ក្រសួងព័ត៌មាននឹងរៀបចំសិក្ខាសាលាតម្រង់ទិសមួយ នៅថ្ងៃសុក្រ ទី១៩ ខែមេសា ដើម្បីប្រមូលធាតុចូល ដើម្បីឈានទៅបង្កើត«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»។ ក្រសួងអះអាងថា ធម្មនុញ្ញនេះនឹងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ហើយស្ថាប័នសារព័ត៌មាន ដែលប្រព្រឹត្តល្មើសនឹងធម្មនុញ្ញនេះអាចត្រូវបានដាក់ពិន័យ។ នេះបើតាមអ្នកនាំពាក្យក្រសួងព័ត៌មាន។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ប្រាប់វីអូអេថា គ្រប់អាជីពទាំងអស់ រួមទាំងអាជីពសារព័ត៌មាន គឺសុទ្ធតែមានក្រមសីលធម៌ ដើម្បីធានាភាពត្រឹមត្រូវ ស្របច្បាប់ និងសុចរិតភាពនៅក្នុងសង្គម។ អ្នកនាំពាក្យរូបនេះបន្តថា សិក្ខាសាលានេះនឹងមានអ្នកចូលរួមចំនួន២៥០នាក់មកពីស្ថាប័នសារព័ត៌មានផ្សេងៗគ្នា ដែលពួកគេនឹងមានឱកាសដើម្បីផ្តល់ធាតុចូលសំខាន់ជាមូលដ្ឋានដើម្បីរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
លោកបន្តថា អ្នកប្រព្រឹត្តខុសពីធម្មនុញ្ញនេះនឹងត្រូវដាក់ពិន័យ។
លោក ទេព អស្នារិទ្ធ បញ្ជាក់ថា៖ «ហើយការមិនបំពេញកាតព្វកិច្ចឬទង្វើដែលបំពាននឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ក្រមសីលធម៌ វិជ្ជាជីវៈនឹងបង្កជាផលវិបាក ដែលអង្គភាពសារព័ត៌មានឬអ្នកសារព័ត៌មាននោះត្រូវតែទទួលខុសត្រូវ ដែលអាចត្រូវបានកោះអញ្ជើញ ឱ្យមកទទួលការណែនាំ ដើម្បីតម្រង់ទិសការងារឱ្យត្រឹមត្រូវតាមក្រមវិជ្ជាជីវៈឡើងវិញ និងក្របខណ្ឌច្បាប់ ឬក៏ត្រូវចេញលិខិតព្រមាន ហើយក្នុងករណីធ្ងន់ធ្ងរអាចឈានទៅដល់ការលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្មពោលគឺអាជ្ញាបណ្ណ»។
បើតាមអ្នកនាំពាក្យរូបនេះ ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានគឺជា«ការងារអាទិភាពចម្បង»មួយសម្រាប់ក្រសួងនៅក្នុងអាណត្តិនេះ។
បើតាមសេចក្តីជូនដំណឹងដែលចេញផ្សាយថ្មីៗនេះ សិក្ខាសាលានឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅសាលចតុមុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
ក្រសួងបញ្ជាក់ថា៖«គោលបំណងនៃការរៀបចំសិក្ខាសាលានេះគឺដើម្បីបង្កើតវេទិកាជជែកពិភាក្សា ផ្លាស់ប្តូរយោបល់រវាងថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេស និងអ្នកសារព័ត៌មានលើវឌ្ឍនភាព បញ្ហាប្រឈម និងការវិវត្តនៃបច្ចេកវិទ្យាឱ្យស្របនឹងបរិការណ៍ដែលក្រសួងកំពុងរៀបចំសណ្តាប់ធ្នាប់ព័ត៌មាន ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឈានឆ្ពោះទៅរកការរៀបចំស្តង់ដារប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន»។
អ្នកជំនាញនៅក្នុងវិស័យសារព័ត៌មានបង្ហាញក្តីព្រួយបារម្ភថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះនឹងធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែតានតឹងជាងមុន ក្នុងករណីក្រសួងជាអ្នកតាក់តែងនិងរៀបចំ។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានលើកឡើងថា ក្រសួងព័ត៌មានគួរតែអនុញ្ញាតឱ្យសមាគមសារព័ត៌មានជាអ្នករៀបចំក្រមសីលធម៌នេះវិញ ដើម្បីបញ្ចៀសការលើកឡើងថា មានការរឹតត្បិត។
លោកថ្លែងថា៖«ប៉ុន្តែផ្ទុយទៅវិញ បើសិនជាអ្នកសារព័ត៌មានជាអ្នករៀបចំតាក់តែងក្រមប្រតិបត្តិឬក៏ក្រមសីលធម៌ឬក៏ធម្មនុញ្ញអ្នកសារព័ត៌មានដោយខ្លួនឯង សម្រាប់ខ្ញុំ ខ្ញុំ យល់ឃើញថា វាគឺជារឿងមួយល្អ ពីព្រោះអ្នកសារព័ត៌មាន គាត់យល់ពីក្របខណ្ឌ យល់ពីកម្រិតនៃការអនុវត្តសេរីភាពរបស់អ្នកសារព័ត៌មាន»។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ប្រាប់វីអូអេថា សារព័ត៌មាននៅតាមស្ថាប័ននីមួយៗតែងតែមានគោលការណ៍ និងក្រមសីលធម៌អនុវត្តផ្សេងៗគ្នា ហើយលោកថា ក្រសួងអាចចង់ដោះបញ្ហាដែលកើតឡើងកន្លងមកហើយ។ ប៉ុន្តែលោកបារម្ភថា ធម្មនុញ្ញវិជ្ជាជីវៈរួមមួយអាចបង្កជាបញ្ហាក្នុងការអនុវត្តជារួម។
លោកថ្លែងថា៖ «ប៉ុន្តែប្រសិនបើយើងរៀបចំជាគោលការណ៍ណែនាំរួមមួយ ហើយបង្ខំឱ្យសារព័ត៌មានទាំងអស់គោរពតាម ខ្ញុំគិតថា ស្នើឱ្យក្រសួងប្រហែលជាអាចពិចារណារឿងហ្នឹងឡើងវិញ ដោយសារតែវាអាចធ្វើឱ្យប៉ះពាល់ទៅដល់សេរីភាពសារព័ត៌មាន»។
បើតាមលោក អ៊ិត សូធឿត បើសិនជាសារព័ត៌មានដែលជាអំណាចទី៤ត្រូវបានរឹតត្បិត នោះការបំពេញការងាររបស់អ្នកសារព័ត៌មាននឹងមិនបានរលូន និងពេញលេញនោះទេ៕