សេដ្ឋវិទូល្បីៗបានព្រមានថា វិសមភាពប្រាក់ចំណូលគឺជាបញ្ហាប្រឈមសកលនៃសតវត្សរ៍ទី២១នេះ។ នៅប្រទេសកម្ពុជា ដែលមានមនុស្សជាច្រើនរស់នៅក្នុងភាពក្រីក្រ ការកើនឡើងចំនួនរថយន្តប្រណីតជាច្រើនតាមដងផ្លូវបានបង្ហាញថា បញ្ហាប្រឈមនេះជាបញ្ហាលំបាកដោះស្រាយខ្លាំង។
ថ្មីៗនេះ អង្គការក្រៅរដ្ឋាភិបាល Oxfam America បានអំពាវនាវឲ្យពិភពលោកដោះស្រាយបញ្ហាវិសមភាពនេះ ដោយផ្ដល់ហេតុផលក្នុងរបាយការណ៍របស់ខ្លួនថា៖
«គម្លាតរវាងអ្នកមាន និងអ្នកក្រីក្រមានកាន់តែធំ ដែលមិនអាចគ្រប់គ្រងបាន»។
អង្គការ Oxfam បាននិយាយថា៖
«មនុស្សត្រឹម៨០នាក់ប៉ុណ្ណោមានទ្រព្យសម្បត្តិស្មើនឹងទ្រព្យសម្បត្តិសរុបរបស់មនុស្សពាក់កណ្ដាលភពផែនដីរបស់យើង។ វិសមភាពសេដ្ឋកិច្ចខ្លាំងបែបនេះបានបង្អាក់ផែនការបញ្ចប់ភាពក្រីក្រជាសកល និងបានបង្កើនវិសមភាពផ្សេងទៀត ដូចជាគម្លាតរវាងស្ត្រី និងបុរស»។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺជាមូលនិធិដែលគេមិនបានរំពឹងទុកនោះថា អ្នកគាំទ្រអង្គការ Oxfam ក្នុងការដោះស្រាយបញ្ហានេះទេ។ អង្គការ Oxfam កាលពីដើមខែនេះបានអញ្ជើញអ្នកជំនាញមកពីមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីបង្ហាញពីការស្រាវជ្រាវអំពីកត្តាដែលបង្កឲ្យមានវិសមភាព និងផលប៉ះពាល់របស់វិសមភាពចំពោះសង្គម។
Era Dabla-Norris អនុប្រធាននៃនាយកដ្ឋានយុទ្ធសាស្រ្តគោលនយោបាយ និងការត្រួតពិនិត្យឡើងវិញរបស់ IMF បានឱ្យដឹងថា វិសមភាពចំណូលនេះគឺជាប្រភពនៃបញ្ហាដែលរារាំងភាពត្រឹមត្រូវ និងយុត្តិធម៌។
លោកស្រីបានបញ្ជាក់ថា ការលើកកម្ពស់ប្រាក់ចំណូលរបស់អ្នកមានជីវភាពក្រីក្រ និងមធ្យម មិនត្រឹមតែកាត់បន្ថយវិសមភាពចំណូលទេ ប៉ុន្តែវាថែមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
លោកស្រីបានថ្លែងថា៖
«មានការនិយាយជាច្រើន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងអត្ថបទសិក្សា និងនៅកន្លែងផ្សេងទៀត អំពីសារៈសំខាន់នៃអ្នកមានជីវភាពក្រីក្រ និងមធ្យម ហើយយើងចង់និយាយថា ហេតុអ្វីបានជាសមភាពមានសារៈសំខាន់ ? កំណត់ត្រាដំបូងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញថា វិសមភាពនេះប៉ះពាល់ដល់និរន្តរភាពនៃកំណើនសេដ្ឋកិច្ច ក៏ដូចជាការកម្រិតកំណើនសេដ្ឋកិច្ច»។
ទិន្នន័យរបស់ IMF បានបង្ហាញថា វិសមភាពនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍ និងការអភិវឌ្ឍនៅចន្លោះពីឆ្នាំ១៩៨០ដល់ឆ្នាំ២០១២ ដោយសារតែមានការចែកអត្ថប្រយោជន៍មិនស្មើគ្នា មានការរីកចម្រើនផ្នែកបច្ចេកវិទ្យាមិនស្មើគ្នា មានសហជីពពលកម្មខ្សោយ មានផលប៉ះពាល់នៃសកលភាវូបនីយកម្ម និងបរាជ័យរបស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយពន្ធ។
Florence Jaumotte សេដ្ឋវិទូជាន់ខ្ពស់នៅមូលនិធិរូបិយវត្ថុអន្តរជាតិ បានឱ្យដឹងថា ការចុះខ្សោយនៃសហជីពកម្មករបានធ្វើឲ្យអ្នកមានទ្រព្យសម្បត្តិកំពូលៗមានកំណើនសេដ្ឋកិច្ចកាន់តែខ្លាំង។
«អ្នកដឹងទេមានទ្រឹស្តី ដែលគេមិនបានរំពឹងទុកថា ការថយចុះនៃសហជីពកម្មករបានផ្តល់ប្រាក់ចំណូលកាន់តែច្រើនដល់អ្នកមានកំពូល»។
សេដ្ឋវិទូរបស់ IMF បានអំពាវនាវឱ្យអ្នកនយោបាយយកពន្ធកាន់តែច្រើន ដូចជាការយកពន្ធសម្រាប់ការទទួលបានទុនដែលផ្តល់ផលប្រយោជន៍ដល់ក្រុមអ្នកមានចំណូលខ្ពស់។ ការធ្វើដូច្នេះនឹង «បង្កើនសមភាព និងអនុញ្ញាតឱ្យមានការលើកកម្ពស់ពន្ធតាមអត្រាប្រាក់ចំណូលការងារ» នេះបើយោងតាមរបាយការណ៍របស់ IMF អំពីកត្តាបង្កឲ្យមានវិសមភាព និងផលប៉ះពាល់នៃវិសមភាពចំពោះសង្គម។
ប្រវត្តិសេដ្ឋកិច្ចរបស់កម្ពុជាបង្ហាញថា ការលើកឡើងនេះត្រឹមត្រូវឥតខ្ចោះ។ ការពង្រីកយ៉ាងខ្លាំងនៃសេដ្ឋកិច្ចកម្ពុជា ដែលជំរុញដោយរោងចក្រកាត់ដេរ និងទេសចរណ៍ បានបង្កើនប្រាក់ចំណូលជាតិសរុប GDP បានរហូតដល់ទៅ១០៤៥ដុល្លារជារៀងរាល់ឆ្នាំ។ ទោះយ៉ាងណាក៏ដោយ ផលប្រយោជន៍នៃកំណើនសេដ្ឋកិច្ចនេះស្ទើរតែទាំងស្រុងផ្ដល់ផលប្រយោជន៍ដល់ក្រុមអភិជន និងប្រជាជនក្នុងទីក្រុងមួយតែក្រុមតូចប៉ុណ្ណោះ។
ពលរដ្ឋនៅប្រទេសកម្ពុជាចំនួន៥៩% រួមទាំងក្រុមអភិជន និងប្រជាជនក្នុងទីក្រុងមួយក្រុមតូច មានជីវភាពខ្ពស់ជាងបន្ទាត់ក្រីក្រគឺ២ដុល្លារក្នុងមួយថ្ងៃ។ ហើយប្រជាជនដែលនៅសល់ចំនួន៤១ភាគរយរស់នៅក្រោមបន្ទាត់ក្រីក្រ។
ទ្រព្យសម្បត្តិរបស់អ្នកមានកំពូលនៃសង្គមកម្ពុជាអាចមានការលំបាកក្នុងការវាស់ស្ទង់ ដោយសារតែសាវតារទ្រព្យសម្បត្តិទាំងនោះបានមកដោយងងឹត តាមរយៈអំពើពុករលួយ និងមធ្យោបាយខុសច្បាប់ផ្សេងទៀត ដូចជាការធ្វើពាណិជ្ជកម្មឈើខុសច្បាប់។
ប៉ុន្តែយោងតាមធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា វិសមភាពនៃកំណើនប្រាក់ចំណូលក្នុងប្រទេសកម្ពុជាអាចមើលឃើញបានតាមរយៈភាពខុសគ្នារវាងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជននៅទីក្រុង និងនៅជនបទ។
ពួកអ្នកមានជាងគេ ដែលមានចំនួន២០ភាគរយនៅកម្ពុជា ចំណាយលើការប្រើប្រាស់ប្រចាំថ្ងៃជាមធ្យម៥ដងលើសការចំណាយរបស់ពួកអ្នកក្រីក្រដែលមានចំនួន២០ភាគរយ។
អ្នកក្រីក្របំផុតចំនួន២០ភាគរយចំណាយក្នុងការញ៉ាំជាមធ្យមអស់២៨០០៛ក្នុងម្នាក់ក្នុងមួយថ្ងៃ។ ផ្ទុយទៅវិញ មនុស្សសាមញ្ញក្នុងរាជធានីភ្នំពេញជាមធ្យមចំណាយយ៉ាងហោចណាស់ក្នុងម្នាក់១២០០០$ក្នុងមួយថ្ងៃគឺជាងពីរដងច្រើនជាងមនុស្សសាមញ្ញមកពីជនបទ។
គម្លាតយ៉ាងធំរវាងអ្នកមាននៅក្នុងទីក្រុង និងអ្នកក្រតាមជនបទនៅប្រទេសកម្ពុជាបានបង្ហាញថា វិសមភាពនេះនឹងបង្អាក់ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលអនាគត៕