ការ​អប់រំ​មិន​ផ្លូវការ​ផ្តល់​ក្តី​សង្ឃឹម​ដល់​កុមារ​ជន​ភៀស​ខ្លួន​ Rohingya នៅ​ប្រទេស​បង់ក្លាដែស

កុមារជន​ភៀសខ្លួន​ Rohingya​ កំពុង​រៀនភាសា​ភូមាក្នុង​ថ្នាក់រៀន​មួយក្នុងជំរំ​ Cox's Bazar ប្រទេស​បង់ក្លា​ដែស (រូបថត​ ថ្ងៃទី៩​ ខែមេសា​ ឆ្នាំ២០១៩​)។

មណ្ឌល​អប់រំ​មិន​ផ្លូវការ​រាប់​សិប​កន្លែង​នៅ​ជំរំ​ជនភៀស​ខ្លួន​ក្នុង​តំបន់​ Cox's Bazar នៃ​ប្រទេស​បង់ក្លាដែស​ កំពុង​ផ្តល់​ពន្លឺ​ក្តី​សង្ឃឹម​ខ្លះដល់​កុមារ​ជនភៀស​ខ្លួន Rohingya រាប់ពាន់​នាក់​ដែល​រួចផុត​ពី​ការ​សម្លាប់​រង្គាល​នៅ​ប្រទេស​កំណើតម៉ាយ៉ាន់ម៉ា​របស់​ពួក​គេ​ កាល​ពី​ឆ្នាំ​២០១៧។ ​

ក្នុង​ជំរំ​បណ្តោះ​អាសន្ន​ដែល​ពោរពេញ​ដោយ​ជនភៀស​ខ្លួន​ក្នុង​ក្រុង Kutupalong ប្រទេស​បង់ក្លាដែស មាន​មណ្ឌល​អប់រំ​មិន​ផ្លូវការ​រាប់​រយ​កន្លែង​ដែល​បង្កើត​ដោយ​ទីភ្នាក់ងារ​អន្តរជាតិ​ និង​មេដឹកនាំ​សហគមន៍​ Rohingya ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​កុមារ​ជន​ភៀសខ្លួន​អាច​ទទួល​ការ​អប់រំ​បាន។ ឱកាស​រៀន​សូត្រ​បន្ត និង​ពង្រឹង​ជំនាញផ្សេងៗ​ ជា​អ្វី​ដែល​ជនភៀសខ្លួន​វ័យ​ក្មេង​ទាំង មិន​ដែល​ទទួល​បាន​កាល​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ឡើយ។

អ្នកស្រី​ Sharmeen Noor ជា​គ្រូ​គណិតវិទ្យា​នៅ​សាលា​បឋមសិក្សា​ Kutupalong ប្រាប់ ​VOA ​ថា​ កម្មវិធី​អប់រំ​នៅ​មណ្ឌល​អប់រំ​មិន​ផ្លូវការ​នៅ​ជំរំ​នោះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ធានា​ថា ​កុមារ​ជន​ភៀសខ្លួន​ Rohingya ​មិន​បាត់​ឱកាស​រៀនសូត្រ​ស្រប​នឹង​អាយុ​ពួក​គេ ទោះ​បី​ពួកគេ​មិន​បាន​ចូល​រៀន​ក្នុង​ប្រព័ន្ធ​អប់រំ​ផ្លូវការ​ក៏ដោយ។ មណ្ឌល​អប់រំ​មិន​ផ្លូវការ​ទាំងអស់នេះ​ អាច​បង្កើត​ផល​វិជ្ជមាន​ដោយ​លើក​ទឹកចិត្ត​ប្រជាជន​ដែល​បាក់​ស្បាត​ដោយ​សារ​ការ​បង្ក្រាប​របស់​កង​ទ័ព​ភូមា​ក្នុង​ឆ្នាំ​២០១៧ ​ដែល​ការណ៍​នោះ​បាន​បង្ខំ​ជន​ជាតិ​ភាគ​តិច Rohingya ជិត​៧០០.០០០​នាក់រត់​គេចខ្លួន​ពី​រដ្ឋ Rakhine ទៅ​ប្រទេស​បង់ក្លាដែស។

អ្នកស្រី​ Sharmeen Noor និយាយ​ថា៖​ «កុមារ​ដែល​ធ្លាប់​ឃើញ​សកម្មភាព​ហិង្សា នៅតែ​គិត​ពី​រឿង​ហ្នឹង​គ្រប់​ពេល​វេលា។ ពួកគាត់​ មិន​អាច​ផ្តោត​អារម្មណ៍បាន​មូល​ក្នុង​ថ្នាក់រៀន​ទេ។ ក្នុង​នាម​ជា​គ្រូ​ ពួក​យើង​កំពុង​ធ្វើការ​លើ​រឿង​នេះ​ផង​ដែរ។ ពួក​យើង​កំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ធ្វើ​ឱ្យ​ពួក​គាត់​វិល​រក​ស្ថានភាព​ជីវិត​ធម្មតា​វិញ។ នេះ​ជា​ឆន្ទៈ​របស់​ព្រះ​ជា​ម្ចាស់​ ពួក​យើង​នឹង​ធ្វើ​ឱ្យ​បាន​សម្រេច»។

មក​ទល់​ពេល​នេះ មាន​កុមារ​ជន​ភៀសខ្លួន​ Rohingya ប្រមាណ​៣៥០នាក់​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​សាលា​បឋមសិក្សា Kutupalong ដែល​ផ្តល់​ការ​អប់រំ​មិន​ផ្លូវការ​ថ្នាក់​មូលដ្ឋាន​ចាប់​ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់ទី៥។ កុមារ​ទាំងនោះ​ រៀន​មុខវិជ្ជា​ ដូចជា​វិទ្យាសាស្រ្ត​ទូទៅ​ គណិតវិទ្យា​ ភាសា​អង់គ្លេស​ ភាសា​ភូមា​ និង​ភាសា​ Bengali។

អ្នកស្រី​ Noor និយាយ​ថា​ សកម្មភាព​និង​វិធីសាស្រ្ត​បង្រៀន​របស់​គាត់​ភាគច្រើន​ផ្តោតលើ​ការ​រៀន​សូត្រ​អម​ដោយ​ការ​លេង ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ គឺ​វា​អាច​ផ្តល់​ឱកាស​ឱ្យ​កុមារ​ទាំងនោះ​បំភ្លេច​ចោល​ការ​លំបាក​របស់​ពួកគេ​ដែល​ជួប​ប្រទះ​រាល់​ថ្ងៃ​ក្នុង​ជំរំ​មនុស្ស​ម្នា​កកកុញ​នោះ។ កុមារ​ដែល​មាន​បញ្ហា​សតិបញ្ញា​ ទទួល​បានការ​គាំពារ​ពិសេស​ផងដែរ។

អ្នកស្រី​ Noor បន្ថែម​ថា៖ «ពួក​យើង​បាន​ដាក់​សិស្ស​ពូកែ​២នាក់ឲ្យ​អម​សិស្ស​ដែល​មាន​បញ្ហា​សតិបញ្ញា​ ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​កុមារ​អាច​យក​គំរូ​តាម​គ្នា​ វា​ប្រាកដ​ជា​មាន​កា​រ​លំបាក​ ​ព្រោះ​កុមារ​មិន​ដូច​គ្នា​ទេ។ ដើម្បី​អាច​យល់​ពីពួកគេបាន យើង​មាន​តែ​ពឹង​លើ​សមត្ថភាពសតិបញ្ញា​ពួកគេ។ ពួកយើង​មាន​បញ្ជី​កត់ត្រា​កុមារ​ដែល​រៀន​មិន​ទាន់​គេ។ គឺ​ត្រូវ​ជួយ​ពួក​គេ​ឱ្យ​រៀន​ទាន់​វិញ ពួក​យើង​ព្យាយាម​ជួយ​ទំនុក​បម្រុង​ដូច​ជា​ ការ​ផ្តល់​ការ​លេង​ល្បែង​កម្សាន្ត​ជាដើម»។

ការ​បង្ក្រាប​ឆ្នាំ​២០១៧​

ជនជាតិ​ភាគតិច​ Rohingya ជាង​៧០០.០០០នាក់​ បាន​រត់​ភៀសខ្លួន​ពី​ផ្ទះសម្បែង​ក្នុង​ខេត្ត​ Rakhine ជាប់​ព្រំ​ដែន​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ២០០៧​ ដោយសារ​ការ​បង្រ្កាប​ពី​កងទ័ព​មីយ៉ាន់ម៉ា និង​កង​ជីវពល​កាន់​ព្រះពុទ្ធ​សាសនា។ អង្គការ​សហប្រជាជាតិ​ ចាត់​ទុក​យុទ្ធនាការ​របស់​កង​ទ័ព​ក្នុង​ខេត្ត​ Rakhine ថា​ជា​ ​«ផែនការ​ប្រល័យ​ពូជសាសន៍ជនជាតិ​ភាគ​តិច​យ៉ាង​ច្បាស់‍» និង​បាន​ទទួល​ស្គាល់​ថា​ជនជាតិ​ Rohingya បាត់​បង់ជីវិត​ ទទួលរង​ការ​ចាប់រំលោភ​ និង​ការ​បំផ្លិចបំផ្លាញ​លំនៅដ្ឋាន​ក្នុង​ទ្រង់ទ្រាយ​ធំ​ដោយ​កងទ័ព​និង​កងជីវពល​កាន់​ព្រះពុទ្ធសាសនា។

ភាគច្រើន​នៃ​ជនភៀស​ខ្លួន​ដែល​រត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ជិត​ខាង​នោះ រស់នៅ​ក្នុង​តំបន់​ Kutupalong ដែល​ធ្វើ​ឱ្យ​ជំរំ​ភៀស​ខ្លួន​នេះក្លាយ​ជា​ការ​ជំរំ​តាំង​ទី​លំនៅ​របស់​ជន​ភៀស​ខ្លួន​ដែល​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។

តាម​ការ​ប៉ាន់​ស្មាន មាន​ជនភៀសខ្លួន​ Rohingya ប្រមាណ​៤០០.០០០នាក់​ ជា​កុមារ​កំពុង​រស់នៅ​ប្រទេស​បង់ក្លាដែស។ អង្គការ​សិទ្ធិមនុស្ស​ និយាយ​ថា​ មួយ​ភាគ​បី​នៃ​កុមារ​ទាំងនោះ​ទទួល​បាន​ការអប់រំ។ ការ​ខ្វះ​ខាត​សេវា​មូលដ្ឋា​ន និង​ការ​គាំ​ពារ​សុខុមាលភាព ធ្វើ​ឱ្យកុមារ​ជាច្រើន​ប្រឈម​នឹង​ការ​ខ្វះ​អាហារូបត្ថម្ភ និង​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ។

ក្នុង​របាយការណ៍​កាល​ពី​ខែ​ធ្នូ​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) បាន​និយាយ​ថា​ អាជ្ញា​ធរ​ប្រទេស​បង់​ក្លាដែស​បាន​ហាមប្រាម​ក្រុម​ផ្តល់​ជំនួយ​ផ្តល់​ជំនួយ​លើ​ផ្នែក​អប់រំ​នៅ​ក្នុង​ជំរំ​ និង​ហាម​ឃាត់​កុមារ​ Rohingya មិន​ឲ្យ​ចុះឈ្មោះ​ចូល​រៀន​នៅ​តំបន់​ក្រៅ​ជំរំ។

លោក​ Bill Van Esveld នាយករង​ផ្នែក​សិទ្ធិ​កុមារ​នៃ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​នេះ បាន​និយាយ​ថា៖ «ប្រទេស​បង់ក្លាដែស​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ខ្លួន​មិន​ចង់​ឱ្យ​ជនជាតិ​ Rohingya បន្ត​រស់​នៅ​លើ​ដី​ខ្លួន​បន្ត​ឡើយ​ ប៉ុន្តែ​ការ​ដក​សិទ្ធិ​កុមារ​ក្នុង​ការ​ទទួល​ការ​អប់រំ​រឹត​តែ​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​កាន់​តែ​កើន​ឡើង​ដល់​កុមារ និង​មិន​អាច​ដោះស្រាយ​ស្ថានភាព​ជនភៀស​ខ្លួន​លំបាក​ធ្ងន់ធ្ងរ​ឱ្យ​ធូរស្រាល​ឆាប់​រហ័ស​ឡើយ»។

លោក​ Bill Van Esveld បន្ថែម​ថា៖ «រដ្ឋាភិបាល​ប្រទេស​បង់​ក្លាដែស​បាន​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​ច្រើន​ឥត​គណនា​តាមរយៈ​ការ​បើក​ព្រំដែន​ និង​ផ្តល់​ជម្រក​ភៀស​ខ្លួន​ដល់​ជន​ជាតិ Rohingya ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវតែ​បញ្ចប់​គោលនយោបាយ​ដែល​មិន​ត្រឹម​ត្រូវ​នៃការ​ហាមប្រាម​កុមារ​ជន​ជាតិ Rohingyaមិន​ឲ្យ​ទទួល​បាន​ការ​អប់រំ»។

មណ្ឌល​អប់រំ​មិន​ផ្លូវការ​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ រដ្ឋាភិបាល​បង់ក្លាដែស​ បាន​ប្រកាស​កាល​ពី​ខែ​មករា​ថា​ ខ្លួន​បាន​ធ្វើ​ការ​ជាមួយ​ទីភ្នាក់ងារ​អង្គការសហ​ប្រជាជាតិ​សម្រាប់​កុមារ​ ហៅ​កាន់​ថា UNICEF ដើម្បី​ផ្តល់​ការ​អប់រំ​មិន​ផ្លូវការ​ដល់​កុមារ​ជនជាតិRohingya ។ អង្គការ​ UNICEF បាន​ចាត់​ទុក​សកម្មភាព​នេះ ថា​ជា​ «ជំហាន​ថ្មី​ដ៏​ធំ​មួយ‍» សម្រាប់​ការ​អប់រំ​ដល់​កុមារ​ជនភៀស​ខ្លួន Rohingya ដែល​កំណត់​ចំនួន​គោលដៅ​ជាបឋម​ប្រមាណ​១០.០០០​នាក់​ ពី​ថ្នាក់​ទី៦​ ដល់​ថ្នាក់​ទី៩ ​និង​ពង្រីក​ចំនួន​បន្ថែមដល់​ថ្នាក់​ផ្សេងៗ​ទៀត។

តាម​រយៈ​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា​ Learning Competency Framework and Approach អង្គការ UNICEF ផ្តល់​ការ​អប់រំ​មិន​ផ្លូវការ​ដល់​កុមារ Rohingya ២២០​.០០០នាក់ អាយុ​ចន្លោះ​ពី៤ទៅ​១៤​ឆ្នាំ។ តាម​ការ​ប៉ាន់ស្មាន​ កុមារ​និង​ក្មេង​ជំទង់​៣១៥.០០០​នាក់ កំពុង​ទទួល​បាន​ការ​អប់រំ​នៅ​តាម​មណ្ឌល​អប់រំ​ជាង​៣.២០០​កន្លែង​គាំទ្រ​ដោយ​អង្គការ UNICEF និង​ទីភ្នាក់ងារ​ផ្សេងៗ។

ក៏ប៉ុន្តែ​ ជនភៀស​ខ្លួន Rohingya ជាច្រើន​និយាយ​ថា មណ្ឌល​អប់រំ​ទាំងនោះ​ មិន​ទាន់​គ្រប់​គ្រាន់​ក្នុង​ការ​ផ្តល់​ភាព​អង់អាច និង​បំពាក់​បំប៉ន​បំណិន​ចាំបាច់​ផ្សេង​ៗ​ដល់​កូនៗ​របស់​ពួកគាត់​ឡើយ។

ការ​សិក្សា​ពី​សាសនា​

នៅ​ទូទាំង​ជំរំ​នេះ​ មេដឹកនាំ​សាសនា​ បាន​ស្ម័គ្រចិត្ត​បង្រៀន​សាសនា​ក្នុង​ព្រះវិហា​រ​អ៊ីស្លាម​ និងមណ្ឌលបណ្តោះអាសន្នសម្រាប់​បង្ហាត់​បង្រៀន​អំពីជំនឿ​សាសនា​អ៊ីស្លាម​ដែល​ហៅ​ថា Madrasas។ កុមារ​ចូលរៀន​នៅ​សាលា​ Madrasas ភាគច្រើន​ផ្តោត​រៀន​សូត្រ​លើ​កា​រ​សិក្សា​សាសនា​អ៊ីស្លាម និង​ភាសា​អារ៉ាប់។

លោក​គ្រូ​ម្នាក់​ឈ្មោះ Abdus Sobhan ប្រាប់ ​VOAថា​ គ្រូប​ង្រៀន​ស្ម័គ្រ​ចិត្ត​១៥រូប​ កំពុង​ធ្វើការ​ជាមួយ​លោកនៅ​កន្លែង​ Madrasa មួយ​កន្លែង​ដែល​មាន​កូន​សិស្ស៩៣​រូប។ កុមារ​ក្នុង​ថ្នាក់​ទាំង​នោះ​ រៀន​សរសេរ​ឡើងវិញ​ពាក្យ​ពេចន៍​ក្នុង​គម្ពីរ​គួរអានរបស់​អ៊ីស្លាម និង​រៀន​ភាសា​អារ៉ាប់។

លោកគ្រូ​ Sobhan ប្រាប់​ VOAថា​៖ «វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​បង្រៀន​កុមារ​ពី​សាសនា​ ធ្វើ​ដូច្នេះ​ពួកគេ​នឹង​ជៀសវាង​ធ្វើ​អំពើ​បាប​ និង​លះ​បង់​កាយ​ជូន​ព្រះ»។

លោក​ Hafez Idris ជា​គ្រូ​បង្រៀន​ជនជាតិ​ Rohingya មួយ​រូប​ទៀត​ដែល​បង្រៀន​នៅ​ជំរំ​ Kutupalong lambashia I2 B3 កំពុង​ធ្វើការ​ជាមួយ​គ្រូបង្រៀន​៤រូប​ផ្សេង​ទៀត ជួយ​កុមារ​កំព្រា​ឱ្យ​រៀនធ្វើ​ការ​សូត្រ​ពាក្យ​ពេចន៍​ក្នុង​គម្ពីរ​គួរអាន។ មណ្ឌល​អប់រំ ​ឈ្មោះ​ Nurani Yetim Khana និង Hafez Khana មាន​កុមារ​កំព្រា​ Rohingya ២៥០នាក់​ដែល​កំពុង​រៀន​សូត្រ​ការសិក្សា​សាសនា រួមផ្សំ​នឹង​មុខវិជ្ជា​គណិត​វិទ្យា​ ភាសា​ភូមា និង​ភាសា​អង់គ្លេស។

លោក​ Hafez Idris ប្រាប់ ​VOAថា៖ «ពួក​យើង​មិន​យក​ប្រាក់​កាស​ពី​សិស្ស​ ឬ​ប្រជាជន​ក្នុង​តំបន់​នេះ​ទេ ប្រសិន​បើ​មាន​អ្នក​ណា​ចង់​ចូលរួម​ផ្តល់​វិភាគទាន​ នោះ​យើង​នឹង​ទទួល​យក​ថវិកា។ ពួក​យើង​បើក​សាលា Madrasa នេះ ​ដើម្បី​ជួយ​សង្គ្រោះ​សាសនា​យើង និង​អប់រំ​កុមារ​ជំនាន់​ក្រោយ​អំពី​ការ​អប់រំ​សាសនា»។

យោង​តាម​លោក​ Hafiz Ullah ដែល​ជា​គ្រូ​ម្នាក់​ទៀត​នៅ​មណ្ឌល Hafez Khana ការ​ផ្តល់​ការ​អប់រំ​ដល់​កុមារ​ទាំង​នោះ​ ទោះ​ជា​ការ​អប់រំ​មិន​ផ្លូវការ​ក៏ដោយ​ ក៏​សហគមន៍​នៅ​តែ​មាន​ក្តី​សង្ឃឹម​ក្នុង​ការ​អភិរក្ស​វប្បធម៌​ដែល​កំពុង​បាត់​បង់​បន្ទាប់​ពី​វប្បធម៌​របស់​ពួកគេ​បាន​បំផ្លិចបំផ្លាញ​ដល់​ឫស​គល់​ក្នុង​រដ្ឋRakhine។

លោក​ Ullah និយាយ​ថា​ វា​មាន​ប្រយោជន៍​ណាស់​ដែល​កុមារ​អាច​រៀន​សូត្រ​អំពី​អ្វី​ដែលសហគមន៍​របស់​ពួក​គេ​បាន​ឆ្លង​កាត់​នៅ​ប្រទេស​មីយ៉ាន់ម៉ា ពីព្រោះ​ពួកគេ​ភាគ​ច្រើន​ធំ​ដឹង​ក្តី​នៅ​ក្នុង​ជំរំ​គឺ​មិន​មាន​ការ​ចង់ចាំ​អ្វី​ពី​ស្រុក​កំណើត​ពួកគេ​ទេ។

លោក​ Ullah ប្រាប់​VOAថា៖ «ស្ថានភាព​របស់​ពួក​យើង​ពីមុន​ គឺ​លំបាក​ខ្លាំង​ណាស់។ ពួ​ក​យើង​មិន​អាចសូម្បី​ស្លៀកពាក់​សម្លៀក​បំពាក់​សាសនា​ឡើយ​ ពួក​យើង​ចូល​មក​ប្រទេស​បង់ក្លាដែស​មាន​តែ​សំពត់បត់១​ អាវយឺត១​ និងមួក១​តែប៉ុណ្ណោះ»៕

ប្រែ​សម្រួល​ដោយ កោះ​ សុគន្ធី