កម្មករឥណ្ឌូណេស៊ីតវ៉ាប្រឆាំង បន្ទាប់ពីការផ្ទុះដ៏ប្រល័យនៅឯរោងចក្រនីកែល

កម្មករ​ក្រុមហ៊ុន IMIP ធ្វើ​បាតុកម្ម​តវ៉ា​ដើម្បី​ស្ថានភាព​ការងារ​ប្រសើរ​ឡើង នៅ​មុខ​រោងចក្រ​ ក្នុងក្រុង Bungku នៃកោះ Sulawesi បន្ទាប់​ពី​ករណី​ផ្ទុះ​ស្លាប់​កម្មករ​កាលពី​ចុង​សប្តាហ៍មុន ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

កម្មករ​ឥណ្ឌូណេស៊ី​រាប់រយ​នាក់​បាន​តវ៉ានៅ​ថ្ងៃ​ពុធ​នេះ​ប្រឆាំង​នឹង​ស្ថានភាព​នៅឯ​រោង ចក្រ​ចម្រាញ់​រ៉ែ​នីកែល​ ដែល​ផ្តល់​ថវិកា​ដោយ​ចិន ​ជាទីកន្លែង​ដែល​ការផ្ទុះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏ ១៨ នាក់ ​និង​មនុស្ស​រាប់​សិប​នាក់​ទៀត​បាន​រងរបួស​ កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

គ្រោះថ្នាក់​នេះ​បាន​កើត​មាន​ឡើង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ នៅពេល​ដែល​ពួក​កម្មករ​បាន​ជួសជុល​ឡ​សម្រាប់​រំលាយ​រ៉ែ​ នៅឯ​រោងចក្រ​មួយ​កន្លែង ​ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន PT Indonesia Tsingshan Stainless Steel ឬ (ITSS) នៅ​ក្នុង​តំបន់​ឧទ្យាន​ឧស្សាហកម្ម Morowali នៅ​លើ​កោះ Sulawesi។

កោះ Sulawesi ជា​មជ្ឈមណ្ឌល​សម្រាប់​ផលិត​រ៉ែ​នីកែល​ ដែល​ជា​លោហៈធាតុ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ការផលិត​អាគុយ​រថយន្ត​អគ្គីសនី​និង​ដែកថែប​ ​ហើយ​ការវិនិយោគ​ដ៏​ខ្លាំង​របស់​ចិន​នៅ​ក្នុង​ផ្នែក​នេះ​បាន​ធ្វើ​ឱ្យមាន​ចលាចល​អំពី​ប្រាក់​ឈ្នួល​ និង​ស្ថានភាព​ការងារ។

រូបភាព​ដែល​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឃើញ​បាន​បង្ហាញ​កម្មករ​រាប់រយ​នាក់​បាន​ចូលរួម​នៅ​ក្នុង​ការតវ៉ាប្រឆាំង​ នៅ​ខាង​ក្រៅ​បរិវេណ​រោងចក្រ​នោះ។

បាតុករ​បាន​ប្រគល់​បញ្ជី​មួយ​ដែល​មាន​ការទាមទារ​ចំនួន ២៣ ចំណុច ​ដល់​អ្នក​គ្រប់ គ្រង​រោងចក្រ។ នេះ​បើ​តាម​លិខិត​មួយ​ច្បាប់​ដែល​តំណាង​សហជីព​កម្មករ​បាន​ប្រគល់​ឱ្យ​ប៉ូលិស។ ការទាមទារ​ទាំង​នោះ រួមមាន​ការថែរក្សា​ឧបករណ៍​រំលាយ​រ៉ែ​ឱ្យ​បាន​ប្រសើ​ឡើង គ្លីនិក​សុខភាព​ត្រូវ​កែលម្អ​ដើម្បី​ដោះស្រាយ​គ្រាអាសន្ន​ ហើយកម្មករ​ចិន​ត្រូវ​តម្រូវ​ឱ្យ​រៀន​ភាសា​ឥណ្ឌូណេស៊ី​ជា​ដើម។

ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ផ្ទុះ​នោះ​ មាន​លោក Muhammad Taufik អាយុ ៤០ឆ្នាំ​ ជា​ជាងផ្សារ​ដែល​បាន​បន្សល់​ទុក​ប្រពន្ធ​និង​កូន ២ នាក់។

លោក Parlin Hidayat ដែល​ជា​បងប្អូន​ជីដូនមួយ​របស់​លោក Taufik បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន AFP ថា៖ «ក្រុម​គ្រួសារ​កំពុង​កាន់ទុក្ខ លោក​ជា​អ្នក​រកស៊ី​ចិញ្ចឹម​គ្រួសារ»។

លោក​បាន​បន្ថែម​ទៀត​ថា ​ក្រុមហ៊ុន ITSS បាន​ផ្តល់​ប្រាក់​សំណង​ចំនួន ៣៦.០២៥ ដុល្លារ​អាមេរិក​ បន្ទាប់ពី​គ្រោះថ្នាក់​នេះ។

មនុស្ស ៣០នា ក់​ត្រូវ​បាន​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ចំពោះ​មុខ​របួស​របស់​ពួកគេ​បន្ទាប់ពី​ការផ្ទុះ​នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់​ប៉ូលិស៕