រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសថា ករណីបង្ក្រាបគ្រឿងញៀនជិត៥០គីឡូ ក្នុងមណ្ឌលកម្សាន្តរ៉ក់ (Rock) កាលពីថ្ងៃទី២៣ ខែកុម្ភៈនេះ មិនមានពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ម្ចាស់ក្លឹបកម្សាន្តនោះទេ។
កាលពីទៀបភ្លឺ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣១១នាក់ ដកហូតបានគ្រឿងញៀនជាង ៣៩គីឡូក្រាម និងសារធាតុញៀនជាទឹកជាង៩គីឡូក្រាម។
ក្រោយការបង្ក្រាប និងបិទមណ្ឌលកម្សាន្តនោះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកនាល្ងាចថ្ងៃពុធ ដោយបានកោតសរសើរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ធំនោះ។
លោកសរសេរបន្ថែមក្នុងសារនោះតាមន័យដើមថា៖
«បន្ទាប់ពីការបង្ក្រាបដោយជោគជ័យរបស់កងកម្លាំងនគរបាលលើករណីនេះ ក៏បានកើតមានពាក្យចចាមអារ៉ាមថាករណីបទល្មើសគ្រឿងញៀននេះមានការពាក់ព័ន្ធនឹងបុគ្គលផ្សេងៗ ដែលខ្ញុំសូមយកឱកាសនេះជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋទាំងអស់ជ្រាបថាតាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ មកដល់ពេលនេះសមត្ថកិច្ចរកពុំឃើញភស្តុតាងណាមួយបញ្ជាក់ថាមានការពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នោះទេ»។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា មូលហេតុដែលលោក ស ខេង ប្រកាសថាលោក គិត ម៉េង មិនមានជាប់ពាក់ព័ន្ធនឹងការបង្ក្រាបគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ក់នោះ គឺដោយសារលោកចង់បញ្ជាក់ឲ្យច្បាស់ ក្រោយមានការចោទប្រកាន់ផ្សេងៗទៅលើបុគ្គលមួយចំនួនប៉ុណ្ណោះ។
លោកថ្លែងថា៖
«បន្ទាប់ពីទទួលបានជោគជ័យក្នុងប្រតិបត្តិការហ្នឹង វាមានពាក្យចចាមអារ៉ាមថា ករណីនេះពាក់ព័ន្ធនឹងឧកញ៉ានេះ ពាក់ព័ន្ធនឹងឧកញ៉ានោះអីអញ្ចឹងទៅ។ ពាក់ព័ន្ធនឹង គិត ធាង ផងពាក់ព័ន្ធនឹង គិត ម៉េង ផង ពាក់ព័ន្ធហ្នឹងអ្នកណាផងអញ្ចឹងទៅ។ ប៉ុន្តែលោកក៏យកឱកាសហ្នឹង ដើម្បីជម្រាបជូនសាធារណជន ចំពោះឧកញ៉ា គិត ម៉េង ហ្នឹងអត់មានពាក់ព័ន្ធទេ រកមិនឃើញមានសញ្ញា ឬក៏ព័ត៌មាន ឬក៏ភស្តុតាងណាមួយថាមានពាក់ព័ន្ធនឹងឧកញ៉ា គិត ម៉េង ទេដោយសារការស្រាវជ្រាវរបស់សមត្ថកិច្ចរបស់យើង»។
យ៉ាងណាក្តី លោកថាលោកមិនបានដឹងថាតើនរណាជាម្ចាស់ក្លឹបកម្សាន្តរ៉ក់ពិតប្រាកដនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេត។
លោកមានប្រសាសន៍ថា៖
«តាមដំណឹងថាជារបស់ឧកញ៉ា គិត ធាង។ ឧកញ៉ា គិត ធាង លោកជួលឲ្យនរណាប៉ុន្មានបន្តទៀត យើងក៏មិនទាន់ដឹងថាម៉េចដែរ។ អញ្ចឹងបានថា ទី១ ចំពោះឧកញ៉ា គិត ម៉េង អត់មានពាក់ព័ន្ធ ចំពោះអីទៀតយើងកំពុងរកបន្តទៀតហើយយើងបញ្ជូនសមត្ថកិច្ចយើង បញ្ជូនភស្តុតាងអីហ្នឹងទៅតុលាការ ហើយនៅប៉ុន្មានយើងនឹងស្រាវជ្រាវ។ និយាយរួម រកឲ្យហ្មត់ចត់មែនទែន ឲ្យច្បាស់លាស់មែនទែន វាមិនទាន់ដល់លទ្ធផលចុងក្រោយទេ»។
មណ្ឌលកម្សាន្តរ៉ក់ មានទីតាំងជាប់សាកលវិទ្យាល័យច្បាប់ដ៏ធំមួយនៅកម្ពុជា។ មណ្ឌលកម្សាន្តនេះ ត្រូវបានបង្កើតឡើងដោយលោក គិត ធាង ជាម្ចាស់ក្លឹប និងត្រូវជាបងប្រុសបង្កើតរបស់អ្នកឧកញ៉ា គិត ម៉េង។
ក្រោយការបង្ក្រាបបានគ្រឿងញៀនដ៏ធំក្នុងក្លឹបកម្សាន្តល្បីមួយទាំងកណ្ដាលរាជធានីភ្នំពេញ គេឃើញអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានចោទជាសំណួរអំពីការទទួលខុសត្រូវរបស់ម្ចាស់ក្លឹបកម្សាន្តពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះ។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក គិត ធាង និងលោក គិត ម៉េង តាមរយៈលេខទូរស័ព្ទដែល VOA ធ្លាប់បានទាក់ទងកន្លងមក ប៉ុន្តែអ្នកឆ្លើយពីខ្សែម្ខាងទៀតទាំងពីរ សុទ្ធតែឆ្លើយថា ច្រឡំលេខ។
មាត្រា៣៥.២ថ្មីនៃវិសោធនកម្មច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ ចំពោះជនណាដែលសម្រួលដោយចេតនាឲ្យជនណាម្នាក់ប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរទោះយកថ្លៃក្ដី មិនយកថ្លៃក្ដី។ ជននោះគឺជាម្ចាស់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀន ដែលរួមមានម្ចាស់ផ្ទះ ម្ចាស់សណ្ឋាគារ ម្ចាស់ក្លឹបកម្សាន្តជាដើម។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ជាក់ថា ក្នុងមួយឆ្នាំពេញនៃឆ្នាំ២០១៨ រដ្ឋាភិបាលបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេសបានចំនួនជាង៨ពាន់ករណី(៨.០១៨ករណី) រឹបអូសសារធាតុញៀនគ្រប់ប្រភេទបានចំនួនជាង៥៣៣គីឡូក្រាម និង៣៧០កញ្ចប់កញ្ឆាក្រៀមជាង៧៤គីឡូក្រាម និង១៦.៤៩២៥ដើម ព្រមទាំងឃាត់ខ្លួនមនុស្ស១៦.២៣២នាក់ (ស្រី១.៣៤៣នាក់) ក្នុងនោះមានជនបរទេស៣១០នាក់ ត្រូវនឹង២៤សញ្ជាតិ៕