ពួកអ្នកប្រយុទ្ធអំពើពុករលួយឯករាជ្យរបស់ឥណ្ឌូនេស៊ីពង្រីកសង្គ្រាមរបស់ខ្លួន

លោក Irwandi Yusuf អភិបាល​ខេត្ត​អាចេ (Aceh) ក្រោយ​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ភ្នាក់​ងារ​ប្រឆាំង​អំពើ​ពុក​រលួយ​ KPK នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ខែ​មិថុនា ២០១៨។

ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​កាល​ពី​ពេល​ថ្មីៗ​នេះ ​គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​ឥណ្ឌូនេស៊ី​បាន​ចាប់​ខ្លួន​សមាជិក​ក្រុម​ប្រឹក្សា​ចំនួន​៩០​ភាគរយ​នៅ​ក្នុង​ទីក្រុង ​Java ​តែ​មួយ​គត់។ ដោយ​បំពាន​កំហឹង​របស់​វរៈ​ជន​ពុក​រលួយ​ គណៈ​កម្មការ​ឯករាជ្យ​លប់​បំបាត់​អំពើ​ពុករលួយ​ KPK ​បាន​ពង្រីក​ការ​ប្រយុទ្ធ​ប្រ​ឆាំង​អំពើ​ពុក​រលួយ។

គណៈ​កម្មការ​ឯករាជ្យ​លប់​បំបាត់​អំពើ​ពុករលួយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​គេ​ស្គាល់​ថា ​KPK ​បាន​ប្រកាស​ឈ្មោះ​ក្រុម​ប្រឹក្សា​ក្នុង​មូលដ្ឋាន​ចំនួន​៤១​នាក់​មក​ពី​ទីក្រុង Malangនៃ​កោះ Java ​ភាគ​ខាង​កើត​ជា​ជន​សង្ស័យ​នៅ​ក្នុង​រឿង​អាស្រូវ​សូក​ប៉ាន់​ដ៏​សំខាន់​មួយ​បាន​ធ្វើ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​នោះ​៤​នាក់​ទើបចាក​ចេញ​ពី​ដំ​ណែងនៅ​ពេល​ថ្មីៗ​នេះ។

ការ​ភ័យ​ខ្លាច​និង​ការ​ស្អប់​ដោយ​ពួកវរជន​ជា​ច្រើន​នៅក្នុង​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ជា​ប្រ​ព័ន្ធ​នោះ ​គណៈ​កម្មការ​នោះ​ បាន​ទទួល​ដោះស្រាយ​រឿង​ក្តី​នៅ​ពេល​ដែល​រឿង​ក្តី​នោះ​បាន​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ខាង​នយោបាយ​និង​ភាព​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ដោយ​ការ​បន្ធូរ​បន្ថយ​ក្រម​ព្រហ្ម​ទណ្ឌ​ដែល​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ដែល​បាន​គេ​ស្នើ​នោះ។

សមាជិក​២១​នាក់​របស់​ក្រុម​ប្រឹក្សា​ក្រុង ​Malang​ បាន​ត្រូវ​ចាប់​ខ្លួន​រួច​ហើយ​ដោយ​រង​ការ​ចោទ​ប្រកាន់ពី​ការ​ទទួល​សំណូក​ពី៨៥០​ដុល្លា​ទៅ​៣,៣៥០​ដុល្លារ​ មក​ពី​លោក Mochamad Anton​ អតីត​អភិបាល​ក្រុងជាការ​លើក​ទឹក​ចិត្ត​ដើម្បី​ទទួល​ថវិកា​ឆ្នាំ​២០១៥​របស់​រដ្ឋាភិបាល​មូលដ្ឋាន។ ដោយ​មាន​ជន​សង្ស័យ​បណ្តើរ​មុខ​បណ្តាញ​ព័ត៌មាន​ដោយ​ស្លៀក​សម្លៀក​បំពាក់អ្នក​ទោស​ពណ៌​ទឹក​ក្រូច ​រឿង​ក្តី​នេះ​ជា​ឧទាហរណ៍​មួយ​នៃ​របៀប​ដោះ​ស្រាយ​ដ៏​គគ្លើន​របស់​គណៈកម្មការ​ឯករាជ្យ​លប់​បំបាត់​អំពើ​ពុក​រលួយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ​KPKដើម្បី​ប្រយុទ្ធ​អំពើ​ពុក​រលួយ។

រឿង​ក្តីប្រហែល​ពាក់​កណ្តាល​ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ​គណៈ​កម្មការ​ឯករាជ្យ​លប់​បំបាត់​អំពើ​ពុករលួយ​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ស៊ី​សំណូក​ រឿងក្តី​នេះ​ក៏​ជា​ឧទា​ហរណ៍​មួយ​នៃ​លក្ខណៈ​អំពើ​ពុករលួយ​នៅ​ក្នុង​មូលដ្ឋាន​នៅប្រទេស​ឥណ្ឌូ​នេស៊ី​ដែល​បាន​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស​ដោយ​មាន​វិមជ្ឈការ​ខាង​នយោបាយ​នៅ​ក្នុង​ប្រទេសចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក។

លោក​សាស្រ្តាចារ្យ ​Yogi Prabowo​ នាយក​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ការ​ទទួលខុស​ត្រូវ​កោសល្យ​វិច្ច័យនៅ​ក្នុង​ទីក្រុង​ Yogyakarta​ បាន​និយាយ​ថា៖ «ការ​សូក​ប៉ាន់​ជា​និច្ចកាល​ជាផ្នែក​មួយ​គ្រោង​ការណ៍​ទាំង​មូល​ មនុស្ស​ដែល​ឲ្យ​ប្រាក់​ទៅមនុស្ស​ដើម្បី​ទទួល​បាន​ប្រយោជន៍​ខ្លះ។ នេះ​ជា​របៀប​ដែល​គេ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​តំបន់»។

គណៈ​កម្មការ​ឯករាជ្យ​លប់​បំបាត់​អំពើ​ពុករលួយ​ KPK ​បាន​ត្រូវ​បង្កើត​នៅ​ឆ្នាំ​២០០២ ​៤ឆ្នាំ​បន្ទាប់​ពីលោក​ Suharto ​មេដឹកនាំ​ដ៏​យូរ​អង្វែង​បាន​ចុះ​ចេញ​ពី​ដំ​ណែង​ដែ​ល​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​អន្តរកាល​ប្រជា​ធិបតេយ្យ។ ការ​កាន់​អំណាច​រយៈ​ពេល​៣១ឆ្នាំ​របស់​លោក​ Suharto​ បាន​ត្រូវ​គេ​ចាត់​ទុកថា​មាន​ការ​ប្រកាន់​បក្ស​ពួក​និង​ពួក​រលួយ​យ៉ាង​ខ្លាំង ទៅ​ដល់​កម្រិត​មួយ​ដែល​កាល​ពី​ពេល​មុន​ត្រូវ​បាន​ទស្សនាវដ្តី ​Forbes ​បាន​ប្រកាស​ថា​ជា​មេដឹកនាំ​ពុក​រលួយ​បំផុត​របស់​ពិភពលោក​ចំពោះ​ការ​លួច​បន្លំ​ប្រាក់​ដែលគេ​បាន់​ប៉ាន់​ស្មាន​ថា​មាន​ពី​១៥​ទៅ​៣៥​ពាន់​លាន​ដុល្លារ​ក្នុង​អំឡុង​នៃការ​កាន់​អំណាច​របស់​លោក។

លោកស្រី ​Almas Sjafrina ​ជា​សកម្ម​ជន​មក​ពី​អង្គការ​ឃ្លាំ​មើល​អំពើពុក​រលួយ​ឥណ្ឌូនេស៊ី (ICW) ​នៃ​រឿង​ក្តីរបស់​ក្រុង​ Malang ​បាន​និយាយថា ​វា​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្រុម​ប្រឹក្សា​ឥណ្ឌូនេស៊ី​មួយ​ផ្នែក​ធំ​បាន​ត្រូវ​ជាប់​គុក​ជាមួយ​គ្នា​នោះ។ចាប់​តាំង​ពីការ​ចាប់​ផ្តើម​មក គណៈ​កម្មការ​ឯករាជ្យ​លប់​បំបាត់​អំពើ​ពុក​រលួយ​ KPK​ បាន​ស៊ើប​អង្កេត​មន្រ្តី​សាធារណៈ​រាប់​រយ​នាក់​ ហើយ​បាន​អួត​ពី​អត្រា​មាន​ទោស​ជិត​១០០​ភាគ​រយ។ លោកស្រី​បាន​និយាយ​ទៀត​ថា៖ ​«តាម​ការ​ពិត បើ​ពួកគេ​ត្រូវ​បាន​បង្ហាញ​ពីការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​អំពើ​ពុករលួយ ​ពួកគេ​នឹង​ត្រូវ​ជាប់​គុកទាំង​អស់»។

ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​គណៈ​កម្មការ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង។ ការ​ស្ទង់​មតិ​ឆ្នាំ​២០១៧​បង្ហាញ​ថា ​អ្នក​ឆ្លើយ​តប​ចំនួន​៨៦​ភាគរយ​បាន​និយាយ​ថា ពួកគេ​ទុក​ចិត្ត​គណៈ​កម្មការ​ឯករាជ្យ​លប់​បំបាត់​អំពើ​ពុករលួយ។ មនោ​សញ្ចេតនា​ទាំង​នេះ​ត្រូវ​បាន​ជួយ​ជ្រោម​ជ្រែង​ដោយ​សកម្ម​ភាព​ដូចជា​សកម្ម​ភាព​មួយ​កាល​ពី​ដើមឆ្នាំ​ទៅ ​នៅ​ពេល​ដែល​ស្ថា​ប័ន​នោះ​បាន​ទទួល​ជោគជ័យ​ក្នុងការ​កាត់​ឲ្យ​ជាប់​ទោសជន​ល្បីល្បាញ​ដោយការ​ដាក់​គុក​លោក​ Setya Novanto ​អតីត​ប្រ​ធាន​រដ្ឋ​សភា​ចំពោះ​តួនាទី​របស់​លោក​នៅ​ក្នុងការ​លួច​បន្លំ​ប្រាក់​ប្រហែល​១៧០​លាន​ដុល្លារ​ពី​ការ​ផ្តួច​ផ្តើម​ដើម្បី​ចែក​ចាយ​ប័ណ្ណ​អត្តសញ្ញាណ​អេឡិចត្រូនិក​សម្រាប់​ពលរដ្ឋ​ឥណ្ឌូនេស៊ី។

​ក៏ប៉ុន្តែ ​មនុស្ស​មាន​អំណាច​ដែល​ជា​ទី​ដៅ​នោះ​បាន​ធ្វើ​ឲ្យ​គណៈកម្មការឯ​ករាជ្យ​លប់​បំបាត់​អំពើ​ពុករលួយ ​KPK​ ក្លាយ​ជា​សត្រូវប្រកប​ដោយ​គ្រោះ​ថ្នាក់។ លោក ​Novel Baswedan​ ស្នងការ​ KPK ​ដែល​បាន​ទទួលរង​ការវាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​ខណៈ​ដែល​ការ​ស៊ើបអង្កេតករណីប័ណ្ណ​អត្តសញ្ញាណ​បាន​ប្រាប់ទស្សនា​វដ្តី TIME ​កាល​ពី​ឆ្នាំ​ទៅពី​គ្រែរបស់​លោក​ក្នុង​មន្ទីរពេទ្យ​ប្រទេស​សិង្ហបុរី​ថា៖ «នៅ​ពេល​ណា​យើង​សម្រេចប្រយុទ្ធ​សម្រាប់​មនុស្ស​ទាំង​នោះ ​សម្រាប់​មនុស្ស​ជា​ច្រើន​ ​លទ្ធផល​គឺ​យើង​នឹង​ត្រូវ​គេ​ប្រឆាំង​ជំទាស់​ និង​វាយ​ប្រហារ»។

​ថ្វីបើ​ការ​ជោគជ័យ​បន្ត​មាន​ឡើងរបស់​គណៈ​កម្មការ​ឯករាជ្យ​លប់​បំបាត់​អំពើ​ពុករលួយ KPK​ នៅ​ក្នុងការ​នាំ​យក​មន្រ្តី​ពុករលួយ​ទៅ​កាន់​តុលាការ​ក៏​ដោយ​ អំពើ​ពុក​រលួយ​នៅ​បន្ត​មាន​និង​បន្ត​រាល​ដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​ ការិយាធិបតេយ្យនិង​តុលាការ​របស់​ឥណ្ឌូនេស៊ី។ ប្រទេស​នេះ​មាន​ចំណាត់​ថ្នាក់​ទី​៩៦​នៅ​ក្នុង​បញ្ជី​ពុករលួយ​ឆ្នាំ​២០១៧​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ Transparency International​ ដែល​ស្ថិត​នៅ​ក្រោម​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ក្នុង​តំបន់​ដូចជា​ម៉ា​ឡេស៊ី សិង្ហបុរី​ និង​ព្រុយណេ។

លោក​ស្រី ​Kenti Pertiwi ​ជា​សាស្រ្តាចារ្យ​នៅ​ឯ​សាកល​វិទ្យាល័យ​ឥណ្ឌូនេស៊ី​និង​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​កិត្តិយស​នៅ​សាលា​គ្រប់​គ្រង​នៃ​សាកល​វិទ្យាល័យ Melbourne ដែល​បាន​ស្រាវ​ជ្រាវ​និង​សរសេរ​អំពីអំពើ​ពុករលួយ​បាន​និយាយ​ថា៖ «មាន​គម្លាត​យ៉ាង​ធំ​នៅ​ពេល​បច្ចុប្បន្ន​នេះអំពី​ថា​ តើ​អំពើ​ពុករលួយ​ត្រូវ​ដោះស្រាយ​ដោយ​គណៈ​កម្មការ​ឯករាជ្យ​លប់​បំបាត់​អំពើ​ពុករលួយ​ KPK​ និង​ស្ថាប័ន​ផ្សេង​ៗ​ទៀត​ទៅ​តាម​ភាព​ជាក់​ស្តែង​យ៉ាង​ដូចម្តេច»។

លោកស្រី ​Kanti​ បាន​ប្រាប់ ​VOA​ ថា៖ «អ្នក​ដែល​បាន​ពាក់​ព័ន្ធ​ក្នុង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​គិត​ថា​ «អំពើ​ពុករលួយ​បាន​ទទួល​ជោគជ័យ»។ លោកស្រី​បាន​និយាយ​ទៀត​ថា ​ប្រាក់​ខែបុគ្គលិក​សាធារណៈ​តិច​ហើយប្រព័ន្ធ​ហិរញ្ញវត្ថុ​យុទ្ធ​នាការ​នយោបាយ​មិន​ល្អ ​បាន​លើក​ទឹក​ចិត្តឲ្យ​ពួក​មន្រ្តី​សាធារណៈ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ គណៈ​កម្មការ​ឯករាជ្យ​លប់​បំបាត់​អំពើ​ពុករលួយ​ KPK ​បាន​ប្រឈម​ការរិះ​គន់​ជាសាធារណៈ​ជា​ប្រចាំ​មក​ពី​សមាជិក​សភា​ល្បីៗ ហើយ​និង​ការ​កាត់​បន្ថយ​ថវិកា​យ៉ាង​ខ្លាំង​ដែល​ពួក​អ្នក​រិះគន់​និយាយ​ថា​ ជា​ហេតុ​ផល​ខាង​នយោបាយ។លោក ​Fahri Hamzah​ អនុ​ប្រធាន​រដ្ឋ​សភាឥណ្ឌូនេស៊ី ​បាន​ក្លាយ​ជា​អ្នក​រិះគន់ពី​វិធី​របស់​គណៈ​កម្មការ​ឯករាជ្យ​លប់​បំបាត់​អំពើ​ពុករលួយ​ KPK ​ដែល​កាល​ពី​ឆ្នាំ​ទៅ​បាន​ប្រកាស​ថា ​គណៈកម្មការ​នោះជា​ម៉ាស៊ីន​និយាយ​បង្ខូច​ដ៏​ធំហើយ​ដូចជា​ខ្សែ​ភាពយន្ត​ហូលីវូដ​ដូច​ដែល​បាន​ដក​ស្រង់​ដោយ ​Kompas ។

ការ​ផ្លាស់​ប្តូរ​ប្រកប​ដោយ​ចម្រូង​ចម្រាស់​ដែល​បាន​សើ្ន​ឡើង​ដល់​ក្រម​ព្រហ្មទណ្ឌ​របស់​ឥណ្ឌូនេ​ស៊ី​អាច​បន្ត​ឲ្យ​មាន​ការ​រឹត​ត្បិត​សមត្ថភាព​របស់​គណៈ​កម្មការ​ឯករាជ្យ​លប់​បំបាត់​អំពើ​ពុករលួយ ​KPK​ ដើម្បី​ស៊ើប​អង្កេត​និង​កាត់​ទោស​អ្នក​ដែល​បាន​ទាក់​ទិន​ក្នុង​ឧក្រិដ្ឋកម្ម​ហិរញ្ញ​វត្ថុ។ ក្រុម​ចម្រុះ​សង្គម​ស៊ីវិល​មួយ​ដែល​គេ​ស្គាល់​ថា ​សម្ព័ន្ធ​ភាព​ជាតិ​ដើម្បីកំណែ​ទម្រង់​ក្រម​ព្រហ្ម​ទណ្ឌ​ បាន​និយាយ​កាល​ពី​ខែ​មេសា​ថា ​ការ​ផ្លាស់​ប្តូរ​ច្បាប់ ​នឹង​ធ្វើឲ្យ​អន្តរាយ​យ៉ាង​ខ្លាំង​ដល់​ការ​ខំ​ប្រឹង​ប្រែង​ដើម្បី​លប់​បំបាត់​អំពើ​ពុករលួយ។

គណៈ​កម្មការ​ឯករាជ្យ​លប់​បំបាត់​អំពើ​ពុករលួយ ​KPK ​បាន​រិះ​គន់​មាត្រា​ជា​ច្រើន​ក្នុង​សេចក្តី​ព្រាង​ដំបូង​របស់​ក្រម​ព្រហ្មទណ្ឌ​ថ្មី​ ដែល​រួមមាន​ទោស​កាន់​តែ​ស្រាល​ឡើងសម្រាប់ការ​រំលោភ​ច្បាប់​ធ្ងន់​ធ្ងរ​ ដូច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ឬ​ពុករលួយ​ដែល​បាន​នាំ​ឲ្យ​ប្រ​ធានាធិបតី Joko Widodo ស្នើ​ពិនិត្យ​មើល​ឡើង​វិញ​កាល​ពី​ខែ​កក្កដា។

លោក​S jafrina​ នៃ​អង្គការ ​ICW ​បាន​និយាយ​ថា៖ «គេចាំ​បាច់​មាន​ការ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ពី​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​មូលដ្ឋាន។​ បញ្ហា​សំខាន់​បំផុត​គឺ​គណបក្ស​នយោបាយ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ប្រព័ន្ធ​នេះ។ ការណ៍​នេះ​តម្រូវ​ឲ្យ​មាន​កំណែ​ទម្រង់​ជា​បន្ទាន់»។

ក៏ប៉ុន្តែ ​លោកHendi ​ជឿ​ជាក់​ថា ​ច្បាប់​ដែល​មាន​ស្រេច​របស់​ឥណ្ឌូនេស៊ី​មាន​ល្មម​គ្រប់​គ្រាន់ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ហើយ​ជំនួស​ទៅ​វិញ​បាន​ស្តី​បន្ទោស​ធន​ធាន​មិន​គ្រប់​គ្រាន់​របស់គណៈ​កម្មការ​ឯករាជ្យ​លប់​បំបាត់​អំពើ​ពុករលួយ​ KPK ​និង​ការ​យល់​ដឹង​របស់​សាធារណៈ​មាន​ចំនួន​ទាប។ លោក​បាន​និយាយ​ទៀត​ថា៖ «ការ​ប្រឆាំង​អំពើ​ពុករលួយ​មិន​ត្រឹម​តែ​អំពី​ការកាត់​ទោស​ទេ ​ក៏ប៉ុន្តែ ​វិស័យ​ផ្សេង​ទៀត​ដូចជា​ការ​សិក្សា​អប់​រំ ក៏​ជា​វិធី​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ពុករលួយ​ក្នុង​ប្រ​ទេសឥណ្ឌូនេស៊ី​ដែរ»៕

ប្រែសម្រួល​ដោយជឹង ​ប៉ូជីន