រដ្ឋមន្រ្តីក្រសួងព័ត៌មានបញ្ជាក់ថា អ្នកសារព័ត៌មានអាចបន្លំខ្លួនដើម្បីស្វែងរកព័ត៌មានយកទៅផ្សព្វផ្សាយ តែការបន្លំខ្លួនចូលស្ថាប័នសាធារណៈ ឬការបន្លំអាជ្ញាធរមានសមត្ថកិច្ច ជាទង្វើខុសច្បាប់។
លោករដ្ឋមន្ត្រីរូបនេះ បានលើកឡើងក្រោយការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី១៦នៅរាជធានីភ្នំពេញ និងស្របពេលដែលអង្គការអន្តរជាតិដែលធ្វើការផ្នែកសារព័ត៌មានធំៗ ចំនួន២បង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានការធ្លាក់ចុះ។ ក្នុងនោះ អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Border) រកឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែអាក្រក់និងអង្គការឃ្លាំមើលសេរីភាពពិភពលោក (Freedom House) រកឃើញថា កម្ពុជាជាប្រទេសគ្មានសេរីភាពសារព័ត៌មាន។ រដ្ឋាភិបាលបានច្រានចោលរបាយការណ៍ទាំងនេះ ថាខុសពីការពិត។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរពាក់ព័ន្ធនឹងការណ៍ដែលលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ចូលក្នុងពន្ធនាគារជាមួយតំណាងរាស្រ្តបក្សប្រឆាំងកាលពីពីរសប្តាហ៍មុន លោក ខៀវ កាញារីទ្ធ ថ្លែងថា ការបន្លំខ្លួនចូលក្នុងស្ថាប័នសាធារណៈ ឬបន្លំអាជ្ញាធរមានសមត្ថកិច្ច គឺជាអំពើខុសច្បាប់។
រដ្ឋមន្ត្រីរូបនេះមានប្រសាសន៍ថា៖
«ជាទូទៅចំពោះអាជ្ញាធរមានសមត្ថកិច្ច គឺការបន្លំគឺជាការខុសហើយ ហ្នឹងពីច្បាប់ យើងបន្លំជាមួយសមត្ថកិច្ចគឺខុស។ ប៉ុន្តែយើងបន្លំជាមួយសង្គមងងឹត យើងបន្លំនៅកន្លែងណាក្រុមដែលប្រព្រឹត្តខុសច្បាប់ យើងត្រូវតែបន្លំខ្លួនហើយដើម្បីសុវត្ថិភាពខ្លួនយើង ដើម្បីទទួលបានព័ត៌មាន។ ខុសគ្នាណា»។
ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថា ការបន្លំខ្លួនចូលក្នុងស្ថាប័នសាធារណៈ ឬបន្លំមុខអាជ្ញាធរមានសមត្ថកិច្ច នឹងត្រូវប្រឈមនឹងច្បាប់ ឬទោសបែបណានោះទេ។
លោក ហួត ឃីនវុទ្ធី ដែលត្រូវបានគេស្គាល់ថា ជាលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ត្រូវបានតុលាការបញ្ជាឲ្យសមត្ថកិច្ចនាំខ្លួន បន្ទាប់ពីលោកមិនបានចូលបំភ្លឺនៅតុលាការតាមការកោះហៅពាក់ព័ន្ធនឹងការចូលក្នុងពន្ធនាគារជាមួយក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង។
រដ្ឋាភិបាលបានចោទថា លោក ជុន ច័ន្ទបុត្រ បានបន្លំឈ្មោះ និងតួនាទីដើម្បីចូលក្នុងពន្ធនាគារ ដែលជាទង្វើផ្ទុយនឹងក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីរបបសារព័ត៌មាន។ ទោះជាយ៉ាងណា លោក ជុន ច័ន្ទបុត្រ បានច្រានចោលការចោទប្រកាន់ ដោយអះអាងថា លោកបានសរសេរឈ្មោះពិត ហើយថាមន្រ្តីពន្ធនាគារនៅទីនោះស្គាល់លោកថាជាអ្នកសារព័ត៌មាន ព្រមទាំងអនុញ្ញាតឲ្យលោកចូលក្នុងពន្ធនាគារដោយមិនបានសួររកប័ណ្ណសម្គាល់ខ្លួនណាមួយឡើយ។
វិទ្យុអាស៊ីសេរីដែលមានស្ថានីយផ្សាយនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយការពារអ្នកសារព័ត៌មានរបស់ខ្លួនថា លោក ជុន ច័ន្ទបុត្រ មិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទាំងអស់ និងថា អាជ្ញាធរបានយកករណីប្រឆាំងលោកមកធ្វើជារឿងនយោបាយ ក្នុងចេតនាបង្វែងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរក្នុងពេលប្រកួតប្រជែង នារដូវកាលបោះឆ្នោត។ សេចក្តីថ្លែងការណ៍ដដែលនោះបន្ថែមថា ការណ៍ដែលអាជ្ញាធរព្យាយាមបន្តករណីប្រឆាំងលោក ជុន ច័ន្ទបុត្រ គឺរឹតតែបង្ហាញឲ្យឃើញនូវស្ថានភាពដ៏អាក្រក់នៃសេរីភាពសារព័ត៌មាននៅកម្ពុជា។
លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ប្រាប់អ្នកសារព័ត៌មានក្នុងវគ្គស្វែងយល់ពិសេសអំពីក្រមនីតិវិធីព្រហ្មទណ្ឌដល់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារនេះថា អ្នកកាសែតដែលប្រព្រឹត្តបទល្មើសដោយសារចង់បានព័ត៌មាន នឹងត្រូវទទួលទោសតាមច្បាប់។
ទោះជាយ៉ាងណា អ្នកជំនាញផ្នែកសារព័ត៌មានលើកឡើងពីសំណុំរឿងនៃការចូលក្នុងពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ ថា ប្រសិនបើរដ្ឋាភិបាលអនុវត្តផ្លូវច្បាប់លើអ្នកសារព័ត៌មានដែលបន្លំខ្លួនដើម្បីប្រមូលព័ត៌មានពិតមកផ្សព្វផ្សាយ មានន័យថា រដ្ឋាភិបាលកំពុងដាក់សម្ពាធដល់អ្នកសារព័ត៌មាន និងអាចរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ។
ចំណែកអ្នកឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា ការកោះហៅអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី បង្ហាញពីក្ដីបារម្ភចំពោះសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ហើយថា រដ្ឋាភិបាលគួរបើកទូលាយពន្ធនាគារសម្រាប់អ្នកសារព័ត៌មាន និងសង្គមស៊ីវិល ដើម្បីឲ្យសាធារណជនបានឃើញពីស្ថានភាពអាក្រក់ ដែលអ្នកជាប់ឃុំកំពុងប្រឈម។
យ៉ាងណាក៏ដោយលោក ខៀវ កាញារីទ្ធ បានលើកឡើងក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃពុធនេះថា សេរីភាពសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ន មានភាពល្អប្រសើរ និងពេញលេញលើសប្រទេសមួយចំនួនទៅទៀត៕