ប្រទេសឥណ្ឌូនេស៊ីត្រៀមខ្លួនចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer និងរបស់ក្រុមហ៊ុន AstraZeneca ហើយកំពុងរង់ចាំការផ្ដល់ការអនុញ្ញាត ដើម្បីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុន Sinovac របស់ប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារ។
រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ីលោក Budi Gunadi Sadikin បានថ្លែងថា កិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ៥០ លានដូស ជាមួយក្រុមហ៊ុន AstraZeneca នឹងត្រូវធ្វើនៅមុនដំណាច់ឆ្នាំនេះ ហើយកិច្ចព្រមព្រៀងទិញវ៉ាក់សាំងក្នុងចំនួនដូចគ្នានេះដែរជាមួយក្រុមហ៊ុន Pfizer នឹងត្រូវធ្វើនៅក្នុងសប្តាហ៍ទីមួយនៃខែមករាខាងមុខ។
លោក Budi បានបញ្ជាក់នៅក្នុងសន្និសីទកាសែតជាលើកដំបូងរបស់លោកថា វ៉ាក់សាំងរបស់ក្រុមហ៊ុនទាំងពីរនេះនឹងត្រូវការពេលជាច្រើនខែមុននឹងដឹកជញ្ជូនមកដល់ប្រទេសឥណ្ឌូនេស៊ី ដូច្នេះការចាក់នឹងមិនអាចធ្វើបានភ្លាមៗនោះទេ។
លោកបានបន្ថែមថា ហេតុដូចនេះហើយ ប្រទេសឥណ្ឌូនេស៊ីមានគម្រោងចាប់ផ្តើមការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ដែលខ្លួនបានទិញរួចហើយក្នុងចំនួន ១ លាន ២ សែនដូសនៅខែធ្នូនេះ ហើយសង្ឃឹមថានឹងទទួលបាន ១ លាន ៨ សែនដូសបន្ថែមទៀតនៅខែមករាខាងមុខ នៅពេលដែលវ៉ាក់សាំងនេះទទួលបានការអនុញ្ញាតឲ្យប្រើក្នុងគ្រាអាសន្ន។
ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតទី ៤ នៅលើពិភពលោក មានករណីឆ្លងជំងឺកូវីដ១៩ ជាង ៧២៧.០០០ ករណី និងករណីស្លាប់ដោយសារជំងឺនេះចំនួន ២១.៧០០ ករណី៕