ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ Widodo ស្នើ​សុំ​អាមេរិក ​ចិន​ និង​រុស្ស៊ី​​​ឱ្យ​បញ្ចៀស«សង្គ្រាម​ថ្មី»

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៨ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣។ ( Yasuyoshi Chiba/Pool via REUTERS)

នៅពេល​មាន​អរិភាពស្រួចស្រាវ​ខាង​ភូមិសាស្ត្រ​នយោបាយ​រវាង​សហរដ្ឋ​អាមេរិក ​ប្រទេស​ចិន និង​ប្រទេស​រុស្ស៊ី ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo បានអំពាវនាវ​ដល់​មេដឹកនាំ​ប្រទេស​ទាំង​នេះ​ឱ្យ​បន្ថយ​ភាព​តានតឹង ​និង​បញ្ចៀស​កុំ​ឱ្យ​មាន​ជម្លោះ​ក្នុង​តំបន់។

ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី ៧ ខែ​កញ្ញា​ ក្នុង​ទីក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី​ នៅពេល​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ដែល​មានការ​ចូលរួម​ពី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬអាស៊ាន (ASEAN) ​និង​ប្រទេសជា​ដៃគូ​របស់​ខ្លួន​គឺ ​សហរដ្ឋ​អាមេរិក ចិន​ រុស្ស៊ី ​អូស្ត្រាលី ឥណ្ឌា ជប៉ុន នូវែលហ្សេឡង់ និង​ប្រទេស​កូរ៉េ​ខាងត្បូង ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ​បាន​គូស​បញ្ជាក់​ពីតម្រូវការស្ថិរភាពសម្រាប់​តំបន់​នេះដើម្បី​បន្ត​សន្តិភាព​និង​ភាព​សំបូរ​រុង​រឿង​ជាច្រើនទសវត្សរ៍​មក​ហើយ​របស់​ខ្លួន។

លោក Widodo បាន​និយាយ​ថា៖ «មនុស្ស​គ្រប់គ្នា​នៅ​ក្នុងសាលប្រជុំ​នេះ​មានការ​ទទួល​ខុសត្រូវដូចគ្នា​ក្នុង​ការ​មិន​បង្កើត​ឱ្យ​មាន​ជម្លោះ​ថ្មី​ មិន​បង្ក​ឱ្យ​មាន​ភាព​តានតឹងថ្មី ​និង​មិន​បញ្ឆេះ​សង្គ្រាម​ថ្មីៗ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ យើង​មានការ​ទទួល​ខុសត្រូវ​ក្នុង​ការ​បន្ថយ​ភាព​តានតឹង​ ធ្វើ​ឱ្យ​កិច្ចការ​រាំង​ស្ទះមាន​ដំណើរការ​ឡើង​វិញ បង្កើត​បរិយាកាសសម្រាប់​ធ្វើការ​សន្ទនា​គ្នានិង​កាត់​បន្ថយការ​ខ្វែងគំនិត​គ្នា»។

ទោះ​យ៉ាង​ណាក៏​ដោយ ក៏ក្រុម​មេដឹកនាំនៃ​ប្រទេស​មហាអំណាច​ចំនួន​បី​គឺ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ប្រធានាធិបតី​ចិន​លោក Xi Jinping និងប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin មិន​បាន​ចូលរួម​ក្នុងសន្និសីទ​កំពូល​នេះ​ទេ​ដោយ​បាន​បញ្ជូនអ្នក​តំណាង​របស់​ខ្លួន​ឱ្យ​ចូល​រួម​វិញ​គឺ​មានអនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកស្រី Kamala Harris ​នាយក​រដ្ឋមន្ត្រី​ចិន Li Qiang និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov។

លោក Widodo ប្រធាន​ប្ដូរវេន​អាស៊ាន​បាន​ប្រកាស​ថា​ ប្លុក​នេះ«បាន​យល់​ស្រប​គ្នា​ថា​មិន​ធ្វើ​ជា​កូនអុក​ឱ្យ​មហាអំណាច​ណា​មួយ​ទេ។ លោក​បាន​និយាយជា​ថ្មី​ទៀត​ថា​អាស៊ាននឹង​មិន​ក្លាយ​ជាខ្សែ​បន្ទាត់​ជួរមុខនៃ​សង្គ្រាម​ត្រជាក់​ថ្មី​មួយ​ទេ ដែល​នេះ​គឺ​ជា​ការ​សន្យា​មួយ​ដែល​លោក​បាន​ធ្វើ​នៅ​ពេល​លោក​ទទួល​តំណែង​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​បន្ត​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ ២០២២។

លោក Aaron Connelly អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​ (International Institute for Strategic Studies) បាន​និយាយថា​របៀប​ដោះស្រាយ​របស់​ឥណ្ឌូណេស៊ី​ចំពោះ​នយោបាយ​របស់​ប្រទេស​មហាអំណាច​នៅ​តែ​ដូចដើម។

លោក Connelly បាន​និយាយ​ប្រាប់​វីអូអេ​ថា៖ «ពួក​គេ​យល់ឃើញ​ថា អរិភាពរវាង​ពួក​ប្រទេស​មហាអំណាច​ជា​ការ​គំរាមកំហែង​ចម្បង​ដល់​ផលប្រយោជន៍​របស់​ពួក​គេ​ក្នុង​តំបន់ ហើយ​ពួកគេ​ឃើញ​អរិភាព​ថា​ជា​ការ​គំរាមកំហែង​មួយ ហើយ​មិនមែន​ប្រទេស​តែ​មួយ​បង្កើត​អរិភាព​បាន​ទេ‍»។

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping ចាប់ដៃស្វាគមន៍គ្នា នៅក្នុងជំនួបដោយឡែកមួយ អំឡុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។

ក្រុម​មេដឹកនាំ​ច្រានចោល​ការ​បែកបាក់​ក្នុង​តំបន់

ពាក្យ​ពេចន៍របស់​លោក Widodo ត្រូវ​បាន​បន្ទរដោយ​ក្រុម​មេដឹកនាំ​អាស៊ីអាគ្នេយ៍​ឯទៀតៗ ដែលច្រានចោល​ការ​គំរាម​កំហែង​នៃ​ការ​បែកបាក់​គ្នា​ក្នុង​តំបន់។

នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong បាន​និយាយ​ថា៖ «បរិយាកាស​អន្តរជាតិ​មាន​ភាព​តានតឹងខាង​ភូមិសាស្ត្រនយោបាយ ​និង​ភាពមិន​ប្រាកដប្រជា​ខាង​សេដ្ឋកិច្ច»។ លោក​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឱ្យ «បង្ហាញ​ភាព​ជា​មេដឹកនាំ‍»​ ដើម្បី​ដោះស្រាយបញ្ហា​សាកល។​

លោកស្រី Evi Fitriani សាស្ត្រាចារ្យ​ខាង​ទំនាក់ទំនង​អន្តរជាតិនៅសាកលវិទ្យាល័យ Universitas Indonesia បាន​ថ្លែង​ថា​ ការ​ច្រានចោល​នេះ​ជា​រឿង​សមហេតុផល។​ លោកស្រី​បាន​និយាយប្រាប់​វីអូអេថា៖ ​«ដល់​ពេល​វេលាហើយ​ដែល​យើង​ត្រូវ​និយាយ​ប្រាប់​ក្រុម​ប្រទេសមហាអំណាច​ទាំង​នេះ​ថា ​អ្វី​ដែល​ពួកគេ​ធ្វើ​ក្នុង​តំបន់​មាន​ច្រើន​ហួសហេតុ​ពេក​ណាស់​ទៅ​ហើយ‍»។​

កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ ដែល​បាន​លេច​ឡើង​កាលពីឆ្នាំ ២០០៥​ ជា​វេទិកា​សន្ទនា​មួយ​ក្នុង​តំបន់​រវាង​សមាគម​អាស៊ាននិង​ប្រទេស​ជា​ដៃគូ​ទាំង​ ៦ របស់​ខ្លួន ក្នុងគោលដៅ​ផ្ចុង​ផ្តើម​សន្តិភាព ស្ថិរភាព​និង​វិបុលភាព​សេដ្ឋកិច្ច។ សហរដ្ឋអាមេរិក​និង​ប្រទេស​រុស្ស៊ី​បាន​ចូល​រូម​ក្នុង​ឆ្នាំ ២០១១។

ប្រទេស​ទីម័រ​ខាងកើត​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ជា​អ្នក​សង្កេតការណ៍​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ឆ្នាំ​នេះ។ ហើយ​ប្រទេសបង់ក្លាដែស​ ដែល​ប្រធាន​សមាគម​បណ្តា​ប្រទេសតាម​ច្រាំង​មហាសមុទ្រ​ឥណ្ឌា (Indian Ocean Rim Association) និង​ប្រជុំកោះ Cook ដែល​ជា​ប្រធានវេទិកា​បណ្ដា​ប្រទេស​ជា​កោះ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (Pacific Islands Forum) ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដែរ។

រូបឯកសារ៖ ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចាប់ដៃស្វាគមន៍គ្នានៅក្នុងសន្និសីទសារព័ត៌មានមួយ នៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣។ (Mikhail Tereshchenko, Sputnik, Kremlin Pool Photo via AP, File)

ក្រុម​មេដឹកនាំ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​អសមត្ថភាពរបស់​អាស៊ាន​ក្នុង​ការ​ជំរុញ​ដល់​ក្រុមប្រឹក្សា​យោធា​នៅ​មីយ៉ាន់ម៉ាឱ្យ​ធ្វើតាម​ផែនការ​សន្តិភាព​របស់​ខ្លួន បរាជ័យ​ក្នុង​ការ​បង្ក្រាប​ភាពគឃ្លើន​កាន់​តែ​ខ្លាំងក្លា​ឡើង​របស់​ចិននៅតំបន់​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ផល​ប៉ះពាល់​ជា​សាកល​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន​ និង​ការ​គំរាមកំហែង​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

លោកស្រី Harris បាន៖ «ថ្កោលទោស​យ៉ាង​ខ្លាំងក្លា»​ដល់​សង្គ្រាមនៅ​អ៊ុយក្រែន​ដែល«បាន​បង្ក​ឱ្យមាន​អសន្តិសុខ​ស្បៀង​អាហារ‍​កាន់​តែ​ខ្លាំង​ឡើង»។ បើ​តាម​សេតវិមាន ​លោកស្រី Harris ក៏​បានថ្កោលទោសកម្មវិធី​មីស៊ីលផ្លោង​និង​កម្មវិធីនុយក្លេអ៊ែររបស់​កូរ៉េ​ខាង​ជើង​ ហើយ​ក៏​បាន​លើកឡើង​អំពី​កង្វល់​ស្តីពី​«ការ​រំលោភ​លើ​សិទ្ធិមនុស្សដ៏​ធ្ងន់ធ្ងរ‍»របស់​ប្រទេស​ចិន​ផងដែរ។

​ដោយបន្ទរពាក្យពេចន៍​ខ្លាំងៗ​របស់​អាស៊ាន​អំពី​ប្រទេស​មីយ៉ាន់ម៉ា លោកស្រី Harris បាន​ថ្កោលទោស «យុទ្ធនាការ​ដ៏​ឃោរឃៅ‍» របស់​របប​គ្រប់គ្រង​យោធា​និង​សុំឱ្យ​មាន​វិធានការ​បន្ថែម​ទៀត​ដើម្បី​បង្កើន​សម្ពាធ​ក្នុង​ការ​អនុវត្ត​ផែនការ​សន្តិភាពរបស់​អាស៊ាន។

​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​បាន​បញ្ចប់​ទៅ​ ដោយ​លោកស្រី​ Harris បាន​ស្នាក់នៅ​ក្នុង​ទីក្រុង​ហ្សាការតា​រយៈពេល ២ យប់ ​មុន​នឹង​លោកស្រី​អនុប្រធានាធិបតីវិលត្រឡប់​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ។

កាល​ពី​យប់​ថ្ងៃពុធ ទី ៦ ខែកញ្ញា លោកស្រី Harris បាន​ជួប​ជាមួយ​ប្រធានាធិបតីហ្វីលីពីន​ លោក Ferdinand Marcos Jr. និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក Fumio Kishida ដែល​នៅ​ពេល​នោះ​ លោកស្រី​បាន​គូស​បញ្ជាក់​ពី «ការ​ជំទាស់របស់​សហរដ្ឋ​អាមេរិក​ដល់​ការ​ផ្លាស់ប្តូរ​ជា​ឯកតោ​ភាគី​ណា​មួយដល់​ភាពនៅ​ដូចដើម​ដដែល​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​និង​ក្នុង​សមុទ្រចិន​ខាង​កើត‍»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ