កាលពីថ្ងៃសុក្រ មេដឹកនាំស.រ.អា.និងប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ជាថ្មីអំពីសេចក្តីត្រូវការក្នុងការនាំរដ្ឋាភិបាលក្រុងព្យុងយ៉ាងមកកាន់តុចរចាវិញដោយអនុវត្តការដាក់ទណ្ឌកម្មនិងគំនាបសង្កត់ជាអតិបរិមា។ នេះបើតាមការប្រាប់ឱ្យដឹងដោយការិយាល័យលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in។
ពួកមន្ត្រីនៅក្នុងក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូលបាននិយាយថា លោក Moon និងប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បាននិយាយគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរនាក់នេះបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងមានតទៅទៀតរវាងស.រ.អា. ប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុន និងការឆ្លើយតបមានការសម្របសម្រួលគ្នារបស់ពួកគេដល់ «អាកប្បកិរិយារបស់កូរ៉េខាងជើងក្នុងការធ្វើឱ្យមានអស្ថិរភាពនិងបង្ករឿងរឹតតែខ្លាំង»។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា លោកត្រាំ និងលោក Moon បានយល់ស្របគ្នាក្នុងការពង្រឹងសម្ព័ន្ធភាពរបស់អស់លោកតាមរយៈកិច្ចសហប្រតិបត្តិការខាងយោធា និងពង្រឹងសមត្ថភាពខាងការពារប្រទេសរបស់កូរ៉េខាងត្បូង។
បើតាមសេចក្តីថ្លែងការណ៍នេះថា ត្រាំ ក៏បានផ្តល់ការយល់ព្រមតាមគំនិតរបស់គាត់ដល់គម្រោងការទិញគ្រឿងឧបករណ៍យោធាអាមេរិកាំងមានតម្លៃរាប់ពាន់លានដុល្លារផងដែរ។
នៅពេលត្រូវសួរដោយវីអូអេនៅក្នុងសន្និសីទកាសែតនាសេតវិមានកាលពីថ្ងៃសុក្រដោយសុំឱ្យបំភ្លឺអំពីគោលជំហររបស់ ត្រាំ អំពីកិច្ចការទូតនោះ អ្នកស្រី Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមានបានឆ្លើយថា៖ «ប្រធានាធិបតី ត្រាំ កំពុងស្វែងរកដំណើរការមួយមានការរួមបញ្ចូលគ្នា។ ហើយយើងបន្តធ្វើចលនាទៅមុខនៅលើមាគារនេះ។ យើងគិតគូរហ្មត់ចត់ណាស់អំពីប្រទេសកូរ៉េខាងជើង ហើយជម្រើសទាំងអស់ឋិតនៅលើតុ។ ការនេះគ្មានការប្រែប្រួលទេ»៕