ការវាយប្រហារ​តាមអាកាស​ខ្លាំង​បាន​សម្លាប់​មនុស្ស ៣០ នាក់​នៅ​ក្រុង​ Aleppo

រូបភាព​ផ្តល់​ឲ្យ​ដោយក្រុម​អ្នក​ស្ម័គ្រចិត្ត​មាន​ឈ្មោះ​ថា​ «ពួក​អ្នកពាក់មួក​សុវត្ថិភាព​ពណ៌ស» ដែលភាសាអង់គ្លេស​ហៅ​ថា «White Helmets» បង្ហាញ​ពី​រថយន្តសាមុយដែលត្រូវបាន​បំផ្លាញ​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​តាម​អាកាស​នៅ​ក្រុង Aleppo ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ២០១៦។

ប្រជាជននៅ​ក្នុង​ក្រុង Aleppo នៃ​ប្រទេស​ស៊ីរី​ដែល​កាន់កាប់ដោយ​ពួកឧទ្ទាម​បានរាយការណ៍​អំពី​កំណើន​នៃ​ការ​វាយ​ប្រហារ​តាមអាកាស​ដែល​ពួក​អ្នកឃ្លាំ​មើល​ស្ថានការណ៍​ក្នុងប្រទេស​នេះ​បាននិយាយ​ថា​ បានបណ្តាលឱ្យមនុស្សយ៉ាង​តិចណាស់៣០នាក់ស្លាប់។ ​រដ្ឋាភិបាលស៊ីរី​បានប្រកាស​អំពី​ការ​វាយ​លុក​ជា​ថ្មី​ទៀត​លើក្រុង​នេះ​នៅ​ក្រោយ​ស.រ.អា និង​ប្រទេស​រុស្សី​គ្មាន​ជោគជ័យ​ក្នុងការ​ស្រោចស្រង់​បទ​ឈប់បាញ់គ្នា​មួយ ​ដែល​បាន​បំបាត់អរិភាពក្នុង​ពេល​ជិត​មួយ​សប្តាហ៍។​

ក្រុមអ្នកឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាននិយាយ​ថា ​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង​នេះ​នៅ​ក្នុងក្រុង Aleppo ដែលបានត្រូវ​រាយការណ៍​ថា​បានត្រូវ​ធ្វើឡើង​ដោយ​កងឧទ្ធម្ភាគ​ចក្រស៊ីរី ​និង​កង​យន្តហោះ​ចម្បាំង​រុស្សី បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​ ហើយ​បាន​បន្ត​ធ្វើ​ចាប់តាំង​ពី​ពេល​នោះ​មក បានយក​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​នៅ​តំបន់​មាន​អ្នក​ស្រុករស់នៅ ​និង​អាគារ​ដែល​បានត្រូវ​ប្រើប្រាស់​ដោយ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​មាន​ឈ្មោះ​ថា​ «ពួក​អ្នកពាក់មួក​សុវត្ថិភាព​ពណ៌ស» ដែលភាសាអង់គ្លេស​ហៅ​ថា «White Helmets»។​

ក្រុង​ Aleppo ដែល​ជា​ក្រុង​ធំទី​ពីរនៃ​ប្រទេស​ស៊ីរី​ត្រូវ​បាន​បែងចែក​រវាង​ពួក​ទាហានរដ្ឋាភិបាល ពួក​ជីវពលឧទ្ទាម ពួក​ឥស្លាម​ជ្រុលនិយមនិងពួកយុទ្ធជន​Kurd ចាប់តាំង​ពី​ឆ្នាំ២០១២​មក។​

សមាជិក​ម្នាក់​នៃ​ក្រុមការពារ​ស៊ីវិលស៊ីរី​បាននិយាយ​ប្រាប់ទី​ភ្នាក់ងារ​ព័ត៌មាន Associated Press ថា​ ការ​ទម្លាក់គ្រាប់បែក​ក្នុង​សប្តាហ៍​នេះ​មានភាព​ខ្លាំង​ក្លា​បំផុត​ក្នុង​សង្គ្រាមនេះ។​

លោកបាននិយាយ​អះអាង​ថា ​ការ​វាយ​ប្រហារទាំងនេះ​ជាការ​សងសឹកដល់ក្រុមដែលគេ​ស្គាល់ថាជា​ពួក White Helmets ដែល​បានទទួល​រង្វាន់អន្តរជាតិ «Right Livelihood Award» កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ការទទួលស្គាល់

កិច្ចខិតខំប្រឹងប្រែង​របស់ពួកគេ​ដើម្បី​ជួយ​សង្គ្រោះ​និង​ផ្តល់ការ​ថែរក្សាខាង​វេជ្ជសាស្ត្រ​ដល់ពួក​ជន​ដែលបានត្រូវ​របួស​ក្នុងការ​វាយ​ប្រហារតាមអាកាស​ទាំងនេះ៕