន​តិចតួច​ប៉ុណ្ណោះ។​ ដោយសារ​មាន​ការប្រុង​ប្រយ័ត្ន​ នឹង​ក្រម​សីលធម៌ បង្ការ​ការប្រើប្រាស់​ដល់​យុវជន​ជំនាន់​ក្រោយ​ជាដើម។

អភិបាល​ខេត្ត​កំពង់​ឆ្នាំង​លោក​ ស៊ុន​ សុវណ្ណា​រិទ្ឋ ​បាន​ប្រាប់​វីអូអេ​ថា​ លោក​មាន​ពីរ​ជំហាន ​ដើម្បី​សើររើ​ពាក់ព័ន្ធ​នឹងគ្រឿង​ស្រវឹង​ទាំងនេះ។

លោក​ថ្លែង​ថា៖ «ជំហាន​ទី ១ ​នេះ ​ខ្ញុំ​នឹង​អនុវត្តបន្ទាន់​ អ្វី​ដែល​ដាក់​តាម​ផ្លូវ​ដោយ​គ្មាន​ការ​អនុញ្ញាត។ ​ស្អែក​នេះ​ខ្ញុំ​កោះ​ប្រជុំ​បន្ទាន់​ហើយ​ចាត់​វិធានការ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន ​ចំណុច​ទី ១។​ ចំណុច​ទី ២​ មាន​ការអនុញ្ញាត​លើក​ប៉ាណូ​តាម​ដង​ផ្លូវ​ដែល​មានការ​អនុញ្ញាត​ពី​លើ​ អាហ្នឹង​យើង​រងចាំ​ការណែ​នាំ​បន្ត​ទៀត​»​។

នៅកម្ពុជា​ គ្រឿង​ស្រវឹង​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាត​តាម​កញ្ចក់​ទូរទស្សន៍ កាសែត ទស្សនាវដ្តី ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ធំៗ​តាម​ដង​ផ្លូវ​ និង​តាម​ទីកន្លែង​សាធារណៈ​នានា នៅ​ទូទាំង​ប្រទេស។

ក្រុម​សង្គម​ស៊ីវិល​តែង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​រដ្ឋាភិបាលតម្លើង​ពន្ធ​ផលិត​ផល​គ្រឿង​ស្រវឹង និង​ពន្លឿន​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ គាំទ្រ​ចំពោះ​ការ​ណែនាំ​របស់​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស សុខា។ លោក​ថា ដើម្បី​ឱ្យ​ការ​ណែនាំ​នេះ​ទទួល​បាន​ប្រសិទ្ធភាព​ ក្រសួង​គួរតែ​តាម​ដាន​មើល​លើ​ការ​អនុវត្ត​របស់​រដ្ឋបាល​រាជធានី​ ខេត្ត​ទាំង​អស់​នោះ​ផង​ដែរ។

លោក​ប្រាប់​វីអូអេថា៖ «​ក្រសួង​មហាផ្ទៃ​ត្រូវ​តែ​មាន​ការ​តាម​ដាន​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អនុវត្ត​សេចក្តី​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​ ថា​តើ​បាន​អនុវត្ត​ទៅ​តាម​សេចក្តី​ណែនាំ​នោះ​ ឬក៏​យ៉ាង​ណាបាទ​ ដើម្បី​កុំ​ឱ្យ​សេចក្តី​ណែនាំ​ហ្នឹង​ពុំ​មាន​ប្រសិទ្ធិភាព។ សង្ឃឹម​ថា តាមរយៈ​សេចក្តី​ណែនាំ​នេះ​ ស្លាក​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នឹង​លែង​មាន​នៅ​តាម​ដង​ផ្លូវ​តទៅទៀត ក៏​មិន​គួរ​ឱ្យ​ឧស្សាហកម្ម​គ្រឿង​ស្រវឹង​ដើរ​ដាក់​ស្លាក​ ដាក់​យីហោ​គ្រឿង​ស្រវឹង​ឱ្យ​តាម​អ្នក​លក់​ដូរ​តាម​ផ្ទះ​តាម​អី​ទេ​បាទ!»។

លោក​បន្ថែម​ថា បើ​គ្មាន​វិធាន​ការ​ដោះស្រាយ​បញ្ហា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​ ក៏​ដូច​ជា​ទប់​ស្កាត់​ការ​ផ្សាយ​គ្រឿង​ស្រវឹង​ឱ្យ​បាន​ទេ នោះ​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក៏​មិន​មាន​ប្រសិទ្ធភាព​ដូច​គ្នា។

ការ​ប្រើប្រាស់​គ្រឿង​ស្រវឹងមាន​ផលប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សង្គម​កម្ពុជា និង​បណ្តាល​ឲ្យ​មាន​ជំងឺធំៗ​ជាង ៦០ ​ប្រភេទ ក្នុង​នោះ​រួម​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង ក្រិនថ្លើម ថ្លើម មហារីក និង​ជំងឺ​កាមរោគ រួមទាំង​មេរោគ​អេដស៍ ​ជំងឺ​អេដស៍ និង​ការ​ស្លាប់ និង​របួស​ដោយ​អចេតនា​ជាច្រើន​ករណី​ជាពិសេស​ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​របស់​មូលនិធិ​អាស៊ី ស្តី​ពី​«ឧស្សាហកម្ម​គ្រឿង​ស្រវឹង​កម្ពុជា» ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​ ២០១៦៕