កាលពីថ្ងៃពុធ ប្រទេសកម្ពុជា បានសម្រេចធ្វើតាមសេចក្តីសម្រេចដែលធ្វើឡើងរួមគ្នាកាលពីឆ្នាំមុន រវាងសមាជិកអាស៊ាន ក្នុងការមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសនៃរបបសឹកយោធាមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំកំពូលរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងធ្វើឡើងក្នុងខែនេះ។ លោក Teuku Faizasyah អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី បានឲ្យដឹងថា ភាគីឥណ្ឌូណេស៊ីទទួលបានការធានាទុកចិត្តថា ភាគីកម្ពុជា នឹងមិនអញ្ជើញលោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ឲ្យចូលរួមកិច្ចប្រជុំនេះទេ។
លោក Faizasyah បានថ្លែងថា៖ «មានការថ្លែងបញ្ជាក់យ៉ាងច្បាស់ថា តំណាងដែលមិនមែនកម្រិតនយោបាយពីមីយ៉ាន់ម៉ា នឹងមានវត្តមាន។ ដូច្នេះ ការណ៍នេះ គឺស្របនឹងគោលជំហររបស់ឥណ្ឌូណេស៊ី ដែលមិនពាក់ព័ន្ធនឹងស្ថាប័ននយោបាយពីមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំនេះ»។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី១៦ និង១៧ ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា។
ស្របពេលជាមួយគ្នានោះ កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ក៏មិនទាន់ត្រូវបានកំណត់កាលបរិច្ឆេទនៅឡើយដែរ ដោយសារតែករណីឆ្លងនៃវីរុសកូរ៉ូណាបំប្លែងថ្មីអូមីក្រុង ដែលកំពុងកើនឡើងក្នុងតំបន់។
លោក Achmad Rizal Purnama ប្រធានការិយាល័យគាំទ្រផ្នែកយុទ្ធសាស្ត្រប្រចាំក្រសួងការបរទេសឥណ្ឌូណេស៊ី បានថ្លែងថា ឥណ្ឌូណេស៊ី សោកស្តាយដែលមិនមានការវិវឌ្ឍទៅមុខនៃការអនុវត្តចំណុចព្រមព្រៀងគ្នាដោយឯកច្ឆ័ន្ទទាំង ៥ ដែលត្រូវបានធ្វើឡើងនាកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតា កាលពីខែមេសា ឆ្នាំមុន។
ជាមួយគ្នានោះ ឥណ្ឌូណេស៊ី ក៏ដាក់សម្ពាធឲ្យមីយ៉ាន់ម៉ា អនុវត្តចំណុចព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទទាំង៥ ឲ្យបានឆាប់ជាទីបំផុត ហើយជាពិសេសក្នុងការអនុញ្ញាតឲ្យបេសកជនពិសេសអាស៊ាន ធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលនោះ គឺលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។
ឥណ្ឌូណេស៊ីសង្ឃឹមថា ការតែងតាំងលោក ប្រាក់ សុខុន ជាបេសកជនពិសេសអាស៊ាន នឹងជួយសម្រួលឲ្យមានការអនុវត្តបានលឿនលើចំណុចព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទទាំង ៥ របស់អាស៊ាន។
លោក Achmad Rizal Purnama បានថ្លែងបន្ថែមថា៖ «យោងតាមជំហររបស់ឥណ្ឌូណេស៊ី ចំណុចព្រមព្រៀងទាំង ៥ គឺជាយន្តការតែមួយគត់ដែលយើងត្រូវបន្តជំរុញឲ្យមានការអនុវត្ត ដើម្បីឲ្យយើងអាចស្តារលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ាភ្លាមៗបាន»។
«សញ្ញាដល់របបសឹកយោធាមីយ៉ាន់ម៉ា»
លោក Pandu Prayoga អ្នកស្រាវជ្រាវអំពីកិច្ចការអាស៊ានប្រចាំវិទ្យាស្ថានវិទ្យាសាស្ត្រឥណ្ឌូណេស៊ី ឬហៅកាត់ថា (LIPI) បានពន្យល់ថា សេចក្តីសម្រេចរបស់កម្ពុជាក្នុងការមិនអញ្ជើញតំណាងរបបសឹកយោធាមីយ៉ាន់ម៉ាឲ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាពាក់កណ្តាលខែកុម្ភៈនេះ គឺជាសញ្ញាមួយទៅកាន់របបសឹកយោធាមីយ៉ាន់ម៉ា ឲ្យអនុវត្តតាមចំណុចព្រមព្រៀងជាឯកច្ឆ័ន្ទទាំង៥ របស់អាស៊ាន។
លោក Prayoga ថ្លែងថា៖ «កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បន្តគោលនយោបាយឆ្នាំមុន ដោយអញ្ជើញតំណាងមីយ៉ាន់ម៉ា តែមិនមែនរបបសឹកយោធាមីយ៉ាន់ម៉ា»។
ក៏ប៉ុន្តែ លោក Prayoga បានពិនិត្យថា គោលនយោបាយមិនអញ្ជើញរបបសឹកយោធាមីយ៉ាន់ម៉ានេះ មិនធានាថា មីយ៉ាន់ម៉ា នឹងអនុវត្តតាមចំណុចព្រមព្រៀងជាឯកច្ឆ័ន្ទទាំង ៥ របស់អាស៊ានដែរ។ តែលោកក៏បានកត់សម្គាល់ថា គោលនយោបាយនេះ អាចជាការវិវឌ្ឍមួយ ពីព្រោះវាមានន័យថា អាស៊ានមានជំហរដូចគ្នា ក្នុងការឆ្លើយតបនឹងវិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា។
ផលប៉ះពាល់ដល់អាស៊ាន
យ៉ាងណាមិញ លោក Prayoga ក៏បានព្រមានអាស៊ានដែរថា ជំហាននេះ អាចនឹងធ្វើឲ្យទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងបណ្តាប្រទេសនៃសមាគមអាស៊ានកាន់តែយ៉ាប់យ៉ឺន ហើយអាចឲ្យមីយ៉ាន់ម៉ាកាន់តែស្និទ្ធនឹងចិន។
លោក Prayoga ថា បើសិនជាចិន គាំទ្ររបបសឹកយោធាមីយ៉ាន់ម៉ា នោះរបបនេះនឹងយល់ថា ជំហររបស់ខ្លួនមានសុវត្ថិភាព ក្នុងឋានៈជាមេដឹកនាំប្រទេស។ បន្ថែមលើនេះ បើសិនជាមីយ៉ាន់ម៉ា កាន់តែស្និទ្ធនឹងចិន នោះអាស៊ាន អាចនឹងត្រូវសហការជាមួយចិន ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
ប្រែសម្រួលដោយអ្នកនាង ទែន សុខស្រីនិត