លោក ​ស ខេង ស្នើ​ឲ្យ​​បង្កក​ទ្រព្យសម្បត្តិ​របស់​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស

រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​ (ឡេង ឡែន/VOA)

​នៅ​ចំពោះ​មុខ​អ្នក​តំណាង​សាសនា​ព្រះពុទ្ធ សាសនា​កាតូលិក​និង​សាសនា​អ៊ីស្លាម​​ជា​ច្រើន​រយ​នាក់ លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ឧក្រិដ្ឋ​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ជួញ​ដូរ​មនុស្ស។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង​ នៅថ្ងៃ​ពុធ​នេះ​ បាន​ស្នើឲ្យ​មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ឧក្រិដ្ឋ​ជន​ដែល​សង្ស័យ​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​ ការ​លាង​លុយ​កខ្វក់​ និង​ការ​កាប់​ឈើ​ខុសច្បាប់។

ថ្លែង​នៅ​ក្នុង​វេទិកា​ជាតិ​ អន្តរ​សាសនា​នៅ​កម្ពុជា​លើក​ទី​៣​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ លោក ​ស ខេង​ ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​មួយ​រូប​ផង​នោះ​ មាន​ប្រសាសន៍​ថា​ ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​មនុស្ស​គឺ​ជា​ក្រុម​អ្នក​ដែល​មាន​ទ្រព្យ​សម្បតិ្ត​ច្រើន​ ដូច្នេះគ្រាន់​តែ​ចាប់​ខ្លួន​ពួក​គេ​មក​ផ្តន្ទា​ទោស​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។​ ពោល​គឺ​គប្បី​រឹប​អូស​ទ្រព្យ​សម្បត្តិ​ពួក​គេ​បន្ថែម​ទៀត។

«បើ​យើង​គ្រាន់​តែ​ចាប់​បាន​មក​ យក​មនុស្ស​ហ្នឹង​ទៅ​កាត់​ទោស​ ប៉ុន្តែ​អា​ចចរាចរ​លុយ​នោះ​ ដែល​លុយ​វា​ខ្មៅ​ស្រាប់​នោះ​ យើង​អត់​មាន​បង្កក​ទុក​ វា​អត់​មាន​ប្រយោជន៍​ទេ»។

ក្នុង​របាយ​ការណ៍​ឆ្នាំ​២០១៩​នេះ ក្រសួង​ការ​បរទេស​អាមេរិក​បាន​ទម្លាក់​ចំណាត់​ថ្នាក់​នៃ​ប្រសិទ្ធភាព​នៃការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​ប្រទេស​កម្ពុជា​ពី​កម្រិត​២​ (ធម្មតា) ​ទៅ​កម្រិត​២​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ ឬ​ (Tier 2 Watch list)។

កម្រិត​ដែល​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​នេះ​មាន​ន័យ​ថា ​កម្រិត​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញ​ដូរ​មនុស្ស​របស់​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណុច​អាក្រក់​ដែល​ងាយ​នឹង​រអិល​ទៅ​រក​កម្រិត​កាន់​តែ​អាក្រក់​ជាង​នេះ​ គឺ​កម្រិត​៣ ឬ​ Tier 3។

នៅ​ថ្ងៃ​នេះ​លោក​ ស ខេង​ មាន​ប្រសាសន៍ថា​ កម្ពុជា​នឹង​បង្កើន​ការ​ខិត​ខំ​របស់​ខ្លួន​បន្ថែម​ទៀត​ លើ​ការ​អប់រំ​និង​ការ​ផ្សព្វផ្សាយ​ពី​ល្បិច​កល​នៃ​ការ​ជួញដូរ​មនុស្ស​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​និង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ដើម្បី​លុប​បំបាត់​ចោល​រាល់​ទម្រង់​នៃ​ការ​ជួញដូរ​មនុស្ស​នេះ។

យោង​តាម​អ្នកស្រី​ ជូ ប៊ុនអេង​ រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ ​និង​ជា​អនុ​ប្រធាន​អចិន្ដ្រៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ ​ក្នុងរយៈពេល​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ បង្ក្រាប​សកម្មភាព​ជួញដូរ​មនុស្ស​បាន​ ចំនួន​៧៨ករណី​ គឺ​កើន​ឡើង​ ១៦​ករណី បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨។

អ្នក​ស្រី​បន្ថែម​ថា​ ​ជន​សង្ស័យ​ចំនួន​៩៧នាក់​ត្រូវ​បាន​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ខេត្ត។ ក្នុង​នោះ​មាន​ស្ត្រី​២២នាក់​ ជនបរទេស​១៤​នាក់​គឺ​ជនជាតិ​ចិន​១២​នាក់​ និង​ជន​ជាតិ​អាមេរិក​ចំនួន​ពីរ​នាក់។ ជន​រង​គ្រោះ​ចំនួន​២៦៣​នាក់​ត្រូវ​បាន​សង្គ្រោះ។

គួរ​បញ្ជាក់​ថា​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ប្រារព្ធវេទិកា​ជាតិ​ អន្តរ​សាសនា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ កាល​ពី​ម្សិល​មិញ​អតីត​អ្ន​នយោបាយ​ជាន់​ខ្ពស់​មួយ​រូប​គឺ​លោក​ អះម៉ាត់​ យ៉ះយ៉ា ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៥​ឆ្នាំ​ ពី​បទ​ជាប់​ពាក់​ព័ន្ធនឹង​អំពើ​ជួញ​ដូរ​មនុស្ស​ទៅ​កាន់ប្រទេស​អារ៉ាប់ប៊ីសាអ៊ូឌីត។​

ក៏​ប៉ុន្តែ​ក្រុម​គ្រួសារ​អតីត​រដ្ឋលេខា​ធិការ​ក្រសួង​សង្គមកិច្ច​រូប​នេះ​ លើក​ឡើង​ថា​ការ​ផ្តន្ទាទោស​នេះ​ទាក់ទង​ទៅ​នឹង​ទំនាស់​បុគ្គល​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល។

លោក​ អះម៉ាត់​ យ៉ះយ៉ា ​ជាអតីត​អ្នកនយោ​បាយ​របស់​គណបក្ស​រាជានិយម​ហ៊្វុន​ស៊ីនប៉ិច​ និង​គណបក្ស​សម រង្ស៊ី​ ហើយ​ចុងក្រោយ​នេះ​លោក​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន៕