ក្រុមសកម្មជនមួយចំនួននៅក្នុងទីក្រុង Bangkalan នៃប្រទេសឥណ្ឌូនេស៊ីបានធ្វើការតវ៉ាប្រឆាំងដើម្បីថ្កោលទោសការបាញ់ប្រហារទៅលើសកម្មជនប្រឆាំងអំពើពុករលួយដោយខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណ។
នៅខាងក្រៅការិយាល័យរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ បាតុករបានអំពាវនាវដល់ប៉ូលីសឲ្យធ្វើការស៊ើបអង្កេតឲ្យបានពេញលេញដល់ការវាយប្រហារកាលពីថ្ងៃចន្ទដែលបានធ្វើឲ្យលោក Mathur Husairi ចូលសម្រាកក្នុងមន្ទីរពេទ្យ។
លោក Wawan Hendriyanto អ្នកសម្របសម្រួលនៃសម្ព័ន្ធភាពប្រឆាំងហឹង្សាក្នុងស្រុក បានប្រាប់ VOA ផ្សាយជាភាសាឥណ្ឌូនេស៊ីថា លោកជឿជាក់ថាការបាញ់ប្រហារនោះមានជាប់ទាក់ទិនទៅនឹងការរិះគន់របស់លោក Mathur ដល់ក្រុមមន្រ្តីដែលបានពាក់ព័ន្ធនឹងបញ្ហាពុករលួយ។
លោកនិយាយថា យើងទាំងអស់គ្នាដឹងថា លោក Mathur Husairi បានរិះគន់គោលនយោបាយរបស់ក្រុមអាជ្ញាធរក្រុង Bangkalan។ វាគ្មានមូលហេតុអ្វីក្រៅពីនេះទេ ពីព្រោះលោកគ្រាន់តែជាសកម្មជនធម្មតា។ លោកមិនបានពាក់ព័ន្ធក្នុងបញ្ហាផ្សេងៗទៀតដែលអាចធ្វើមនុស្សផ្សេងទៀតមានគ្រោះថ្នាក់នោះទេ។
លោក Fachri អនុប្រធានអង្គការប្រឆាំងអំពើពុករលួយ Madura និយាយថា លោកសង្ឃឹមថា លោក Mathur អាចជួយការស៊ើបអង្កេតនេះនៅពេលដែលលោកបានជាសះស្បើយឡើងវិញ។
លោក Sulistiyono ប្រធានប៉ូលីសទីក្រុង Bangkalan បានប្រាប់ VOA កាលពីថ្ងៃអង្គារថា ប៉ូលីសបានសួរចម្លើយមនុស្ស៧នាក់រួចហើយ ក៏ប៉ុន្តែមិនទាន់បានដឹងពីមូលហេតុនៃការវាយប្រហារនេះទេ៕