រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និង លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រី បានសម្តែងការខកចិត្តចំពោះរបាយការណ៍របស់សមាគមការពារអ្នកកាសែតមួយចំនួន និងថា របាយការណ៍របស់ពួកគេធ្វើឡើងទៅតាមការចង់បានរបស់ម្ចាស់ជំនួយតែប៉ុណ្ណោះ។
មន្រ្តីជាន់ខ្ពស់ទាំងពីររូបបានថ្លែងបែបនេះនៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា កាលពីថ្ងៃអង្គារ ក្រោមប្រធានបទ«សារព័ត៌មានក្នុងសម្ពាធឌីជីថល» ដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារសុខា នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រសួងព័ត៌មាននិងអង្គការយូណេស្កូ។
លោក ខៀវ កាញារីទ្ធថ្លែងថា កាលពីកន្លងទៅ សមាគមសារព័ត៌មានមួយចំនួនបានចេញផ្សាយរបាយការណ៍ដែលលើកឡើងថា សេរីភាពសារព័ត៌មានធ្លាក់ចុះ និងមានការរឹតត្បិតសិទ្ធិសេរីភាពរបស់សារព័ត៌មាន។ លោករដ្ឋមន្រ្តីបានច្រានចោលរបាយការណ៍ទាំងនោះ ហើយថា មិនត្រូវបានសរសេរដោយអ្នកសារព័ត៌មាន ហើយធ្វើទៅតាមតែម្ចាស់ជំនួយ។ លោកជំរុញឲ្យមានការសិក្សាឲ្យបានស៊ីជម្រៅ។
លោក ខៀវ កាញារីទ្ធ ថ្លែងថា៖ «អ៊ីចឹងសូមមេត្តារបាយការណ៍ហ្នឹងគឺស៊ីឱ្យជម្រៅតិចទៅ! ក្រសួងព័ត៌មានស៊ីជ្រៅជាងរឿងបញ្ហាហ្នឹង ព្រោះក្រសួងព័ត៌មានស្គាល់អ្នកកាសែតទាំងអស់ច្រើនជាងអ្នកសរសេររបាយការណ៍»។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី និងជាអនាគតបេក្ខជននាយករដ្ឋមន្រ្តីមួយរូប ដែលជាអធិបតីនៅក្នុងកម្មវិធីនោះ បានថ្លែងការពារថា រដ្ឋាភិបាលតែងតែលើកកម្ពស់សេរីភាពសារព័ត៌មាន។ លោកបន្តថា របាយការណ៍របស់សមាគមការពារអ្នកកាសែតដែលនិយាយអំពីការធ្លាក់ចុះឬកើនឡើងនៃសិទ្ធិសេរីភាពសារព័ត៌មាននោះ គឺគ្រាន់តែជាការយល់ឃើញមួយជ្រុងប៉ុណ្ណោះ។ លោកបន្តថា ក្រុមអង្គការទាំងនោះមានពេលវេលាកំណត់ ដើម្បីសិក្សាស្រាវជ្រាវ ហើយទិន្នន័យដែលទទួលបាន ក៏មានកំណត់ ដែលនាំឱ្យការវិភាគទិន្នន័យមិនបានគ្រប់ជ្រុងជ្រោយ និងមិនសុក្រឹត។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖«វាសំខាន់ទៅលើស្ថានភាពជាក់ស្តែងរបស់យើង...[មានអ្នកកាសែត]៥ពាន់នាក់ជាង ប្រជាពលរដ្ឋ១០លាននាក់ជាង មានអាយហ្វូន មានហ្វេសប៊ុកឆ្លងឆ្លើយ លម្ហពេញហ្នឹង។ តើនេះឬជាការធ្លាក់ចុះនៃសិទ្ធិសេរីភាពនៃការបញ្ចេញមតិ?»
នេះជាលើកដំបូងដែលលោក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទិវាសេរីភាពសារព័ត៌មាន។ ប៉ុន្តែក្នុងពិធីនោះ លោកមិនបានអនុញ្ញាតឲ្យមានការសួរសំណួរឡើយ។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានខេមបូចា លោក ណុប វី ដែលមានវត្តមាននៅក្នុងពិធីនោះ និងបានលើកឡើងអំពីការរឹតត្បិតសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការសិក្សាស្រាវជ្រាវណាមួយក៏ដោយតែងតែមានចំណុចខ្វះខាត និងទាន់មិនគ្រប់ជ្រុងជ្រោយ។ លោកបន្ថែមថា បើសិនជាលទ្ធផលនៃការសិក្សាបង្ហាញពីភាពជាក់ស្តែងដែលកំពុងតែកើតមានឡើងក្នុងសង្គម វាពិតជាមានតម្លៃសម្រាប់ពិចារណា និងពិនិត្យមើលដើម្បីរកដំណោះស្រាយ ឬក៏ដាក់ចេញជាវិធានការផ្សេងៗ។
លោកថ្លែងថា៖«រឿងទាក់ទងនឹងការអនុវត្តការងារហ្នឹង វាគ្រាន់តែជាផ្នែកមួយនៃការយកលុយពីម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ផ្សេងៗ។ ខ្ញុំគិតថា អាទាំងអស់ហ្នឹង វាមិនមែនជាបញ្ហាទេ។ រឿងបញ្ហាសំខាន់សួរថា តើលទ្ធផលនៃការរកឃើញ លទ្ធផលនៃការសិក្សាស្រាវជ្រាវហ្នឹង វាពិតជាបង្ហាញនូវអ្វីដែលជាចំណុចខ្វះខាតនៅក្នុងសង្គមរបស់យើងដែរឬទេ?»
លោក ណុប វី ក៏បានស្នើឲ្យថ្នាក់ដឹកនាំទាំងអស់គួរតែជួបគ្នាជាមួយអ្នកសារព័ត៌មានឱ្យបានញឹកញាប់ ដើម្បីសិក្សាឈ្វេងយល់ពីគ្នាទៅវិញទៅមក ពីព្រោះថា អ្នកកាសែតពិតជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាលនៅក្នុងការចូលរួមអភិវឌ្ឍប្រទេស។
បើតាមលោក ណុប វី ចាប់តាំងពីឆ្នាំ២០១៧មក សេរីភាពសារព័ត៌មានទទួលរងការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរ ហើយលោកថា ក្នុងឆ្នាំ២០២១ ករណីប្រឆាំង និងយាយីលើអ្នកសារព័ត៌មាន មានជាង៩០នាក់ ដែលរួមមានអ្នកសារព័ត៌មានមួយចំនួនស្ថិតក្នុងពន្ធនាគារនៅឡើយ។
ចំណែកនាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក អ៊ិត សូធឿតប្រាប់វីអូអេថា ការសិក្សាស្រាវជ្រាវណាក៏ដោយក៏មានកម្រិតរបស់វាដែរ។
លោកថា៖«អ៊ីចឹងត្រឡប់មកវិញ រដ្ឋាភិបាលគាត់គួរតែពិនិត្យមើលរបាយការណ៍នោះឱ្យបានច្បាស់មុននឹងឆ្លើយតប...ទៅលើរបាយការណ៍របស់សង្គមស៊ីវិល ហើយយើងធ្វើនេះមិនមែនថា ចេះតែធ្វើដោយអត់មានមូលដ្ឋាន អត់មានអីច្បាស់លាស់នោះដែរទេ»។
គួរបញ្ជាក់ថាកន្លងទៅ អង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការលើវិស័យសារព័ត៌មាន បានចេញរបាយការណ៍ដែលនិយាយពីសិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់អ្នកការពារសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន។ នៅក្នុងនោះ ពួកគេក៏បានបង្ហាញនូវកង្វល់ផ្សេងៗពីស្ថានភាពសិទ្ធិសេរីភាពនាពេលបច្ចុប្បន្ន ដោយបង្ហាញថា សារព័ត៌មានមួយចំនួនត្រូវដកអាជ្ញាបណ្ណផ្សព្វផ្សាយ អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សទទួលរងនូវផលប៉ះពាល់ពីការគាបសង្កត់មិនឈប់ឈរ និងគោលការណ៍រដ្ឋាភិបាលមិនអត់ឱនចំពោះមតិរិះគន់៕