ការផ្ទៀងផ្ទាត់លើការឆ្លងជំងឺអេដស៍នៅក្នុងភូមិរកាជំហានដំបូងដោយវិទ្យាស្ថានប៉ាស្ទ័រនិងដោយក្រសួងសុខាភិបាលបង្ហាញថា មានមនុស្សចំនួន៩០នាក់មានផ្ទុកមេរោគនេះ។ ប៉ុន្តែការធ្វើតេស្តឈាមនៅធ្វើបន្តទៀតនៅឡើយដើម្បីផ្ទៀងផ្ទាត់លទ្ធផលដែលត្រូវបានរកឃើញនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
Your browser doesn’t support HTML5
វិទ្យាស្ថានប៉ាស្ទ័របានឲ្យដឹងនៅថ្ងៃសុក្រនេះថា មានប្រជាពលរដ្ឋភូមិរកា ខេត្តបាត់ដំបងប្រមាណ៩០នាក់ត្រូវបានបញ្ជាក់ថា មានផ្ទុកមេរោគអេដស៍(HIV)។ នេះជាលទ្ធផលនៃការវិភាគផ្ទៀងផ្ទាត់បន្ថែមលើការរកឃើញដោយមន្ទីរពេទ្យខេត្តបាត់ដំបង។
លោកវេជ្ជបណ្ឌិត ឌីឌីយេ ហ្វុងតឺនីល (Didier Fontenile) នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមានប្រសាសន៍ថា លទ្ធផលនេះត្រូវបានរកឃើញក្នុងការពិនិត្យសំណាកឈាមកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយលទ្ធផលនេះបានបញ្ជាក់ដូចគ្នាដោយមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺអេដស៍របស់ក្រសួងសុខាភិបាល។
«ក្នុងពេលនេះមានករណីប្រមាណ៩០ត្រូវបានបញ្ជាក់ថាមានផ្ទុកមេរោគអេដស៍។ ប៉ុន្តែសំណាកដែលត្រូវបានរកឃើញថាវិជ្ជមានដោយក្រសួងសុខាភិបាល ត្រូវបញ្ជាក់ថាវិជ្ជមានដោយវិទ្យាស្ថានប៉ាស្ទ័រ និងមានសំណាកថ្មីៗបន្ថែមទៀតដែលនឹងត្រូវបញ្ជូនពីខេត្តបាត់ដំបងមកក្រុងភ្នំពេញនៅថ្ងៃនេះដើម្បីបញ្ជាក់បន្ថែមអំពីសញ្ញានៃមេរោគស៊ីដារបស់ក្រុមអ្នកភូមិក្នុងថ្ងៃនេះនិងក្នុងអំឡុងពេលចុងសប្តាហ៍»។
លោកវេជ្ជបណ្ឌិត ឌីឌីយេ ហ្វុងតឺនីល បន្ថែមថាសំណាកឈាមរាប់រយត្រូវបានបញ្ជូនពីខេត្តបាត់ដំបងដើម្បីយកមកធ្វើតេស្តនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍របស់រដ្ឋាភិបាល ហើយសំណាកឈាមដែលបញ្ជាក់ថា មានផ្ទុកមេរោគអេដស៍ត្រូវបញ្ជូនទៅកាន់វិទ្យាស្ថានប៉ាស្ទ័រ ដើម្បីធ្វើការបញ្ជាក់លើមេរោគបន្ថែមទៀត។
យ៉ាងហោចណាស់ អ្នកភូមិចំនួន១០៦នាក់ក្នុងចំណោមអ្នកភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងជាង៧០០នាក់ត្រូវបានរកឃើញថាមានផ្ទុកមេរោគអេដស៍នៅក្នុងសប្តាហ៍នេះ មុនពេលរដ្ឋាភិបាលបិទមិនឲ្យបង្ហាញតួលេខបែបនេះតទៅទៀត ក្រោយពេលចំនួនអ្នកភូមិមកធ្វើតេស្តឈាមបានកើនឡើងហើយចំនួនអ្នកផ្ទុកមេរោគអេដស៍ត្រូវបានរកឃើញច្រើនជាងនេះ។
មន្ត្រីសុខាភិបាលមកពីស្ថាប័នផ្សេងៗរួមមានអង្គការសុខភាពពិភពលោក (WHO) របស់អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ពីវិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា មូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារនិងមជ្ឈមណ្ឌលបង្ការនិងទប់ស្កាត់ជំងឺឆ្លងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដើម្បី«កំណត់រកប្រភព ទំហំ និងខ្សែសង្វាក់នៃការចម្លង» មេរោគអេដស៍នេះ។
ស្ថាប័នទាំង៦បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមថា ខ្លួនកំពុង «ស្រាវជ្រាវលើចំនួនករណីអ្នកឆ្លងមេរោគអេដស៍ក្នុងចំណោមប្រជាពលរដ្ឋ» នៅក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងនេះ។
សេចក្តីថ្លែងការណ៍បញ្ជាក់បន្ថែមថា ករណីឆ្លងនៅក្នុងភូមិត្រូវបានរកឃើញចន្លោះពីថ្ងៃទី៩ដល់ថ្ងៃទី១៦ខែធ្នូ ហើយសំណាកឈាមត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី១៨ខែធ្នូនេះ។
លោកវេជ្ជបណ្ឌិតម៉ាសាមិ ហ៊្វូជីតា (Masami Fujita) មន្ត្រីវេជ្ជសាស្ដ្ររបស់អង្គការសុខភាពពិភពលោក (WHO) មិនធ្វើអត្ថាធិប្បាយលើចំនួនតួលេខអ្នកឆ្លងមេរោគអេដស៍ក្នុងភូមិរកាដែលត្រូវបានរកឃើញនោះទេ។
លោកពន្យល់ថា៖ «ចំនួននោះកំពុងផ្ទៀងផ្ទាត់។ ដូច្នេះយើងកំពុងរង់ចាំលទ្ធផល»។
លោកវេជ្ជបណ្ឌិត មាន ឈីវុន នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគបញ្ជាក់ថា ការធ្វើតេស្តឈាមត្រូវធ្វើការវិភាគលើច្រើនផ្នែកមុននឹងអាចបញ្ជាក់នូវលទ្ធផលចុងក្រោយ។
«គេត្រូវធ្វើ(ការវិភាគ)ច្រើនមុខទៀត។ មិនមែនធ្វើតែមួយមុខនោះទេ។ ដូច្នេះ មន្ទីរពិសោធន៍នឹងជម្រាបនៅពេលដែលគេបានលទ្ធផលជាក់លាក់»។
សូមបញ្ជាក់ថា ដើមហេតុនៃរបកគំហើញអ្នកឆ្លងជំងឺអេដស៍ដ៏ច្រើននៅក្នុងភូមិរកាតែមួយនេះ កើតមានក្រោយពីបុរសវ័យ៧៤ឆ្នាំម្នាក់ ចៅស្រីរបស់គាត់ និងកូនប្រសារប្រុសរបស់គាត់ ត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍កាលពីចុងខែវិច្ឆិកា។ បុរសចំណាស់នេះបានប្រាប់ទៅអ្នកភូមិថា គាត់បានទទួលការព្យាបាលពីគ្រួពេទ្យឯកជនម្នាក់នៅក្នុងភូមិ ហើយគាត់ក៏បានផ្តល់យោបល់ឲ្យអ្នកភូមិដទៃទៀតដែលធ្លាប់ទទួលការព្យាបាលជាមួយគ្រូពេទ្យដដែលនេះ ទៅពិនិត្យឈាមដូចក្រុមគ្រួសាររបស់គាត់ដែរ។
គ្រូពេទ្យឯកជននៅក្នុងភូមិរកានោះត្រូវបានកោះហៅទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត។ ហើយផ្ទះរបស់លោកក៏បានត្រូវចុះឆែកឆេរផងដែរ។ ប៉ុន្តែមិនមានព័ត៌មានលម្អិតពីក្រុមអាជ្ញាធរចំពោះបញ្ហានេះនៅឡើយទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញការមន្ទិលលើការឆ្លងរីករាលដាលនៃមេរោគអេដស៍ដ៏ចម្លែកនេះ ហើយក៏បានដាក់បញ្ជាឲ្យមានការស៊ើបអង្កេតមួយច្បាស់លាស់៕