ក្រសួងព័ត៌មានកម្ពុជាបានបញ្ចេញប្រតិកម្មខ្លាំងៗស្តីបន្ទោសកាសែតភ្នំពេញប៉ុស្តិ៍ដែលផ្សាយជាភាសាអង់គ្លេសចំពោះការសរសេរអត្ថបទទាក់ទងនឹងការទទួលខុសត្រូវរបស់លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជាក្នុងការកាប់សម្លាប់មនុស្សក្នុងរបបខ្មែរក្រហម។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃព្រហស្បតិ៍នេះ ហើយត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមក្រសួងព័ត៌មានបានចាត់ទុកថា កាសែតនេះ«ខ្វះមនសិការ និងពិតជាខ្វះសីលធម៌ និងមានភាពជំលើយយ៉ាងហួសហេតុ» ដោយសារបានដកស្រង់តាមសេចក្តីរាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលលើកឡើងថា មរណភាពរបស់លោក ជា ស៊ីម គឺជា«ការចំអកចំពោះយុត្តិធម៌មួយ» ព្រោះគាត់រួចខ្លួនពីការកាត់ទោសពីបទ«ឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ»។
នៅក្នុងអត្ថបទដែលមានចំណងជើងថា «Sim’s KR Role Scrutinised» ចេញ ផ្សាយកាលពីថ្ងៃពុធទី១០ ខែមិថុនា ឆ្នាំ២០១៥ កាសែតភ្នំពេញប៉ុស្តិ៍ បានដកស្រង់តាមប្រភពអង្គការ Human Rights Watch ដែលបានផ្សាយកាលពី ថ្ងៃច័ន្ទ ដោយលើកឡើងថា អង្គការនេះបានរកឃើញភស្តុតាងថា លោក ជា ស៊ីម មានជាប់ពាក់ព័ន្ធនៅក្នុងឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ក្នុងតួនាទីរបស់លោកជាលេខាបក្សស្រុកពញាក្រែក របស់ក្រុមខ្មែរក្រហម ដែលនៅតំបន់២០នៃភូមិភាគបូព៌ា និងជាសមាជិកនៃបក្សនោះពីឆ្នាំ១៩៧៥ ដល់១៩៧៨។
អង្គការនោះបានបន្តថា ការទទួលខុសត្រូវរបស់លោក ជា ស៊ីម រួមមានការចាប់ឃុំឃាំងខ្លួន ការធ្វើទារុណកម្ម និងការកាប់សម្លាប់ប្រព្រឹត្តមកលើមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ ពលរដ្ឋអ្នកមានក្នុងរបបចាស់ សមាជិកក្រុមខ្មែរក្រហម និងជនជាតិវៀតណាម ចាម និងខ្មែរកាត់ចិន។
តែក្រសួងព័ត៌មានបានចាត់ទុកថា នេះគឺជា«ការចោទប្រកាន់មួយដែលគ្មានមូលដ្ឋានពិតប្រាកដ» ហើយការយកមកចុះផ្សាយ«គឺជាការបំពានលើវិជ្ជាជីវៈសារព័ត៌មានមួយ»។
លោក ជា ស៊ីម ដែលក៏ជាអតីតប្រធានព្រឹទ្ធសភាបានទទួលមរណភាពកាលពីថ្ងៃច័ន្ទក្នុងជន្មាយុ៨២ ឆ្នាំដោយរោគាពាធ។ ក្នុងឆាកនយោបាយចុងក្រោយ លោកត្រូវបានគេចងចាំថាបានដើរតួនាទីកណ្តាល ក្នុងការជួយបង្រួបបង្រួមអ្នកនយោបាយខ្មែរ ក្នុងនោះមានការមិនព្រម ចុះហត្ថលេខាលើធម្មនុញ្ញបន្ថែមក្នុងឆ្នាំ២០០៤ ដែលអ្នកតាមដាននយោបាយមើលឃើញថា ជាការរំលោភរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា៕