ឥណ្ឌូនេស៊ី​ស្វែង​រក​ជំនួយ​ដើម្បី​ប្រយុទ្ធ​នឹង​ការ​ឆេះ​ព្រៃ​ដ៏​មហិមា​មួយ

ទាហាន​ឥណ្ឌូនេស៊ី​ម្នាក់​អូស​ទុយោ​ទឹក​ នៅ​ពេល​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ Ogan Ilir ខេត្ត Sumatra​ ភាគ​ខាង​ត្បូង កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។

ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​បាន​សុំ​ប្រទេស​ជា​ច្រើន​ឲ្យ​ជួយ​ប្រយុទ្ធ​ការ​ឆេះ​ព្រៃ​ដែល​បាន​ធ្វើ​ឲ្យ​មាន​អ័ព្ទ​នៅ​ផ្នែក​ភាគ​ច្រើន​ក្នុង​តំបន់។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ប្រធានាធិបតី Joko Widodo ​ដែល​គេ​ស្គាល់​ថា Jokowi បាន​និយាយ​ថា ​ស្ថានភាព​នេះ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា​ស្វែង​រក​ជំនួយ។

លោក​និយាយ​ថា​ «យើង​សង្ឃឹម​ថា ​យើង​អាច​បង្កើន​ល្បឿន​ចាត់​វិធានការ​ភ្លើង​ឆេះ​ព្រៃ​នេះ​ដែល​មាន​លក្ខណៈ​ខុស​គ្នា​ពី​វិធី​ដែល​យើង​បាន​ប្រយុទ្ធ​ការ​ឆេះ​ព្រៃ​ធម្មតា។ ការ​ប្រយុទ្ធ​ភ្លើង​ឆេះ​ព្រៃ​នេះ​មាន​លក្ខណៈ​ផ្សេង​ទាំង​ស្រុង‍»។

ឥណ្ឌូណេស៊ី​និយាយ​ថា ​ប្រទេស​សិង្ហបុរី ​និងម៉ាឡេស៊ី​នឹង​បញ្ជូន​យន្តហោះ​ពន្លត់​អគ្គីភ័យ​នៅ​ថ្ងៃ​សុក្រ​នេះ ​ខណៈ​ដែលប្រទេស​ចិន ​ជប៉ុន​និង​ប្រទេស​អូស្រ្តាលី​មិន​បាន​បញ្ជាក់​ថា ​នៅ​ពេល​ណា​ការ​ជួយ​របស់​ពួកគេ​នឹង​មក​ដល់​ទេ។​ ក្រុម​មន្រ្តី​ក្នុង​រដ្ឋធានី​ហ្សាការតា​និយាយ​ថា ​ប្រទេស​រុស្ស៊ី​នៅ​កំពុង​ចាំ​តារាង​ចំណាយ​ពី​ឥណ្ឌូណេស៊ី។

ក្នុង​ខណៈ​នោះ​ដែរ ​លោក Abet Nego Tarigan ប្រធាន​វេទិកា​បរិស្ថាន​ឥណ្ឌូណេស៊ី ​បាន​អំពាវនាវ​ដល់​លោក​ប្រធានាធិបតី Jokowi ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ទាក់​ទង​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​ដែល​បាន​រង​ផល​ប៉ះពាល់​ដោយ​អ័ព្ទ​នេះ។

លោក​និយាយ​ថា ឥណ្ឌូណេស៊ី​ត្រូវ​តែ​ពន្យល់​ពី​ស្ថានភាព​ពិតប្រាកដ ​ពី​អ្វី​ដែល​បាន​កើត​មាន​ឡើង ហើយ​និង​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ដូចម្តេច។ យើង​គិតថា វា​ជា​រឿង​នៃ​ទំនាក់​ទំនង​ខាង​នយោបាយ​ទៅ​ឆាក​អន្តរជាតិ​ច្រើន​ជាង៕