ជម្លោះនៅសមុទ្រចិនខាងត្បូង និងរបៀបដែលឥណ្ឌូណេស៊ីគួរដោះស្រាយជាមួយចិនជាចំណុចគន្លឹះសំខាន់ក្នុងការជជែកដេញដោលសម្រាប់បេក្ខជនប្រធានាធិបតីដែលផ្សាយតាមទូរទស្សន៍ថ្នាក់ជាតិកាលពីថ្ងៃទី ៧ ខែមករា។ ប្រជាជនឥណ្ឌូណេស៊ីនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី ១៤ ខែកុម្ភៈ ហើយក្នុងពេលជជែកដេញដោលចុងក្រោយនេះ បេក្ខជនទាំង ៣ របស់ប្រទេសនេះ បានផ្លាស់ប្តូរទស្សនៈអំពីសន្តិសុខ ភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ។
នៅពេលនិយាយអំពីរបៀបដែលពួកគេនឹងដោះស្រាយជាមួយប្រទេសចិន អ្នកវិភាគប្រាប់ VOA ផ្សាយជាភាសាឥណ្ឌូណេស៊ីថា បទពិសោធផ្សេងៗគ្នារបស់បេក្ខជនទាំង ៣ ជាមួយរដ្ឋាភិបាលក្រុងប៉េកាំងទំនងជាមានឥទ្ធិពលលើវិធីដែលពួកគេគិតគូរលើទំនាក់ទំនងទ្វេភាគី រួមទាំងជម្លោះនៅសមុទ្រចិនខាងត្បូងផងដែរ។
លោក Ganjar Pranowo បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យជម្នះឧបសគ្គឥណ្ឌូណេស៊ី (Indonesian Democratic Party of Struggle) ដែលជាគណបក្សកាន់អំណាចបានថ្លែងថា៖ «វិធានការនានាដែលបានធ្វើឡើងដើម្បីដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង រួមមានសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង ដែលនាំឱ្យមានការរៀបចំឯកសារក្រមប្រតិបត្តិមួយបានបរាជ័យ»។
លោក Ganjar បានស្នើដំណោះស្រាយចំនួន ៣៖ គាំទ្រកិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយប្រទេសចិន ពង្រឹងសមត្ថភាពកងទ័ពជើងទឹក និងការល្បាតរបស់ឥណ្ឌូណេស៊ី និងចាប់ផ្តើមការទាញយកធនធានឧស្ម័ននៅក្នុងសមុទ្រ Natuna ខាងជើង ដែលស្ថិតនៅចន្លោះប្រទេសឥណ្ឌូណេស៊ី និងវៀតណាម និងនៅភាគខាងត្បូងនៃសមុទ្រចិនខាងត្បូង។ លោកថ្លែងថា ឥណ្ឌូណេស៊ីចាំបាច់ត្រូវផ្តល់អាទិភាពដល់ការអភិវឌ្ឍអាវុធកងទ័ពជើងទឹករបស់ខ្លួន និងការផ្គត់ផ្គង់ឡើងវិញនូវនាវាកងទ័ពជើងទឹកដែលកំពុងល្បាតក្នុងតំបន់។
លោក Ganjar បានថ្លែងថា៖ «ការកំណត់ [ថវិកាការពារជាតិ] ចំនួនពី ១% ទៅ ២% នៃផលិតផលក្នុងស្រុកសរុបជាតម្រូវការខ្លាំងមួយ»។
ស្រដៀងគ្នានេះដែរ បេក្ខជនដែលឈរឈ្មោះជាលើកទី៣ លោក Prabowo Subianto អតីតមេបញ្ជាការកងកម្លាំងពិសេស និងជារដ្ឋមន្ត្រីការពារជាតិបច្ចុប្បន្ន ដែលបាន និងកំពុងនាំមុខក្នុងការស្ទង់មតិបោះឆ្នោតបានថ្លែងថា ជម្លោះនៅសមុទ្រចិនខាងត្បូងបង្ហាញពីតម្រូវការសម្រាប់កម្លាំងការពារដ៏រឹងមាំ យន្តការសម្រាប់ល្បាត និងផ្កាយរណបបន្ថែម។
លោក Prabowo បានថ្លែងថា៖ «យើងយល់ថា ប្រទេសយើងធំធេងណាស់ និងមានធនធានណាស់។ កាលពីរាប់រយឆ្នាំមុន ប្រទេសនៅឆ្ងាយៗមកប្រជុំកោះនេះធ្វើអន្តរាគមន៍ និងបញ្ឆេះយើងឱ្យឈ្លោះគ្នា វាយប្រយុទ្ធគ្នាដើម្បីលួចទ្រព្យសម្បត្តិរបស់យើងរហូតដល់យើងបានឯករាជ្យ។ ឥឡូវនេះយើងត្រូវដោះស្រាយជាមួយនឹងទ្រព្យសម្បត្តិធម្មជាតិរបស់យើងដែលត្រូវបានគេយកទៅក្នុងតម្លៃទាប»។
ទន្ទឹមនឹងនេះ បេក្ខជនម្នាក់ទៀត លោក Anies Baswedan អតីតអភិបាលក្រុងហ្សាការតា បានថ្លែងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវដើរតួនាទីធំជាងនេះក្នុងការដោះស្រាយជម្លោះ រួមទាំងបញ្ហានៅសមុទ្រចិនខាងត្បូងផងដែរ។
លោកបានថ្លែងថា៖ «ជំនួសឱ្យការដើរតួជាប្រជាជាតិតែមួយ យើងគួរតែឈរជាមួយគ្នាជាអាស៊ាន។ យើងគួរតែដោះស្រាយជាមួយប្រទេសផ្សេងជាតំបន់រួបរួមមួយ ហើយឥណ្ឌូណេស៊ីត្រូវតែនាំផ្លូវសម្រាប់អាស៊ាន»។
បើតាមលោក Muhammad Zulfikar Rakhmat អ្នកស្រាវជ្រាវលើការសិក្សាចិន-ឥណ្ឌូណេស៊ី-មជ្ឈិមបូព៌ានៅមជ្ឈមណ្ឌលសិក្សាសេដ្ឋកិច្ច និងច្បាប់ ក្នុងចំណោមបេក្ខជនទាំង ៣ លោក Ganjar ទំនងជាមានភាពស៊ីសង្វាក់គ្នាជាមួយប្រទេសចិនជាងគេ។
ក្នុងអំឡុងពេលកាន់តំណែងរបស់លោកជាអភិបាលខេត្ត Central Java លោក Ganjar បានទាក់ទាញការវិនិយោគទុនរបស់ចិននៅក្នុងទីក្រុងដូចជា ទីក្រុង Tegal និងទីក្រុង Batang ជាដើម។ ប្រទេសចិនបានវិនិយោគយ៉ាងខ្លាំងដើម្បីអភិវឌ្ឍតំបន់ឧស្សាហកម្មចម្រុះ Batang ដោយមានការវិនិយោគក្នុងតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិក។
លោក Zulfikar បានថ្លែងបន្ថែមថា លោក Prabowo ក៏ទំនងជានឹងបន្តគោលនយោបាយគាំទ្រចិននាពេលបច្ចុប្បន្នរបស់លោកប្រធានាធិបតី Joko Widodo ផងដែរ។
លោក Prabowo ជឿជាក់ថា ការទាមទារដែនសមុទ្រហួសហេតុរបស់ចិននៅសមុទ្រចិនខាងត្បូងមិនស្របនឹងច្បាប់អន្តរជាតិ ហើយលោកចង់រក្សាឥណ្ឌូណេស៊ីជាប្រទេសមិនចូលបក្សសម្ព័ន្ធ ចំពេលមានការប្រជែងអំណាចរវាងសហរដ្ឋអាមេរិក និងចិននៅក្នុងតំបន់។
ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo បានជួបជាមួយសមភាគីចិនចំនួន ៧ លើកចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ និងព្យាយាមពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងវិស័យការពារជាតិ និងសន្តិសុខ តាមរយៈវេទិកាឥណ្ឌូណេស៊ី-ចិន ២+២ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិនៅខែមិថុនា ឆ្នាំ២០២៣។
លោក Wahyu Dhyatmika ដែលជាអ្នកសារព័ត៌មានជាន់ខ្ពស់ និងជាប្រធានសមាគមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ីបានថ្លែងថា ទន្ទឹមនឹងនេះ លោក Anies Baswedan ចាប់ពីពេលលោកធ្វើជាអភិបាលក្រុងហ្សាការតាមក មានទំនាក់ទំនងកាន់តែរឹងមាំជាមួយបណ្តាប្រទេសលោកខាងលិចជាងជាមួយប្រទេសចិន និងមានជំនួបតិចតួចបំផុតជាមួយអ្នកតំណាងចិន។
លោក Wahyu បានថ្លែងថា ប្រសិនបើលោក Anies ជាប់ឆ្នោតជាប្រធានាធិបតី គម្រោងអភិវឌ្ឍន៍ធំៗ ដូចជាផែនការផ្លាស់ប្តូរទីតាំង និងបង្កើតរដ្ឋធានីថ្មី និងផែនការពង្រីកផ្លូវរថភ្លើងល្បឿនលឿនរបស់ឥណ្ឌូណេស៊ីនឹងត្រូវវាយតម្លៃឡើងវិញ។
លោកបានបន្តថា៖ «គម្រោងរបស់រដ្ឋាភិបាលចិននឹងស្ថិតក្រោមការគំរាមកំហែងពីការត្រួតពិនិត្យបន្ថែមទៀត»។
ខណៈពេលដែលឥណ្ឌូណេស៊ីមិនមែនជាអ្នកទាមទារទឹកដីនៅក្នុងសមុទ្រចិនខាងត្បូង តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួននៅជុំវិញប្រជុំកោះ Natuna ត្រួតគ្នាជាមួយនឹងការទាមទារទឹកដីរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ ភាពតានតឹងផ្នែកការទូតទ្វេភាគីបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលការល្បាតរបស់កងទ័ពជើងទឹករបស់ចិនកាន់តែមានភាពគឃ្លើន និងបានឈ្លានពានចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូណេស៊ី។
នៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងម៉ានីល មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីបច្ចុប្បន្ន រដ្ឋមន្ត្រីការបរទេស លោក Retno Marsudi បានថ្លែងកាលពីថ្ងៃអង្គារថា ឥណ្ឌូណេស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយអាស៊ានដើម្បីរៀបចំឲ្យចប់នូវក្រមប្រតិបត្តិដែលបានពន្យារពេលជាយូរមកហើយសម្រាប់សមុទ្រចិនខាងត្បូង ដែលនៅទីនោះប្រទេសជិតខាងជាច្រើនរបស់ឥណ្ឌូណេស៊ីមានការទាមទារត្រួតគ្នាជាមួយចិន៕