ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​រលកយក្ស​ស៊ូណាមិ​នៅ​ឥណ្ឌូណេស៊ី​បាន​កើន​ឡើង​ជាង១២០០នាក់

ក្រុម​ជួយ​សង្គ្រោះ​សែង​សាកសព​របស់​ជន​រងគ្រោះ​ម្នាក់​នៅ​ក្នុង​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ នៅ​ក្នុង​ក្រុង Palu​ ខេត្ត Central Sulawesi​ ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។

ភាព​អស់​សង្ឃឹម​និង​ភាព​សោកសៅ​របស់​ជនរងគ្រោះ​កំពុង​តែ​កើនឡើង​នៅ​កោះ Sulawesi ភាគកណ្តាល​ឥណ្ឌូណេស៊ី​ជា​ទី​ដែល​មនុស្សជាង១២០០នាក់ត្រូវ​បាន​សម្លាប់​ដោយ​គ្រោះ​រញ្ជួយដី​និង​រលក​យក្ស​ស៊ូណាមិ។

របាយការណ៍​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ប្រជាជន​រស់នៅ​ក្រុង Palu ដែល​ជា​ទីក្រុង​រងគ្រោះ​ខ្លាំងបំផុត​ដោយសារ​គ្រោះមហន្តរាយ​នេះ​កំពុងប្រឈម​នឹង​អំពើ​លួចប្លន់​នៅ​តាម​ហាង​នានា​ដោយសារ​តែ​ខ្វះ​អាហារ​និង​ទឹកស្អាត​ ការ​ខឹង​សម្បារ​កាន់​តែ​ខ្លាំង​ឡើង​ដោយសារ​ភាពយឺតយ៉ាវ​នៃ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ ខណៈ​ក្រុម​ជួយ​សង្គ្រោះ​កំពុង​បន្ត​ជីក​កកាយ​គំនរ​ថ្ម​បាក់បែក​នៅ​ទូទាំង​ទីក្រុង Palu​ ដើម្បី​ស្វែង​រក​អ្នក​នៅ​រស់រាន​មាន​ជីវិត។ ប៉ុន្តែ​កិច្ចប្រឹងប្រែង​របស់​ពួកគេត្រូវ​បាន​រារាំង​ដោយសារ​កង្វះ​គ្រឿងចក្រ​ធន់ធ្ងន់។

យ៉ាង​ហោចណាស់​មាន​មនុស្ស៥០នាក់​ត្រូវ​បាន​គេ​ជឿ​ថា​កំពុង​ជាប់​នៅ​ក្នុង​សណ្ឋាគារ Roa Roa ដែល​បាន​រង​ការ​បែកបាក់។

ទីភ្នាក់ងារជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ​របស់​ឥណ្ឌូណេស៊ី​កាល​ពី​ថ្ងៃអង្គារ​បាន​ប្រកាស​ថា​ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយដី​ដែល​មាន​កម្លាំង៧,៥ និង​រលកយក្ស​ស៊ូណាមិ​កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន ឥឡូវ​នេះ​បាន​កើត​ដល់​១២៣៤នាក់។ ផ្ទះ​និង​អាគារ​ជាច្រើន​ក្នុង​ទីក្រុង Palu ត្រូវ​បាន​បំផ្លិចបំផ្លាញ​គ្មានសល់​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ៥ម៉ឺននាក់​បាត់បង់​លំនៅដ្ឋាន។ រលកយក្ស​ស៊ូណាមិ​ក៏​បាន​បំផ្លាញ​ផ្លូវ​និង​ស្ពាន​ ព្រលាន​យន្តហោះ​នៅ​លើ​កោះ Sulawesi ផងដែរ។ ​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ភាពយឺតយ៉ាវ​ក្នុង​ការ​ផ្តល់​ជំនួយ​ទៅ​ដល់​ជនរងគ្រោះ។ កាល​ពី​ថ្ងៃចន្ទ​ប្រជាពលរដ្ឋ​ប្រហែល៣០០០នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ឯព្រលានយន្ត​ហោះ​ដោយ​សង្ឃឹម​ថា​នឹង​អាច​រក​បាន​យន្តហោះ​ដឹកទំនិញ​របស់​ទាហាន​ ឬយន្ត​ហោះ​ឯកជនណា​ដើម្បី​អាច​យក​ពួកគេ​ចេញ​ពី​កោះ​នេះ​បាន៕