រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាគឺលោក ខៀវ កាញារីទ្ធ បានរិះគន់និស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយថាខ្វះខាតចំណេះដឹងទូទៅ ដែលជាហេតុធ្វើឲ្យពួកគេ មិនអាចប្រឡងជាប់ក្របខណ្ឌក្រសួងព័ត៌មានបាន។ ប៉ុន្តែ អ្នកជំនាញយល់ថា ការមិននិយមធ្វើជាអ្នកសារព័ត៌មានរបស់អ្នកបញ្ចប់ការសិក្សាផ្នែកនេះ គឺដោយសារប្រាក់ចំណូលមិនសមស្របនឹងការប្រឈមគ្រោះថ្នាក់នៅក្នុងមុខរបរនេះទៅវិញ។
នៅក្នុងពិធីប្រារព្ធខួប១៥ឆ្នាំរបស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (Department of Media and Communication ឬDMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃ២០ ខែធ្នូនេះ លោក ខៀវ កាញារីទ្ធ បានថ្លែងដោយរិះគន់និស្សិត DMC ថា ពួកគេខ្វះចំណេះដឹងផ្នែកវប្បធម៌ទូទៅដើម្បីក្លាយជាអ្នកសារព័ត៌មានដ៏ពូកែ។
លោក ខៀវ កាញារីទ្ធ ថ្លែងថា ចំណេះដឹងផ្នែកវប្បធម៌ទូទៅមានសារៈសំខាន់ណាស់សម្រាប់អាជីពជាអ្នកសារព័ត៌មាន។
លោកបន្តថា និស្សិតភាគតិចបំផុតដែលបានបញ្ចប់ និងកំពុងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៅDMC កំពុងចាប់អាជីពជាអ្នកសារព័ត៌មាន ដោយសារពួកគេមានចំណេះដឹងតែផ្នែកបច្ចេកទេសប៉ុន្តែខ្វះចំណេះដឹងផ្នែកវប្បធម៌ទូទៅនេះ។
«និស្សិត DMC បើទៅប្រឡងចូលក្រសួងព័ត៌មានមិនសូវជាប់ទេ ពីព្រោះគាត់រៀនតែបច្ចេកទេស ប៉ុន្តែគាត់អត់មានចំណេះទូទៅ ដល់អញ្ចឹងដាក់ចំណេះទូទៅទៅ គឺគាំងតែម្ដង។ ទៅប្រឡងចាញ់និស្សិតអក្សរសាស្ត្រវិញ។ អញ្ចឹងបានឥលូវយើងបំបែកជាពីរ ក្រសួងប្រឡងហ្នឹងគឺនរណាប្រឡងបច្ចេកវិទ្យា IT តែម្ដង ហ្នឹងយើងមានរបៀបប្រឡងផ្សេង អត់ឲ្យប្រឡងជាមួយគេ។ ប្រឡងជាមួយគេអត់ជាប់ទេ បានន័យថាយើងរៀនបច្ចេកទេសដោយអត់បានរៀនចំណេះទូទៅ។ អ្នកកាសែតចំណេះទូទៅសំខាន់ណាស់ដើម្បីសម្រាប់វាស់ថាតើដំណឹងហ្នឹងវាត្រូវទេ ការវិភាគហ្នឹងត្រូវទេ គេឲ្យយោបល់មកហ្នឹងត្រូវទេ យើងគ្មានចំណេះដឹងទូទៅគឺយើងយ៉ាប់ ហើយសំខាន់នៅ DMC នេះខ្វះចំណេះទូទៅ»។
ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) បង្កើតនៅឆ្នាំ២០០១ ដែលរហូតមកដល់ពេលនេះមានរយៈពេល១៥ឆ្នាំ និងមាននិស្សិតបញ្ចប់ និងកំពុងសិក្សាជាង៣០០នាក់ ហើយក្នុងនោះនិស្សិតមានចំនួនតិចតួចបំផុតបានចាប់យកអាជីពជាអ្នកសារព័ត៌មាន។
លោក ខៀវ កាញារីទ្ធ បានជំរុញនិស្សិតទាំងនោះ ឲ្យខិតខំបន្ថែមដោយខ្លួនឯងដើម្បីបង្កើនចំណេះដឹងទូទៅនេះ។
លោក សោម រតនា ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ដែលមិនធ្លាប់ធ្វើជាអ្នកសារព័ត៌មានក្នុងស្រុក និងមិនបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកសារព័ត៌មាននៅDMCផងនោះ យល់ស្របតាមការលើកឡើងរបស់លោករដ្ឋមន្ត្រីព័ត៌មាន ដោយលោកនិយាយថា DMC ពិតជាមានភាពខ្វះខាតផ្នែកចំណេះទូទៅពិតមែន ប៉ុន្តែលោកថា មិនមែននិស្សិត DMC ទាំងអស់សុទ្ធតែខ្វះចំណេះដឹងទូទៅនោះទេ។
ទោះជាយ៉ាងណាលោកសោម រតនា ថ្លែងថា លោកនឹងខិតខំបំពេញបន្ថែមទាក់ទងនឹងភាពខ្វះខាតដែលកំពុងកើតមាន។
«អ្វីដែលគាត់មានប្រសាសន៍មកហ្នឹងគឺបានធ្វើឲ្យយើងបាន Note (កត់ទុក) ទុក ថាអ្វីទៅដែលយើងគួរតែធ្វើបន្ទាប់ទៀត ហើយយើងនឹងព្យាយាមសិក្សាបន្ថែមថាតើហ្នឹងជាកត្តាខ្វះខាតមែន ឬមិនមែន ហើយយើងនឹងធ្វើចាត់វិធានការក្នុងការពង្រឹងគុណភាពហ្នឹងឲ្យកាន់តែប្រសើរ»។
កញ្ញា ទួន សិរីរតនា និស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់DMCនេះ ប្រាប់ VOA ថា កញ្ញាសុំមិនបញ្ចេញមតិលើការលើកឡើងរបស់លោករដ្ឋមន្ត្រីព័ត៌មាននោះទេ ប៉ុន្តែកញ្ញាបញ្ជាក់ថា DMC មានមុខវិជ្ជាចំណេះដឹងទូទៅនៅឆ្នាំទី១ ស្ទើរតែមួយឆ្នាំពេញ ដូច្នេះកង្វះចំណេះដឹងទូទៅមិនមែនជាកត្តាដែលធ្វើឲ្យកញ្ញា និងនិស្សិតដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ផ្សេងទៀតមិនអាចធ្វើ ឬមិនចង់ធ្វើជាអ្នកសារព័ត៌មាននោះទេ។
កញ្ញាបានសង្កត់ធ្ងន់ថា កត្តាដែលចោទខ្លាំងបំផុតគឺប្រភពដែលជាអ្នកផ្ដល់ព័ត៌មានទៅវិញទេ ដែលធ្វើឲ្យកញ្ញាមិនចង់ចាប់យកអាជីពជាអ្នកសារព័ត៌មាន។
«ឆ្លងកាត់កិច្ចការសាលាគ្រូដាក់ឲ្យ នៅពេលដែលគាត់ឲ្យចុះទៅសម្ភាសន៍ គឺពួកខ្ញុំមានអារម្មណ៍ថាពិបាកទាក់ទងប្រភពដើម្បីគាត់ផ្ដល់ព័ត៌មាន ជួនកាលគាត់ឮថាយើងសិស្សអញ្ចឹងគឺគាត់បដិសេធ ឬក៏គាត់ថាគាត់រវល់អីអញ្ចឹង។ អញ្ចឹងការលំបាកទាំងអស់ហ្នឹងហើយដែលធ្វើឲ្យភាគច្រើននៃសិស្សដែលរៀននៅ DMC គាត់ចាប់ផ្ដើមគិតថាធ្វើជាអ្នកកាសែតលំបាក បើយើងធ្វើអីផ្សេងវាស្រួលជាងហ្នឹង។ តែបើសិនជាការទទួលព័ត៌មានហ្នឹងល្អជាងមុន ខ្ញុំគិតថាអាចជំរុញទឹកចិត្តអ្នករៀនកាសែតហ្នឹងក្លាយជាអ្នកសារព័ត៌មានទៅថ្ងៃអនាគត»។
របាយការណ៍អង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានចេញផ្សាយកាលពីចុងខែតុលា ឆ្នាំ២០១២ បង្ហាញថា យ៉ាងហោចណាស់មានអ្នកសារព័ត៌មានចំនួន ១២នាក់ ត្រូវបានសម្លាប់ ១៧នាក់ រងការគំរាមសម្លាប់ និងរត់គេចខ្លួន ១២នាក់ បានជាប់ពន្ធនាគារ និងអ្នកសារព័ត៌មានម្នាក់ទៀត បានរងរបួសធ្ងន់ ចាប់តាំងពីឆ្នាំ១៩៩៣ ដល់២០១២ ដោយមូលហេតុនៃការរាយការណ៍ព័ត៌មានរិះគន់រដ្ឋាភិបាល បរិហារការធ្វើជំនួញខុសច្បាប់ និងមូលហេតុមួយចំនួនទៀត។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន យល់ថា ចំណេះដឹងទូទៅមានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មានគួបផ្សំនឹងវិជ្ជាជីវៈ ដើម្បីអាចរាយការណ៍ព័ត៌មានមួយត្រឹមត្រូវ និងផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ។
លោកបន្ថែមថានិស្សិត ដែលបានឆ្លងកាត់វគ្គសិក្សាសារព័ត៌មានរយៈពេលវែង ភាគច្រើនមិនចង់ធ្វើជាអ្នកសារព័ត៌មានដោយសារអាជីពនេះទទួលបានប្រាក់កម្រៃទាប និងប្រឈមគ្រោះថ្នាក់ខ្ពស់។
«អ្នកសារព័ត៌មានយើងយកព័ត៌មានរសើបខ្លាំង ទាក់ទងនឹងបញ្ហាសង្គម ទាក់ទងនឹងការកាប់ព្រៃឈើខុសច្បាប់ ទាក់ទងនឹងការនេសាទខុសច្បាប់ គឺអាចធ្វើឲ្យអ្នកសរសេរហ្នឹងគាត់អាចទទួលរងនូវការវាយប្រហារលើរាងកាយ ឬក៏វាយប្រហារតាមផ្លូវច្បាប់។ អញ្ចឹងចំណុចពីរនេះហើយដែលធ្វើឲ្យនិស្សិត DMC ដែលគាត់បញ្ចប់ការសិក្សាផ្នែកសារព័ត៌មានហើយ តែបែរជ្រើសរើសអាជីពផ្សេងទៀត»។
បើទោះបីជាអាជីពជាអ្នកសារព័ត៌មានទទួលបានប្រាក់កម្រៃទាប ប៉ុន្តែ លោក មឿន ឈានណារិទ្ធ បានលើកទឹកចិត្តឲ្យនិស្សិតផ្នែកសារព័ត៌មានទាំងអស់ មកចាប់អាជីពនេះឲ្យបានច្រើនដើម្បីជំរុញឲ្យការអភិវឌ្ឍនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។
តាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងព័ត៌មាន ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ បង្ហាញថា ក្នុងឆ្នាំ២០១៤ កម្ពុជាមានស្ថាប័នវិទ្យុចំនួន១៧៥ ទូរទស្សន៍ចំនួន២៤ កាសែតជាតិមានចំនួន៤៥៦ អង្គភាពនៅទូទាំងប្រទេស។ ទោះជាយ៉ាងណា គេមើលឃើញថា ស្ថាប័នព័ត៌មានដែលកំពុងដំណើរការ មិនមានចំនួនច្រើនដូចក្នុងរបាយការណ៍នោះទេ៕